បន្ទាប់ពីស៊ីរី អ៊ីស្រាអែលបានប្រើសមរភូមិអ៊ីរ៉ាក់ និងលីបង់ដើម្បីប្រឆាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២១
កាលពីសប្តាហ៍កន្លងទៅ អ៊ីស្រាអែលបានបើកការវាយប្រហារនៅក្នុងប្រទេសស៊ីរី លីបង់ និងប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនៅតំបន់ប៉ែកខាងត្បូងទីក្រុងដាម៉ាស់ប្រទេសស៊ីរីត្រូវបានអ៊ីស្រាអែលពន្យល់ថា ដើម្បីបង្ការការវាយប្រហាររបស់ដ្រូនអ៊ីរ៉ង់ពីទឹកដីស៊ីរី។ តែកងទ័ពអ៊ីស្រាអែលបន្តបដិសេធមិនបញ្ជាក់លើព័ត៌មានស្តីពីការវាយប្រហារដោយប្រើដ្រូនលើតំបន់ហេស្បូឡាស្ថិតនៅប៉ែកខាងត្បូងទីក្រុងបេរូតនៃប្រទេសលីបង់ និងនៅព្រំដែនរវាងអ៊ីរ៉ាក់-ស៊ីរីទេ។ ទោះជាយ៉ាងនេះក្តី មេចលនាហេស្បូឡាលីបង់លោកហាសាន ណាស្រាឡាបានគំរាមធ្វើការសងសឹកអ៊ីស្រាអែលវិញ។ អ្វីដែលគ្រប់គ្នាកំពុងបារម្ភ និងបានមើលឃើញពេលនេះគឺថា ការប្រឈមមុខមិនចំពោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលមកទល់ពេលនេះកម្រិតត្រឹមស៊ីរីហាក់កំពុងឆ្លងចូលប្រទេសលីបង់ និងអ៊ីរ៉ាក់។
ដើម្បីប្រឆាំងអ៊ីរ៉ង់ដែលជាសត្រូវស៊ូពូជរបស់ខ្លួន អ៊ីស្រាអែលបានប្រើគ្រប់មធ្យោបាយទាំងអស់ ទោះជាដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។ ពីខាងអ៊ីរ៉ង់វិញក៏មិនសូវខុសគ្នាប៉ុន្មានដែរ។ តាំងពីស៊ីរីបានធ្លាក់ក្នុងសង្រ្គាមហែកហួរក្នុងឆ្នាំ ២០១១ កងទ័ពអ៊ីស្រាអែលតែងបើកការវាយប្រហារច្រើនដងលើទឹកដីស៊ីរីដោយលើកយកហេតុផលទៅពន្យល់ថា គឺសំដៅផ្ទាំងស៊ីបរបស់អ៊ីរ៉ង់ និងហេស្បូឡាដែលជាសម្ព័ន្ធមិត្តពីររបស់ប្រធានាធិបតីស៊ីរីលោកអាសាដ។ កន្លងមក អ៊ីស្រាអែលធ្លាប់បានបញ្ជាក់ពីការបាញ់កម្ទេចដ្រូនអ៊ីរ៉ង់ដែលបានចូលក្នុងដែនអាកាសអ៊ីស្រាអែលក្នុងខែកុម្ភៈ ឆ្នាំ ២០១៨។ តែនេះជាលើកទី១ ដែលអ៊ីស្រាអែលបានសារភាពក្នុងថ្ងៃទី២៥ សីហាថា អ៊ីរ៉ង់បានត្រៀមប្រើដ្រូនវាយប្រហារខ្លួនពីទឹកដីស៊ីរី។
នៅក្នុងប្រទេសអ៊ីរ៉ាក់ ព័ត៌មានចុះផ្សាយដោយកាសែតអាមេរិក New York Times កាលពីថ្ងៃព្រហស្បតិ៍ ទី២២ សីហាដែលបានស្រង់សម្តីអ្នកទទួលខុសត្រូវអាមេរិកាំងបានបញ្ជាក់ថា អ៊ីស្រាអែលបានវាយប្រហារលើឃ្លាំងស្តុកអាវុធតាំងពីខែកក្កដា។ ប្រសិនបើព័ត៌មានមួយនេះជារឿងពិត ហើយបើការវាយប្រហារដោយប្រើដ្រូនពីអ៊ីស្រាអែលនៅអ៊ីរ៉ាក់តាមព្រំដែនជាមួយស៊ីរីកាលពីថ្ងៃអាទិត្យ ទី២៥ សីហាពិតជាមានមែន នោះវាជាសក្ខីកម្មមួយដែលបញ្ជាក់ពីការពង្រីកសមរភូមិយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ពិសេសពួកហេស្បូឡា។ ជម្រើសអ៊ីរ៉ាក់ជាសមរភូមិប្រឆាំងអ៊ីរ៉ង់របស់អ៊ីស្រាអែលមិនមែនជាជម្រើសចៃដន្យទេ ព្រោះបើតាមអ្នកវិភាគអ៊ីស្រាអែលភាគច្រើន អ៊ីរ៉ង់ប្រហែលជាបានផ្ទេរសកម្មភាពមួយចំនួនរបស់ខ្លួនទៅកាន់អ៊ីរាក់ដើម្បីគេចពីការវាយប្រហាររបស់ទ័ពអ៊ីស្រាអែលនៅស៊ីរី។
ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូធ្លាប់បានព្រមានកាលពីពេលថ្មីៗនេះថា គ្រប់ប្រទេសដែលអនុញ្ញាតឲ្យអ្នកផ្សេងប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងអ៊ីស្រាអែលនឹងត្រូវទទួលផលវិបាកធ្ងន់ធ្ងរ។ អ្វីដែលលោកនេតាន់យ៉ាហ៊ូចង់មានន័យ អ៊ីស្រាអែលអាចបើកការវាយប្រហារលើសពីព្រំដែនស៊ីរីទៅទៀត។ មានការលើកឡើងថា ប្រតិបត្តិការវាយប្រហារលើទឹកដីស៊ីរី និងអ៊ីរ៉ាក់ពេលនេះទទួលបានការអនុញ្ញាត និងការគាំទ្រពីសហរដ្ឋអាមេរិក។ គ្រប់គ្នាបានមើលឃើញថា ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅស៊ីរីមិនមែនជារឿងថ្មី និងដែលអ៊ីស្រាអែលមិនត្រូវព្រួយបារម្ភពីការសងសឹកអ្វីទាំងអស់។ ចំណែកប្រតិបត្តិការនៅក្នុងទឹកដីអ៊ីរ៉ាក់ត្រូវបានគេបារម្ភពីការសងសឹកលើកម្លាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅទីនោះ។
ក៏ប៉ុន្តែ ស្ថានការណ៍ដែលផុយស្រួយ និងគ្រោះថ្នាក់ខ្លាំងមែនទែន គឺការដែលអ៊ីស្រាអែលបានវាយប្រហារលើពួកហេស្បូឡាដល់លំនៅដ្ឋានរបស់ពួកគេក្នុងទឹកដីលីបង់តែម្តង។ គួររម្លឹកថាជាទូទៅ គឺនៅស៊ីរីឯណោះទេដែលអ៊ីស្រាអែលបានព្យាយាមកាច់បំពាក់ធ្មុងពួកហេស្បូឡាដែលជាចលនាឈីអ៊ីតគាំទ្រអ៊ីរ៉ង់ និងប្រធានាធិបតីស៊ីរីអាសាដ។ ពិតណាស់ អ៊ីស្រាអែលមិនបានបញ្ជាក់ ហើយក៏មិនបានបដិសេធលើដ្រូនយោធាមួយដែលធ្លាក់ផ្ទុះលើទីស្នាក់ការទំនាក់ទំនងរបស់ចលនាហេស្បូឡានៅខេត្តប៉ែកខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់នាព្រលឹមស្រាងៗក្នុងថ្ងៃអាទិត្យ ទី២៥ សីហាទេ។
តែប្រមុខចលនាហេស្បូឡាលីបង់លោកហាសាន ណាស្រាឡាបានចង្អុលចំមុខអ៊ីស្រាអែល និងគំរាមសងសឹកវិញនាពេលឆាប់ៗខាងមុខ។ « ខ្ញុំនិយាយទៅកាន់ទាហានអ៊ីស្រាអែលនៅព្រំដែន។ ចាប់ពីយប់នេះទៅ ត្រៀមខ្លួនឲ្យហើយ និងរង់ចាំយើងនៅប៉ុន្មានថ្ងៃខាងមុខ » នេះជាសាររបស់លោកណាស្រាឡាថ្លែងទៅកាន់សកម្មជនកាលពីយប់ថ្ងៃអាទិត្យ ទី២៥ សីហា។ គួរបញ្ជាក់ថា សង្រ្គាមចុងក្រោយរវាងអ៊ីស្រាអែល និងចលនាហេស្បូឡាលីបង់នារដូវក្តៅឆ្នាំ ២០០៦ រយៈពេល ៣៣ថ្ងៃបានបណ្តាលឲ្យមានមនុស្សស្លាប់ ១ ២០០នាក់នៅខាងលីបង់ និង ១៦០នាក់នៅខាងអ៊ីស្រាអែល។ តើសង្រ្គាមរវាងអ៊ីស្រាអែល និងចលនាហេស្បូឡាលីបង់អាចនឹងផ្ទុះជាថ្មីឬ?។ គេពិបាកផ្តល់ចម្លើយមួយជាក់ច្បាស់ តែបើភាគីទំាងពីរនៅតែបន្តបញ្ចេញធ្មុងដាក់គ្នារបៀបនេះ វាក៏ជារឿងមួយពិបាកស្មានទុកដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ