ពិភពលោកបិទភ្នែក មិនឃើញសង្រ្គាមដែលបំផ្លាញខ្ទេចខ្ទាំ យេម៉ែន ៥ឆ្នាំមកហើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៩
នៅថ្ងៃចន្ទ ទី ៨កក្កដា ម្សិលមិញ ជាថ្ងៃខួប៥ឆ្នាំគត់ ដែលយេម៉ែនធ្លាក់ក្នុងភ្លើងសង្រ្គាម ដែលដំបូងឡើយ បង្កាត់ឡើងដោយក្រុមឧទ្ទាម ហ៊ូទី ប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែ សង្រ្គាមស៊ីវិលមួយឆ្នាំ ដំបូង បានរាលដាលទៅជាសង្រ្គាមរ៉ាំរ៉ៃ នៅពេលមានការលូកដៃពីប្រទេសជិតខាង។ យេម៉ែន ដែលក្លាយជាសមរភូមិ ប្រយុទ្ធគ្នារវាងប្រទេសប្រជែងគ្នាក្នុងតំបន់ គឺអ៊ីរ៉ង់ និងអារ៉ាប៊ី សាអូឌីត ត្រូវបានបំផ្លាញខ្ទេចខ្ទាំ មិនថា ទាំងប្រទេស និងជនជាតិរបស់ប្រទេសអារ៉ាប់ ដ៏ក្រីក្រមួយនេះ។ តើពេលណាទើបយេម៉ែន អាចងើបចាករួចផុតពីសង្រ្គាម ដែលឈានចូលដល់ឆ្នាំ ទី៦ហើយនោះ?
យេម៉ែនបានធ្លាក់ក្នុងភ្លើងសង្រ្គាមដ៏ស្មុគស្មាញ ៥ឆ្នាំមកហើយ។ សង្រ្គាមនៅយេម៉ែន សបញ្ជាក់ពីបញ្ហាចាក់ស្រេះ ផ្ទៃក្នុង ប្រទេស ដូចជាសាសនា ក្រុមសហគមន៍ នយោបាយ ហើយ និងផលប្រយោជន៍អន្តរជាតិ។
ដើម្បីស្វែងយល់ពីសង្រ្គាមនៅយេម៉ែន គេតោងស្វែងយល់ពីប្រភពដើម ឫសគល់របស់វា ដោយត្រលប់ទៅលើមើលស្ថានភាពរបស់ប្រទេសនេះ កាលពីប៉ុន្មានទសវត្សរ៍មុន។ យេម៉ែន បានបង្រួបង្រួមឯកភាពគ្នា នៅឆ្នាំ ១៩៩០ បន្ទាប់ពីបែបបាក់ជា២ក្រុម នៅក្នុងអំឡុងសង្រ្គាមត្រជាក់។ កាលណោះ ភាគខាងត្បូងយេម៉ែន គ្រប់គ្រងដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ដើរតាមលទ្ធិសង្គមនិយម ចំណែកទឹកដីភាគខាងជើង មានឈ្មោះថា សាធារណរដ្ឋអារ៉ាប់។ ទោះយេម៉ែនឯកភាព បង្រួបបង្រួមគ្នា ប៉ុន្តែ ជម្លោះ ដណ្តើមប្រយោជន៍ ទឹកដី រវាងសហគមន៍អ៊ីស្លាម ផ្សេងៗគ្នា ដែលធ្លាប់មានពីមុនមក នៅតែបន្តកើតមានជាប្រចាំ នៅយេម៉ែន។
នៅក្នុងប្រទេសដែលគ្មានស្ថិរភាពនឹងន ក្រុមសហគមន៍សាសនា Zaydites ដែលជាផ្នែកមួយនៃសាសនាស្ហ៊ីអ៊ីត ហើយនិងមានប្រជាជនយេម៉ែន ៤០% គោរពដើរតាម បានចេញមុខប្រឆាំងនឹងអំណាចកណ្តាល នៅរដ្ឋធានី សាណា ដែលពួកគេចោទថា បានបំភ្លេច មិនគិតគូរ ដល់ពួកគេ ទាំងក្នុងផ្នែកនយោបាយ និងសេដ្ឋកិច្ច។
នៅឆ្នាំ ២០០៤ ប្រធានក្រុមសហគមន៍Zaydites ដែលជាអ្នកបង្កើតចលនាហ៊ូទី ទៅតាមឈ្មោះរបស់ខ្លួន ត្រូវបានកងទ័ពរដ្ឋាភិបាល យេម៉ែន សម្លាប់ នៅក្នុងការបង្រ្កាបដ៏បង្ហូរឈាម ទៅលើក្រុមប្រឆាំង។
បដិវត្តអារ៉ាប់ ផ្តើមដំបូង នៅទុយនីស៊ី និងអេហ្ស៊ីប បានសាយភាពដល់យេម៉ែន ជាទីដែល ប្រជាជនពីគ្រប់និន្នាការងើបឈរប្រឆាំងអំណាចប្រធានាធិបតី Ali Abdallah Saleh ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយ។ នៅឆ្នាំ ២០១២ ប្រធានាធិបតីSaleh បានយល់ព្រមចុះចេញពីអំណាច ប៉ុន្តែ ចលនាហ៊ូទី ដែលតស៊ូ រើបំរាស់ និងវាយគ្រប់គ្រងតំបន់ភាគខាងជើង យេម៉ែន មិនយល់ព្រម ទទួលយកការបែងចែកអំណាចតែរវាង មនុស្សក្នុងជួររដ្ឋាភិបាលនោះទេ។
ក្រុមហ៊ូទី ដែលចង់គ្រប់គ្រងទឹកដីក្បែរសមុទ្រ បើកការវាយលុក ចូលកាន់កាប់រដ្ឋធានី សាណា នៅថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៤។ តាំងពីថ្ងៃនោះហើយ ដែលយេម៉ែន ធ្លាក់ខ្លួនកាន់តែជ្រៅ ទៅក្នុងសង្រ្គាម បង្ហូរឈាម និងគ្រោះទុរភិក្ស មហន្តរាយដល់ជីវិតមនុស្សដ៏ធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងពិភពលោក។
ពីសង្រ្គាមផ្ទៃក្នុង ទៅជាសង្រ្គាមប្រជែងគ្នារវាងមហាអំណាចក្នុងតំបន់
តាំងឆ្នាំ ២០០៩ អារ៉ាប៊ី សាអូឌីតដែលបារម្ភពីការរីកមាឌ របស់ក្រុមហ៊ូទី ដែលកាន់ សាសនាដូចអ៊ីរ៉ង់ ដែលជាគូប្រជែងរបស់ខ្លួនក្នុងតំបន់ បានបើកការវាយប្រហារជាញឹកញយទៅលើទីតាំងរបស់ក្រុមនេះនៅភាគខាងជើងយេម៉ែន ជាប់ព្រំដែនជាមួយអារ៉ាប៊ី សាអូឌីត។ នៅឆ្នាំ ២០១៥ នៅ១ឆ្នាំក្រោយ ក្រុមហ៊ូទី វាយដណ្តើមកាន់កាប់ រដ្ឋធានី សាណា និងបណ្តេញខ្ចាត់ខ្ចាយ ប្រធានាធិបតី យេម៉ែន ដែលទទួលស្គាល់ដោយអន្តរជាតិ អារ៉ាប៊ី សាអូឌីត បានដឹកនាំក្រុមសម្ព័ន្ធមិត្ត បើកប្រតិបត្តិការយោធា វាយប្រហារទៅលើក្រុមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ គូសត្រូវរបស់អារ៉ាប៊ី សាអូឌីត។
ប៉ុន្តែ សម្ព័ន្ធមិត្តអារ៉ាប់ទាំង៩ប្រទេសដឹកនាំដោយអារ៉ាប៊ី សាអូឌីត ដែលបើក ការវាយ ប្រហារយ៉ាងសន្ធឹក តាមផ្លូវអាកាស បង្កមហន្តរាយមនុស្សធម៌ សម្លាប់ប្រជាជនយេម៉ែន ច្រើនជាង បំផ្លាញទប់ស្កាត់កម្លាំងពួកឧទ្ទាម។
តាមអង្គការសហប្រជាជាតិ សង្រ្គាមយេម៉ែន រយៈពេល៥ឆ្នាំមកនេះ បានសម្លាប់ជីវិតមនុស្ស យ៉ាងតិច ៦ម៉ឺននាក់ និងធ្វើឲ្យប្រជាជន ៨០ភាគរយ (២៧លាននាក់) រស់ក្នុងជីវភាពអត្តខាត់។ គ្រោះអត់ឃ្លាន កង្វះអាហារូបត្ថម្ភ ដែលកើតឡើងដោយសារតែការប្រយុទ្ធគ្នា រវាងកងទ័ពអាកាសអារ៉ាប៊ី សាអូឌីត និងពួកឧទ្ទាមហ៊ូទី បានសម្លាប់កុមារយេម៉ែន ៨ម៉ឺននាក់ នៅចន្លោះឆ្នាំ ២០១៥ និងឆ្នាំ ២០១៨។
នៅពេលអង្គការសហប្រជាជាតិ ព្យាយាម បញ្ចុះបញ្ចូលឲ្យភាគីជម្លោះ រួមទាំងប្រទេសនៅពីក្រោយខ្នង ដូចជា អ៊ីរ៉ង់ និងអារ៉ាប៊ី សាអូឌីត ចូលតុចរចា ដើម្បី បិទបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ គេមិនសង្ឃឹមថា យេម៉ែន នឹងអាចងើបរួចផុតពីសង្រ្គាម អស្ថិរភាព និងអសន្តិសុខនោះទេ។
ក្រុមភេរវនិយម ដូចជា អាល់កៃដា ហើយនិងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានឆ្លៀតឱកាសដែលយេម៉ែនធ្លាក់ក្នុងចលាចល វឹកវរដើម្បី បុកគ្រឹះ ពង្រឹងឥទ្ធិពលរបស់ខ្លួន ក្នុងចំណោមប្រជាជនកាន់សាសនាអ៊ីស្លាមនៅយេម៉ែន។ ជាក់ស្តែង ភេរវជនបងប្អូន ពីរនាក់ ដែលធ្វើភេរវកម្ម សម្លាប់អ្នកកាសែតបារាំង នៅដើមឆ្នាំ ២០១៧ សុទ្ធតែធ្លាប់ទៅរស់នៅប្រទេសយេម៉ែន។
សង្រ្គាមយេម៉ែន ហើយនិងផលប្រយោជន៍
ជាផ្លូវការ សហគមន៍អន្តរជាតិ មិនបានខ្នះខ្នែង ដើម្បី បិទបញ្ចប់ជម្លោះ និងទប់ស្កាត់គ្រោះមហន្តរាយដល់ជីវិតមនុស្សនៅយេម៉ែននោះទេ។ បណ្តាប្រទេសពាក់ព័ន្ធ នឹងសង្រ្គាមនៅយេម៉ែន មិនថា អ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីត អេមីរ៉ាតអារ៉ាប់រួម បានជួបពិភាក្សាគ្នាជាច្រើនលើក ស្វែងរកសុខសន្តិភាពឲ្យយេម៉ែន ប៉ុន្តែ គ្មានផ្តល់លទ្ធផលអ្វីជាដុំកំភួន។ បញ្ហាផលប្រយោជន៍ ជាហេតុផលចំបង ដែលគ្មានភាគីណាចង់ឃើញសង្រ្គាមបិទបញ្ចប់នៅយេម៉ែន។ សព្វាវុធបារាំង អាមេរិក ត្រូវបានគេរកឃើញ នៅក្នុងទឹកដី យេម៉ែន នោះបើទោះបីជាប្រទេសទាំងពីរ និយាយការពារខ្លួនថា អាវុធទាំងនោះ ត្រូវបានលក់ ទៅឲ្យអារ៉ាប៊ី សាអូឌីត ដើម្បី ទុកការពារខ្លួន ប៉ុន្តែ មិនមែនសម្រាប់ធ្វើសង្រ្គាមនៅយេម៉ែន។ មួយវិញទៀត អេមីរ៉ា អារ៉ាប់ រួម ដែលចូលរួមដៃជាមួយ អារ៉ាប៊ី សាអូឌីត ធ្វើសង្រ្គាមនៅយេម៉ែន ក៏ព្រោះតែសំលឹងឃើញផលប្រយោជន៍ ច្រកសេដ្ឋកិច្ច នៅកំពង់ផែភាគខាងត្បូងយេម៉ែន។ សព្វថ្ងៃនេះ អេមីរ៉ាតអារ៉ាប់រួម កំពុងឧបត្ថម្ភទុនជួយ ចលនាអ៊ីស្លាម មួយក្រុមដែលកំពុងកាន់កាប់ទីក្រុងកំពង់ផែ អាឌែន និងដែលបានប្រកាសបំបែកទឹកដី នៅភាគខាងត្បូង ចេញពីរដ្ឋអំណាចស្របច្បាប់យេម៉ែន ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ