ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
មជ្ឈិមបូព៌ា

នុយក្លេអ៊ែរ៖ក្រុងតេហេរ៉ង់នឹងបង្កើនផលិតកម្មអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងបរិមាណច្រើន

media  
អ៊ីរ៉ង់​ប្រកាស​ពី​ការ​បង្កើនផលិតកម្មអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងបរិមាណច្រើន AFP PHOTO / HO / IRANIAN PRESIDENCY

ប្រទេស​អ៊ីរ៉ង់​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ពី​ការ​បង្កើន​ផលិកម្ម​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​នៅ​ក្នុង​បរិមាណ​មួយ​ដ៏​ច្រើន។ គេ​នៅ​មិន​ទាន់​ដឹង​ពី​កម្រិត​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​នៅ​ឡើយ​ទេ តែ​បើ​តាម​មើល​ទៅ ដំណឹង​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផ្ទុះកំហឹង​ដោយ​ចៀស​មិន​រួច។ ម្យ៉ាង​ទៀត គេ​ក៏​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ប្រកាស​របស់​ក្រុង​តេហេរ៉ង់​ដូច​នេះ​គ្រាន់​ជា​ការ​ព្រមាន​សងសឹក​ទល់​នឹង​ក្រុង​វ៉ាស៊ីនតោន ឬ​មួយ​ក៏​អ៊ីរ៉ង់​ត្រៀម​ខ្លួន​នឹង​អនុវត្ត​មែន​នោះ​។

ដំណឹង​មួយ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​អ្នកនាំពាក្យ​អង្គការ​ថាមពល​បរិមាណូ​អ៊ីរ៉ង់​ដែល​ថា ចាប់​ពី​ថ្ងៃ​អង្គារ ទី២១ ឧសភា​ទៅ ផលិតកម្ម​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​របស់​ប្រទេស​អ៊ីរ៉ង់​នឹង​គុណ​១​ជា​៤។ គេ​អាច​និយាយ​បាន​ថា សេចក្តីប្រកាស​របស់​រូប​អ្នកនាំពាក្យ​អង្គការ​ថាមពល​បរិមាណូ​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង ដោយ​អនុលោម​តាម​ការ​ប្រកាស​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី​នា​ដើម​ខែ​ឧសភា​ដែល​ថា អ៊ីរ៉ង់​នឹង​ដក​ពាក្យ​សន្យា​មួយ​ចំនួន​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ វិធានការ​របស់​លោក​រ៉ូហានី​ជា​ប្រតិកម្ម​ឆ្លើយ​បក​នឹង​សមភាគី​អាមេរិក​លោក​ត្រាំ​ដែល​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ ២០១៨។

ទន្ទឹម​នឹង​ប្រាប់​ពី​ការ​បង្កើន​ផលិតកម្ម​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច អ្នកនាំពាក្យ​អង្គការ​ថាមពល​បរិមាណូ​អ៊ីរ៉ង់​ក៏​ឆ្លៀត​រិះគន់ ទិតៀន​វាយប្រហារ​លើ​ភាព​អសកម្ម​របស់​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​បាន​សន្យា​ជួយ​គាំទ្រ​អ៊ីរ៉ង់​នៅ​ចំពោះ​ការ​ដក​ខ្លួន​របស់​អាមេរិក។ គួរ​រម្លឹក​ថា​យោង​តាម​កិច្ចព្រមព្រៀង​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ អ៊ីរ៉ង់​អាច​រក្សា​ទុក​បរិមាណ​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា ៣,៦៧% តែ ៣០០គីឡូក្រាម​ប៉ុណ្ណោះ។ អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា ៣,៦៧% អាច​ប្រើ​ក្នុង​វិស័យស៊ីវិល ដូច​យ៉ាង​សម្រាប់​ផលិត​ថាមពល​អគ្គិសនី។ តែ​បើ​អត្រា​ឡើង​ដល់ ៩០% អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​អាច​នឹង​យក​ទៅ​ប្រើ​ដើម្បី​ផលិត​គ្រាប់បែប​បរមាណូ។ នេះ​ហើយ​ជា​ក្តី​ព្រួយបារម្ភ​របស់​សហគមន៍​អន្តរជាតិ។

តើ​ការ​ប្រកាស​របស់​ក្រុង​តេហេរ៉ង់​ដូច​នេះ​គ្រាន់​ជា​ការ​ព្រមាន​សងសឹក​ទល់​នឹង​ក្រុង​វ៉ាស៊ីនតោន ឬ​មួយ​ក៏​អ៊ីរ៉ង់​ត្រៀម​ខ្លួន​នឹង​អនុវត្ត​មែន?។ គេ​នៅ​មិន​ទាន់​ដឹង​ទេ អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ ស្ថានភាព​ហាក់​កំពុង​ឡើង​តានតឹង​ខ្លាំង​ជាង​ពេល​ណា​ទាំង​អស់​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីរ៉ង់។ បន្ទាប់​ពី​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ បន្ទាប់​ពី​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើង​វិញ​លើ​អ៊ីរ៉ង់ និង​បន្ទាប់​ពី​បាន​បញ្ជូន​នាវាចម្បាំង យន្តហោះ​ទម្លាក់គ្រាប់បែក​ទៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​មក ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​ខ្លាំង​ថា បើ​អ៊ីរ៉ង់​ហ៊ាន​ប្រយុទ្ធ​ទល់​នឹង​អាមេរិក អ៊ីរ៉ង់​នឹង​ត្រូវ​រលាយ​ជា​ស្ថាពរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ