អ៊ីស្រាអែល៖ហេតុអ្វីបានជាលោកនេតាន់យ៉ាហ៊ូបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៦
នៅក្នុងប្រទេសអ៊ីស្រាអែល លោកនាយករដ្ឋមន្រ្តីបិនយ៉ាមីន នេតាន់យ៉ាហ៊ូបានទទួលបរាជ័យដោយមិនអាចបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយជាមួយគណបក្សដៃគូផ្សេងទៀតនាថ្ងៃពុធ ទី២៩ ឧសភាដែលជាថ្ងៃកំណត់ចុងក្រោយ។ ទីបំផុត សភាបានបោះឆ្នោតរំលាយសភាក្នុងសំឡេងគាំទ្រ ៧៤សំឡេងទល់នឹងសំឡេងប្រឆាំង ៤៥សំឡេង ហើយថ្ងៃបោះឆ្នោតសភាថ្មីត្រូវបានកំណត់រៀបចំនៅថ្ងៃទី១៧ កញ្ញាខាងមុខ។ គួររម្លឹកថានៅក្រោយការបោះឆ្នោតសភាកាលពីថ្ងៃទី៩ មេសា លោកនេតាន់យ៉ាហ៊ូត្រូវបានលោកប្រធានាធិបតីជ្រើសឲ្យរៀបចំបង្កើតរដ្ឋាភិបាលថ្មី។ តែក្នុងរយៈពេល ៦សប្តាហ៍ លោកនេតាន់យ៉ាហ៊ូនៅតែមិនអាចជំនះគណបក្សដៃគូផ្សេងឲ្យរួមកម្លាំងជាមួយលោក។
នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី៩ មេសា គណបក្សស្តាំនិយមលីគូដរបស់លោកនេតាន់យ៉ាហ៊ូទទួលបានអាសនៈនាំមុខគណបក្សកណ្តាលស្តាំនិយមសម្ព័ន្ធខៀវ ស ដែលជាបក្សប្រឆាំងរបស់លោកបេន្នី ហ្កាន់ស៍។ តែចំនួនអសនៈដែលគណបក្សនីមួយៗទទួលបានកាលណោះមិនអាចអនុញ្ញាតឲ្យគណបក្សណាមួយបង្កើតរដ្ឋាភិបាលចម្រុះថ្មីតែម្នាក់ឯងបានទេ ពោលត្រូវរួមជាមួយគណបក្សដៃគូផ្សេង។ នាយករដ្ឋមន្រ្តីផុតអាណត្តិលោកនេតាន់យ៉ាហ៊ូត្រូវបានប្រធានាធិបតីជ្រើសឲ្យបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ ក្នុងរយៈពេល ៦សប្តាហ៍ក្រោយការបោះឆ្នោត លោកនេតាន់យ៉ាហ៊ូបានជួបចរចា និងត ថ្លៃជាមួយគណបក្សដៃគូដើម្បីស្វែងរកសំឡេងភាគច្រើននៅក្នុងសភាដែលមានអសនៈសរុបចំនួន ១២០អសនៈ។
ក្នុងចំណោមគណបក្សដៃគូដែលលោកនេតាន់យ៉ាហ៊ូបានជួបចរចា និងត ថ្លៃអស់រយៈពេល ៦សប្តាហ៍ មានគណណបក្សជាតិនិយម និងគ្រហស្ថរបស់លោក Avigdor Lieberman ដែលជាអតីតរដ្ឋមន្រ្តីការពារជាតិរបស់លោកនេតាន់យ៉ាហ៊ូ និងគណបក្សសាសនាគ្រិស្ត orthodoxes ជ្រុលនិយមដែលនិយាយមិនចុះសម្រុងគ្នាលើច្បាប់បម្រើកងទ័ព។ គណបក្សសាសនាគ្រិស្ត orthodoxes ជ្រុលនិយមចង់ឲ្យមានការបន្ធូរបន្ថយលើច្បាប់មួយនេះសម្រាប់ពួកគេ តែគណបក្សជាតិនិយម និងគ្រហស្ថរបស់លោក Avigdor Lieberman បានទាមទារឲ្យបោះឆ្នោតលើច្បាប់មួយដោយគ្មានកែប្រែអ្វីទាំងអស់។
ទន្ទឹមគ្នានេះ លោក Avigdor Lieberman ក៏បានបដិសេធមិនចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់លោកនេតាន់យ៉ាហ៊ូដោយលើកយកហេតុផលទៅពន្យល់ថា លោកមិនចង់ក្លាយជាដៃគូជាមួយរដ្ឋាភិបាលសាសនា។ ទីបំផុត និងដោយគ្មានជម្រើសអាចបន្តកិច្ចចរចាបានទៀត លោកនេតាន់យ៉ាហ៊ូបានសម្រេចរំលាយសភា និងកោះឲ្យមានការបោះឆ្នោតឡើងវិញដែលគ្រោងធ្វើនៅថ្ងៃទី១៧ កញ្ញាខាងមុខ។ គួររម្លឹកថាក្នុងរយៈពេល ៦ខែក្រោយការបោះឆ្នោត លោកនេតាន់យ៉ាហ៊ូបានព្យាយាមដល់ទៅ ៥ដងដើម្បីបង្កើតរដ្ឋាភិបាលថ្មី ហើយថ្ងៃពុធ ទី២៩ ឧសភាជាថ្ងៃឱសានវាទចុងក្រោយ។
លោកនេតាន់យ៉ាហ៊ូ និងលីប៊ែរម៉ាន់ទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក
សម្រាប់លោកនេតាន់យ៉ាហ៊ូគឺច្បាស់ណាស់ អ្នកដែលបានរុញអ៊ីស្រាអែលឲ្យធ្លាក់ក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរជាប្រវត្តិសាស្រ្តពេលនេះ គឺលោក Avigdor Lieberman។ ពេញមួយយប់ថ្ងៃពុធឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា លោកនេតាន់យ៉ាហ៊ូបានបញ្ចេញប្រតិកម្មក្តៅក្រហាយនឹងលោក Lieberman ដែលធ្លាប់ធ្វើជារដ្ឋមន្រ្តីការពារជាតិរបស់លោក។ « Lieberman បាននាំអ៊ីស្រាអែលឲ្យរៀបចំបោះឆ្នោតលើកទី២ ដើម្បីទាមទារប៉ុន្មានអសនៈបន្ថែមទៀត។ ពិតជារឿងអស្ចារ្យខ្លាំងណាស់ » នេះជាការថ្លែងរបស់លោកនេតាន់យ៉ាហ៊ូ។ អ្វីដែលលោកនេតាន់យ៉ាហ៊ូចង់និយាយនេះ គឺការលោភលន់របស់លោក Lieberman ដែលចង់បានតំណែង និងតួនាទីបន្ថែមនៅរដ្ឋាភិបាលចម្រុះថ្មី។
តាមលោកនេតាន់យ៉ាហ៊ូ លោក Lieberman ដែលទទួលបានសម្លេងគាំទ្រពីអ្នកបោះឆ្នោតស្តាំនិយមបែរជាមិនបានផ្តល់ការគាំទ្រឲ្យគណបក្សស្តាំនិយម និងថែមទាំងទម្លាក់រដ្ឋាភិបាលស្តាំនិយមទៅវិញ។ នៅក្នុងន័យនេះ លោកនេតាន់យ៉ាហ៊ូមិនញញើតចោទលោក Lieberman ថា ជាមនុស្សរបស់គណបក្សឆ្វេងនិយម។ តែលោក Lieberman បានបញ្ចេញប្រតិកម្មបកវិញដោយចាត់ទុកវិបត្តិមួយនេះថា ជាកំហុសរបស់គណបក្សលីគូដរបស់លោកនេតាន់យ៉ាហ៊ូ។ ចំណែកក្រុមគណបក្សប្រឆាំងក៏បានទម្លាក់កំហុសដាក់លោកនេតាន់យ៉ាហ៊ូដោយចោទជាមនុស្សល្មោភអំណាច និងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតោងអំណាច។ ក្រុមប្រឆាំងបានមើលឃើញថា ការដែលលោកនេតាន់យ៉ាហ៊ូបានជ្រើសយកផ្លូវរំលាយសភា និងកោះឲ្យមានការរៀបចំបោះឆ្នោតថ្មី គឺមកពីលោកមិនចង់ឲ្យប្រធានាធិបតីជ្រើសយកឥស្សរជនណាផ្សេងក្រៅពីលោកដើម្បីរៀបចំបង្កើតរដ្ឋាភិបាលថ្មី។
អនាគតជីវិតនយោបាយរបស់លោកនេតាន់យ៉ាហ៊ូស្រពិចស្រពិល
ល្បែងនយោបាយដែលលោកនេតាន់យ៉ាហ៊ូកំពុងលេងជារឿងដ៏ប្រថុយប្រថានខ្លាំងណាស់។ សូម្បីតែរូបលោកនេតាន់យ៉ាហ៊ូខ្លួនឯងក៏មិនដឹងថា តើនៅក្នុងការបោះឆ្នោតលើកទី២ គណបក្សលីគូដរបស់លោកនឹងទទួលបានលទ្ធផលគ្រាន់បើជាងនេះ ឬអន់ជាងនេះទេ។ គួររម្លឹកថា លោកនេតាន់យ៉ាហ៊ូបានកាន់តំណែងនាយករដ្ឋមន្រ្តីជាប់រហូតតាំងពីឆ្នាំ ២០០៩ ហើយបើរាប់តាំងពីអាណត្តិចន្លោះឆ្នាំ ១៩៩៦ និង ១៩៩៩ លោកនេតាន់យ៉ាហ៊ូបានអង្គុយកៅអីនាយករដ្ឋមន្រ្តីសរុបចំនួន ១៣ឆ្នាំដែលគេអាចនិយាយបានថា លោកនេតាន់យ៉ាហ៊ូមានបទពិសោធន៍នយោបាយពេញខ្លួន។
តែអ្វីដែលលោកនេតាន់យ៉ាហ៊ូទើបបានជួបប្រទះពេលនេះ គឺជាលើកទី១ បង្អស់នៅក្នុងឆាកជីវិតនយោបាយរបស់លោក និងអាចជាការគំរាមកំហែងសម្រាប់អនាគតជីវិតនយោបាយរបស់លោកទៀតផង។ ចូរកុំភ្លេចថាមានអាយុ ៧០ឆ្នាំក្នុងឆ្នាំ ២០១៩ នេះ លោកនេតាន់យ៉ាហ៊ូកំពុងជាប់អង្កេតក្នុងរឿងពុករលួយចំនួន ៣ករណី ហើយរដ្ឋអាជ្ញាបានប្រកាសយកថ្ងៃទី១០ កក្កដាខាងមុខដើម្បីសួរចម្លើយចុងក្រោយមុននឹងធ្វើការចោទប្រកាន់ ឬមិនចោទប្រកាន់លោកនេតាន់យ៉ាហ៊ូជាផ្លូវការ។ បើក្នុងថ្ងៃទី១០ កក្កដា លោកនេតាន់យ៉ាហ៊ូត្រូវរដ្ឋអាជ្ញាចោទប្រកាន់ជាផ្លូវការ នោះអនាគតជីវិតនយោបាយរបស់លោកអាចចោទជាបញ្ហា បើទោះបីជាគណបក្សលីគូដរបស់លោកទទួលបានសម្លេងភាគច្រើននាការបោះឆ្នោតថ្មីដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៧ កញ្ញាក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ