ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីរ៉ង់ស្នើឲ្យបង្កើតកតិកាសញ្ញាមិនឈ្លានពានអ្នកជិតខាងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស

media  
ប្រមុខ​ការទូតអ៊ីរ៉ង់​លោក Mohammad Javad Zarif (រូបឆ្វេង) និង​សមភាគី​អ៊ីរ៉ាក់​លោក Mohammed Ali al-Hakim ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ ថ្ងៃទី២៦ ឧសភា REUTERS/Khalid Al-Mousily

អ៊ីរ៉ង់​តាម​រយៈ​ប្រមុខការទូត​លោក​យ៉ាវ៉ា ហ្សារីស្វ​បាន​ស្នើ​ឲ្យ​បង្កើត​កតិកាសញ្ញា​មិន​ឈ្លានពាន​អ្នក​ជិតខាង​នៅ​ក្នុង​តំបន់ឈូងសមុទ្រពែក្ស។ សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់​នា​ថ្ងៃ​អាទិត្យ ទី២៦ ឧសភា។ លោក​ហ្សារីស្វ​ក៏​បាន​បន្ថែម​ថា អ៊ីរ៉ាក់​នឹង​ស្វាគមន៍​ទទួល​យក​កិច្ចខិតខំប្រឹងប្រែង​ទាំង​អស់​ដែល​មាន​គោលដៅ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​នៅ​ក្នុង​តំបន់។ អារ៉ាប៊ីសាអូឌីត​ដែល​ជា​សត្រូវ​ស៊ីសាច់ ហុតឈាម​នឹង​អ៊ីរ៉ង់​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ប្រទេស​ដែល​អ៊ីរ៉ង់​ចង់​បញ្ជូន​សារ​ឲ្យ​មុន​គេ។ តែ​អ្នកវិភាគ​ម្នាក់​នៅ​​នៅ​វិទ្យាសា្ថន​សិក្សា​យុទ្ធសាស្រ្ត​អន្តរជាតិ​ទីក្រុង​ឡុងដ៏​បាន​មើល​ឃើញ​ថា គ្មាន​ប្រទេស​ណា​មួយ​នៅ​ក្នុង​តំបន់​នឹង​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញា​មួយ​នេះ​ជាមួយ​អ៊ីរ៉ង់​ទេ។

ក្នុង​ពេល​ដែល​ភាព​តានតឹង​កំពុង​ឡើង​ខ្លាំង​រវាង​ក្រុង​តេហេរ៉ង់ និង​ក្រុង​វ៉ាស៊ីនតោន អ៊ីរ៉ង់​តាម​រយៈ​ប្រមុខ​ការទូត​លោក​យ៉ាវ៉ា ហ្សារីស្វ និង​អ្នក​ទទួល​ខុសត្រូវ​ផ្សេង​ទៀត​បាន​បន្ត​បង្ហាញ​ជំហរ​ទន់ភ្លន់ សម្របសម្រួល និង​ដើរ​បញ្ចុះបញ្ចូល​ប្រទេស​ផ្សេង ពិសេស​ប្រទេស​ក្នុង​តំបន់​ឲ្យ​ចូលរួម​កាត់​បន្ថយ​ភាព​តានតឹង។ បន្ទាប់​ប្រទេស​ប៉ាគីស្ថាន ជប៉ុន ឥណ្ឌា និង​ប្រទេស​ចិន លោក​ហ្សារីស្វ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នា​ថ្ងៃ​អាទិត្យ ទី២៦ ឧសភា។ ទន្ទឹម​គ្នា​នេះ អនុរដ្ឋមន្រ្តី​របស់​លោក​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​នៅ​ក្នុង​ប្រទេស​កូវ៉ែត កាតារ និង​ប្រទេស​អូម៉ង់។ នៅ​ក្នុង​សន្និសីទកាសែត​ជាមួយ​សមភាគី​អ៊ីរ៉ាក់​ក្នុង​ទីក្រុង​បាកដាដ លោក​ហ្សារីស្វ​បាន​ស្នើ​ឲ្យ​បង្កើត​កតិកាសញ្ញា​មិន​ឈ្លានពាន​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស ព្រម​ទាំង​ប្រកាស​ស្វាគមន៍​គ្រប់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​អស់​ដែល​សំដៅ​បន្ធូរបន្ធយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់។

ការ​ថ្លែង​យ៉ាង​ដូច​នេះ​របស់​លោក​ហ្សារីស្វ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អាមេរិក​បាន​សម្រេច​បញ្ជូន​ទាហាន​បន្ថែម​ចំនួន ១ ៥០០នាក់​ទៅ​កាន់​តំបន់​ឈូងសមុទ្រពែក្ស និង​យល់ព្រម​លក់​អាវុធ​ជា​ថ្មី​ទៅ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ដែល​មាន​ទឹកប្រាក់​សរុប ៨ ០០០លានដុល្លារ។ គួរ​រម្លឹក​ថា រដ្ឋបាល​អាមេរិក​ធ្លាប់​បាន​បញ្ជូន​រួច​ហើយ​នូវ​នាវាផ្ទុកយន្តហោះចម្បាំង និង​យន្តហោះ​ទម្លាក់គ្រាប់បែក B៥២ ទោ​កាន់​តំបន់​ដើម្បី​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់​ដែល​ក្រុង​វ៉ាស៊ីតោន​យល់​ថា គេ​មិន​អាច​មើល​ស្រាល​បាន​ឡើយ។ តែ​ថ្នាក់ដឹកនាំ​នយោបាយ និង​យោធា​អ៊ីរ៉ង់​តែង​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា អ៊ីរ៉ង់​មិន​ស្វែង​រក​សង្រ្គាម​ជាមួយ​អាមេរិក​ទេ តែ​អ៊ីរ៉ង់​នឹង​ការពារ​ខ្លួន​ក្នុង​ករណី​ដែល​រង​ការ​វាយប្រហារ។

ទន្ទឹម​គ្នា​នេះ អ៊ីរ៉ង់​បាន​បដិសេធ​រាល់​ការ​ចរចា​ជាមួយ​អាមេរិក ដរាប​ណា​រដ្ឋបាល​អាមេរិក​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់​ទេ​នោះ។ យ៉ាង​ណា​ក៏​ដោយ អ្នកវិភាគ​ម្នាក់​នៅ​វិទ្យាសា្ថន​សិក្សា​យុទ្ធសាស្រ្ត​អន្តរជាតិ​ទីក្រុង​ឡុងដ៏​បាន​មើល​ឃើញ​ថា កតិកាសញ្ញា​មិន​ឈ្លានពាន​លើក​ឡើង​ដោយ​អ៊ីរ៉ង់​ពិត​ជា​សំខាន់ ព្រោះ​វា​ជា​សារសន្តិភាព​មួយ។ តែ​អ្នកវិភាគ​រូប​នេះ​ដដែល​មិន​ញញើត​នឹង​និយាយ​ថា គ្មាន​ប្រទេស​ណា​មួយ​នៅ​ក្នុង​តំបន់​នឹង​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញា​មួយ​នេះ​ជាមួយ​អ៊ីរ៉ង់​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ