អានតួអត្ថបទ
យេម៉ែន

យេម៉ែន៖តើចលនាឧទ្ទាមហ៊ូទីសពិតជាបានដកកម្លាំងចេញពីកំពង់ផែចំនួន ៣ ក្នុងតំបន់ហូដីដា មែន ឬ?

នៅ​ក្នុង​ប្រទេស​យេម៉ែន ចលនា​ឧទ្ទាម​ហ៊ូទីស​បាន​ប្រកាស​ពី​ការ​ដក​កម្លាំង​ចេញ​ពី​កំពង់ផែ​ចំនួន ៣ ស្ថិត​ក្នុង​តំបន់​ហូដីដា​ប៉ែក​ខាង​លិច​ប្រទេស។ តំបន់​កំពង់ផែ​យុទ្ធសាស្រ្ត​មួយ​នេះ​បាន​ក្លាយ​ជា​ប្រធានរឿង​ដ៏​ចម្រូងចម្រាស និង​ប្រទាញប្រទង់​គ្នា​រវាង​ចលនា​ឧទ្ទាម​ហ៊ូទីស និង​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ ២០១៨។ គួរ​រម្លឹក​ថា​នៅ​ក្នុង​កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​យេម៉ែន​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នា​ខែ​ធ្នូ ឆ្នាំ ២០១៨ ភាគី​ជម្លោះ​បាន​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​តំបន់​ហូដីដា។ តែ​ភាគី​ទាំង​ពីរ​តែង​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​ការ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង។ តែ​ស្រាប់​ពេល​នេះ ភាគី​ឧទ្ទាម​ហ៊ូទីស​បែរ​ជា​បាន​ប្រកាស​ពី​ការ​ដក​កម្លាំង​ចេញ​ពី​តំបន់​ហូដីដា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ​វិញ។ អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​លើ​ព័ត៌មាន​មួយ​នេះ តែ​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​រងចាំ​មើល​បន្ត​នា​ពេល​ខាង​មុខ។ តែ​ភាគី​រដ្ឋាភិបាល​យេម៉ែន​មិន​ជឿ​ដោយ​បាន​ចាត់​ទុក​ការ​ប្រកាស​របស់​ពួក​ឧទ្ទាម​ហ៊ូទីស​ថា​ជា​ឆាកល្ខោន។ ដោយឡែក លោក​ហ្រ្វង់ស័រ ហ្រ្វីសុង-រ៉ូស្ហ អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនាញ​ប្រទេស​យេម៉ែន​បាន​បញ្ជាក់​ថា គេ​ត្រូវ​តែ​មាន​ការ​​សាទរ តែ​ក៏​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ជាមួយ​នឹង​ការ​ប្រកាស​មួយ​នេះ​របស់​ចលនា​ឧទ្ទាម​ហ៊ូទីស។

រថយន្ត​របស់អង្គការសហប្រជាជាតិ​នៅ​កំពង់ផែយេម៉ែន​ក្នុង​តំបន់​ហូដីដា
រថយន្ត​របស់អង្គការសហប្រជាជាតិ​នៅ​កំពង់ផែយេម៉ែន​ក្នុង​តំបន់​ហូដីដា Reuters
ផ្សាយពាណិជ្ជកម្ម

« ពិត​ណាស់ គេ​ត្រូវ​តែ​មាន​ការ​ត្រេកត្រអាល​ជាមួយ​នឹង​ការ​ប្រកាស​នេះ។ ក៏​ប៉ុន្តែ គេ​ត្រូវ​រងចាំ និង​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង មុន​នឹង​ធ្វើ​ការ​សាទរ​ដោយ​ចាត់​ទុក​ជា​ជោគជ័យ​មួយ​ដែល​បាន​សម្រេច​ជា​ស្ថាពរ។ ប្រសិន​បើ​អ្វី​ដែល​ចលនា​ឧទ្ទាម​ហ៊ូទីស​បាន​ប្រកាស​ពេល​នេះ​ជា​រឿង​ពិត​មែន​នោះ វា​ជា​ដំណឹង​ល្អ​មួយ ព្រោះ​វា​នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​រៀបចំ​ដឹក​ជំនួយ​មនុស្សធម៌​អន្តរជាតិ​តាម​ច្រក​កំពង់ផែ​នៅ​តំបន់​ហូដីដា​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​យេម៉ែន​ចំនួន ១៧លាននាក់​ដែល​កំពុង​ជួប​គ្រោះ​អត់ឃ្លាន។

តែ​យ៉ាង​ណា​ក៏​ដោយ គេ​អាច​មាន​មន្ទិលសង្ស័យ​លើ​ភាព​ស្មោះត្រង់​របស់​ពួក​ឧទ្ទាម​ហ៊ូទីស។ តើ​ការ​ប្រកាស​របស់​ពួក​គេ​ជា​រឿង​ពិត ឬ​មួយ​គ្រាន់​ជា​យុទ្ធសាស្រ្ត​នយោបាយ​មួយ។ សម្រាប់​ខ្ញុំ ខ្ញុំ​ហាក់​មិន​មើល​ឃើញ​ថា ហេតុអ្វី​បាន​ជា​ពួក​ឧទ្ទាម​ហ៊ូទីស​បាន​ធ្វើ​រឿង​មួយ​នេះ​តែ​ម្នាក់​ឯង ជា​ឯកតោភាគី​ទៅ​វិញ។ តែ​យ៉ាង​ក៏​ដោយ​សម្រាប់​ខ្ញុំ បើ​ពួក​ឧទ្ទាម​ហ៊ូទីស​ពិត​ជា​បាន​ធ្វើ​កាយវិការ​មួយ​នេះ​មែន ប្រហែល​ជា​ពួក​គេ​បាន​ទទួល​ការ​ធានា​អ្វី​ផ្សេង​ជា​ថ្នូរ​ត្រឡប់​វិញ​ជា​មិន​ខាន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ