នុយក្លេអ៊ែរ៖ក្រុងតេហេរ៉ង់នឹងបង្កើនផលិតកម្មអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងបរិមាណច្រើន
ប្រទេសអ៊ីរ៉ង់ទើបបានប្រកាសឲ្យដឹងថាពីការបង្កើនផលិកម្មអ៊ុយរ៉ាញ៉ូមចម្រើនរួចនៅក្នុងបរិមាណមួយដ៏ច្រើន។ គេនៅមិនទាន់ដឹងពីកម្រិតប្រតិកម្មរបស់សហគមន៍អន្តរជាតិនៅឡើយទេ តែបើតាមមើលទៅ ដំណឹងមួយនេះនឹងធ្វើឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផ្ទុះកំហឹងដោយចៀសមិនរួច។ ម្យ៉ាងទៀត គេក៏នៅមិនទាន់ដឹងថា តើការប្រកាសរបស់ក្រុងតេហេរ៉ង់ដូចនេះគ្រាន់ជាការព្រមានសងសឹកទល់នឹងក្រុងវ៉ាស៊ីនតោន ឬមួយក៏អ៊ីរ៉ង់ត្រៀមខ្លួននឹងអនុវត្តមែននោះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៦
ដំណឹងមួយនេះត្រូវបានប្រកាសដោយអ្នកនាំពាក្យអង្គការថាមពលបរិមាណូអ៊ីរ៉ង់ដែលថា ចាប់ពីថ្ងៃអង្គារ ទី២១ ឧសភាទៅ ផលិតកម្មអ៊ុយរ៉ាញ៉ូមចម្រើនរួចរបស់ប្រទេសអ៊ីរ៉ង់នឹងគុណ១ជា៤។ គេអាចនិយាយបានថា សេចក្តីប្រកាសរបស់រូបអ្នកនាំពាក្យអង្គការថាមពលបរិមាណូអ៊ីរ៉ង់ពេលនេះបានធ្វើឡើង ដោយអនុលោមតាមការប្រកាសរបស់ប្រធានាធិបតីអ៊ីរ៉ង់លោករ៉ូហានីនាដើមខែឧសភាដែលថា អ៊ីរ៉ង់នឹងដកពាក្យសន្យាមួយចំនួនរបស់ខ្លួនដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាឆ្នាំ ២០១៥។ វិធានការរបស់លោករ៉ូហានីជាប្រតិកម្មឆ្លើយបកនឹងសមភាគីអាមេរិកលោកត្រាំដែលបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ ២០១៨។
ទន្ទឹមនឹងប្រាប់ពីការបង្កើនផលិតកម្មអ៊ុយរ៉ាញ៉ូមចម្រើនរួច អ្នកនាំពាក្យអង្គការថាមពលបរិមាណូអ៊ីរ៉ង់ក៏ឆ្លៀតរិះគន់ ទិតៀនវាយប្រហារលើភាពអសកម្មរបស់បណ្តាប្រទេសអឺរ៉ុបដែលបានសន្យាជួយគាំទ្រអ៊ីរ៉ង់នៅចំពោះការដកខ្លួនរបស់អាមេរិក។ គួររម្លឹកថាយោងតាមកិច្ចព្រមព្រៀងចុះហត្ថលេខាឆ្នាំ ២០១៥ អ៊ីរ៉ង់អាចរក្សាទុកបរិមាណអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងអត្រា ៣,៦៧% តែ ៣០០គីឡូក្រាមប៉ុណ្ណោះ។ អ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងអត្រា ៣,៦៧% អាចប្រើក្នុងវិស័យស៊ីវិល ដូចយ៉ាងសម្រាប់ផលិតថាមពលអគ្គិសនី។ តែបើអត្រាឡើងដល់ ៩០% អ៊ុយរ៉ាញ៉ូមចម្រើនរួចអាចនឹងយកទៅប្រើដើម្បីផលិតគ្រាប់បែបបរមាណូ។ នេះហើយជាក្តីព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ។
តើការប្រកាសរបស់ក្រុងតេហេរ៉ង់ដូចនេះគ្រាន់ជាការព្រមានសងសឹកទល់នឹងក្រុងវ៉ាស៊ីនតោន ឬមួយក៏អ៊ីរ៉ង់ត្រៀមខ្លួននឹងអនុវត្តមែន?។ គេនៅមិនទាន់ដឹងទេ អ្វីដែលគេអាចនិយាយបានពេលនេះ ស្ថានភាពហាក់កំពុងឡើងតានតឹងខ្លាំងជាងពេលណាទាំងអស់រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់។ បន្ទាប់ពីបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ បន្ទាប់ពីបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើអ៊ីរ៉ង់ និងបន្ទាប់ពីបានបញ្ជូននាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែកទៅក្នុងតំបន់ឈូងសមុទ្រពែក្សមក ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានព្រមានខ្លាំងថា បើអ៊ីរ៉ង់ហ៊ានប្រយុទ្ធទល់នឹងអាមេរិក អ៊ីរ៉ង់នឹងត្រូវរលាយជាស្ថាពរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ