ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT

សង្រ្គាមប៉ាកការវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុលជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥

សង្រ្គាមប៉ាកការវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុលជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥
 
លោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានី Iranian Presidency / AFP

បន្ទាប់​ពី​សហរដ្ឋអាមេរិក ឥឡូវ​នេះ​ដល់​វេន​អ៊ីរ៉ង់​វិញ​ម្តង​ដែល​បាន​សម្រេច​សើរើ​ពិនិត្យមើល​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ តែ​ខុស​ពី​អាមេរិក​ដែល​បាន​ដក​ខ្លួន​ចេញ​ទាំង​ស្រុង អ៊ីរ៉ង់​បាន​ប្រកាស​ព្យួរ​ការ​អនុវត្តន៍​លើ​កិច្ចសន្យា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។ ទន្ទឹម​គ្នា​នេះ អ៊ីរ៉ង់​បាន​ទុក​ពេល ៦០ថ្ងៃ​ឲ្យ​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​ចាត់​វិធានការ​ការពារ​ផលប្រយោជន៍​អ៊ីរ៉ង់។ បើ​មិន​ពុំ​នោះ​សោត​ទេ អ៊ីរ៉ង់​នឹង​ចាត់​វិធានការ​ផ្សេង​ដែល​តឹងតែង​ជាង​នេះ។

ប្រទេស​បារាំង​តាម​រយៈ​រដ្ឋមន្រ្តី​ការពារជាតិ​បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​អ៊ីរ៉ង់​ពេល​នេះ​អាច​នឹង​ទទួល​ទណ្ឌកម្ម​ពី​អឺរ៉ុប។ អាល្លឺម៉ង់​កូ​ដូច​ចិន​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​បន្ត​រក្សា និង​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង។ ចំណែក​អ៊ីស្រាអែល​បាន​ព្រមាន​ទុក​ជា​មុន​មិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ផលិត​គ្រាប់បែក​បរមាណូ​បាន​ឡើយ។

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ថ្ងៃ​ពុធ ទី៨ ឧសភា​ដើម្បី​ប្រាប់​ពិភពលោក​ថា អ៊ីរ៉ង់​នឹង​ឈប់​អនុវត្ត​លើ​កិច្ចសន្យា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ មាន​កិច្ចសន្យា​ចំនួន ២ ដែល​អ៊ីរ៉ង់​នឹង​ឈប់​អនុវត្ត ទី១ ទាក់ទង​នឹង​ផលិតកម្ម​អ៊ុយរ៉ាញ៉ូម​ចម្រាញ់​រួច និង​ទី២ ទាក់ទង​នឹង​ផលិតកម្ម​ទឹកធ្ងន់។ ទាក់ទង​នឹង​ផលិតកម្ម​អ៊ុយរ៉ាញ៉ូម​ចម្រាញ់​រួច​ត្រូវ​បាន​លោក​រ៉ូហានី​ប្រកាស​ថា អ៊ីរ៉ង់​នឹង​ឈប់​បញ្ជូន​ផលិតកម្ម​អ៊ុយរ៉ាញ៉ូម​ចម្រាញ់​​រួច​លើស​ចំនួន​ទៅ​កាន់​បរទេស​ដូច​ដែល​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ បាន​តម្រូវ។

បើ​តាម​កិច្ចព្រមព្រៀង អ៊ីរ៉ង់​អាច​រក្សា​ទុក​លើ​ទឹកដី​ខ្លួន​នូវ​ផលិតកម្ម​អ៊ុយរ៉ាញ៉ូម​ចម្រាញ់​រួច​តែ​ចំនួន ៣០០គីឡូក្រាម ហើយ​អ៊ុយរ៉ាញ៉ូម​ចម្រាញ់​រួច​នោះ​មាន​អត្រា​ត្រឹម ៣,៦៧%។ គួរ​បញ្ជាក់​ថា ការ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា ៣,៦៧% អាច​យក​ទៅ​ប្រើ​ក្នុង​វិស័យ​ស៊ីវិល តែ​បើ​លើស​ជាង ២០% អាច​យក​ទៅ​ប្រើ​ក្នុង​វិស័យ​យោធា ពិសេស​ផលិត​គ្រាប់បែក​បរមាណូ។ ទាក់ទង​ផលិតកម្ម​ទឹកធ្ងន់​ត្រូវ​បាន​លោក​រ៉ូហានី​បញ្ជាក់​ថា អ៊ីរ៉ង់​នឹង​ឈប់​បញ្ជូន​ផលិតកម្ម​ទឹកធ្ងន់​លើសចំនួន​ទៅ​កាន់​បរទេស​ទៀត​ឡើយ។ ក្រៅ​ពី​វិធានការ​ទាំង​ពីរ​នេះ ប្រធានាធិបតី​អ៊ីរ៉ង់​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​បន្ត​ធ្វើ​ទំនើបកម្ម​លើ​ម៉ាស៊ីនប្រតិកម្ម​ដើរ​ដោយ​ទឹកធ្ងន់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អារ៉ាក់​ឡើង​វិញ​ដែរ។

អ៊ីរ៉ង់​ទុក​ពេល​ឲ្យ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ចាត់​វិធានការ​ការពារ​ផលប្រយោជន៍​អ៊ីរ៉ង់

ទន្ទឹម​នឹង​ការ​សម្រេចចិត្ត​របស់​អ៊ីរ៉ង់​ពេល​នេះ លោក​រ៉ូហានី​បាន​ទុក​ពេល ៦០ថ្ងៃ​ឲ្យ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​ការពារ​ផលប្រយោជន៍​អ៊ីរ៉ង់។ មាន​វិស័យ​សំខាន់​ចំនួន​ពីរ​ដែល​អ៊ីរ៉ង់​ចង់​ឲ្យ​ប្រទេស​ហត្ថលេខី​ផ្សេង រួម​មាន​អាល្លឺម៉ង់ បារាំង អង់គ្លេស រុស្ស៊ី និង​ចិន​ជួយ​ការពារ គឺ​វិស័យ​ធនាគារ និង​វិស័យ​ប្រេង ព្រោះ​ជា​វិស័យ​ដែល​អ៊ីរ៉ង់​កំពុង​ជាប់​ក្នុង​ទណ្ឌកម្ម​អាមេរិក។ អ៊ីរ៉ង់​បាន​មើល​ឃើញ​ថា ១ឆ្នាំ​ហើយ​ដែល​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ និង ១ឆ្នាំ​ហើយ​ដែល​អ៊ីរ៉ង់​កំពុង​ស្គាល់​សេដ្ឋកិច្ច​ដុនដាប​ដោយសារ​ទណ្ឌកម្ម​អាមេរិក។ តែ​បែរ​ជា​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​បន្ត​ឈរ​ឱបដៃ​មើល​ដោយ​មិន​បាន​ចាត់​វិធានការ​អ្វី​ពិតប្រាកដ​ដើម្បី​ជួយ​អ៊ីរ៉ង់​ប្រឈម​ទប់​នឹង​អាមេរិក។

គឺ​ជំហរ​របៀប​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ឆ្អែត​ចិត្ត និង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​រើបម្រាស​ដោយ​ប្រើ​វិធានការ​ខ្លួន​ទីពឹង​ខ្លួន​វិញ​ម្តង។ អ៊ីរ៉ង់​បាន​ទុក​ពេល ៦០ថ្ងៃ​ឲ្យ​ក្រុម​ប្រទេស​ហត្ថលេខី​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​ការពារ​ផលប្រយោជន៍​អ៊ីរ៉ង់ ហើយ​លោក​រ៉ូហានី​បាន​ព្រមាន​ត្រង់ៗ​ដោយ​ហាម​ក្រុម​ប្រទេស​មហាអំណាច​កុំ​ឲ្យ​ប្រើប្រាស់​ការ​សម្រេចចិត្ត​របស់​អ៊ីរ៉ង់​ពេល​នេះ​ដើម្បី​បញ្ជូន​សំណុំរឿង​អ៊ីរ៉ង់​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ និង​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ប្រឆាំង​អ៊ីរ៉ង់។ ប្រសិន​បើ​មាន​ករណី​នេះ​កើត​ឡើង អ៊ីរ៉ង់​នឹង​ចាត់​វិធានការ​បក​វិញ​ឲ្យ​ខ្លាំង​ជាង​នេះ។ ទោះ​បី​ជា​លោក​រ៉ូហានី​មិន​បាន​លំអិត​អ្វី​ក៏​ដោយ​ក៏​គេ​អាច​ស្មាន​បាន​ថា លោក​ចង់​ផ្តោត​ពី​ការ​ដក​អ៊ីរ៉ង់​ចេញ​ពី​កិច្ចព្រមព្រៀង​ដូច​អាមេរិក។ តែ​ទន្ទឹម​គ្នា​នេះ លោក​រ៉ូហានី​បាន​គូសបញ្ជាក់​ថា អ៊ីរ៉ង់​នៅ​តែ​​ត្រៀម​ខ្លួន​គ្រប់​ពេល​ដើម្បី​ចរចា។

កំហុស​ទាំង​អស់​គ្នា​?

បើ​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​កាល​ពី ៤ឆ្នាំ​មុន​នឹង​ត្រូវ​រលាយ​នៅ​ថ្ងៃ​ណា​មួយ គឺ​ជា​ការ​ដើរ​ថយ​ក្រោយ​វិល​រក​ទ្រនំ​ចាស់។ ចូរ​កុំ​ភ្លេច​ថា ទំរាំ​តែ​ទទួល​បាន​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់​​ជា​ប្រវត្តិសាស្រ្ត​ក្នុង​ឆ្នាំ ២០១៥ អ៊ីរ៉ង់ និង​អាមេរិក រួម​ទាំង​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​ចំណាយ​ពេល​ចរចា​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ច្រើន​ណាស់។ អ៊ីចឹង​បើ​វា​ចៀស​មិន​រួច​ពី​ការ​រលាយ​ទៅ​វិញ អ្វីៗ​នឹង​ត្រូវ​ចាប់​ផ្តើម​ពី​សូន្យ​ដោយ​គ្មាន​ភាគី​ណា​មួយ​ហ៊ាន​និយាយ​ថា គេ​នឹង​អាច​រក​បាន​កិច្ចព្រមព្រៀង​ថ្មី​ឬ​អត់​ទេ ហើយ​បើ​រក​បាន តើ​កិច្ចព្រមព្រៀង​ថ្មី​នោះ​នឹង​អន់​ជាង ឬ​គ្រាន់​បើ​ជាង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។

ពិត​ណាស់ អ្នក​ដែល​បាន​ផ្តើម​ឆ្កឹះកកាយ​រឿងរ៉ាវ​មួយ​នេះ​មុន​គេ គឺ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​តាម​រយៈ​ការ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្តបន្ទាប់​លើ​អ៊ីរ៉ង់។ តែ​សួរ​ថា តើ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ដែល​បាន​ប្តេជ្ញា​រក្សា​ទុក និង​គោរព​តាម​កិច្ចព្រមព្រៀង​មក​ដល់​សព្វថ្ងៃ​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​ការ​ត តាំង​ទល់​នឹង​លោក​ត្រាំ​ដើម្បី​ជួយ​អ៊ីរ៉ង់?។ គេ​បាន​សម្លឹង​ឃើញ​ថា ក្រុម​ប្រទេស​នេះ​មិន​បាន​ជួយ​អ្វី​ជា​ដុំកំភួន​ទេ ហើយ​សូម្បី​តែ​ចិន និង​រុស្ស៊ី​ដែល​គាំទ្រ​អ៊ីរ៉ង់​ផ្កាប់មុខ​ក៏​ហាក់​មិន​បាន​ធ្វើ​អ្វី​ធំដុំ​ដែរ។ អឺរ៉ុប​បាន​បង្កើត​ឲ្យ​មាន​យន្តការណ៍​មួយ​ដើម្បី​អាច​បន្ត​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់​ដោយ​ដើរ​វាង​ពី​ទណ្ឌកម្ម​អាមេរិក។ តែ​នៅ​មិន​ទាន់​មាន​ការ​អនុវត្តន៍​ជាក់ស្តែង​នៅ​ឡើយ។

អ៊ីចឹង​វា​ជា​កំហុស​ទាំង​អស់​គ្នា​ដែល​គេ​មិន​អាច​ទម្លាក់​តែ​លើ​ប្រទេស​ណា​មួយ​បាន​ទេ។ ក្រោយ​ការ​សម្រេច​របស់​អ៊ីរ៉ង់​ក្នុង​ថ្ងៃទី៨ ឧសភា​ទៀត ប្រទេស​ហត្ថលេខី​ខ្លះ ដូច​ជា​អាល្លឺម៉ង់ និង​ចិន​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​បន្ត​រក្សា និង​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង។ ចំណែក​បារាំង​ហ៊ាន​ទាំង​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ទៀត​ផង។ សម្រាប់​អ៊ីស្រាអែល​ដែល​ជា​គូសត្រូវ​ស៊ីសាច់​ហុចឈាម​នឹង​អ៊ីរ៉ង់​បាន​ព្រមាន​ទុក​ជា​មុន​មិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ផលិត​គ្រាប់បែក​បរមាណូ​បាន។ យ៉ាង​ណា​ក៏​ដោយ ក្រុម​វិភាគ​ទូទៅ​បាន​យល់ស្រប​គ្នា​ថា ខណៈ​នេះ​មិនមែន​ជា​ពេល​ដែល​ត្រូវ​ចង្អុល​មុខ​ដាក់​គ្នា​ដើម្បី​វែក​រក​អ្នក​ខុស និង​អ្នក​ត្រូវ​ទេ តែ​ជា​ពេល​ដែល​គ្រប់​គ្នា​ត្រូវ​ពួត​ដៃ​ចូលរួម​គិតគូរ​កុំ​ឲ្យ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ឆ្នាំ ២០១៥ រលាយ​សាបសូន្យ​ទៅ​វិញ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ស្ថានភាពសេដ្ឋកិច្ចនៅអ៊ីរ៉ង់នៅ ១ឆ្នាំក្រោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

    ស្វែងយល់បន្ថែម

  • អាមេរិក-អ៊ីរ៉ង់

    អ៊ីរ៉ង់​ផ្តើម​វាយប្រហារ​​អាមេរិក​វិញ​ដោយ​គំរាម​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​មិនសាយភាយ​អាវុធនុយក្លេអ៊ែរ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    សហរដ្ឋអាមេរិក​បន្ត​ប្រើ​ប្រេងឆៅ​ជា​អាវុធ​ដើម្បី​សង្កត់ ក អ៊ីរ៉ង់

    ស្វែងយល់បន្ថែម

  • អាមេរិក-អ៊ីរ៉ង់

    អាមេរិក​ដាក់​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ក្នុង​បញ្ជី​អង្គការ​ភេរវនិយមបរទេស តែ​អ៊ីរ៉ង់​បាន​ឆ្លើយ​បក​វិញ​ភ្លាមៗ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ