អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ចន្ទ ទី ៨​កក្កដា ម្សិលមិញ ជាថ្ងៃ​ខួប​៥​ឆ្នាំគត់ ដែល​យេម៉ែន​ធ្លាក់​ក្នុង​ភ្លើងសង្រ្គាម ដែល​ដំបូងឡើយ បង្កាត់ឡើង​ដោយ​ក្រុមឧទ្ទាម ហ៊ូទី ប្រឆាំង​រដ្ឋាភិបាល។ ប៉ុន្តែ សង្រ្គាម​ស៊ីវិល​មួយឆ្នាំ ដំបូង បានរាលដាល​ទៅជា​សង្រ្គាម​រ៉ាំរ៉ៃ នៅពេល​មាន​ការលូកដៃ​ពីប្រទេស​ជិតខាង។ យេម៉ែន ដែល​ក្លាយ​ជា​សមរភូមិ ប្រយុទ្ធគ្នា​រវាង​ប្រទេស​ប្រជែងគ្នា​ក្នុង​តំបន់ គឺ​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត ត្រូវ​បានបំផ្លាញ​ខ្ទេចខ្ទាំ មិនថា ទាំងប្រទេស និង​ជនជាតិ​របស់​ប្រទេស​អារ៉ាប់ ដ៏ក្រីក្រ​មួយនេះ។ តើពេលណា​ទើប​យេម៉ែន អាច​ងើប​ចាករួចផុត​ពី​សង្រ្គាម ដែល​ឈាន​ចូល​ដល់​ឆ្នាំ ទី៦ហើយនោះ?

ទីក្រុង​បុរាណ នៅ​Sanna ប្រទេស​យេម៉ែន នៅខែ​វិច្ឆិកា​ឆ្នាំ ២០១៨
ទីក្រុង​បុរាណ នៅ​Sanna ប្រទេស​យេម៉ែន នៅខែ​វិច្ឆិកា​ឆ្នាំ ២០១៨ ©REUTERS/Mohamed al-Sayaghi/File Photo
ផ្សាយពាណិជ្ជកម្ម

យេម៉ែន​បានធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​ដ៏​ស្មុគស្មាញ ៥​ឆ្នាំ​មកហើយ។ សង្រ្គាម​នៅ​យេម៉ែន សបញ្ជាក់​ពីបញ្ហា​ចាក់ស្រេះ ផ្ទៃក្នុង ប្រទេស ដូចជា​សាសនា ក្រុមសហគមន៍ នយោបាយ ហើយ និងផលប្រយោជន៍​អន្តរជាតិ។

ដើម្បី​ស្វែងយល់​ពី​សង្រ្គាម​នៅយេម៉ែន គេ​តោង​ស្វែង​យល់​ពី​ប្រភពដើម ឫសគល់​របស់​វា ដោយ​ត្រលប់​ទៅលើ​មើល​ស្ថានភាព​របស់​ប្រទេស​នេះ កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន។ យេម៉ែន បាន​បង្រួបង្រួម​ឯកភាពគ្នា នៅ​ឆ្នាំ ១៩៩០ បន្ទាប់ពី​បែបបាក់​ជា​២​ក្រុម នៅក្នុង​អំឡុង​សង្រ្គាម​ត្រជាក់។ កាលណោះ ភាគខាងត្បូង​យេម៉ែន គ្រប់គ្រង​ដោយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត ដើរតាម​លទ្ធិសង្គមនិយម ចំណែក​ទឹកដី​ភាគខាងជើង មានឈ្មោះថា សាធារណរដ្ឋ​អារ៉ាប់។ ទោះយេម៉ែន​ឯកភាព បង្រួបបង្រួមគ្នា ប៉ុន្តែ ជម្លោះ ដណ្តើម​ប្រយោជន៍ ទឹកដី រវាង​សហគមន៍​អ៊ីស្លាម ផ្សេងៗគ្នា ដែល​ធ្លាប់​មាន​ពីមុនមក នៅតែបន្ត​កើត​មាន​ជា​ប្រចាំ នៅយេម៉ែន។

នៅក្នុង​ប្រទេស​ដែល​គ្មាន​ស្ថិរភាព​នឹងន ក្រុមសហគមន៍​សាសនា Zaydites ដែល​ជាផ្នែក​មួយ​នៃ​សាសនា​ស្ហ៊ីអ៊ីត ហើយ​និង​មាន​ប្រជាជន​យេម៉ែន ៤០% គោរពដើរតាម បាន​ចេញមុខ​ប្រឆាំង​នឹង​អំណាច​កណ្តាល នៅរដ្ឋធានី សាណា ដែល​ពួកគេ​ចោទថា បាន​បំភ្លេច មិនគិតគូរ ដល់​ពួកគេ ទាំង​ក្នុង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច។

នៅ​ឆ្នាំ ២០០៤ ប្រធាន​ក្រុមសហគមន៍​Zaydites ដែល​ជា​អ្នកបង្កើត​ចលនា​ហ៊ូទី ទៅតាម​ឈ្មោះ​របស់ខ្លួន ត្រូវ​បាន​កងទ័ព​រដ្ឋាភិបាល យេម៉ែន សម្លាប់ នៅ​ក្នុង​ការបង្រ្កាប​ដ៏បង្ហូរ​ឈាម ទៅលើ​ក្រុមប្រឆាំង។

បដិវត្ត​អារ៉ាប់ ផ្តើម​ដំបូង នៅ​ទុយនីស៊ី និង​អេហ្ស៊ីប បាន​សាយភាព​ដល់​យេម៉ែន ជាទី​ដែល ប្រជាជន​ពីគ្រប់​និន្នាការ​ងើបឈរ​ប្រឆាំង​អំណាច​ប្រធានាធិបតី Ali Abdallah Saleh ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំមកហើយ។ នៅ​ឆ្នាំ ២០១២ ប្រធានាធិបតី​Saleh បាន​យល់ព្រម​ចុះ​ចេញពីអំណាច ប៉ុន្តែ ចលនា​ហ៊ូទី ដែល​តស៊ូ រើបំរាស់ និង​វាយគ្រប់គ្រង​តំបន់​ភាគខាងជើង យេម៉ែន មិន​យល់ព្រម ទទួល​យក​ការបែងចែក​អំណាច​តែរវាង មនុស្ស​ក្នុង​ជួរ​រដ្ឋាភិបាល​នោះ​ទេ។

ក្រុមហ៊ូទី ដែល​ចង់​គ្រប់គ្រង​ទឹកដី​ក្បែរ​សមុទ្រ បើក​ការវាយលុក ចូល​កាន់កាប់​រដ្ឋធានី សាណា នៅ​ថ្ងៃ​ទី ៨ កក្កដា ឆ្នាំ ២០១៤។ តាំង​ពី​ថ្ងៃ​នោះ​ហើយ ដែល​យេម៉ែន ធ្លាក់​ខ្លួន​កាន់តែ​ជ្រៅ ទៅក្នុង​សង្រ្គាម បង្ហូរឈាម និង​គ្រោះទុរភិក្ស មហន្តរាយ​ដល់​ជីវិត​មនុស្ស​ដ៏​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ក្នុងពិភពលោក។

ពីសង្រ្គាម​ផ្ទៃក្នុង ទៅជា​សង្រ្គាម​ប្រជែង​គ្នា​រវាង​មហាអំណាច​ក្នុង​តំបន់

តាំង​ឆ្នាំ ២០០៩ អារ៉ាប៊ី សាអូឌីត​ដែល​បារម្ភ​ពីការរីកមាឌ របស់​ក្រុមហ៊ូទី ដែល​កាន់ សាសនា​ដូច​អ៊ីរ៉ង់ ដែល​ជា​គូប្រជែង​របស់ខ្លួន​ក្នុង​តំបន់ បាន​បើកការវាយប្រហារ​ជាញឹកញយ​ទៅលើ​ទីតាំង​របស់​ក្រុមនេះ​នៅភាគខាងជើង​យេម៉ែន ជាប់ព្រំដែន​ជាមួយ​អារ៉ាប៊ី សាអូឌីត។ នៅ​ឆ្នាំ ២០១៥ នៅ​១​ឆ្នាំ​ក្រោយ ក្រុមហ៊ូទី វាយដណ្តើម​កាន់កាប់ រដ្ឋធានី សាណា និង​បណ្តេញ​ខ្ចាត់ខ្ចាយ ប្រធានាធិបតី យេម៉ែន ដែលទទួល​ស្គាល់​ដោយ​អន្តរជាតិ អារ៉ាប៊ី សាអូឌីត បាន​ដឹកនាំ​ក្រុមសម្ព័ន្ធមិត្ត បើកប្រតិបត្តិការ​យោធា វាយប្រហារ​ទៅលើ​ក្រុមហ៊ូទី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ គូសត្រូវ​របស់​អារ៉ាប៊ី សាអូឌីត។

ប៉ុន្តែ សម្ព័ន្ធមិត្ត​អារ៉ាប់​ទាំង​៩ប្រទេស​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត ដែល​បើក ការវាយ ប្រហារ​យ៉ាងសន្ធឹក តាម​ផ្លូវអាកាស បង្ក​មហន្តរាយមនុស្សធម៌  សម្លាប់​ប្រជាជន​យេម៉ែន ច្រើនជាង បំផ្លាញ​ទប់ស្កាត់​កម្លាំងពួកឧទ្ទាម។

តាម​អង្គការ​សហប្រជាជាតិ សង្រ្គាម​យេម៉ែន រយៈពេល​៥ឆ្នាំមកនេះ បាន​សម្លាប់​ជីវិត​មនុស្ស យ៉ាងតិច ៦ម៉ឺន​នាក់ និង​ធ្វើ​ឲ្យ​ប្រជាជន ៨០ភាគរយ (២៧លាននាក់) រស់ក្នុង​ជីវភាព​អត្តខាត់។ គ្រោះ​អត់ឃ្លាន កង្វះអាហារូបត្ថម្ភ ដែល​កើតឡើង​ដោយសារ​តែ​ការប្រយុទ្ធ​គ្នា រវាង​កងទ័ព​អាកាស​អារ៉ាប៊ី សាអូឌីត និង​ពួកឧទ្ទាម​ហ៊ូទី បាន​សម្លាប់​កុមារ​យេម៉ែន ៨ម៉ឺននាក់ នៅ​ចន្លោះឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៨។

នៅពេល​អង្គការ​សហប្រជាជាតិ ព្យាយាម បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ រួម​ទាំង​ប្រទេស​នៅពីក្រោយខ្នង ដូចជា អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត ចូល​តុចរចា ដើម្បី បិទបញ្ចប់​ជម្លោះ​ដ៏រ៉ាំរ៉ៃ គេ​មិន​សង្ឃឹមថា យេម៉ែន នឹងអាច​ងើបរួចផុត​ពី​សង្រ្គាម អស្ថិរភាព និង​អសន្តិសុខ​នោះទេ។

ក្រុមភេរវនិយម ដូចជា អាល់កៃដា ហើយ​និង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម បាន​ឆ្លៀត​ឱកាស​ដែល​យេម៉ែន​ធ្លាក់​ក្នុង​ចលាចល វឹកវរ​ដើម្បី បុកគ្រឹះ ពង្រឹង​ឥទ្ធិពល​របស់ខ្លួន ក្នុង​ចំណោម​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​នៅ​យេម៉ែន។ ជាក់ស្តែង ភេរវជន​បងប្អូន ពីរ​នាក់ ដែល​ធ្វើ​ភេរវកម្ម​ សម្លាប់​អ្នកកាសែត​បារាំង នៅ​ដើមឆ្នាំ ២០១៧ សុទ្ធ​តែ​ធ្លាប់​ទៅ​រស់នៅ​ប្រទេស​យេម៉ែន។

សង្រ្គាម​យេម៉ែន ហើយ​និង​ផលប្រយោជន៍

ជាផ្លូវការ សហគមន៍​អន្តរជាតិ មិន​បាន​ខ្នះខ្នែង ដើម្បី បិទបញ្ចប់​ជម្លោះ និង​ទប់ស្កាត់​គ្រោះមហន្តរាយ​ដល់​ជីវិត​មនុស្ស​នៅយេម៉ែន​នោះទេ។ បណ្តា​ប្រទេស​ពាក់ព័ន្ធ នឹង​សង្រ្គាម​នៅយេម៉ែន មិនថា អ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីត អេមីរ៉ាតអារ៉ាប់រួម បាន​ជួប​ពិភាក្សា​គ្នា​ជាច្រើន​លើក ស្វែងរក​សុខសន្តិភាព​ឲ្យ​យេម៉ែន ប៉ុន្តែ គ្មាន​ផ្តល់​លទ្ធផល​អ្វី​ជា​ដុំកំភួន។ បញ្ហា​ផលប្រយោជន៍ ជា​ហេតុផល​ចំបង ដែល​គ្មាន​ភាគី​ណា​ចង់​ឃើញ​សង្រ្គាម​បិទបញ្ចប់​នៅយេម៉ែន។ សព្វាវុធ​បារាំង អាមេរិក ត្រូវ​បាន​គេ​រកឃើញ នៅក្នុង​ទឹកដី យេម៉ែន នោះបើទោះបី​ជា​ប្រទេស​ទាំងពីរ និយាយការពារ​ខ្លួន​ថា អាវុធ​ទាំងនោះ ត្រូវ​បាន​លក់ ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីត ដើម្បី ទុកការពារ​ខ្លួន ប៉ុន្តែ មិនមែន​សម្រាប់​ធ្វើ​សង្រ្គាម​នៅ​យេម៉ែន។ មួយវិញទៀត អេមីរ៉ា អារ៉ាប់ រួម ដែល​ចូលរួម​ដៃ​ជាមួយ អារ៉ាប៊ី សាអូឌីត ធ្វើ​សង្រ្គាម​នៅយេម៉ែន ក៏ព្រោះ​តែ​សំលឹង​ឃើញ​ផលប្រយោជន៍ ច្រកសេដ្ឋកិច្ច នៅ​កំពង់​ផែ​ភាគខាងត្បូង​យេម៉ែន។ សព្វថ្ងៃនេះ អេមីរ៉ាតអារ៉ាប់រួម កំពុងឧបត្ថម្ភទុន​ជួយ ចលនា​អ៊ីស្លាម មួយក្រុម​ដែល​កំពុង​កាន់កាប់​ទីក្រុង​កំពង់ផែ អាឌែន និង​ដែល​បាន​ប្រកាស​បំបែក​ទឹកដី នៅ​ភាគខាងត្បូង ចេញពី​រដ្ឋអំណាច​ស្របច្បាប់​យេម៉ែន ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ