ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក
 
ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី​ HO / IRANIAN PRESIDENCY / AFP

សង្រ្គាមប៉ាកកា​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ កំពុង​បន្ត​កើត​មាន​យ៉ាង​ផុសផុល។ ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី៧ កក្កដា​ពី​ការ​ដំឡើង​អត្រា​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​កម្រិត ៥% ពោល​លើស ៣,៦៧% ដែល​ជា​កម្រិត​កំណត់​ដោយ​កិច្ចព្រមព្រៀង។

បន្ទាប់​មក អ៊ីរ៉ង់​បាន​ព្រមាន​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ម៉ាស៊ីនប្រតិកម្ម​ទឹកធ្ងន់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អារ៉ាក់។ ទន្ទឹម​គ្នា​នេះ ទីក្រុង​តេហេរ៉ង់​ក៏​បាន​ព្រមាន​មិន​គោរព​កិច្ចសន្យា​ផ្សេង​ទៀត​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ណា​មួយ​ពី​ពេល​នេះ​ទៅ ៦០ថ្ងៃ​ខាង​មុខ​ទេ។ ការ​ប្រកាស​ដំឡើង​អត្រា​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​កម្រិត ៥% បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ៊ីរ៉ង់​បាន​ប្រាប់​ឲ្យ​ដឹង​ពី​បរិមាណ​ស្តុក​អ៊ុយរ៉ាញ៉ូម​ច្រើន​ជាង ៣០០គីឡូក្រាម។

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ជា​កិច្ចព្រមព្រៀង​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី និង​ប្រទេស​អាល្លឺម៉ង់។ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​កាល​ណោះ អ៊ីរ៉ង់​បាន​ទទួល​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ចេញ​វិញ។ កិច្ចព្រមពៀង​បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​អាច​ស្តុក​អ៊ុយរ៉ាញ៉ូម​ចម្រើនរួច​ក្នុង​អត្រា ៣,៦៧% តែ ៣០០គីឡូក្រាម ហើយ​បើ​មាន​ចំនួន​លើស​ពី ៣០០គីឡូក្រាម​នឹង​ត្រូវ​ដឹក​ចេញ​ទៅ​បរទេស គឺ​ប្រទេស​រុស្ស៊ី។ នៅ​មុន​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ អ៊ីរ៉ង់​មាន​ស្តុក​អ៊ុយរ៉ាញ៉ូម​ចម្រើនរួច​ក្នុង​អត្រា​ទាប​ចំនួន ១០ ០០០គីឡូក្រាម និង​មាន​ឧបករណ៍​ចម្រើនធាតុអ៊ុយរ៉ាញ៉ូម​ចំនួន ១៩ ០០០ដើម តែ​នៅ​សល់​ប្រមាណ​តែ ៥០៦០ដើម​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន។

រឿង​អ៊ីរ៉ង់​ស្តុក​អ៊ុយរ៉ាញ៉ូម​ចម្រើនរួច​ក្នុង​អត្រា​ទាប​ច្រើន​ជាង ៣០០គីឡូក្រាម​ដែល​ជា​បរិមាណ​អនុញ្ញាត​ដោយ​កិច្ចព្រមព្រៀង​មិន​សូវ​ជា​ចំណោត និង​ធ្វើ​ឲ្យ​គ្រប់​គ្នា​បារម្ភ​ប៉ុន្មាន​ទេ។ អ្វី​ដែល​ជា​ក្តីបារម្ភ​ខ្លាំង​ជាង​គេ គឺ​កម្រិត​អត្រា​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម ព្រោះ​អត្រា​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​កម្រិតទាប ពោល​កម្រិត​ត្រឹម ៣,៦៧% ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាច​ប្រើ​ប្រាស់​ក្នុង​គោលដៅ​ស៊ីវិល ដូច​យ៉ាង​ក្នុង​វិស័យ​វេជ្ជសាស្រ្ត និង​ស្រាវជ្រាវ​ផ្សេងៗ។ ចូរ​កុំ​ភ្លេច​ថា កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​បន្ត​មាន​សកម្មភាព​នុយក្លេអ៊ែរ​ស៊ីវិល​ជាមួយ​នឹង​អត្រា​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​កម្រិត​ទាប។

ផ្ទុយ​ទៅ​វិញ អ៊ុយរ៉ាញ៉ូម​ចម្រើនធាតុ​រួច​ក្នុង​អត្រា​ខ្ពស់​លើស​ពី ២០% អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​យោធា ពោល​ប្រើ​ដើម្បី​ផលិតគ្រាប់បែក​បរមាណូ។ តែ​អ៊ីរ៉ង់​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អាទិត្យ ទី៧ កក្កដា​ពី​ការ​ដំឡើង​អត្រា​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​កម្រិត ៥% ព្រម​ទាំង​ព្រមាន​ពី​គម្រោង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ម៉ាស៊ីនប្រតិកម្ម​ទឹកធ្ងន់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អារ៉ាក់​ទៀត​ផង។ បន្ទាប់​មក អ៊ីរ៉ង់​បាន​ព្រមាន​ថា​បើ​គ្មាន​ដំណោះស្រាយ​ណា​មួយ​ពី​ពេល​នេះ​ទៅ ៦០ថ្ងៃ​ខាង​មុខ​ទេ ខ្លួន​នឹង​ឈប់​គោរព​លើ​កិច្ចសន្យា​ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។

អ៊ីរ៉ង់​ចង់​ដាស់តឿន និង​ដាក់​គំនាប​បន្ថែម​លើ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង

ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់​មក នៅ​សល់​តែ​ប្រទេស​ហត្ថលេខី​ចំនួន ៥ គឺ​បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន រុស្ស៊ី បូក​នឹង​អ៊ីរ៉ង់​ដែល​មិន​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង។ ពី​ដំបូង អ៊ីរ៉ង់​បាន​ខាំ​មាត់​សង្កត់​ចិត្ត​នឹង​ទង្វើ​របស់​លោក​ត្រាំ ហើយ​ទ្រាំ​បន្ត​គោរព​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ប្រទេស​ហត្ថលេខី​នៅ​សេសសល់​ដោយ​សង្ឃឹម​ថា ក្រុម​ប្រទេស​ទាំង​នេះ​នឹង​ជួយ​ខ្លួន ពិសេស​ផ្នែក​សេដ្ឋកិច្ច​ដើម្បី​ទប់​នឹង​ទណ្ឌកម្ម​អាមេរិក។ បារាំង អង់គ្លេស និង​អាល្លឺម៉ង់​បាន​បង្កើត​ចេញ​នូវ​យន្តការ​មួយ​ដើម្បី​បន្ត​រក​ស៊ី​ជាមួយ​អ៊ីរ៉ង់​ដោយ​គេច​ពី​ទណ្ឌកម្ម​អាមេរិក។ តែ​យន្តការ​មួយ​នេះ​ហាក់​នៅ​មិន​ទាន់​ដំណើរការ ហើយ​អ៊ីរ៉ង់​ក៏​បន្ត​ស្គាល់​ស្ថានភាព​សេដ្ឋកិច្ច​កាន់​តែ​លំបាក។

គឺ​ដោយ​សម្លឹង​ឃើញ​ពី​ភាព​ស្ពឹកស្រពន់ និង​ភាព​អសកម្ម​របស់​ក្រុម​ប្រទេស​ហត្ថលេខី​នៅ​សេសសល់​ទាំង​នេះ​ទើប​អ៊ីរ៉ង់​ផ្តើម​ប្រើ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ដើម្បី​សងសឹក​ត្រង់​នឹង​ទណ្ឌកម្ម​អាមេរិក​វិញ។ សម្រាប់​អ៊ីរ៉ង់ គឺ​មាន​តែ​ការ​បន្ត​យក​អ៊ុយរ៉ាញ៉ូម​ធ្វើ​ជា​អាវុធ​ដូច​កាល​ពី ១០ឆ្នាំ​មុន​ទើប​អ៊ីរ៉ង់​មាន​ទឹកមាត់​ប្រៃ និង​ជំរុញ​ឲ្យ​មាន​ការ​គិតគូរ​ចំពោះ​ខ្លួន​ឡើង​វិញ។ អ៊ីរ៉ង់​យល់​មិន​ច្រឡំ​ទេ​ថា​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ គឺ​មាន​តែ​ខ្លួន​ទីពឹង​ខ្លួន​ទេ។ ក្រុម​អ្នក​វិភាគ​បាន​យល់​ឃើញ​ថា អ្វី​ដែល​អ៊ីរ៉ង់​កំពុង​ធ្វើ​នេះ​ជា​ការ​ដាស់​ស្មារតី និង​ជា​មធ្យោបាយ​មួយ​ដើម្បី​អំពាវនាវ​ដល់​ក្រុមប្រទេស​ហត្ថលេខី​ផ្សេង ពិសេស​ក្រុមប្រទេស​អឺរ៉ុប​កុំ​ឲ្យ​ភ្លេច​ពាក្យ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ជួយ​អ៊ីរ៉ង់​ប្រឈម​ទប់​នឹង​ទណ្ឌកម្ម​អាមេរិក។

ចុះ​បើ​អ៊ីរ៉ង់​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដូច​អាមេរិក?

ឧបមា​ថា​អ៊ីរ៉ង់​ឈប់​គោរព​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ទាំង​ស្រុង ឬ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ដូច​អាមេរិក អ៊ីរ៉ង់​នឹង​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជា​ថ្មី​ដូច​ដែល​អ៊ីរ៉ង់​បាន​ទទួល​នៅ​មុន​មាន​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។ គួរ​រម្លឹក​ថា បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៥ ក្រុមប្រឹក្សាសន្តិសុខ​បាន​អនុម័ត​នូវ​សេចក្តីសម្រេច​លេខ ២២៣១ ដើម្បី​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់។ តែ​បើ​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវ​ដាក់​ទណ្ឌកម្ម​ដដែល​នេះ​លើ​អ៊ីរ៉ង់​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ ក្រុមប្រឹក្សាសន្តិសុខ​មិន​ចាំ​បាច់​បោះឆ្នោត​អនុម័ត​ឲ្យ​មាន​សេចក្តីសម្រេច​ថ្មី​មួយ​ទៀត​ទេ។ ការ​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​បញ្ជៀស​ពី​ការ​ប្រើ​សិទ្ធិវ៉េតូ​ជា​យថាហេតុ​របស់​ភាគី​រុស្ស៊ី និង​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់។

តែ​នៅ​ក្នុង​ជំហាន​ដំបូង​មុន​នឹង​ឆ្លង​ដល់​ដៃ​ក្រុមប្រឹក្សាសន្តិសុខ គឺ​ត្រូវ​មាន​ការ​បញ្ជាក់​ពី​ក្រុម​អធិការ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ជា​មុន​ថា តើ​អ៊ីរ៉ង់​ពិត​ជា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ទាំង​ស្រុង​ឬ​អត់។ បន្ទាប់​មក គណៈកម្មការ​ដោះស្រាយ​វិវាទ និង​ក្រុម​អ្នកតំណាង​នៃ​ប្រទេស​ហត្ថលេខី​សេសសល់​ក្រៅ​ពី​អាមេរិក​ត្រូវ​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​មួយ​ជាមួយ​អ៊ីរ៉ង់។ បើ​នីតិវិធី​មួយ​នេះ​នៅ​តែ​មិន​អាច​រក​ដំណោះស្រាយ​បាន គណៈកម្មការ​ដោះស្រាយ​វិវាទ និង​ក្រុម​អ្នកតំណាង​នៃ​ប្រទេស​ហត្ថលេខី​សេសសល់​អាច​ប្តឹង​ទៅ​ក្រុមប្រឹក្សាសន្តិសុខ។ តែ​គ្រប់​គ្នា​សង្ឃឹម​ថា វិបត្តិ​ប្រទាញប្រទង់​មួយ​នេះ​នឹង​ប្រហែល​មិន​ឈាន​ដល់​ដំណាក់កាល​នៅ​ចំណុច​ចាប់​ផ្តើម​នោះ​ទេ។ ចូរ​កុំ​ភ្លេច​ថា ទំរាំ​សម្រេច​បាន​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ភាគី​ពាក់ព័ន្ធ​បាន​ជួប​ចរចា​គ្នា​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ច្រើន​ណាស់៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • AIEA-អ៊ីរ៉ង់

    AIEA នឹងបើកកិច្ចប្រជុំវិសាមញ្ញានៅថ្ងៃទី១០ កក្កដាតាមសំណើរបស់សហរដ្ឋអាមេរិក

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ង់-នុយក្លេអ៊ែរ

    អ៊ីរ៉ង់បង្កើនបរិមាណស្តុកអ៊ុយរ៉ាញ៉ូមលើសពីកម្រិតដែលអនុញ្ញាតដោយកិច្ចព្រមព្រៀងឆ្នាំ ២០១៥

    ស្វែងយល់បន្ថែម

  • អូទ្រីស-អ៊ីរ៉ង់

    អូទ្រីស៖កិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដោយគ្មានវត្តមានអាមេរិក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ