តើទីផ្សារប្រេងឆៅក្នុងលោកកំពុងស្ថិតមាត់ជ្រោះនៃវិបត្តិឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០០
ក្នុងរយៈពេល ៣ខែ មានកប៉ាល់ដឹកប្រេងប្រមាណជា ១០គ្រឿងបានរងការវាយប្រហារនៅក្នុងច្រកសមុទ្រអកមូ ហើយគឺនៅច្រកសមុទ្រយុទ្ធសាស្រ្តនេះដដែល ដែលមានយន្តហោះដ្រូនអាមេរិកាំងមួយគ្រឿង និងអ៊ីរ៉ង់មួយគ្រឿងបានរងការបាញ់កម្ទេច។ តាំងពីពេលនោះមក សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសបានពង្រឹងវត្តមានកម្លាំងទ័ពបន្ថែមនៅក្បែរច្រកសមុទ្រអកមូ។ ទន្ទឹមគ្នានេះ អង្គការនៃក្រុមប្រទេសនាំប្រេងចេញហៅកាត់ OPEP និងប្រទេសរុស្ស៊ីបានសម្រេចនាដើមខែកក្កដាក្នុងការមិនដំឡើងផលិតកម្មប្រេងឆៅ។ នយោបាយមួយនេះមានគោលដៅបង្កើនតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ។ តែខុសពីក្តីរំពឹងទុករបស់ក្រុមប្រទេសជង្រុកប្រេងឆៅ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិហាក់កំពុងដាំក្បាលចុះទៅវិញ។ តើនេះមកពីមូលហេតុអ្វី និងថា តើអ្នកណាដែលបន្តទទួលបានផលចំណេញជាងគេ?
តាំងពីដើមរដូវក្តៅមកដល់ពេលនេះ តម្លៃប្រេងឆៅក្នុងមួយបារីលនៅលើទីផ្សារអន្តរជាតិមានតម្លៃចន្លោះពី ៥៧ដុល្លារទៅ ៦៥ដុល្លារសហរដ្ឋអាមេរិក។ ជាក់ស្តែងក្នុងថ្ងៃចន្ទ ទី១២ សីហា តម្លៃប្រេងឆៅមួយបារីលបានចរចាក្នុងតម្លៃ ៥៨ដុល្លារសហរដ្ឋអាមេរិកនៅទីផ្សារទីក្រុងឡុងដ៏។ គឺជាតម្លៃមួយទាបខ្លាំងខុសពីក្តីរំពឹងទុករបស់ក្រុមរាជាណាចក្រជម្រុកប្រេងឆៅគ្រាក់ៗ ដូចយ៉ាងប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រុមរាជាណាចក្រជម្រុកប្រេងឆៅរួមទាំងអង្គការ OPEP បានយល់ឃើញដូចគ្នាដោយសង្ឃឹមថា ការមិនបង្កើនផលិតកម្មប្រេងឆៅ និងវិបត្តិនៅច្រកសមុទ្រអកមូរវាងសហរដ្ឋអាមេរិក អ៊ីរ៉ង់នឹងជួយធ្វើឲ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ។ ចុះហេតុអ្វីបែរជាតម្លៃបាននៅទ្រឹង និងហាក់កំពុងដាំក្បាលចុះទៅវិញ?។
មានកត្តាយ៉ាងហោចណាស់ចំនួនពីរចំពោះសំណួរនេះ ទី១ សហរដ្ឋអាមេរិកបានបន្តបង្កើនការបូមប្រេងរបស់ខ្លួនដោយគ្មានបង្អង់ដៃ។ ក្នុងខែឧសភា សហរដ្ឋអាមេរិកបានបូមប្រេងក្នុងមួយថ្ងៃជាង ១២លានបារីល ពោលច្រើនជាងឆ្នាំទៅមិញចំនួន ១លាន ៧សែនបារីល។ ទោះបីជាសហរដ្ឋអាមេរិកនៅបន្តទិញប្រេងឆៅពីក្រៅក្នុងបរិមាណតិចតួចក៏ដោយ ក៏សហរដ្ឋអាមេរិកបាននាំចេញប្រេងឆៅរបស់ខ្លួនច្រើនណាស់ ពោលច្រើនជាងតម្រូវការរបស់ពិភពលោកទៅទៀត។ កត្តាទី២ គឺសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងធ្វើឲ្យតម្រូវការប្រេងឆៅធ្លាក់ចុះ។ ចូរកុំភ្លេចថា ចិនជាប្រទេសទិញប្រេងឆៅច្រើនជាងគេ ហើយគឺការស្រេកឃ្លានមាសខ្មៅរបស់ចិននេះឯងដែលជាកត្តាជំរុញឲ្យមានកំណើននៃតម្រូវការ។
ក្នុងឆ្នាំ ២០១៨ កន្លងទៅ ចិនតែម្នាក់ឯងបានស្រូបយក ២០% នៃតម្រូវការប្រេងឆៅក្នុងលោក។ គេបានសម្គាល់ឃើញជារួមថា គឺកំណើននៃតម្រូវការប្រេងឆៅនៅអាស៊ីដែលបានធ្វើឲ្យតម្រូវការប្រេងឆៅក្នុងលោកឡើងដល់កម្រិត ១០០លានបារីក្នុងមួយថ្ងៃនាឆ្នាំ ២០១៨ កន្លងទៅ។ គេនៅមិនទាន់ថា តើសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនពេលនេះនឹងត្រូវចប់ដោយវិធីណា និងចេញតាមច្រកណាទេ។ តែក្រុមអ្នកឃ្លាំមើលទីផ្សារប្រេងឆៅមានសុទិដ្ឋិនិយមថា សង្រ្គាមមួយនេះនឹងធ្វើឲ្យតម្រូវការប្រេងឆៅរបស់ចិនធ្លាក់ចុះដែលនាំឲ្យតម្រូវការប្រេងឆៅក្នុងលោកធ្លាក់ចុះជាលក្ខណៈស្វ័យប្រវត្តិ។ ចំណែកទីភ្នាក់ងារថាមពលអន្តរជាតិក៏បានយល់ឃើញស្រដៀងគ្នាដោយបានអះអាងកាលពីថ្ងៃទី៩ សីហាថា សំណាងទទួលបានកិច្ចព្រមព្រៀងនយោបាយមួយរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនបានធ្លាក់ចុះដែលអាចនឹងជះផលវិបាកដល់សកម្មភាពពាណិជ្ជកម្ម និងដល់កំណើនតម្រូវការប្រេងឆៅក្នុងលោក។
យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញខាងប្រេងហាក់បានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើភាពតានតឹងនៅច្រកសមុទ្រអកមូរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់។ អ្នកខ្លះយល់ថា ជម្លោះនៅច្រកសមុទ្រអកមូបានអនុញ្ញាតឲ្យតម្លៃប្រេងមិនធ្លាក់ថ្លៃខ្លាំងជ្រុល។ តែអ្នកខ្លះទៀតយល់ថា អ្វីៗនឹងអាចវិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងទិសដៅពីរផ្ទុយគ្នា។ បើជម្លោះផ្លូវយោធាផ្ទុះឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មែន នោះតម្លៃប្រេងនឹងអាចឡើងថ្លៃខ្លាំង។ ផ្ទុយទៅវិញបើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្រុះស្រួលគ្នា តម្លៃប្រេងអាចនឹងធ្លាក់ចុះឆាប់រហ័ស។ គួរបញ្ជាក់ថាមកទល់ពេលនេះ ស្ថានភាពនៅច្រកសមុទ្រអកមូកំពុងបន្តក្តៅងំ តែស្ងប់ស្ងាត់។
អ្នកជំនាញម្នាក់បានយល់ឃើញថា អ៊ីរ៉ង់គ្មានចេតនា និងគ្មានមធ្យោបាយដើម្បីបិទច្រកសមុទ្រអកមូទេ។ អ្វីដែលអ៊ីរ៉ង់ចង់បាននៅចំពោះមុខ គឺបង្កភាពរអាក់រអួលចរាចរណ៍នៅច្រកសមុទ្រអកមូ បង្កបញ្ហាដើម្បីឲ្យតម្លៃប្រេងឆៅឡើងខ្ពស់ និងបង្ខំសហភាពអឺរ៉ុប រួមទាំងចិនឲ្យដាក់គំនាបលើសហរដ្ឋអាមេរិកឲ្យដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីខ្លួនវិញ។ ទោះជាយ៉ាងនេះក្តី អ្នកដែលកំពុងបន្តទទួលផលចំណេញ គឺគ្មានអ្នកណាក្រៅពីក្រុមហ៊ុនប្រេងគ្រាក់ៗក្នុងលោក ដូចជា ExxonMobil Chevron Shell Total ឬ BP ទេ។ ពិតណាស់នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១៩ ក្រុមហ៊ុនទាំងនេះទទួលបានប្រាក់ចំណេញតិចជាងត្រីមាសទី២ ឆ្នាំ ២០១៨ មែន តែនៅជាប្រាក់ចំណេញដ៏ច្រើនសម្បើមគួរឲ្យកត់សម្គាល់។ ៣ ១០០លានដុល្លារសម្រាប់ក្រុមហ៊ុន ExxonMobil ៤ ៣០០លានដុល្លារសម្រាប់ក្រុមហ៊ុន Chevron ក្រុមហ៊ុន Shell ទទួលបានក្បែរ ៣ ០០០លានដុល្លារ ២ ៨០០លានដុល្លារសម្រាប់ក្រុមហ៊ុន Total និង ១ ៨០០លានដុល្លារសម្រាប់ក្រុមហ៊ុន BP៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ