អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

ប្រភពការទូត៖អ៊ីរ៉ង់មិនបានបង្កើនបរិមាណ​​ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិតដូចដែលបានប្រកាសទេ

នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ប្រភពការទូត​អនាមិក​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មិថុនា​ថា សារធាតុអ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រាទាប​មិន​ត្រូវ​បាន​អ៊ីរ៉ង់​ស្តុក​លើស​ចំនួន​ដូច​ដែល​អ៊ីរ៉ង់​បាន​ប្រកាស​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ប្រភពការទូត​ដដែល​បាន​យល់​ឃើញ​ថា គ្មាន​អ្វី​ដែល​អនុញ្ញាត​ឲ្យ​បញ្ជាក់​ថា បរិមាណ​ស្តុក​សារធាតុអ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រាទាប​របស់​អ៊ីរ៉ង់​នឹង​មាន​លើស​នៅ​ចុង​សប្តាហ៍​នេះ​ទេ។ ការ​បញ្ជាក់​របស់​ប្រភពការទូត​អនាមិក​មួយ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទីក្រុង​តេហេរ៉ង់​បាន​ឲ្យ​ដឹង​កាល​ពី​ពាក់កណ្តាល​ខែ​មិថុនា​ថា ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មិថុនា​ទៅ បរិមាណ​ស្តុក​សារធាតុអ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា​ទាប​របស់​ខ្លួន​នឹង​លើស​ពី​ការ​កំណត់​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

Abbas Araghchi (C-R), political deputy at the Ministry of Foreign Affairs of Iran, and the Secretary General of the European Union's External Action Service (EEAS) Helga Schmid (C-L) take part in a meeting of the Joint Commission of the Joint Comprehensive
Abbas Araghchi (C-R), political deputy at the Ministry of Foreign Affairs of Iran, and the Secretary General of the European Union's External Action Service (EEAS) Helga Schmid (C-L) take part in a meeting of the Joint Commission of the Joint Comprehensive AFP
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​ដឹង​ថា ហេតុអ្វី​បាន​ជា​ទីក្រុង​តេហេរ៉ង់​មិន​បាន​ធ្វើ​តាម​ការ​ប្រកាស​របស់​ខ្លួន​ទេ តែ​បើ​ផ្អែក​តាម​ប្រភពការទូត​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ការ​ដែល​អ៊ីរ៉ង់​មិន​បង្កើន​បរិមាណ​ស្តុក​សារធាតុអ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រាទាប គឺ​ប្រហែល​មក​ពី​ហេតុផល​នយោបាយ។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា ៣,៦៧% តែ​ត្រឹម ៣០០គីឡូក្រាម​ប៉ុណ្ណោះ។ តែ​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ ២០១៨ និង​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​មក អ៊ីរ៉ង់​បាន​ប្រកាស​ពី​ការ​ឈប់​គោរព​លើ​កិច្ចសន្យា​មួយ​ចំនួន​នៅ​ក្នុង​កិច្ចព្រមព្រៀង ដូច​យ៉ាង​បង្កើន​បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា ៣,៦៧% ចាប់​ពី​ថ្ងៃទី២៧ មិថុនា ហើយ​ចាប់​ពី​ថ្ងៃទី៧ កក្កដា​ទៅ អ៊ីរ៉ង់​ព្រមាន​ពី​ការ​ចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា​លើស​ពី ៣,៦៧%។

សូម​ជម្រាប​ថា សារធាតុ​អ៊ុយរ៉ាញ៉ូម​ចម្រើន​ក្នុង​អត្រា ៣,៦៧% អាច​យក​ទៅ​ប្រើ​ក្នុង​វិស័យ​ស៊ីវិល តែ​បើ​លើស​ជាង ២០% អាច​យក​ទៅ​ប្រើ​ក្នុង​វិស័យ​យោធា ពិសេស​ផលិត​គ្រាប់បែក​បរមាណូ។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពោល​ក្រោយ​ពី​មាន​ការ​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​នៅ​ឈូងសមុទ្រ​អូម៉ង់ និង​ការ​បាញ់​យន្តហោះ​ដ្រូន​អាមេរិក​ពី​អ៊ីរ៉ង់​មក ស្ថានការណ៍​នៅ​ក្នុង​​ឈូងសមុទ្រពែក្ស​កំពុង​តានតឹង​ខ្លាំង​រវាង​អាមេរិក និង​អ៊ីរ៉ង់។ អឺរ៉ុប​បាន​ប្រឹងប្រែង​គ្រប់បែប​យ៉ាង​ដើម្បី​បញ្ចុះ​ភាព​តានតឹង។ បន្ទាប់​មក​ក្នុង​ថ្ងៃ​អង្គារ ទី២៥ មិថុនា ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី​បាន​បញ្ចេញ​កាយវិការ​ទន់ភ្លន់​ដោយ​ប្រាប់​សមភាគី​បារាំង​លោក​ម៉ាក្រុង​ថា អ៊ីរ៉ង់​មិន​ចង់​បង្ក​សង្រ្គាម​ជាមួយ​ប្រទេស​ណា​ទេ សូម្បី​អាមេរិក​ក៏​គ្មាន​ដែរ។

ចំណែក​លោក​ម៉ាក្រុង​បាន​សន្យា​ថា​នៅ​ក្នុង​ជំនួប G២០ ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន លោក​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​បញ្ជៀស​សង្រ្គាម​រវាង​អាមេរិក និង​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស។ ដោយឡែក​ក្នុង​ថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនា អនុរដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក​អាបាស អារ៉ាឈី​បាន​ថ្លែង​ក្នុង​ឱកាស​សិក្ខារសាលា​រៀបចំ​ដោយ​ស្ថានទូត​អ៊ីរ៉ង់ វ៉េណេស៊ុយអេឡា និង​គុយបា​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដោយសារ​តែ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់។ តាម​លោក​អារ៉ាឈី អាមេរិក​កំពុង​បំផ្លាញ​ផ្លូវទូត​តែ​មួយ​គត់ និង​ចោទ​អាមេរិក​ពី​បទ​ធ្វើ​សង្រ្គាម​សេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ