អានតួអត្ថបទ

អារ៉ាប៊ីសាអូឌីត​រៀបចំ​ជំនួប​កំពូល​វិសាមញ្ញ​បី​ដើម្បី​ដាក់​អ៊ីរ៉ង់​ឱ្យ​នៅ​​ឯកា

ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​ក្នុង​តំបន់​ដើម​បូព៌ា អារ៉ាប៊ីសាអូឌីត បាន​រៀបចំ​ទទួល​ស្វាគមន៍មេ​ដឹកនាំ​អារ៉ាប់​ទាំង​អស់ តាម​រយៈ​ជំនួប​កំពូល​វិសាមញ្ញ​ចំនួន​បី​៖ ជំនួប​កំពូល​សម្ព័ន្ធ​អារ៉ាប​ និង​ជំនួប​កំពូល​ក្រុម​ប្រឹក្សា​នៃកិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្ទ​ពែក្ស (CCG) នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ និង​យប់​ថ្ងៃ​សុក្រ​ជា​ជំនួប​កំពូល​​អង្គការ​នៃ​កិច្ច​សហប្រតិបត្តិការ​អ៊ីស្លាម​ (OCI)។ កម្មវត្ថុ​គឺ​ព្រួត​គ្នាចង្អុល​មុខ​​​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ត​ ក្រោយ​មាន​ហេតុការណ៍​វាយប្រហារ​​ដ៏​ចម្លែក​នៅ​ក្នុង​តំបន់។

ប្រមុខ​ដឹកនាំ​ប្រទេស​ជា​សមាជិក​សម្ព័ន្ធ​អារ៉ាប់​ក្នុង​ជំនួប​កំពូល​ Dhahran នៅ​អារ៉ាប៊ីសាអូឌីត ថ្ងៃទី ១៥មេសា ២០១៨
ប្រមុខ​ដឹកនាំ​ប្រទេស​ជា​សមាជិក​សម្ព័ន្ធ​អារ៉ាប់​ក្នុង​ជំនួប​កំពូល​ Dhahran នៅ​អារ៉ាប៊ីសាអូឌីត ថ្ងៃទី ១៥មេសា ២០១៨ REUTERS/Hamad I Mohammed
ផ្សាយពាណិជ្ជកម្ម

​ជំនួប​កំពូល​​​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម ដែល​អ៊ីរ៉ង់​ក៏​ជា​សមាជិក​ម្នាក់​ផង មាន​ក្នុង​គម្រោង ​តាំង​ពី​យូរ​មកហើយ តែ​ប្រឈម​នឹងភាព​តានតឹង​ជា​លំដាប់​ក្នុង​តំបន់ អារ៉ាប៊ីសាអូឌីត​ ក៏​បាន​សម្រេចចិត្ត​រៀប​ចំ​ជំនួប​វិសាមញ្ញ​ពី​របន្ថែម​ទៀត នៅ​ក្នុង​កាលវិភាគ​​របស់​ខ្លួន។ ទី​មួយ​គឺ​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​នៃ​កិច្ច​សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្ទ​ពែក្ស​ដែល​ជា​បណ្តុំ​ក្រុម​​រាជា​ណាចក្រ​សម្បូរ​ប្រេងកាតក្នុង​តំបន់​​ចំនួន​៦​។ ឯ​ទីពីរ​គឺ​ជា​ជំនួប​វិសាមញ្ញ​នៃ​ក្រុម​សម្ព័ន្ធ​អារ៉ាប់​ដែល​មាន​ប្រទេស​​២២​ជា​សមាជិក។

ជំនួប​ប្រជុំ​នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ពេល​យប់ ដោយ​ហេតុ​តែ​រយៈ​ពេល​នេះ​ជា​ខែ​តប​អាហារ​សម្រាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម។

បើ​តាម​អ្នក​វិភាគ អារ៉ាប៊ី​សាអូឌីត សម្រេច​រៀប​ចំ​ជំនួប​វិសាមញ្ញ​នេះ ក្នុង​បំណង​​រុញ អ៊ីរ៉ង់ឱ្យ​​ឯកា ​ក្នុង​បរិបទ​នៃ​ភាព​តឹង​បំផុត​ក្នុង​តំបន់។ តាំង​ពី​ជាងពីរ​​សប្តាហ៍​មក​ ​តំបន់​ឈូង​សមុទ្ទ​ពែក្ស​ រង​សម្ពាធ​​ស្ទើរ​ផ្ទុះ​ជា​សង្គ្រាម ដោយ​មាន​ការ​វាយប្រហារ​មួយ​ខ្សែ​ពី​សំណាក់​ពួក​ឧទ្ទាម​យេម៉ែន ដោយ​ប្រើ​យន្តហោះ​ដ្រូន ទៅ​លើ​ទីតាំង​ប្រេង​របស់អារ៉ាប៊ីសាអូឌីត បង្ក​ឱ្យ​មានការ​ខូច​ខាត​ជា​ដំណំ។ មុន​នេះប៉ុន្មាន​​ថ្ងៃ មានការ​​ផ្ទុះ​វិច្ឆេទកម្ម​បំផ្លាញនាវា​ដឹកប្រេង យ៉ាង​ចម្លែក​ នៅក្នុង​សមុទ្ទ​អេមៀរ៉ាអារ៉ាប់រួម។ គ្មាន​នរណា​ចេញ​មុខ​ទទួល​ស្គាល់ទង្វើ​នោះ​ឡើយ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ថា​ជា​ស្នាដៃ​របស់​អ៊ីរ៉ង់។ កាលពី​ម្សិលមិញ ក្នុង​ពេល​អញ្ជើញ​មកទឹកដី​អេមីរ៉ាត ទី​​ប្រឹក្សា​យោធាអាមេរិក​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​​អ៊ីរ៉ង់ ជា​ថ្មី​ម្តងទៀត។

តែ​​អ៊ីរ៉ង់​​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ និង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ថា​គួរ​ឱ្យ​អស់​សំណើច​ ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​ត្រូវប្រឹង​បង្រួបបង្រួម​ក្រុម​ ជា​ធ្លុង​មួយ​​ប្រឈម​នឹង​អ៊ីរ៉ង់។ ​តាកា​ ដែល​មាន​វិបត្តិការទូត​យ៉ាងធ្ងន់ធ្ងរ​ជាមួយ​ក្រុង​រីយ៉ាដ​និង​សម្ព័ន្ធមិត្ត​តាំង​ពី​ខែ​មិថុនា​២០១៧​មក ក៏​ត្រូវ​បាន​អញ្ជើញ​ជា​ផ្លូវការ​ឱ្យ​មក​ចូលរួម​ប្រជុំ​នេះ​ដែរ។ សហរដ្ឋអាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ីសាអូឌីត​ផង និង​កាតា​ផង បាន​សម្តែង​ការ​អបអរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិល​ត្រលប់​របស់​កាតា​មក​ក្រុម​ ព្រោះក្នុង​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​នេះ​អាមេរិក​ប្រឹង​ប្រែងធ្វើ​អន្តរាគមន៍​ឱ្យ​កាតា​និង​អារ៉ាប៊ីសាអូឌីត ​ប​ញ្ចប់​វិបត្តិ​​ការ​ទូត ដែលរំខាន​យុទ្ធសាស្ត្រ​ដាក់​អ៊ីរ៉ង់ឱ្យ​ឯកា។ ប៉ុន្តែ​ការ​ខិត​ចូល​គ្នា​វិញ​នៅ​មា​នលក្ខណៈ​ផុយស្រួយ​ណាស់ ព្រោះ​កាតា​បញ្ជូន​តំណាងមក​ត្រឹម​ថ្នាក់​នាយករដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ