ហេតុអ្វីបានជាប្រទេសយេម៉ែនកំពុងប្រឈមនឹងហានិភ័យសង្រ្គាមស៊ីវិលនៅក្នុងសង្រ្គាមស៊ីវិល?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៩
នៅក្នុងប្រទេសយេម៉ែន កម្លាំងសម្ព័ន្ធអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារក្នុងថ្ងៃអាទិត្យ ទី១១ សីហាលើកម្លាំងអ្នកទាមទារផ្តាច់ទឹកដីនិយមដែលបានវាយយកវិមានប្រធានាធិបតីក្នុងទីក្រុងអាដេននាថ្ងៃសៅរ៍ ទី១០ សីហា។ ការវាយយកវិមានប្រធានាធិបតីនៅអាដេនពីពួកអ្នកទាមទារផ្តាច់ទឹកដីនិយមបានធ្វើឲ្យយេម៉ែនដែលកំពុងធ្លាក់ក្នុងសង្រ្គាមហែកហួរផ្ទៃក្នុងស្រាប់តាំងពី ៥ឆ្នាំបានផុងខ្លួនកាន់តែជ្រៅមួយកម្រិតទៀត។ គួររម្លឹកថា កម្លាំងអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែកខាងត្បូងជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលតាំងពីឆ្នាំ ២០១៥ ហើយសម្ព័ន្ធមិត្តមួយនេះបានរួមកម្លាំងគ្នាប្រឆាំងនឹងចលនាឧទ្ទាមហ៊ូទីនៅប៉ែកខាងជើងដូចគ្នា។ តែគេសង្កេតឃើញថានារយៈពេលចុងក្រោយនេះ ភាពប្រេះឆារវាងសម្ព័ន្ធមិត្តទាំងពីរហាក់កើតមានញឹកញាប់។
ដើម្បីអាចយល់ពីព្រឹត្តិការណ៍ចុងក្រោយមួយនេះបាន គេគួរតែបកក្រោយបន្តិចដើម្បីរម្លឹកពីមូលហេតុដែលបានធ្វើឲ្យយេម៉ែនធ្លាក់ក្នុងសង្រ្គាមស៊ីវិលមកដល់សព្វថ្ងៃ។ ឆ្នាំ ២០១១ ដែលជាឆ្នាំនៃការផ្តើមភ្លួករសជាតិបដិវត្តអារ៉ាប់ពីប្រទេសអារ៉ាប់មួយចំនួននៅក្នុងតំបន់ កម្លាំងមហាជនយេម៉ែនបានបង្ខំប្រធានាធិបតីយេម៉ែនលោកសាឡេឲ្យចុះចេញពីតំណែងដោយខ្លួនឯង ហើយលោកហាឌីក៏បានក្លាយជាប្រធានាធិបតីស្របច្បាប់ក្នុងខែកុម្ភៈ ឆ្នាំ ២០១២។ តែផ្ទុយពីប្រទេសអារ៉ាប់មួយចំនួន យេម៉ែនបែរជាបានធ្លាក់ក្នុងវិបត្តិហែកហួរផ្ទៃក្នុងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឆ្នាំ ២០១៤ ក្រុមឧទ្ទាមហ៊ូទីនិកាយឈីអ៊ីតដែលគាំទ្រប្រធានាធិបតីធ្លាក់ពីអំណាចលោកសាឡេបានវាយចូលកាន់កាប់ទីក្រុងសាណា ហើយក៏បានបង្ខំប្រធានាធិបតីថ្មីលោកហាឌីឲ្យភៀសខ្លួនទៅជ្រកកោណក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងខែកុម្ភៈ ឆ្នាំ ២០១៥។
នៅពេលនោះ រដ្ឋាភិបាលរបស់លោកហាឌីក៏បានរើទៅបោះទីតាំងបណ្តោះអាសន្ននៅប៉ែកខាងត្បូងក្នុងទីក្រុងអាដេនមកដល់សព្វថ្ងៃ។ គួរបញ្ជាក់ថា ក្រៅពីជាទីក្រុងធំទី២ របស់យេម៉ែន អាដេនក៏ជាដែនដីដែលក្រុមអ្នកទាមទារផ្តាច់ទឹកដីនិយមកំពុងមានឥទ្ធិពលខ្លាំងដែរ។ នៅពេលប្រទេសអារ៉ាប៊ីសាអូឌីតបានដឹកនាំកម្លាំងសម្ព័ន្ធអារ៉ាប់វាយប្រហារលើពួកឧទ្ទាមហ៊ូទីក្នុងឆ្នាំ ២០១៥ ក្រុមអ្នកទាមទារផ្តាច់ទឹកដីនិយមបានរួមដៃជាមួយកម្លាំងរបស់លោកហាឌីដើម្បីប្រឆាំងនឹងពួកឧទ្ទាមហ៊ូទីដូចគ្នា។ តែនារយៈពេលចុងក្រោយ ភាពប្រេះឆារវាងសម្ព័ន្ធមិត្តទាំងពីរហាក់កើតមានញឹកញាប់។ ក្នុងឆ្នាំ ២០១៨ ការប៉ះទង្គិចផ្លូវអាវុធរយៈពេល ៣ថ្ងៃរវាងកម្លាំងរដ្ឋាភិបាល និងកម្លាំងអ្នកទាមទារផ្តាច់ទឹកដីនិយមបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៣៨នាក់ និងរបួស ២២២នាក់។
ចំណែកការវាយប្រហារក្នុងថ្ងៃសៅរ៍ ទី១០ សីហាដែលរហូតធ្វើឲ្យកម្លាំងអ្នកទាមទារផ្តាច់ទឹកដីនិយមដណ្តើមបានវិមានប្រធានាធិបតីបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ១៨នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ រហូតមកដល់ពេលនេះ គេពិបាកកំណត់មូលហេតុពិតនៃការប្រឈមមុខដាក់គ្នារវាងសម្ព័ន្ធមិត្តទាំងពីរ។ អ្វីដែលគេអាចនិយាយបានពេលនេះគឺថា ស្មារតីចង់បានឯករាជ្យនៅតំបន់ប៉ែកខាងត្បូងកំពុងមានបន្តឥទ្ធិពលខ្លាំង ព្រោះចូរកុំភ្លេចថានៅក្នុងអតីតកាល អាដេនធ្លាប់ជាទីក្រុងរបស់យេម៉ែនខាងត្បូងដែលជារដ្ឋឯករាជ្យមួយ មុននឹងរួបរួមជាមួយតំបន់ប៉ែកខាងជើងក្នុងទសវត្សឆ្នាំ ៩០។
សង្រ្គាមស៊ីវិលនៅក្នុងសង្រ្គាមស៊ីវិល
រូបភាពនៃការប្រេះឆារវាងកម្លាំងរដ្ឋាភិបាល និងកម្លាំងអ្នកទាមទារផ្តាច់ទឹកដីនិយមត្រូវបានគេមើលឃើញថា យេម៉ែនកំពុងប្រឈមនឹងហានិភ័យនៃសង្រ្គាមស៊ីវិលនៅក្នុងសង្គ្រាមស៊ីវិល។ យេម៉ែនបានស្គាល់ភាពវឹកវរតាំងពីឆ្នាំ ២០១១ និងបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលតាំងពីឆ្នាំ ២០១៥។ តាមប្រភពពីអង្គការមនុស្សធម៌ផ្សេងៗ ជម្លោះនៅយេម៉ែនបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើនម៉ឺននាក់ ពិសេសជនស៊ីវិល និងមានជនបម្លាស់ទីប្រមាណជា ៣លាន ៣សែននាក់។ តាមអង្គការសហប្រជាជាតិ មានពលរដ្ឋយេម៉ែនជាង ២៤លាននាក់ ពោល ៨០% នៃចំនួនពលរដ្ឋសរុបកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។
តាំងពីឆ្នាំ ២០១៥ មក កម្លាំងរដ្ឋាភិបាល និងកម្លាំងអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែកខាងត្បូងបានចាប់ដៃគ្នាប្រឆាំងសត្រូវរួមតែមួយ គឺចលនាឧទ្ទាមហ៊ូទីនៅប៉ែកខាងជើងដែលកំពុងកាន់កាប់ទីក្រុងសាណា។ ម្យ៉ាងទៀត កម្លាំងរដ្ឋាភិបាល និងកម្លាំងអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែកខាងត្បូងក៏ទទួលបានការគាំទ្រពីកម្លាំងសម្ព័ន្ធអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួមដែរ។ ទន្ទឹមនឹងរូបភាពប្រេះឆារវាងកម្លាំងរដ្ឋាភិបាល និងកម្លាំងអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែកខាងត្បូង ក៏គេសង្កេតឃើញមានការបែកបាក់រវាងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលស្ថិតក្នុងកម្លាំងសម្ព័ន្ធអារ៉ាប់ដូចគ្នាដែរ។
នៅម្ខាង ទីក្រុងរីយ៉ាដបានគាំទ្រកម្លាំងរដ្ឋាភិបាលយេម៉ែនរបស់លោកប្រធានាធិបតីហាឌី និងនៅម្ខាងទៀត ទីក្រុងអាប៊ូដាប៊ីបានគាំទ្រកម្លាំងអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែកខាងត្បូង។ ដូច្នេះវាជារឿងបន្ទាន់មួយដែលភាគីរដ្ឋាភិបាលយេម៉ែន និងភាគីអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែកខាងត្បូងរួសរាន់ជួបចរចាគ្នា ហើយប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមក៏ត្រូវបង្ហាញជំហររួម និងនិយាយសម្លេងតែមួយដូចគ្នាដែរ។ បើមិនដូច្នោះទេ អ្នកដែលឈ្នះចុងក្រោយនៅក្នុងសង្រ្គាមស៊ីវិលយេម៉ែនពេលនេះមិនមែនភាគីរដ្ឋាភិបាលយេម៉ែន ហើយក៏មិនមែនក្រុមអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែកខាងត្បូងដែរ តែគឺចលនាឧទ្ទាមហ៊ូទីដែលកំពុងកាន់កាប់ទីក្រុងសាណា និងមានការជួយគាំទ្រពេញទំហឹងពីប្រទេសអ៊ីរ៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ