អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស្ថានភាពសេដ្ឋកិច្ចនៅអ៊ីរ៉ង់នៅ ១ឆ្នាំក្រោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

៨ ឧសភា ២០១៨-៨ ឧសភា ២០១៩ ១ឆ្នាំ​គត់​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ គឺ​ជា​កិច្ចព្រមព្រៀង​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុង​នោះ​មាន​ភាគី​អាមេរិក​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា។ ខុស​ពី​ភាគី​ហត្ថលេខី​ផ្សេង ពិសេស​ប្រទេស​អឺរ៉ុប លោក​ត្រាំ​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​មួយ​នេះ​ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​ដែល​អាមេរិក​មិន​គួរ​ចុះ​ហត្ថលេខា​ទេ។ ទន្ទឹម​នឹង​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង រដ្ឋបាល​របស់​លោក​ត្រាំ​ក៏​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់​ដែរ។ ទណ្ឌកម្ម​ថ្មីៗ​ចុង​ក្រោយ គឺ​ការ​សម្រេច​មិន​អនុញ្ញាត​ឲ្យ ៨ប្រទេស​បន្ត​ទិញ​ប្រេង​ពី​អ៊ីរ៉ង់។ អ្វី​ទៅ​ជា​ស្ថានភាព​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​នា​ពេល​បច្ចុប្បន្ន?

ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី
ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី Iranian Presidency / AFP
ផ្សាយពាណិជ្ជកម្ម

វិល​ទៅ វិល​មក អ៊ីរ៉ង់​មិន​ត្រឹម​តែ​កំពុង​ស្គាល់​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ដូច​មុន​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ទេ តែ​ប្រហែល​ជា​អាច​ធ្លាក់​ដុនដាប​ខ្លាំង​ជាង​មុន​ផង​ក៏​មិន​ដឹង។ តែ​មុន​នឹង​និយាយ​ពី​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​អ៊ីរ៉ង់​សព្វថ្ងៃ គេ​ពិត​ជា​មិន​អាច​មិន​និយាយ​បាន​ទេ​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​នៅ​ក្រោយ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥។ តាម​រយៈ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​មួយ​នេះ សហគមន៍​អន្តរជាតិ​បាន​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ផ្នែក​ចេញ​ពី​អ៊ីរ៉ង់ ហើយ​ជា​ថ្នូរ​ត្រឡប់​វិញ របប​ក្រុង​តេហេរ៉ង់​បាន​សន្យា​មិន​បន្ត​កម្មវិធី​នុយក្លេអ៊ែរ និង​មិន​ព្យាយាម​ផលិត​គ្រាប់បែក​បរមាណូ។

ក្នុង​នាម​ជា​ប្រទេស​ជង្រុកប្រេងឆៅ​លំដាប់ទី៤ និង​ជង្រុកឧស្ម័ន​ទី២ ក្នុង​លោក កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ដដែល​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​បង្កើន​ការ​បូមប្រេងឆៅ និង​បូមឧស្ម័ន​លក់​ក្នុង​បរិមាណ​មួយ​ដែល​អ៊ីរ៉ង់​ធា្លប់​មាន​នៅ​មុន​ពេល​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់។ តែ​អ្វី​ដែល​អ៊ីរ៉ង់​ទទួល​បាន​ហាក់​នៅ​មិន​ទាន់​ដល់​កម្រិត​ដូច​ដែល​ខ្លួន​បាន​រំពឹង​ទុក​នៅ​ឡើយ ហើយ​សង្ឃឹម​នឹង​ទទួល​បាន​លទ្ធផល​គ្រាន់​បើ​ជាង​នេះ​នៅ​ថ្ងៃ​អនាគត។ តែ​ក្តី​សង្ឃឹម​ហាក់​មាន​ត្រឹម​ក្នុង​សុបិន្ត បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ក្នុង​ថ្ងៃទី៨ ឧសភា ឆ្នាំ ២០១៨ ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។

លោក​ដូណាល់ ត្រាំ​បាន​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​កាលណោះ​ថា​ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​ដែល​អាមេរិក​មិន​គួរ​នឹង​ចុះ​ហត្ថលេខា​ទេ។ លោក​ត្រាំ​បាន​ស្តីបន្ទោស ព្រម​ទាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​បាន​គាំទ្រ​ភេរវនិយម និង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​គ្របដណ្តប់​នៅ​តំបន់​ដើមបូព៌ា។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន គឺ​ការ​ចរចា​ឡើង​វិញ​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ថ្មី​ប្រសើរ​ជាង​នេះ។ តែ​ខុស​ពី​ភាគី​ហត្ថលេខី​ផ្សេង​ទៀត ពិសេស​ប្រទេស​អឺរ៉ុប​មិន​បាន​យល់​ឃើញ​ដូច​លោក​ត្រាំ និង​បាន​បន្ត​រក្សា​ទុក​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់។ ចំណែក​ភាគី​អ៊ីរ៉ង់​ក៏​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង​មក​ដល់​សព្វថ្ងៃ។ បន្ទាប់​ពី​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង លោក​ត្រាំ​ក៏​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់​ដែរ។

ថ្មីៗ​ចុង​ក្រោយ និង​ដើម្បី​សង្កត់ ក អ៊ីរ៉ង់​បន្ថែម រដ្ឋបាល​របស់​លោក​ត្រាំ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ចំនួន ៨ បន្ត​ទិញ​ប្រេងឆៅ​អ៊ីរ៉ង់​ទៀត​ឡើយ។ គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ទណ្ឌកម្ម​របស់​អាមេរិក​លើ​អ៊ីរ៉ង់​កំពុង​ទទួល​បាន​លទ្ធផល​ជា​បណ្តើរៗ ព្រោះ​បើ​តាម​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ផលិតផល​សរុបក្នុងស្រុក​របស់​អ៊ីរ៉ង់​នឹង​ធ្លាក់​ចុះ ៦% ក្នុង​ឆ្នាំ ២០១៩ នេះ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ជិត ៤% កាល​ពី​ឆ្នាំ ២០១៨។ គិត​តាំង​ពី​ថ្ងៃទី៨ ឧសភា ឆ្នាំ ២០១៨ មក ប្រាក់រៀល​អ៊ីរ៉ង់​បាន​បាត់បង់​តម្លៃ​អស់ ៥៧% បើ​ធៀប​នឹង​តម្លៃ​ប្រាក់ដុល្លារ​អាមេរិក។ ចំណែក​អត្រា​អតិផរណា​បាន​ឡើង​ដល់ ៥១% ហើយ​តម្លៃ​ម្ហូបអាហារ​ចាំ​បាច់​មួយ​ចំនួន​បាន​ឡើង ៧០%។ ទន្ទឹម​គ្នា​នេះ ហាង​លក់ទំនិញ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​មិន​មាន​ផលិតផល​គ្រប់​គ្រាន់​ដើម្បី​លក់​ទេ។ តាម​ការ​ប្រមើល​ទុក អ៊ីរ៉ង់​អាច​ស្គាល់​ស្ថានភាព​សេដ្ឋកិច្ច​ដុនដាប​ខ្លាំង​ជាង​ចន្លោះ​ឆ្នាំ ២០១២ និង​២០១៣ ទៅ​ទៀត។

ដើម្បី​ប្រឈម​ទប់​នឹង​គំនាប​កាន់​តែ​ខ្លាំង​របស់​អាមេរិក និង​ដើម្បី​រារាំង​អ៊ីរ៉ង់​កុំ​ឲ្យ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង ក្រុម​ប្រទេស​ហត្ថលេខី​អឺរ៉ុប​បាន​ជ្រើស​ផ្លូវ​សាមគ្គី​គ្នា​ដោយ​បាន​ប្រើ​យន្តការណ៍​មួយ​ដើម្បី​បន្ត​រកស៊ី​ជាមួយ​អ៊ីរ៉ង់​ដោយ​គេច​ពី​ទណ្ឌកម្ម​អាមេរិក មាន​ន័យ​ថា ជា​ការ​ដោះដូរ​រវាង​ទំនិញ និង​ទំនិញ​ក្នុង​តម្លៃ​ដូច​គ្នា​ដោយ​មិន​បាច់​ប្រើ​លុយ។ ចំណែក​ភាគី​អ៊ីរ៉ង់​ក៏​ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង និង​រួម​សហការណ៍​ជាមួយ​ប្រទេស​អឺរ៉ុប​ទាំង​នេះ​ទេ ព្រោះ​ទី១ ដើម្បី​បន្ត​ទទួល​ប្រយោជន៍​សេដ្ឋកិច្ច និង​ទី២ ដើម្បី​កុំ​ឲ្យ​ប្រទេស​អឺរ៉ុប​ទាំង​នេះ​ប្តូរ​ជំហរ​ទៅ​គាំទ្រ​អាមេរិក។ សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​ស្ថានការណ៍​បែប​នេះ​នឹង​បន្ត​មាន​រហូត​ដល់​ពេល​ណា និង​ថា តើ​ភាព​អត់ធ្មត់​របស់​អ៊ីរ៉ង់​នឹង​មាន​កម្រិត​ណា​នោះ។

ទីក្រុង​តេហេរ៉ង់​ធ្លាប់​បាន​បញ្ជាក់​ច្រើន​ដង​រួច​ហើយ​ថា ភាព​អត់ធ្មត់ និង​ការ​ខាំមាត់ សង្កត់ចិត្ត​របស់​ខ្លួន​មាន​កំណត់។ អ្វី​ដែល​គ្រប់​គ្នា​បារម្ភ​ខ្លាំង គឺ​ខ្លាច​តែ​អ៊ីរ៉ង់​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ដូច​អាមេរិក។ ពិត​ណាស់ កម្មវត្ថុ​ផ្លូវការ​របស់​រដ្ឋបាល​អាមេរិក​គឺ​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ឲ្យ​ដល់​កម្រិត​អតិបរមា​ក្នុង​គោលដៅ​បង្ខំ​អ៊ីរ៉ង់​ឲ្យ​ចរចា​ឡើង​វិញ​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ថ្មី​ល្អ​ឥត​ខ្ចោះ។ តែ​ក្រៅ​ផ្លូវការ​វិញ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រុង​វ៉ាស៊ីនតោន​កំពុង​ញុះញង់ រុញ​អ៊ីរ៉ង់​ឲ្យ​បំពាន​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​មាន​ស្រាប់​ដើម្បី​ធ្វើ​ជា​លេស​ស្រែក​ប្រាប់​ពិភពលោក​ថា អ៊ីរ៉ង់​ជា​ប្រទេស​គ្រោះថ្នាក់​សម្រាប់​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ