ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT

តើទីផ្សារប្រេងឆៅក្នុងលោកកំពុងស្ថិតមាត់ជ្រោះនៃវិបត្តិឬ?

តើទីផ្សារប្រេងឆៅក្នុងលោកកំពុងស្ថិតមាត់ជ្រោះនៃវិបត្តិឬ?
 
តើទីផ្សារប្រេងឆៅក្នុងលោកកំពុងស្ថិតមាត់ជ្រោះនៃវិបត្តិឬ? REUTERS/Nick Oxford/File Photo

ក្នុង​រយៈពេល ៣ខែ មាន​កប៉ាល់ដឹកប្រេង​ប្រមាណ​ជា ១០គ្រឿង​បាន​រង​ការ​វាយប្រហារ​នៅ​ក្នុង​ច្រកសមុទ្រ​អកមូ ហើយ​គឺ​នៅ​ច្រកសមុទ្រ​យុទ្ធសាស្រ្ត​នេះ​ដដែល ដែល​មាន​យន្តហោះដ្រូន​អាមេរិកាំង​មួយ​គ្រឿង និង​អ៊ីរ៉ង់​មួយ​គ្រឿង​បាន​រង​ការ​បាញ់កម្ទេច។ តាំង​ពី​ពេល​នោះ​មក សហរដ្ឋអាមេរិក និង​ប្រទេស​អង់គ្លេស​បាន​ពង្រឹង​វត្តមាន​កម្លាំងទ័ព​បន្ថែម​នៅ​ក្បែរ​ច្រកសមុទ្រ​អកមូ។ ទន្ទឹម​គ្នា​នេះ អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ហៅកាត់ OPEP និង​ប្រទេស​រុស្ស៊ី​បាន​សម្រេច​នា​ដើម​ខែ​កក្កដា​ក្នុង​ការ​មិន​ដំឡើង​ផលិតកម្ម​ប្រេងឆៅ។

នយោបាយ​មួយ​នេះ​មាន​គោលដៅ​បង្កើន​តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ តែ​ខុស​ពី​ក្តី​រំពឹង​ទុក​របស់​ក្រុម​ប្រទេស​ជង្រុកប្រេងឆៅ តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារអន្តរជាតិ​ហាក់​កំពុង​ដាំក្បាល​ចុះ​ទៅ​វិញ។ តើ​នេះ​មក​ពី​មូលហេតុ​អ្វី និង​ថា តើ​អ្នក​ណា​ដែល​បន្ត​ទទួល​បាន​ផល​ចំណេញ​ជាង​គេ?

តាំង​ពី​ដើម​រដូវក្តៅ​មក​ដល់​ពេល​នេះ តម្លៃប្រេងឆៅ​ក្នុង​មួយ​បារីល​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ចន្លោះ​ពី ៥៧ដុល្លារ​ទៅ ៦៥ដុល្លារ​សហរដ្ឋអាមេរិក។ ជាក់ស្តែង​ក្នុង​ថ្ងៃ​ចន្ទ ទី១២ សីហា តម្លៃ​ប្រេងឆៅ​មួយ​បារីល​បាន​ចរចា​ក្នុង​តម្លៃ ៥៨ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ទីផ្សារ​ទីក្រុង​ឡុងដ៏។ គឺ​ជា​តម្លៃ​មួយ​ទាបខ្លាំង​ខុស​ពី​ក្តី​រំពឹង​ទុក​របស់​ក្រុម​រាជាណាចក្រ​ជម្រុក​ប្រេងឆៅ​គ្រាក់ៗ ដូច​យ៉ាង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ក្រុម​រាជាណាចក្រ​ជម្រុក​ប្រេងឆៅ​រួម​ទាំង​អង្គការ OPEP បាន​យល់​ឃើញ​ដូច​គ្នា​ដោយ​សង្ឃឹម​ថា ការ​មិន​បង្កើន​ផលិតកម្ម​ប្រេងឆៅ និង​វិបត្តិ​នៅ​ច្រកសមុទ្រ​អកមូ​រវាង​សហរដ្ឋអាមេរិក អ៊ីរ៉ង់​នឹង​ជួយ​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារអន្តរជាតិ​ឡើង​ថ្លៃ។ ចុះ​ហេតុ​អ្វី​បែរ​ជា​តម្លៃ​បាន​នៅ​ទ្រឹង និង​ហាក់​កំពុង​ដាំ​ក្បាល​ចុះ​ទៅ​វិញ?។

មាន​កត្តា​យ៉ាង​ហោច​ណាស់​ចំនួន​ពីរ​ចំពោះ​សំណួរ​នេះ ទី១ សហរដ្ឋអាមេរិក​បាន​បន្ត​បង្កើន​ការ​បូមប្រេង​របស់​ខ្លួន​ដោយ​គ្មាន​បង្អង់​ដៃ។ ក្នុង​ខែ​ឧសភា សហរដ្ឋអាមេរិក​បាន​បូមប្រេង​ក្នុង​មួយ​ថ្ងៃ​ជាង ១២លានបារីល ពោល​ច្រើន​ជាង​ឆ្នាំ​ទៅ​មិញ​ចំនួន ១លាន ៧សែន​បារីល។ ទោះ​បី​ជា​សហរដ្ឋអាមេរិក​នៅ​បន្ត​ទិញ​ប្រេងឆៅ​ពី​ក្រៅ​ក្នុង​បរិមាណ​តិចតួច​ក៏​ដោយ ក៏​សហរដ្ឋអាមេរិក​បាន​នាំ​ចេញ​ប្រេងឆៅ​របស់​ខ្លួន​ច្រើន​ណាស់ ពោល​ច្រើន​ជាង​តម្រូវការ​របស់​ពិភពលោក​ទៅ​ទៀត។ កត្តា​ទី២ គឺ​សង្រ្គាមពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ដែល​កំពុង​ធ្វើ​ឲ្យ​តម្រូវការ​ប្រេងឆៅ​ធ្លាក់​ចុះ។ ចូរ​កុំ​ភ្លេច​ថា ចិន​ជា​ប្រទេស​ទិញ​ប្រេងឆៅ​ច្រើន​ជាង​គេ ហើយ​គឺ​ការ​ស្រេកឃ្លាន​មាសខ្មៅ​របស់​ចិន​នេះ​ឯង​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​តម្រូវការ។

ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ ចិន​តែ​ម្នាក់​ឯង​បាន​ស្រូប​យក ២០% នៃ​តម្រូវការ​ប្រេងឆៅ​ក្នុង​លោក។ គេ​បាន​សម្គាល់​ឃើញ​ជា​រួម​ថា គឺ​កំណើន​នៃ​តម្រូវការ​ប្រេងឆៅ​នៅ​អាស៊ី​ដែល​បាន​ធ្វើ​ឲ្យ​តម្រូវការ​ប្រេងឆៅ​ក្នុង​លោក​ឡើង​ដល់​កម្រិត ១០០លានបារី​ក្នុង​មួយ​ថ្ងៃ​នា​ឆ្នាំ ២០១៨ កន្លង​ទៅ។ គេ​នៅ​មិន​ទាន់​ថា តើ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ពេល​នេះ​នឹង​ត្រូវ​ចប់​ដោយ​វិធី​ណា និង​ចេញ​តាម​ច្រក​ណា​ទេ។ តែ​ក្រុម​អ្នកឃ្លាំមើល​ទីផ្សារប្រេងឆៅ​មាន​សុទិដ្ឋិនិយម​ថា សង្រ្គាម​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​តម្រូវការ​ប្រេងឆៅ​របស់​ចិន​ធ្លាក់​ចុះ​ដែល​នាំ​ឲ្យ​តម្រូវការ​ប្រេងឆៅ​ក្នុង​លោក​ធ្លាក់​ចុះ​ជា​លក្ខណៈ​ស្វ័យប្រវត្តិ។ ចំណែក​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ក៏​បាន​យល់ឃើញ​ស្រដៀង​គ្នា​ដោយ​បាន​អះអាង​កាល​ពី​ថ្ងៃទី៩ សីហា​ថា សំណាង​ទទួល​បាន​កិច្ចព្រមព្រៀង​នយោបាយ​មួយ​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​បាន​ធ្លាក់​ចុះ​ដែល​អាច​នឹង​ជះ​ផលវិបាក​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​ដល់​កំណើន​តម្រូវការ​ប្រេងឆៅ​ក្នុង​លោក។

យ៉ាង​ណា​ក៏​ដោយ ក្រុមអ្នកជំនាញ​ខាងប្រេង​ហាក់​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ភាព​តានតឹង​នៅ​ច្រកសមុទ្រ​អកមូ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីរ៉ង់។ អ្នក​ខ្លះ​យល់​ថា ជម្លោះ​នៅ​ច្រកសមុទ្រ​អកមូ​បាន​អនុញ្ញាត​ឲ្យ​តម្លៃប្រេង​មិន​ធ្លាក់​ថ្លៃ​ខ្លាំង​ជ្រុល។ តែ​អ្នក​ខ្លះ​ទៀត​យល់​ថា អ្វីៗ​នឹង​អាច​វិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​ក្នុង​ទិស​ដៅ​ពីរ​ផ្ទុយ​គ្នា។ បើ​ជម្លោះ​ផ្លូវយោធា​ផ្ទុះ​ឡើង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​មែន នោះ​តម្លៃប្រេង​នឹង​អាច​ឡើង​ថ្លៃ​ខ្លាំង។ ផ្ទុយ​ទៅ​វិញ​បើ​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ស្រុះស្រួល​គ្នា តម្លៃប្រេង​អាច​នឹង​ធ្លាក់​ចុះ​ឆាប់​រហ័ស។ គួរ​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ ស្ថានភាព​នៅ​ច្រកសមុទ្រ​អកមូ​កំពុង​បន្ត​ក្តៅងំ តែ​ស្ងប់ស្ងាត់។

អ្នក​ជំនាញ​ម្នាក់​បាន​យល់​ឃើញ​ថា អ៊ីរ៉ង់​គ្មាន​ចេតនា និង​គ្មាន​មធ្យោបាយ​ដើម្បី​បិទ​ច្រកសមុទ្រ​អកមូ​ទេ។ អ្វី​ដែល​អ៊ីរ៉ង់​ចង់​បាន​នៅ​ចំពោះ​មុខ គឺ​បង្ក​ភាព​រអាក់រអួល​ចរាចរណ៍​នៅ​ច្រកសមុទ្រ​អកមូ បង្ក​បញ្ហា​ដើម្បី​ឲ្យ​តម្លៃប្រេងឆៅ​ឡើង​ខ្ពស់ និង​បង្ខំ​សហភាពអឺរ៉ុប រួម​ទាំង​ចិន​ឲ្យ​ដាក់​គំនាប​លើ​សហរដ្ឋអាមេរិក​ឲ្យ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ខ្លួន​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ដែល​កំពុង​បន្ត​ទទួល​ផលចំណេញ គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​ក្រុមហ៊ុនប្រេង​គ្រាក់ៗ​ក្នុង​លោក ដូច​ជា ExxonMobil Chevron Shell Total ឬ BP ទេ។ ពិត​ណាស់​នៅ​ក្នុង​ត្រីមាសទី២ ឆ្នាំ ២០១៩ ក្រុមហ៊ុន​ទាំង​នេះ​ទទួល​បាន​ប្រាក់​ចំណេញ​តិច​ជាង​ត្រីមាសទី២ ឆ្នាំ ២០១៨ មែន តែ​នៅ​ជា​ប្រាក់ចំណេញ​ដ៏​ច្រើន​សម្បើម​គួរ​ឲ្យ​កត់សម្គាល់។ ៣ ១០០លានដុល្លារ​សម្រាប់​ក្រុមហ៊ុន ExxonMobil ៤ ៣០០លានដុល្លារ​សម្រាប់​ក្រុមហ៊ុន Chevron ក្រុមហ៊ុន Shell ទទួល​បាន​ក្បែរ ៣ ០០០លានដុល្លារ ២ ៨០០លានដុល្លារ​សម្រាប់​ក្រុមហ៊ុន Total និង ១ ៨០០លានដុល្លារ​សម្រាប់​ក្រុមហ៊ុន BP៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • សហរដ្ឋអាមេរិក-អាល្លឺម៉ង់

    អាមេរិក​គៀងគរ​សម្ព័ន្ធមិត្ត​ឲ្យ​ចូលរួម​ក្នុង​បេសកកម្ម ការពារ​សន្តិសុខ នៅ​ច្រកសមុទ្រ Ormuz

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ង់

    អ៊ីរ៉ង់​ចាប់​នាវា​ដឹក​ប្រេង​មួយ​គ្រឿង ដោយ​ចោទ​ពី​បទ​រត់​ពន្ធ​ប្រេង

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

    ស្វែងយល់បន្ថែម

  • Opep បន្តបន្ថយ​ការផលិត​ប្រេង តាម​សំណើ​របស់​ដៃគូ រុស្ស៊ី​-​អារ៉ាប៊ីសាអូឌីត

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ