វិបត្តិហ្កាហ្សា ៖ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនព្រមគោរពបទឈប់បាញ់ ជាមួយអ៊ីស្រាអែល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៦
បន្ទាប់ពីមានការប៉ះទង្គិចដោយអាវុធយ៉ាងហិង្សា អស់រយៈពេលពីរថ្ងៃមក នៅយប់មិញ មេដឹកនាំក្រុមប្រដាប់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានប្រកាសព្រមទទួលយកបទឈប់បាញ់ជាមួយអ៊ីស្រាអែល។ ភាពស្ងប់ស្ងាត់ និងបទឈប់បាញ់បានចូលជាធរមាន តាំងពីព្រលឹមថ្ងៃចន្ទវេលាម៉ោង ៤និង៣០នាទី ម៉ោងនៅប៉ាឡេស្ទីន (ត្រូវនឹងម៉ោង១កន្លះយប់ម៉ោងសកល)។ នេះបើតាមការគូសបញ្ជាក់របស់អ្នកទទួលខុសត្រូវអេហ្ស៊ីប ដែលជាថ្មីម្តងទៀត បានដើរតួនាទីជាអន្តរការីឱ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
ពុំមានការបញ្ជាក់មកពីខាងអ៊ីស្រាអែល ទេ ! អ្នកនាំពាក្យយោធាអ៊ីស្រាអែលមិនផ្តល់សេចក្តីអត្ថាធិប្បាយអ្វីទាំងអស់។ ដំណឹងស្តីការព្រមទទួលយកបទឈប់បាញ់នេះ មានប្រភពចេញមកពីខាងប៉ាឡេស្ទីន និងអេហ្ស៊ីបដែលជាអន្តរការី។
ប៉ុន្តែស្នូរបាញ់រ៉ុកកែតរបស់ប៉ាឡេស្ទីន និងស្នូរគ្រាប់ផ្លោងតបរបស់អ៊ីស្រាអែលដែលអង្រួញតំបន់ហ្កាហ្សាយ៉ាងខ្លាំងនារយៈពេលពីរថ្ងៃកន្លងមកនេះ ពិតបានជាស្ងប់ស្ងាត់ទៅវិញមែន នៅ ព្រឹកមិញ។ អ្នកទទួលខុសត្រូវចលនាហាម៉ាស់ និងក្រុមប្រដាប់អាវុធជីហាតអ៊ីស្លាម ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានបារាំងថា បទឈប់បាញ់បានចូលជាធរមានតាំងពីព្រលឹមម៉ោង៤កន្លះទៀបភ្លឺមកម្ល៉េះ។
ក្រុមប្រដាប់អាវុធជីហាតអ៊ីស្លាមប៉ាឡេស្ទីន ដែលជាកម្លាំងទីបីនិងជាសត្រូវជួរជាតិមួយទៀតរបស់អ៊ីស្រាអែល ក៏បានព្រមព្រៀងប្រកាសទទួលយកបទឈប់បាញ់នេះដែរ។ នេះជាស្នាដៃរបស់អេហ្ស៊ីប ដែលគ្រាន់តែឃើញស្ថានភាពមិនស្រួលភ្លាម បានហៅតំណាងចលនាហាម៉ាស់ និងជីហាតអ៊ីស្លាម មកជួបចរចានៅក្រុងគែរ។ ហើយឧត្តមសេនីយអេហ្ស៊ីបជំនិតរបស់ប្រធានាធិបតីដែលទទួលបន្ទុកដោះស្រាយវិបត្តអ៊ីស្រាអែលប៉ាឡេស្ទីន បានទាក់ទងតាមទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ ដោយផ្ទាល់តែម្តង។
បើតាមប្រភពអេហ្ស៊ីប អន្តរការីរបស់ក្រុងគែរ បានជំនះឧបសគ្គពីរធំៗ គឺបំពេញបំណងរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលត្រូវការស្ថិតនៅក្នុងជំហរខ្ពស់បំផុត ដើម្បីងាយស្រួលបង្កើតរដ្ឋាភិបាលថ្មីផង និងអូសទាញក្រុមជីហាតអ៊ីស្លាម ដែលអ៊ីរ៉ង់តែងញុះញង់ឱ្យប្រើអំពើហិង្សាប្រដាប់អាវុធ ដើម្បីសងសឹកតបតនឹងទណ្ឌកម្មបិទការនាំចេញប្រេងរបស់អាមេរិកលើតេអេរ៉ង់។
ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ខាតបង់ច្រើន
នៅទីបំផុត ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដែលរងការខាតបង់យ៉ាងដំណំ នៅក្នុងការប៉ះទង្គិចយោធាលើកនេះ បានសម្រេចចិត្ត ជ្រើសរើសផ្លូវអហិង្សាច្រើនជាង។
ក្នុងពីរថ្ងៃកន្លងមកនេះ ការប៉ះទង្គិចដោយអាវុធរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន មានលក្ខណៈហិង្សាបំផុត មិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ២០០៨មក ជាហេតុធ្វើឱ្យគ្រប់គ្នាព្រួយបារម្ភស្មានតែប៉ាឡេស្ទីននិងអ៊ីស្រាអែល ធ្វើសង្គ្រាមនឹងគ្នា នៅតំបន់ហ្កាហ្សា ជាលើកទីបួន។ ជាសរុប មានស្លាប់ខាងអ៊ីស្រាអែលបួននាក់ និង២៣នាក់ខាងប៉ាឡេស្ទីន។
ចលនាហាម៉ាស់ និងជីហាតអ៊ីស្លាម បានរ៉ុកកែត រាប់សិបគ្រាប់ទៅលើអ៊ីស្រាអែល ដែលបាញ់ផ្លោងតមកវិញក៏ចាស់ដៃខ្លាំងដែរ ដោយដៅទិសចំៗលើទីតាំងអាគាររដ្ឋបាលផង និងទីតាំងយោធា ឃ្លាំងស្តុកអាវុធ កន្លែងផលិតវ៉ុកកែតផង ព្រមទាំងមូលដ្ឋានទ័ព កន្លែងឈរជើងរបស់ពួកយុទ្ធជន និងលើឥស្សរជននៃក្រុមប្រដាប់អាវុធទាំងពីរទៀត សរុបចំនួន៣៥០កន្លែង។ មេបញ្ជាការចលនាហាម៉ាស់ម្នាក់ ដែលអ៊ីស្រាអែលចាត់ទុកថាអ្នកទទួលខុសត្រូវផ្ទេរលុយរបស់អ៊ីរ៉ង់ទៅតំបន់ហ្កាហ្សា ឱ្យចលនាហាម៉ាស់និងចលនាជីហាតអ៊ីស្លាម បានស្លាប់។ យុទ្ធជនរបស់ចលនាជីហាតអ៊ីស្លាម ព្រមទាំងសមាជិកក្រុមគ្រួសាររបស់គេជាច្រើននាក់ ក៏ជាទិសដៅនៃការវាយប្រហាររបស់អ៊ីស្រាអែលដែរ។
បទឈប់បាញ់ផុយស្រួយ
ចលនាអ៊ីស្លាម បានទាមទារឱ្យអ៊ីស្រាអែលបើកភ្លើងខៀវឱ្យតំបន់ហ្កាហ្សាអាចទទួលជំនួយពីកាតា សម្រាប់បើកប្រាក់ខែឱ្យអ្នករដ្ឋការហាម៉ាស់ និងសម្រាប់បំប៉នកម្មវិធីជួយប្រជាជន សម្រួលការផ្គង់ផ្គង់ចរន្តអគ្គិសនីប្រើប្រាស់ក្នុងតំបន់ ពង្រីកតំបន់នេសាទ និងអនុញ្ញាតឱ្យនាំផលិតផលទំនិញ ចូលក្នុងតំបន់ឱ្យបានច្រើនជាងមុន។
តែកិច្ចព្រមព្រៀងរកឃើញនៅយប់មិញ គ្រោងនឹងចាត់វិធានការពង្រីកតំបន់នេសាទ នៅក្នុងសមុទ្ទមេឌីទែរ៉ាណេឱ្យពលរដ្ឋហ្កាហ្សា និងការផ្គត់ផ្គង់ចរន្តអគ្គិសនី ព្រមទាំងគ្រឿងចំហេះ ឱ្យបានប្រសើរជាងមុន។
បិទខ្ទប់ជិតស្ទើរជិតឈឹងដោយអ៊ីស្រាអែល តំបន់ហ្កាហ្សា មានប្រជាពលរដ្ឋប៉ាឡេស្ទីនរស់នៅជាងពីរលាននាក់ រស់ថប់ចង្អៀតណែន ក្នុងភាពក្រីក្រ និងប្រឈមនឹងសង្គ្រាមជារៀងរាល់ថ្ងៃ តាំងពីជាង១២ឆ្នាំមក។ កិច្ចព្រមព្រៀងឈប់បាញ់មុនៗ ផ្តល់ភាពស្ងប់ស្ងាត់ឱ្យតំបន់ហ្កាហ្សា បានតែពីរបីសប្តាហ៍ប៉ុណ្ណោះ ព្រោះបើតាមចលនាហាម៉ាស់ អ៊ីស្រាអែលថាមិនគោរពពាក្យសន្យា ដូចមានចែងក្នុងកិច្ចព្រមព្រៀងទេ ដោយវិធានការនោះនាំអប្រជាប្រិយភាព និងការរិះគន់ខ្លាំងដល់រូបនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ។
នៅលើកនេះ អាយុជីវិតនៃបទឈប់បាញ់ក៏មិនជាក់លាក់ មិនដឹងថាអាចរស់វែងបានប៉ុណ្ណា ឡើយ ព្រោះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលទើបជាប់ឆ្នោតជាថ្មី ត្រូវចរចាបង្កើតរដ្ឋាភិបាលថ្មី និងត្រូវការបង្កើតរដ្ឋាភិបាលចម្រុះផង។ ម្យ៉ាងវិញទៀត កូនប្រសារលោកដូណាល់ បានសន្យាបង្ហាញផែនការសន្តិភាពអ៊ីស្រាអែលប៉ាឡេស្ទីន នៅខែមិថុនា ពេលចប់ខែបួសរបស់អ្នកអ៊ីស្លាម។ ផែនការដែលទំនងជាគ្មានលើកឡើងអំពីការបង្កើតរដ្ឋពីររស់នៅក្បែរគ្នាទេ ដូចអ្វីដែលពិភពអ្នកការទូតពិភពលោកធ្លាប់និយាយពីមុនមកទេ។ សំណើបែបនេះអាចនឹងធ្វើឱ្យប៉ាឡេស្ទីនផ្ទុះកំហឹងខ្លាំង ជាថ្មី ជាក់ជាពុំខាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ