ប្រភពការទូត៖អ៊ីរ៉ង់មិនបានបង្កើនបរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិតដូចដែលបានប្រកាសទេ
នៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ប្រភពការទូតអនាមិកមួយបានប្រាប់ឲ្យដឹងនាថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនាថា សារធាតុអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងអត្រាទាបមិនត្រូវបានអ៊ីរ៉ង់ស្តុកលើសចំនួនដូចដែលអ៊ីរ៉ង់បានប្រកាសនោះទេ។ ទន្ទឹមគ្នានេះ ប្រភពការទូតដដែលបានយល់ឃើញថា គ្មានអ្វីដែលអនុញ្ញាតឲ្យបញ្ជាក់ថា បរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងអត្រាទាបរបស់អ៊ីរ៉ង់នឹងមានលើសនៅចុងសប្តាហ៍នេះទេ។ ការបញ្ជាក់របស់ប្រភពការទូតអនាមិកមួយនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់បានឲ្យដឹងកាលពីពាក់កណ្តាលខែមិថុនាថា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនាទៅ បរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងអត្រាទាបរបស់ខ្លួននឹងលើសពីការកំណត់ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៧
គេនៅមិនទាន់ដឹងថា ហេតុអ្វីបានជាទីក្រុងតេហេរ៉ង់មិនបានធ្វើតាមការប្រកាសរបស់ខ្លួនទេ តែបើផ្អែកតាមប្រភពការទូតក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ការដែលអ៊ីរ៉ង់មិនបង្កើនបរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងអត្រាទាប គឺប្រហែលមកពីហេតុផលនយោបាយ។ គួររម្លឹកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាឆ្នាំ ២០១៥ បានអនុញ្ញាតឲ្យអ៊ីរ៉ង់ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងអត្រា ៣,៦៧% តែត្រឹម ៣០០គីឡូក្រាមប៉ុណ្ណោះ។ តែក្រោយពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៨ និងដាក់ទណ្ឌកម្មឡើងវិញមក អ៊ីរ៉ង់បានប្រកាសពីការឈប់គោរពលើកិច្ចសន្យាមួយចំនួននៅក្នុងកិច្ចព្រមព្រៀង ដូចយ៉ាងបង្កើនបរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងអត្រា ៣,៦៧% ចាប់ពីថ្ងៃទី២៧ មិថុនា ហើយចាប់ពីថ្ងៃទី៧ កក្កដាទៅ អ៊ីរ៉ង់ព្រមានពីការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមក្នុងអត្រាលើសពី ៣,៦៧%។
សូមជម្រាបថា សារធាតុអ៊ុយរ៉ាញ៉ូមចម្រើនក្នុងអត្រា ៣,៦៧% អាចយកទៅប្រើក្នុងវិស័យស៊ីវិល តែបើលើសជាង ២០% អាចយកទៅប្រើក្នុងវិស័យយោធា ពិសេសផលិតគ្រាប់បែកបរមាណូ។ ក្នុងរយៈពេលចុងក្រោយនេះ ពោលក្រោយពីមានការវាយប្រហារលើកប៉ាល់ដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ និងការបាញ់យន្តហោះដ្រូនអាមេរិកពីអ៊ីរ៉ង់មក ស្ថានការណ៍នៅក្នុងឈូងសមុទ្រពែក្សកំពុងតានតឹងខ្លាំងរវាងអាមេរិក និងអ៊ីរ៉ង់។ អឺរ៉ុបបានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីបញ្ចុះភាពតានតឹង។ បន្ទាប់មកក្នុងថ្ងៃអង្គារ ទី២៥ មិថុនា ប្រធានាធិបតីអ៊ីរ៉ង់លោករ៉ូហានីបានបញ្ចេញកាយវិការទន់ភ្លន់ដោយប្រាប់សមភាគីបារាំងលោកម៉ាក្រុងថា អ៊ីរ៉ង់មិនចង់បង្កសង្រ្គាមជាមួយប្រទេសណាទេ សូម្បីអាមេរិកក៏គ្មានដែរ។
ចំណែកលោកម៉ាក្រុងបានសន្យាថានៅក្នុងជំនួប G២០ ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដើម្បីបញ្ជៀសសង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់នៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ ដោយឡែកក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនា អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកអាបាស អារ៉ាឈីបានថ្លែងក្នុងឱកាសសិក្ខារសាលារៀបចំដោយស្ថានទូតអ៊ីរ៉ង់ វ៉េណេស៊ុយអេឡា និងគុយបាក្នុងទីក្រុងវីយែន ប្រទេសអូទ្រីសថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ កំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែអាមេរិកបានដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់។ តាមលោកអារ៉ាឈី អាមេរិកកំពុងបំផ្លាញផ្លូវទូតតែមួយគត់ និងចោទអាមេរិកពីបទធ្វើសង្រ្គាមសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ