ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT

បន្ទាប់ពីស៊ីរី អ៊ីស្រាអែលបានប្រើសមរភូមិអ៊ីរ៉ាក់ និងលីបង់ដើម្បីប្រឆាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់

បន្ទាប់ពីស៊ីរី អ៊ីស្រាអែលបានប្រើសមរភូមិអ៊ីរ៉ាក់ និងលីបង់ដើម្បីប្រឆាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់
 
លោក Benyamin Netanyahu នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល REUTERS / Valentyn Ogirenko

កាល​ពី​​សប្តាហ៍​កន្លង​ទៅ អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ស៊ីរី លីបង់ និង​ប្រទេស​អ៊ីរ៉ាក់។ ការ​វាយប្រហារ​នៅ​តំបន់​ប៉ែកខាងត្បូង​ទីក្រុង​ដាម៉ាស់ប្រទេស​ស៊ីរី​ត្រូវ​បាន​អ៊ីស្រាអែល​ពន្យល់​ថា ដើម្បី​បង្ការ​ការ​វាយប្រហារ​របស់​ដ្រូន​អ៊ីរ៉ង់​ពី​ទឹកដី​ស៊ីរី។ តែ​កងទ័ព​អ៊ីស្រាអែល​បន្ត​បដិសេធ​មិន​បញ្ជាក់​លើ​ព័ត៌មាន​ស្តីពី​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​លើ​តំបន់​ហេស្បូឡា​ស្ថិត​នៅ​ប៉ែកខាងត្បូង​ទីក្រុង​បេរូត​នៃ​ប្រទេស​លីបង់ និង​នៅ​ព្រំដែន​រវាង​អ៊ីរ៉ាក់-​ស៊ីរី​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មេ​ចលនាហេស្បូឡាលីបង់​លោក​ហាសាន ណាស្រាឡា​បាន​គំរាម​ធ្វើ​ការ​សងសឹក​អ៊ីស្រាអែល​វិញ។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ និង​បាន​មើល​ឃើញ​ពេល​នេះ​គឺ​ថា ការ​ប្រឈមមុខ​មិន​ចំពោះ​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់​ដែល​មក​ទល់​ពេល​នេះ​កម្រិត​ត្រឹម​ស៊ីរី​ហាក់​កំពុង​ឆ្លង​ចូល​ប្រទេស​លីបង់ និង​អ៊ីរ៉ាក់។

ដើម្បី​ប្រឆាំង​អ៊ីរ៉ង់​ដែល​ជា​សត្រូវស៊ូពូជ​របស់​ខ្លួន អ៊ីស្រាអែល​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ទោះ​ជា​ដោយ​ផ្ទាល់ក្តី ឬ​ដោយ​ប្រយោល​ក្តី។ ពី​ខាង​អ៊ីរ៉ង់​វិញ​ក៏​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ដែរ។ តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាមហែកហួរ​ក្នុង​ឆ្នាំ ២០១១ កងទ័ព​អ៊ីស្រាអែល​តែង​បើក​ការ​វាយប្រហារ​ច្រើន​ដង​លើ​ទឹកដី​ស៊ីរី​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា គឺ​សំដៅ​ផ្ទាំងស៊ីប​របស់​អ៊ីរ៉ង់ និង​ហេស្បូឡា​ដែល​ជា​សម្ព័ន្ធមិត្ត​ពីរ​របស់​ប្រធានាធិបតី​ស៊ីរី​លោក​អាសាដ។ កន្លង​មក អ៊ីស្រាអែល​ធ្លាប់​បាន​បញ្ជាក់​ពី​ការ​បាញ់​កម្ទេច​ដ្រូន​អ៊ីរ៉ង់​ដែល​បាន​ចូល​ក្នុង​ដែនអាកាស​អ៊ីស្រាអែល​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៨។ តែ​នេះ​ជា​លើកទី១ ដែល​អ៊ីស្រាអែល​បាន​សារភាព​ក្នុង​ថ្ងៃទី២៥ សីហា​ថា អ៊ីរ៉ង់​បាន​ត្រៀម​ប្រើ​ដ្រូន​វាយប្រហារ​ខ្លួន​ពី​ទឹកដី​ស៊ីរី។

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក New York Times កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២២ សីហា​ដែល​បាន​ស្រង់​សម្តី​អ្នក​ទទួល​ខុសត្រូវ​អាមេរិកាំង​បាន​បញ្ជាក់​ថា អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​ឃ្លាំងស្តុក​អាវុធ​តាំង​ពី​ខែ​កក្កដា។ ប្រសិន​បើ​ព័ត៌មាន​មួយ​នេះ​ជា​រឿង​ពិត ហើយ​បើ​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​ពី​អ៊ីស្រាអែល​នៅ​អ៊ីរ៉ាក់​តាម​ព្រំដែន​ជាមួយ​ស៊ីរី​កាល​ពី​ថ្ងៃ​អាទិត្យ ទី២៥ សីហា​ពិត​ជា​មាន​មែន នោះ​វា​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​ពង្រីក​សមរភូមិ​យោធា​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​អ៊ីរ៉ង់ និង​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ពិសេស​ពួក​ហេស្បូឡា។ ជម្រើស​អ៊ីរ៉ាក់​ជា​សមរភូមិ​ប្រឆាំង​អ៊ីរ៉ង់​របស់​អ៊ីស្រាអែល​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​បើ​តាម​អ្នកវិភាគ​អ៊ីស្រាអែល​ភាគច្រើន អ៊ីរ៉ង់​ប្រហែល​ជា​បាន​ផ្ទេរ​សកម្មភាព​មួយ​ចំនួន​របស់​ខ្លួន​ទៅ​កាន់​អ៊ីរាក់​ដើម្បី​គេច​ពី​ការ​វាយប្រហារ​របស់​ទ័ពអ៊ីស្រាអែល​នៅ​ស៊ីរី។

ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​ធ្លាប់​បាន​ព្រមាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គ្រប់​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ដើម្បី​ប្រឆាំង​អ៊ីស្រាអែល​នឹង​ត្រូវ​ទទួល​ផលវិបាក​ធ្ងន់ធ្ងរ។ អ្វី​ដែល​លោក​នេតាន់យ៉ាហ៊ូ​ចង់​មាន​ន័យ អ៊ីស្រាអែល​អាច​បើក​ការ​វាយប្រហារ​លើស​ពី​ព្រំដែន​ស៊ីរី​ទៅ​ទៀត។ មាន​ការ​លើក​ឡើង​ថា ប្រតិបត្តិការ​វាយប្រហារ​លើ​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់​ពេល​នេះ​ទទួល​បាន​ការ​អនុញ្ញាត និង​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក។ គ្រប់​គ្នា​បាន​មើល​ឃើញ​ថា ប្រតិបត្តិការ​របស់​អ៊ីស្រាអែល​នៅ​ស៊ីរី​មិន​មែន​ជា​រឿង​ថ្មី និង​ដែល​អ៊ីស្រាអែល​មិន​ត្រូវ​ព្រួយ​បារម្ភ​ពី​ការ​សងសឹក​អ្វី​ទាំង​អស់។ ចំណែក​ប្រតិបត្តិការ​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ត្រូវ​បាន​គេ​បារម្ភ​ពី​ការ​សងសឹក​លើ​កម្លាំងសម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ដែល​កំពុង​មាន​វត្តមាន​នៅ​ទីនោះ។

ក៏​ប៉ុន្តែ ស្ថានការណ៍​ដែល​ផុយស្រួយ និង​គ្រោះថ្នាក់ខ្លាំង​មែនទែន គឺ​ការ​ដែល​អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​ពួកហេស្បូឡា​ដល់​លំនៅដ្ឋាន​របស់​ពួក​គេ​ក្នុង​ទឹកដី​លីបង់​តែ​ម្តង។ គួរ​រម្លឹក​ថា​ជា​ទូទៅ គឺ​នៅ​ស៊ីរី​ឯណោះ​ទេ​ដែល​អ៊ីស្រាអែល​បាន​ព្យាយាម​កាច់​បំពាក់​ធ្មុង​ពួក​ហេស្បូឡា​ដែល​ជា​ចលនា​ឈីអ៊ីត​គាំទ្រ​អ៊ីរ៉ង់ និង​ប្រធានាធិបតី​ស៊ីរី​អាសាដ។ ពិតណាស់ អ៊ីស្រាអែល​មិន​បាន​បញ្ជាក់ ហើយ​ក៏​មិន​បាន​បដិសេធ​លើ​ដ្រូន​យោធា​មួយ​ដែល​ធ្លាក់​ផ្ទុះ​លើ​ទីស្នាក់ការ​ទំនាក់ទំនង​របស់​ចលនាហេស្បូឡា​នៅ​ខេត្ត​ប៉ែកខាងត្បូង​ទីក្រុង​បេរូត ប្រទេស​លីបង់​នា​ព្រលឹម​ស្រាងៗ​ក្នុង​ថ្ងៃ​អាទិត្យ ទី២៥ សីហា​ទេ។

តែ​ប្រមុខ​ចលនា​ហេស្បូឡាលីបង់​លោក​ហាសាន ណាស្រាឡា​បាន​ចង្អុល​ចំ​មុខ​អ៊ីស្រាអែល និង​គំរាម​សងសឹក​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ « ខ្ញុំ​និយាយ​ទៅ​កាន់​ទាហាន​អ៊ីស្រាអែល​នៅ​ព្រំដែន។ ចាប់​ពី​យប់​នេះ​ទៅ ត្រៀម​ខ្លួន​ឲ្យ​ហើយ និង​រង់ចាំ​យើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ » នេះ​ជា​សារ​របស់​លោក​ណាស្រាឡា​ថ្លែង​ទៅ​កាន់​សកម្មជន​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី២៥ សីហា។ គួរ​បញ្ជាក់​ថា សង្រ្គាម​ចុង​ក្រោយ​រវាង​អ៊ីស្រាអែល និង​ចលនាហេស្បូឡាលីបង់​នា​រដូវ​ក្តៅ​ឆ្នាំ ២០០៦ រយៈពេល ៣៣ថ្ងៃ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១ ២០០នាក់​នៅ​ខាង​លីបង់ និង ១៦០នាក់​នៅ​ខាង​អ៊ីស្រាអែល។ តើ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនាហេស្បូឡាលីបង់​អាច​នឹង​ផ្ទុះ​ជា​ថ្មី​ឬ?។ គេ​ពិបាក​ផ្តល់​ចម្លើយ​មួយ​ជាក់​ច្បាស់ តែ​បើ​ភាគី​ទំាង​ពីរ​នៅ​តែ​បន្ត​បញ្ចេញ​ធ្មុង​ដាក់​គ្នា​របៀប​នេះ វា​ក៏​ជា​រឿង​មួយ​ពិបាក​ស្មាន​ទុក​ដែរ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អ៊ីស្រាអែលថា បើក្រុម​ហេសបូឡា​លីបង់​ចង់សាក អ៊ីស្រាអែល​នឹង​កម្ទេច​ឲ្យមើល

    ស្វែងយល់បន្ថែម

  • អ៊ីស្រាអែល-អ៊ីរ៉ង់

    លោកនេតាន់យ៉ាហ៊ូ៖​អ៊ីរ៉ង់​មាន​កន្លែង​លាក់​នុយក្លេអ៊ែរ​សម្ងាត់ និង​ចង់​បំពាក់​គ្រាប់បែក​បរិមាណូ

    ស្វែងយល់បន្ថែម

  • វ៉ាស៊ីនតោន​គាំទ្រ “សិទ្ធិត​ដៃ​ដើម្បី​ការពារខ្លួន” របស់​អ៊ីស្រាអែល

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ