អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី១៣ មិថុនា កប៉ាល់ដឹកប្រេង​ចំនួន ២គ្រឿង​បាន​រង​ការ​វាយប្រហារ​នៅ​ក្នុង​ឈូងសមុទ្រ​អូម៉ង់​ដែល​ស្ថិត​ក្បែរ​ច្រកសមុទ្រ​អកមូ។ ព្រឹត្តិការណ៍​ថ្មី​មួយ​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​មាន​ការ​វាយប្រហារ​លើ​កប៉ាល់​ដឹកប្រេង​ចំនួន ៤គ្រឿង​ដែល​មាន ២គ្រឿង​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ទោះ​បី​ជា​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ដឹង​ថា​ជា​ស្នាដៃ​របស់​អ្នក​ណា​ក៏​ដោយ​ក៏​អាមេរិក​មិន​ញញើត​ចង្អុល​មុខ​អ៊ីរ៉ង់​ទេ។ តែ​អ៊ីរ៉ង់​បាន​បដិសេធ​ដោយ​ចោទ​អាមេរិក​វិញ​ពី​បទ​ធ្វើ​វិច្ឆេទកម្ម​ការទូត។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង គឺ​តម្លៃប្រេងឆៅ​ឡើង​ថ្លៃ​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ខណៈ​នេះ ច្រកសមុទ្រ​អកមូ​កំពុង​ក្លាយ​ជា​សង្រ្គាម​ពាក្យសម្តី​យ៉ាង​ផុសផុល​រវាង​អាមេរិក និង​អ៊ីរ៉ង់។ ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី​បាន​គំរាម​ជា​ថ្មី​ពី​ការ​បិទច្រកសមុទ្រ​អកមូ​ដើម្បី​សងសឹក​នឹង​គំនាប​សេដ្ឋកិច្ច និង​នយោបាយ​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។ ហេតុអ្វី​បាន​ជា​ច្រកសមុទ្រ​អកមូ​ក្លាយ​ជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​ខ្លាំង​ម្ល៉េះ និង​ថា បើ​អ៊ីរ៉ង់​បិទច្រក​មួយ​នេះ​មែន តើ​វា​នឹង​អាច​ជះ​ផលវិបាក​អ្វី​ខ្លះ?។

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?
ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា? Wikipedia
ផ្សាយពាណិជ្ជកម្ម

ច្រកសមុទ្រ​អកមូ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​អូម៉ង់​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ប្រទេស​អ៊ីរ៉ង់​ប៉ែក​ខាង​ជើង និង​ប្រទេស​អូម៉ង់ ហើយ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ប៉ែកខាងត្បូង។ ច្រកសមុទ្រ​ដែល​មាន​ទន្ទឹង​ប្រមាណ​តែ ៤០គីឡូម៉ែត្រ​មួយ​នេះ​ជា​ច្រកសមុទ្រ​តែ​មួយ​គត់​ដែល​តភ្ជាប់​ពី​ឈូងសមុទ្រពែក្ស​ទៅ​កាន់​ឈូងសមុទ្រ​អូម៉ង់ រួច​បន្ត​ទៅ​កាន់​មហា​សមុទ្រ​ឥណ្ឌា។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា អកមូ​ជា​ច្រកសមុទ្រ​យុទ្ធសាស្រ្ត​សម្រាប់​ពាណិជ្ជកម្ម​ប្រេងឆៅ​ក្នុង​លោក។ ជា​រៀងរាល់​ថ្ងៃ មាន​ប្រេងឆៅ​ជិត ១៧លានបារីល​បាន​ដឹក​ចេញ​តាម​ច្រក​សមុទ្រ​អកមូ ពោល​ជិត ៣០% នៃ​ផលិតផល​ប្រេងឆៅ​ក្នុង​លោក​ដែល​ដឹក​ជញ្ជូន​តាម​ផ្លូវសមុទ្រ។ សឹង​គ្រប់​ប្រទេស​ជម្រុកប្រេងឆៅ​នៅ​ក្នុង​តំបន់ មាន​ទាំង​អារ៉ាប៊ីសាអូឌីត​ផង​បាន​ប្រើ​ច្រក​សមុទ្រ​មួយ​នេះ ហើយ​ផលិតផល​ប្រេងឆៅ​ចំនួន ៨០% បាន​ដឹក​ទៅ​ឲ្យ​អតិថិជន​អាស៊ី មាន​ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និង​ប្រទេស​សិង្ហបុរី។

ក្រៅ​ពី​ប្រេងឆៅ​ដែល​គេ​នាំ​គ្នា​ហៅ​ថា​មាសខ្មៅ ច្រកសមុទ្រ​អកមូ​ក៏​ជា​ផ្លូវសមុទ្រ​សម្រាប់​ដឹកជញ្ជូន​ឧស្ម័ន​ដែរ ពិសេស​ឧស្ម័ន​របស់​ប្រទេស​កាតា។ ច្រក​សមុទ្រ​អកមូ​ដែល​ស្ថិត​ក្នុង​ដែនទឹក​របស់​អ៊ីរ៉ង់​ត្រូវ​បាន​របប​ក្រុង​តេហេរ៉ង់​គំរាម​បិទ​ជា​ច្រើន​ដង។ មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ធ្លាប់​បាន​ព្រមាន​ថា ច្រក​សមុទ្រ​អកមូ​អាច​នឹង​ត្រូវ​បើក​ទ្វារ​សម្រាប់​ទាំង​អស់​គ្នា ហើយ​ក៏​អាច​នឹង​បិទ​ទ្វារ​សម្រាប់​ទាំង​អស់​គ្នា​ដែរ។ អ្វី​ដែល​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ចង់​មាន​ន័យ​នោះ​គឺ​ថា រឿង​បើក ឬ​បិទ​ទ្វារ​ច្រក​សមុទ្រ​អកមូ​ជា​សិទ្ធិ​របស់​អ៊ីរ៉ង់។ តាម​ពិត​ទៅ នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ទីក្រុង​តេហេរ៉ង់​គំរាម​បិទ​ច្រកសមុទ្រ​អកមូ។ អ៊ីរ៉ង់​ធ្លាប់​គំរាម​បិទ​ក្នុង​ឆ្នាំ ២០១១ ខណៈ​ពេល​ដែល​ខ្លួន​បាន​ប្រឈម​មុខ​ខ្លាំង​ទល់​នឹង​បស្ចិមលោក​ក្នុង​បញ្ហា​នុយក្លេអ៊ែរ។ តែ​ការ​គំរាម​មាន​តែ​នៅ​លើ​បបូរមាត់​ដោយ​មិន​ធ្លាប់​បាន​អនុវត្ត​ម្តង​ណា​ទេ។

នៅ​លើក​នេះ​ទៀត ពោល​ក្នុង​ពេល​ដែល​ខ្លួន​កំពុង​ប្រឈម​មុខ​ខ្លាំង​ទល់​នឹង​អាមេរិក អ៊ីរ៉ង់​ក៏​បាន​ចេញ​មុខ​គំរាម​បិទ​ច្រកសមុទ្រ​អកមូ​ជា​ថ្មី។ មែនទែន​ទៅ និង​ដើម្បី​សងសឹក​ទល់​នឹង​គំនាប​សេដ្ឋកិច្ច និង​នយោបាយ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ អ៊ីរ៉ង់​ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ប្រើ​ច្រកសមុទ្រ​អកមូ​ជា​អាវុធ​ចុង​ក្រោយ​ទេ។ ក្រុម​អ្នក​វិភាគ​បាន​ប្រមើលមើល​ថា បើ​ច្រកសមុទ្រ​អកមូ​ត្រូវ​បិទមែន នោះ​តម្លៃ​ប្រេងឆៅ​នឹង​អាច​ស្ទុះ​ដល់ ២០០ដុល្លារ​ក្នុង​មួយ​បារីល។ អ្នក​ដែល​ខាតបង់​ខ្លាំង​គឺ​ប្រទេស​នាំ​ប្រេង​ចេញ មាន​អេមីរ៉ាតអារ៉ាប់រួម កូវ៉ែត អ៊ីរ៉ាក់ និង​អារ៉ាប៊ីសាអូឌីត​ដែល​មាន​កំពង់ផែ​ស្ថិត​ក្នុង​ឈូងសមុទ្រពែក្ស។ អ្នក​ខាតបង់​បន្ទាប់ គឺ​ប្រទេស​នាំ​ប្រេងឆៅ​ចូល​នៅ​អាស៊ី អឺរ៉ុប និង​សហរដ្ឋអាមេរិក​ខ្លួន​ឯង​ផង។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​អាមេរិក​បាន​ចេញ​មុខ​ប្រើ​ធម៌ក្តៅ​ផង និង​ធម៌ត្រជាក់​ផង​លើ​អ៊ីរ៉ង់។

ក្រុម​អ្នកសង្កេតការណ៍​បាន​មើល​ឃើញ​ថា ទីក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ចូលខ្លួន​អន្តរាគមន៍​នៅ​ក្នុង​ករណី​ណា​ដែល​មាន​ការ​វាយប្រហារ​ផ្លូវយោធា ឬ​ការ​បិទខ្ទប់​នៅ​ច្រកសមុទ្រ​អកមូ។ តែ​ស្រប​ពេល​គ្នា​នេះ អាមេរិក​ក៏​មិន​ចង់​ប្រថុយ​ផ្តើម​សង្រ្គាម​នៅ​ក្នុង​តំបន់​ដែល​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​ប្រេង​ក្នុង​លោក​ដែរ។ អ្វី​ដែល​អាមេរិក និង​ក្រុមប្រទេស​ដៃគូ​ព្យាយាម​ធ្វើ គឺ​ធានា​ឲ្យ​មាន​សេរីភាព​ចរាចរណ៍​ផ្លូវសមុទ្រ​នៅ​ច្រកសមុទ្រ​អកមូ។ នៅ​ខាង​ភាគី​អ៊ីរ៉ង់​វិញ ក៏​ក្រុម​អ្នកសង្កេតការណ៍​មិន​ជឿ​ថា​អ៊ីរ៉ង់​នឹង​សម្រេច​បិទច្រកសមុទ្រ​អកមូ​ដែរ ព្រោះ​សង្រ្គាម​ក្នុង​តំបន់​នឹង​មិន​ហុច​ផល​អ្វី​សម្រាប់​ប្រទេស​ទេ។

រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​យល់​មិន​ច្រឡំ​ទេ​ថា ខ្លួន​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ប្រឈម​មុខ​ដោយ​ផ្ទាល់​ជាមួយ​អាមេរិក​ទេ ព្រោះ​ទី១ ខ្លួន​គ្មាន​សមត្ថភាព​យោធា​ដូច​អាមេរិក​ទេ និង​ទី២ ខ្លួន​ក៏​គ្មាន​សម្ព័ន្ធមិត្ត​ស្លាប់រស់​ស៊ីបាយ​ចាន​តែ​មួយ​ដើម្បី​ជួយ​គាំទ្រ​ខ្លួន​តាម​ផ្លូវ​យោធា​ដែរ។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ក៏​បារម្ភ​ពី​អស្ថិរភាព​ផ្ទៃក្នុង​របស់​ខ្លួន​ដែរ ព្រោះ​គ្មាន​ដំណោះស្រាយ ហើយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់​តែ​អូសបន្លាយ​នឹង​អាច​បង្ក​ឲ្យ​មាន​ការ​ងើប​បះបោរ​ពី​ពលរដ្ឋ។ អ៊ីចឹង​ហើយ​បាន​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​បាន​ប្រើ​គ្រប់​មធ្យោបាយ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​អាមេរិក​ដើម្បី​ទទួល​បាន​ការ​ចរចា​មួយ ពិសេស​ចង់​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ចេញ​ពី​ខ្លួន​វិញ។ ខុស​ពី​ប្រធានាធិបតី​អាមេរិក​មុនៗ អ៊ីរ៉ង់​ហាក់​បាន​ស្គាល់​ចិត្ត​លោក​ត្រាំ​ច្បាស់ និង​ទាញ​បាន​មេរៀន​មួយ​ចំនួន​ពី​ក្នុង​ជំនួប​រវាង​លោក​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នុយក្លេអ៊ែរ​ដូច​គ្នា។

ក្នុង​ចំណោម​មេរៀន​ដែល​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ទាញ​បាន​ពី​ជំនួប​ត្រាំ គីម​មាន​ពីរ​សំខាន់ ទី១ លោក​ដូណាល់ ត្រាំ​និយាយ​ច្រើន តែ​មិន​សូវ​ធ្វើ និង​ទី២ គេ​គួរ​តែ​មាន​គ្រាប់បែក​បរមាណូ​ក្នុង​ដៃ​ដើម្បី​ចរចា​ជាមួយ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ