សង្រ្គាមប៉ាកការវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុលជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៨
បន្ទាប់ពីសហរដ្ឋអាមេរិក ឥឡូវនេះដល់វេនអ៊ីរ៉ង់វិញម្តងដែលបានសម្រេចសើរើពិនិត្យមើលឡើងវិញលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាឆ្នាំ ២០១៥។ តែខុសពីអាមេរិកដែលបានដកខ្លួនចេញទាំងស្រុង អ៊ីរ៉ង់បានប្រកាសព្យួរការអនុវត្តន៍លើកិច្ចសន្យាមួយចំនួនដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង។ ទន្ទឹមគ្នានេះ អ៊ីរ៉ង់បានទុកពេល ៦០ថ្ងៃឲ្យប្រទេសហត្ថលេខីផ្សេងទៀតចាត់វិធានការការពារផលប្រយោជន៍អ៊ីរ៉ង់។ បើមិនពុំនោះសោតទេ អ៊ីរ៉ង់នឹងចាត់វិធានការផ្សេងដែលតឹងតែងជាងនេះ។ ប្រទេសបារាំងតាមរយៈរដ្ឋមន្រ្តីការពារជាតិបានបញ្ជាក់ថា ការសម្រេចរបស់អ៊ីរ៉ង់ពេលនេះអាចនឹងទទួលទណ្ឌកម្មពីអឺរ៉ុប។ អាល្លឺម៉ង់កូដូចចិនបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តរក្សា និងបន្តអនុវត្តកិច្ចព្រមព្រៀង។ ចំណែកអ៊ីស្រាអែលបានព្រមានទុកជាមុនមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ផលិតគ្រាប់បែកបរមាណូបានឡើយ។
លោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានីបានធ្វើសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ក្នុងថ្ងៃពុធ ទី៨ ឧសភាដើម្បីប្រាប់ពិភពលោកថា អ៊ីរ៉ង់នឹងឈប់អនុវត្តលើកិច្ចសន្យាមួយចំនួនដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាឆ្នាំ ២០១៥។ មានកិច្ចសន្យាចំនួន ២ ដែលអ៊ីរ៉ង់នឹងឈប់អនុវត្ត ទី១ ទាក់ទងនឹងផលិតកម្មអ៊ុយរ៉ាញ៉ូមចម្រាញ់រួច និងទី២ ទាក់ទងនឹងផលិតកម្មទឹកធ្ងន់។ ទាក់ទងនឹងផលិតកម្មអ៊ុយរ៉ាញ៉ូមចម្រាញ់រួចត្រូវបានលោករ៉ូហានីប្រកាសថា អ៊ីរ៉ង់នឹងឈប់បញ្ជូនផលិតកម្មអ៊ុយរ៉ាញ៉ូមចម្រាញ់រួចលើសចំនួនទៅកាន់បរទេសដូចដែលកិច្ចព្រមព្រៀងឆ្នាំ ២០១៥ បានតម្រូវ។
បើតាមកិច្ចព្រមព្រៀង អ៊ីរ៉ង់អាចរក្សាទុកលើទឹកដីខ្លួននូវផលិតកម្មអ៊ុយរ៉ាញ៉ូមចម្រាញ់រួចតែចំនួន ៣០០គីឡូក្រាម ហើយអ៊ុយរ៉ាញ៉ូមចម្រាញ់រួចនោះមានអត្រាត្រឹម ៣,៦៧%។ គួរបញ្ជាក់ថា ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងអត្រា ៣,៦៧% អាចយកទៅប្រើក្នុងវិស័យស៊ីវិល តែបើលើសជាង ២០% អាចយកទៅប្រើក្នុងវិស័យយោធា ពិសេសផលិតគ្រាប់បែកបរមាណូ។ ទាក់ទងផលិតកម្មទឹកធ្ងន់ត្រូវបានលោករ៉ូហានីបញ្ជាក់ថា អ៊ីរ៉ង់នឹងឈប់បញ្ជូនផលិតកម្មទឹកធ្ងន់លើសចំនួនទៅកាន់បរទេសទៀតឡើយ។ ក្រៅពីវិធានការទាំងពីរនេះ ប្រធានាធិបតីអ៊ីរ៉ង់ក៏បានប្រាប់ឲ្យដឹងពីគម្រោងបន្តធ្វើទំនើបកម្មលើម៉ាស៊ីនប្រតិកម្មដើរដោយទឹកធ្ងន់នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរអារ៉ាក់ឡើងវិញដែរ។
អ៊ីរ៉ង់ទុកពេលឲ្យក្រុមប្រទេសហត្ថលេខីផ្សេងចាត់វិធានការការពារផលប្រយោជន៍អ៊ីរ៉ង់
ទន្ទឹមនឹងការសម្រេចចិត្តរបស់អ៊ីរ៉ង់ពេលនេះ លោករ៉ូហានីបានទុកពេល ៦០ថ្ងៃឲ្យក្រុមប្រទេសហត្ថលេខីផ្សេងទៀតចាត់វិធានការជាក់ស្តែងដើម្បីការពារផលប្រយោជន៍អ៊ីរ៉ង់។ មានវិស័យសំខាន់ចំនួនពីរដែលអ៊ីរ៉ង់ចង់ឲ្យប្រទេសហត្ថលេខីផ្សេង រួមមានអាល្លឺម៉ង់ បារាំង អង់គ្លេស រុស្ស៊ី និងចិនជួយការពារ គឺវិស័យធនាគារ និងវិស័យប្រេង ព្រោះជាវិស័យដែលអ៊ីរ៉ង់កំពុងជាប់ក្នុងទណ្ឌកម្មអាមេរិក។ អ៊ីរ៉ង់បានមើលឃើញថា ១ឆ្នាំហើយដែលរដ្ឋបាលអាមេរិករបស់លោកដូណាល់ ត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាឆ្នាំ ២០១៥ និង ១ឆ្នាំហើយដែលអ៊ីរ៉ង់កំពុងស្គាល់សេដ្ឋកិច្ចដុនដាបដោយសារទណ្ឌកម្មអាមេរិក។ តែបែរជាក្រុមប្រទេសហត្ថលេខីផ្សេងបន្តឈរឱបដៃមើលដោយមិនបានចាត់វិធានការអ្វីពិតប្រាកដដើម្បីជួយអ៊ីរ៉ង់ប្រឈមទប់នឹងអាមេរិក។
គឺជំហររបៀបនេះហើយដែលបានធ្វើឲ្យអ៊ីរ៉ង់ឆ្អែតចិត្ត និងគ្មានជម្រើសអ្វីផ្សេងក្រៅពីរើបម្រាសដោយប្រើវិធានការខ្លួនទីពឹងខ្លួនវិញម្តង។ អ៊ីរ៉ង់បានទុកពេល ៦០ថ្ងៃឲ្យក្រុមប្រទេសហត្ថលេខីចាត់វិធានការជាក់ស្តែងដើម្បីការពារផលប្រយោជន៍អ៊ីរ៉ង់ ហើយលោករ៉ូហានីបានព្រមានត្រង់ៗដោយហាមក្រុមប្រទេសមហាអំណាចកុំឲ្យប្រើប្រាស់ការសម្រេចចិត្តរបស់អ៊ីរ៉ង់ពេលនេះដើម្បីបញ្ជូនសំណុំរឿងអ៊ីរ៉ង់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងដាក់ទណ្ឌកម្មជាថ្មីប្រឆាំងអ៊ីរ៉ង់។ ប្រសិនបើមានករណីនេះកើតឡើង អ៊ីរ៉ង់នឹងចាត់វិធានការបកវិញឲ្យខ្លាំងជាងនេះ។ ទោះបីជាលោករ៉ូហានីមិនបានលំអិតអ្វីក៏ដោយក៏គេអាចស្មានបានថា លោកចង់ផ្តោតពីការដកអ៊ីរ៉ង់ចេញពីកិច្ចព្រមព្រៀងដូចអាមេរិក។ តែទន្ទឹមគ្នានេះ លោករ៉ូហានីបានគូសបញ្ជាក់ថា អ៊ីរ៉ង់នៅតែត្រៀមខ្លួនគ្រប់ពេលដើម្បីចរចា។
កំហុសទាំងអស់គ្នា?
បើកិច្ចព្រមព្រៀងដែលសម្រេចបានកាលពី ៤ឆ្នាំមុននឹងត្រូវរលាយនៅថ្ងៃណាមួយ គឺជាការដើរថយក្រោយវិលរកទ្រនំចាស់។ ចូរកុំភ្លេចថា ទំរាំតែទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាប្រវត្តិសាស្រ្តក្នុងឆ្នាំ ២០១៥ អ៊ីរ៉ង់ និងអាមេរិក រួមទាំងប្រទេសពាក់ព័ន្ធផ្សេងទៀតបានចំណាយពេលចរចាអស់ជាច្រើនឆ្នាំ និងបានធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមកច្រើនណាស់។ អ៊ីចឹងបើវាចៀសមិនរួចពីការរលាយទៅវិញ អ្វីៗនឹងត្រូវចាប់ផ្តើមពីសូន្យដោយគ្មានភាគីណាមួយហ៊ាននិយាយថា គេនឹងអាចរកបានកិច្ចព្រមព្រៀងថ្មីឬអត់ទេ ហើយបើរកបាន តើកិច្ចព្រមព្រៀងថ្មីនោះនឹងអន់ជាង ឬគ្រាន់បើជាងកិច្ចព្រមព្រៀងឆ្នាំ ២០១៥។
ពិតណាស់ អ្នកដែលបានផ្តើមឆ្កឹះកកាយរឿងរ៉ាវមួយនេះមុនគេ គឺប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំតាមរយៈការដកអាមេរិកចេញពីកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្តបន្ទាប់លើអ៊ីរ៉ង់។ តែសួរថា តើក្រុមប្រទេសហត្ថលេខីផ្សេងដែលបានប្តេជ្ញារក្សាទុក និងគោរពតាមកិច្ចព្រមព្រៀងមកដល់សព្វថ្ងៃបានធ្វើអ្វីខ្លះក្នុងការត តាំងទល់នឹងលោកត្រាំដើម្បីជួយអ៊ីរ៉ង់?។ គេបានសម្លឹងឃើញថា ក្រុមប្រទេសនេះមិនបានជួយអ្វីជាដុំកំភួនទេ ហើយសូម្បីតែចិន និងរុស្ស៊ីដែលគាំទ្រអ៊ីរ៉ង់ផ្កាប់មុខក៏ហាក់មិនបានធ្វើអ្វីធំដុំដែរ។ អឺរ៉ុបបានបង្កើតឲ្យមានយន្តការណ៍មួយដើម្បីអាចបន្តធ្វើជំនួញជាមួយអ៊ីរ៉ង់ដោយដើរវាងពីទណ្ឌកម្មអាមេរិក។ តែនៅមិនទាន់មានការអនុវត្តន៍ជាក់ស្តែងនៅឡើយ។
អ៊ីចឹងវាជាកំហុសទាំងអស់គ្នាដែលគេមិនអាចទម្លាក់តែលើប្រទេសណាមួយបានទេ។ ក្រោយការសម្រេចរបស់អ៊ីរ៉ង់ក្នុងថ្ងៃទី៨ ឧសភាទៀត ប្រទេសហត្ថលេខីខ្លះ ដូចជាអាល្លឺម៉ង់ និងចិនបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តរក្សា និងបន្តអនុវត្តកិច្ចព្រមព្រៀង។ ចំណែកបារាំងហ៊ានទាំងព្រមានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ទៀតផង។ សម្រាប់អ៊ីស្រាអែលដែលជាគូសត្រូវស៊ីសាច់ហុចឈាមនឹងអ៊ីរ៉ង់បានព្រមានទុកជាមុនមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ផលិតគ្រាប់បែកបរមាណូបាន។ យ៉ាងណាក៏ដោយ ក្រុមវិភាគទូទៅបានយល់ស្របគ្នាថា ខណៈនេះមិនមែនជាពេលដែលត្រូវចង្អុលមុខដាក់គ្នាដើម្បីវែករកអ្នកខុស និងអ្នកត្រូវទេ តែជាពេលដែលគ្រប់គ្នាត្រូវពួតដៃចូលរួមគិតគូរកុំឲ្យកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តឆ្នាំ ២០១៥ រលាយសាបសូន្យទៅវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ