ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 08/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 08/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 08/12 12h00 GMT
មជ្ឈិមបូព៌ា

អាជ្ញាធរ​ប៉ាឡេស្ទីន​ប្រកាស​លែង​គោរព​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីស្រាអែល

media  
អ៊ីស្រាអែល​បំផ្លាញ​ផ្ទះ​របស់​ប្រជាជន​ប៉ាឡេស្ទីន​ដែល​សង់​ក្នុង​ទឹកដី​គ្រប់គ្រង​ដោយ​ប៉ាឡេស្ទីន ភាគខាងត្បូង​ហ្ស៊េរុយសាឡិម កាលពីថ្ងៃ​ចន្ទ ទី ២២​កក្កដា ២០១៩ ©REUTERS/Mussa Qawasma

អាជ្ញាធរ​ប៉ាឡេស្ទីន គំរាម​ឈប់ អនុវត្ត​កិច្ចព្រមព្រៀង ដែល​ចុះ​ជាមួយ អ៊ីស្រាអែល។ ក្នុងរូបភាព​តានតឹង​សាជាថ្មី ជាមួយ​អ៊ីស្រាអែល ដែល​បាន​វាយបំផ្លាញ​ផ្ទះ​ប្រជាជន​ប៉ាឡេស្ទីន នៅ​នៅ​ស៊ីហ្សកដានី ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ លោកម៉ាមូដ អាបាស់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចេញមុខ ដោយ​ផ្ទាល់ ប្រកាសលែង​គោរព​កិច្ចព្រមព្រៀង ដែល​ភាគី​ទាំងពីរ​ធ្លាប់​បាន​ចុះហត្ថលេខា នៅ​ដើមឆ្នាំ ១៩៩០ ក្នុង​គោលដៅ​រក្សា​សុខសន្តិភាព រវាងគ្នា។

 

នៅ​ថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ អ៊ីស្រាអែល​បាន​ដាក់​គ្រាប់បែក កម្ទេច ផ្ទះ ប្រជាជន​ប៉ាឡេស្ទីន ១៧ខ្នង ដែល​សង់ នៅ​ក្នុង​តំបន់​កាន់កាប់​ដោយ​អាជ្ញាធរ​ប៉ាឡេស្ទីន ប៉ុន្តែ​ដែល​អ៊ីស្រាអែល​ចាត់ទុក​ជា​គ្រោះថ្នាក់​គំរាមកំហែង​ដល់​សន្តិសុខ អ៊ីស្រាអែល ព្រោះ​វា​សង់នៅក្បែរ កៀក​ពេក​នឹង​របង​តំបន់​អាណានិគម​របស់អ៊ីស្រាអែល នៅ​លើ​ទឹកដី​ប៉ាឡេស្ទីន ស៊ីហ្សកដានី។ នៅ​ថ្ងៃ ពុធ ក្រុមប្រទេស​អ៊ីស្លាម​នាំមុខ​ដោយ​កូវ៉ែត ឥណ្ឌូណេស៊ី និងអាហ្វ្រិកខាងត្បូង​បាន​ស្នើ​អត្ថបទ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​អ៊ីស្រាអែល ប៉ុន្តែ អាមេរិក សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​បាន​លើកដៃ​វេតូ ប្រឆាំង។

ប៉ុន្មាន​ថ្ងៃ​ក្រោយ អ៊ីស្រាអែល​វាយកម្ទេច​ផ្ទះ ប្រជាជន​ប៉ាឡេស្ទីន នៅ​ភាគខាងត្បូង ហ្ស៊េរុយសាឡិម ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋអំណាច​ប៉ាឡេស្ទីន ប្រមុខដឹកនាំ​ប៉ាឡេស្ទីន លោក​ម៉ាមូដ​អាបាស់​បាន​ចេញ​មុខ ប្រកាស​ឈប់​អនុវត្ត​កិច្ចព្រមព្រៀង ដែល​ប៉ាឡេស្ទីន​បាន​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីស្រាអែល។ សម្រាប់​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន ទង្វើ​របស់​អ៊ីស្រាអែល ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ស្តែង​ឲ្យ​ឃើញ​ជាថ្មី ពី​នយោបាយ​អ៊ីស្រាអែល ដើម្បី បោសសម្អាត​ជនជាតិ​ភាគតិច។

អ្នកទទួល​ខុសត្រូវ​ប៉ាឡេស្ទីន​ធ្លាប់​បាន​ព្រមាន​ជាច្រើនលើក ថា លែង​គោរព​តាម​កិច្ចព្រមព្រៀង ជាមួយ​អ៊ីស្រាអែល ប៉ុន្តែ នេះ​ជាលើកទី១ ដែលលោក ម៉ាមូដ អាបាស់ ចេញមុខ​ប្រកាស​ដោយ​ផ្ទាល់​បែបនេះ។ យ៉ាងណា​ក៏​ដោយ គេ​នៅមិន​ទាន់​ច្បាស់ទេថា តើ​លោកអាបាស់​នឹង​អាច​ធ្វើ​តាម​ការប្រកាស​របស់លោកដែរឬទេ ព្រោះ ថា លែង​គោរព​តាមកិច្ចព្រមព្រៀង​ទ្វេភាគី នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន​ដែល​លោក​ជា​មេដឹកនាំ។ កិច្ចព្រមព្រៀង ទីក្រុង​អូស្លូ ដែល​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​បាន​ចុះជាមួយគ្នា នៅ​ដើមឆ្នាំ ១៩៩០ មាន​ចែង​តាំង​ពី​ការគ្រប់គ្រង​ទឹក សេដ្ឋកិច្ច រហូត​ដល់​សន្តិសុខ។

នៅ​ខែ​កុម្ភៈ​កន្លងទៅ ដើម្បី​សងសឹក​នឹង​អាជ្ញាធរ​ប៉ាឡេស្ទីន ដែល​ផ្តល់ជំនួយ​ទឹកប្រាក់​ដល់​គ្រួសារ​របស់​អ្នកទោស​ប៉ាឡេស្ទីន ដែល​ជាប់ទោស ពីបទ​វាយប្រហារ​លើ​ទឹកដី​អ៊ីស្រាអែល រដ្ឋាភិបាល អ៊ីស្រាអែល​បាន​សម្រេច​បង្កក​ទឹកប្រាក់​១២២​លាន​អឺរ៉ូ ដែល​អ៊ីស្រាអែល​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ប៉ាឡេស្ទីន ក្នុង​នាម​ជា​អ្នកប្រមូលពន្ធ ជំនួស​ឲ្យ​ប៉ាឡេស្ទីន។

សម្រាប់​ភាគី​អ៊ីស្រាអែល កិច្ចព្រមព្រៀង​អូស្លូ ដួលរលំ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ នៅក្នុង​ទឹកដី ស៊ីហ្សកដានី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​ឈ្លានពាន​កាន់កាប់ ដោយ​ខុសច្បាប់ តាំង​ពី​ឆ្នាំ ១៩៦៧មក។ នៅ​ស៊ីហ្សកដានី ប៉ាឡេស្ទីន ប្រជាជន​អ៊ីស្រាអែល ជាង ៤សែននាក់ រស់នៅ​ក្នុង​តំបន់អាណានិគមកិច្ច អមព័ទ្ធ ដោយ​ប្រជាជន​ប៉ាឡេស្ទីន ជាង ២លាននាក់។ តាម​កិច្ចព្រមព្រៀង ទ្វេភាគី អាជ្ញាធរ​ប៉ាឡេស្ទីន បាន​ផ្តល់ព័ត៌មាន​សម្ងាត់ ដែល​ជួយ ឲ្យ​អ៊ីស្រាអែល ទប់ស្កាត់ទាន់ពេលវេលា គម្រោង​ភេរវកម្ម​ប្រឆាំង​ប្រជាជន​អ៊ីស្រាអែល នៅ​ស៊ីហ្សកដានី ប៉ាឡេស្ទីន ឬ​នៅ​លើទឹកដី​អ៊ីស្រាអែល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ