អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល៖ហេតុអ្វីបានជាលោកនេតាន់យ៉ាហ៊ូបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល លោក​នាយករដ្ឋមន្រ្តី​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​ទទួល​បរាជ័យ​ដោយ​មិន​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​ជាមួយ​គណបក្ស​ដៃគូ​ផ្សេង​ទៀត​នា​ថ្ងៃ​ពុធ ទី២៩ ឧសភា​ដែល​ជា​ថ្ងៃ​កំណត់​ចុង​ក្រោយ។ ទីបំផុត សភា​បាន​បោះឆ្នោត​រំលាយ​សភា​ក្នុង​សំឡេង​គាំទ្រ ៧៤សំឡេង​ទល់​នឹង​សំឡេងប្រឆាំង ៤៥សំឡេង ហើយ​ថ្ងៃ​បោះឆ្នោត​សភា​ថ្មី​ត្រូវ​បាន​កំណត់​រៀបចំ​នៅ​ថ្ងៃទី១៧ កញ្ញា​ខាង​មុខ។ គួរ​រម្លឹក​ថា​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃទី៩ មេសា លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​បាន​លោក​ប្រធានាធិបតី​ជ្រើស​ឲ្យ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី។ តែ​ក្នុង​រយៈពេល ៦សប្តាហ៍ លោក​នេតាន់យ៉ាហ៊ូ​នៅ​តែ​មិន​អាច​ជំនះ​គណបក្សដៃ​គូផ្សេង​ឲ្យ​រួម​កម្លាំង​ជាមួយ​លោក។

លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បិនយ៉ាមីន នេតាន់យ៉ាហ៊ូ និង​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​របស់​លោក គឺ​លោក Aryeh Deri
លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បិនយ៉ាមីន នេតាន់យ៉ាហ៊ូ និង​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​របស់​លោក គឺ​លោក Aryeh Deri Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃទី៩ មេសា គណបក្ស​ស្តាំនិយម​លីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូ​ទទួល​បាន​អាសនៈ​នាំ​មុខ​គណបក្ស​កណ្តាលស្តាំនិយម​សម្ព័ន្ធខៀវ ស ដែល​ជា​បក្សប្រឆាំង​របស់​លោក​បេន្នី ហ្កាន់ស៍។ តែ​ចំនួន​អសនៈ​ដែល​គណបក្ស​នីមួយៗ​ទទួល​បាន​កាល​ណោះ​មិន​អាច​អនុញ្ញាត​ឲ្យ​គណបក្ស​ណា​មួយ​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី​តែ​ម្នាក់​ឯង​បាន​ទេ ពោល​ត្រូវ​រួម​ជា​មួយ​គណបក្ស​ដៃគូ​ផ្សេង។ នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​បាន​ប្រធានាធិបតី​ជ្រើស​ឲ្យ​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី។ ក្នុង​រយៈពេល ៦សប្តាហ៍​ក្រោយ​ការ​បោះឆ្នោត លោក​នេតាន់យ៉ាហ៊ូ​បាន​ជួប​ចរចា និង​ត ថ្លៃ​ជាមួយ​គណបក្សដៃគូ​ដើម្បី​ស្វែង​រក​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​ដែល​មាន​អសនៈសរុប​ចំនួន ១២០អសនៈ។

ក្នុង​ចំណោម​គណបក្សដៃគូ​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ជួប​ចរចា និង​ត ថ្លៃ​អស់​រយៈពេល ៦សប្តាហ៍ មាន​គណណបក្ស​ជាតិនិយម និង​គ្រហស្ថ​របស់​លោក Avigdor Lieberman ដែល​ជា​អតីត​រដ្ឋមន្រ្តី​ការពារជាតិ​របស់​លោក​នេតាន់យ៉ាហ៊ូ និង​គណបក្ស​សាសនាគ្រិស្ត orthodoxes ជ្រុលនិយម​ដែល​និយាយ​មិន​ចុះសម្រុង​គ្នា​លើ​ច្បាប់​បម្រើ​កងទ័ព។ គណបក្ស​សាសនាគ្រិស្ត orthodoxes ជ្រុលនិយម​ចង់​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​លើ​ច្បាប់​មួយ​នេះ​សម្រាប់​ពួក​គេ តែ​គណបក្ស​ជាតិនិយម និង​គ្រហស្ថ​របស់​លោក Avigdor Lieberman បាន​ទាមទារ​ឲ្យ​បោះឆ្នោត​លើ​ច្បាប់​មួយ​ដោយ​គ្មាន​កែប្រែ​អ្វី​ទាំង​អស់។

ទន្ទឹម​គ្នា​នេះ លោក Avigdor Lieberman ក៏​បាន​បដិសេធ​មិន​ចូលរួម​នៅ​ក្នុង​រដ្ឋាភិបាលចម្រុះ​ស្តាំនិយម​របស់​លោក​នេតាន់យ៉ាហ៊ូ​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា លោក​មិន​ចង់​ក្លាយ​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​សាសនា។ ទីបំផុត និង​ដោយ​គ្មាន​ជម្រើស​អាច​បន្ត​កិច្ចចរចា​បាន​ទៀត លោក​នេតាន់យ៉ាហ៊ូ​បាន​សម្រេច​រំលាយ​សភា និង​កោះ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៧ កញ្ញា​ខាង​មុខ។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល ៦ខែ​ក្រោយ​ការ​បោះឆ្នោត លោក​នេតាន់យ៉ាហ៊ូ​បាន​ព្យាយាម​ដល់​ទៅ ៥ដង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ហើយ​ថ្ងៃ​ពុធ ទី២៩ ឧសភា​ជា​ថ្ងៃ​ឱសានវាទ​ចុង​ក្រោយ។

លោក​នេតាន់យ៉ាហ៊ូ និង​លីប៊ែរម៉ាន់​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក

សម្រាប់​លោក​នេតាន់យ៉ាហ៊ូ​គឺ​ច្បាស់​ណាស់ អ្នក​ដែល​បាន​រុញ​អ៊ីស្រាអែល​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្រ្ត​ពេល​នេះ គឺ​លោក Avigdor Lieberman។ ពេញ​មួយ​យប់​ថ្ងៃ​ពុធ​ឆ្លង​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ឧសភា លោក​នេតាន់យ៉ាហ៊ូ​បាន​បញ្ចេញ​ប្រតិកម្ម​ក្តៅក្រហាយ​នឹង​លោក Lieberman ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​ការពារជាតិ​របស់​លោក។ « Lieberman បាន​នាំ​អ៊ីស្រាអែល​ឲ្យ​រៀបចំ​បោះឆ្នោត​លើកទី២ ដើម្បី​ទាមទារ​ប៉ុន្មាន​អសនៈ​បន្ថែម​ទៀត។ ពិត​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​នេតាន់យ៉ាហ៊ូ។ អ្វី​ដែល​លោក​នេតាន់យ៉ាហ៊ូ​ចង់​និយាយ​នេះ គឺ​ការ​លោភលន់​របស់​លោក Lieberman ដែល​ចង់​បាន​តំណែង និង​តួនាទី​បន្ថែម​នៅ​រដ្ឋាភិបាល​ចម្រុះ​ថ្មី។

តាម​លោក​នេតាន់យ៉ាហ៊ូ លោក Lieberman ដែល​ទទួល​បាន​សម្លេងគាំទ្រ​ពី​អ្នកបោះឆ្នោត​ស្តាំនិយម​បែរ​ជា​មិន​បាន​ផ្តល់​ការ​គាំទ្រ​ឲ្យ​គណបក្សស្តាំនិយម និង​ថែម​ទាំង​ទម្លាក់​រដ្ឋាភិបាល​ស្តាំនិយម​ទៅ​វិញ។ នៅ​ក្នុង​ន័យ​នេះ លោក​នេតាន់យ៉ាហ៊ូ​មិន​ញញើត​ចោទ​លោក Lieberman ថា ជា​មនុស្ស​របស់​គណបក្ស​ឆ្វេងនិយម។ តែ​លោក Lieberman បាន​បញ្ចេញ​ប្រតិកម្ម​បក​វិញ​ដោយ​ចាត់​ទុក​វិបត្តិ​មួយ​នេះ​ថា ជា​កំហុស​របស់​គណបក្ស​លីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូ។ ចំណែក​ក្រុម​គណបក្សប្រឆាំង​ក៏​បាន​ទម្លាក់​កំហុស​ដាក់​លោក​នេតាន់យ៉ាហ៊ូ​ដោយ​ចោទ​ជា​មនុស្ស​ល្មោភអំណាច និង​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​តោង​អំណាច។ ក្រុមប្រឆាំង​បាន​មើល​ឃើញ​ថា ការ​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ជ្រើស​យក​ផ្លូវ​រំលាយ​សភា និង​កោះ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ថ្មី គឺ​មក​ពី​លោក​មិន​ចង់​ឲ្យ​ប្រធានាធិបតី​ជ្រើស​យក​ឥស្សរជន​ណា​ផ្សេង​ក្រៅ​ពី​លោក​ដើម្បី​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី។

អនាគត​ជីវិត​នយោបាយ​របស់​លោក​នេតាន់យ៉ាហ៊ូ​ស្រពិចស្រពិល

ល្បែង​នយោបាយ​ដែល​លោក​នេតាន់យ៉ាហ៊ូ​កំពុង​លេង​ជា​រឿង​ដ៏​ប្រថុយប្រថាន​ខ្លាំង​ណាស់។ សូម្បី​តែ​រូប​លោក​នេតាន់យ៉ាហ៊ូ​ខ្លួន​ឯង​ក៏​មិន​ដឹង​ថា តើ​នៅ​ក្នុង​ការ​បោះឆ្នោត​លើកទី២ គណបក្ស​លីគូដ​របស់​លោក​នឹង​ទទួល​បាន​លទ្ធផល​គ្រាន់​បើ​ជាង​នេះ ឬ​អន់​ជាង​នេះ​ទេ។ គួរ​រម្លឹក​ថា លោក​នេតាន់យ៉ាហ៊ូ​បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ជាប់​រហូត​តាំង​ពី​ឆ្នាំ ២០០៩ ហើយ​បើ​រាប់​តាំង​ពី​អាណត្តិ​ចន្លោះ​ឆ្នាំ ១៩៩៦ និង ១៩៩៩ លោក​នេតាន់យ៉ាហ៊ូ​បាន​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី​សរុប​ចំនួន ១៣ឆ្នាំ​ដែល​គេ​អាច​និយាយ​បាន​ថា លោក​នេតាន់យ៉ាហ៊ូ​មាន​បទពិសោធន៍​នយោបាយ​ពេញ​ខ្លួន។

តែ​អ្វី​ដែល​លោក​នេតាន់យ៉ាហ៊ូ​ទើប​បាន​ជួប​ប្រទះ​ពេល​នេះ គឺ​ជា​លើក​ទី១ បង្អស់​នៅ​ក្នុង​ឆាក​ជីវិត​នយោបាយ​របស់​លោក និង​អាច​ជា​ការ​គំរាមកំហែង​សម្រាប់​អនាគត​ជីវិត​នយោបាយ​របស់​លោក​ទៀត​ផង។ ចូរ​កុំ​ភ្លេច​ថា​មាន​អាយុ ៧០ឆ្នាំ​ក្នុង​ឆ្នាំ ២០១៩ នេះ លោក​នេតាន់យ៉ាហ៊ូ​កំពុង​ជាប់​អង្កេត​ក្នុង​រឿង​ពុករលួយ​ចំនួន ៣ករណី ហើយ​រដ្ឋអាជ្ញា​បាន​ប្រកាស​យក​ថ្ងៃទី១០ កក្កដា​ខាង​មុខ​ដើម្បី​សួរ​ចម្លើយ​ចុង​ក្រោយ​មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់ ឬ​មិន​ចោទ​ប្រកាន់​លោក​នេតាន់យ៉ាហ៊ូ​ជា​ផ្លូវការ។ បើ​ក្នុង​ថ្ងៃទី១០ កក្កដា លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​រដ្ឋអាជ្ញា​ចោទប្រកាន់​ជា​ផ្លូវការ នោះ​អនាគត​ជីវិត​នយោបាយ​របស់​លោក​អាច​ចោទ​ជា​បញ្ហា បើ​ទោះ​បី​ជា​គណបក្ស​លីគូដ​របស់​លោក​ទទួល​បាន​សម្លេង​ភាគច្រើន​នា​ការ​បោះឆ្នោត​ថ្មី​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី១៧ កញ្ញា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ