ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
មជ្ឈិមបូព៌ា

ប្រទេសអ៊ីស្រាអែលចង់ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសអេត្យូពី

media  
ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​អេត្យូពី​លោក Abiy Ahmed (រូបឆ្វេង) ក្នុង​ប្រទេស​អ៊ីស្រាអែល ថ្ងៃទី១ កញ្ញា ២០១៩ REUTERS/Ronen Zvulun

ថ្ងៃ​អាទិត្យ ទី១ កញ្ញា​ជា​ដំណើរ​ទស្សនកិច្ច​ថ្ងៃទី១ របស់​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​អេត្យូពី​លោក​អាប៊ី អាម៉េដ​ក្នុង​ប្រទេស​អ៊ីស្រាអែល។ នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​អេត្យូពី នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពង្រឹង​លើ​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ជាមួយ​អេត្យូពី​ដែល​ជា​ប្រទេស​យុទ្ធសាស្រ្ត និង​មាន​ពលរដ្ឋ​ច្រើន​លំដាប់ទី២ នៅ​អាហ្រ្វិក។ ក្រៅ​ពី​សន្តិសុខ ទស្សនកិច្ច​របស់​លោក​អាម៉េដ​នៅ​អ៊ីស្រាអែល​ក៏​មាន​គោលដៅ​ពង្រឹង​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែរ។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០១៦ លោក​នេតាន់យ៉ាហ៊ូ​ធ្លាប់​បាន​ទៅ​ទស្សនកិច្ច​នៅប្រទេស​អេត្យូពី ហើយ​លោក​ជា​ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​ដំបូង​គេ​ដែល​បានដាក់​ជើង​ជាន់ដី​​អេត្យូពី។

គោលដៅ​របស់​អ៊ីស្រាអែល​ក៏​ដូច​អេត្យូពី គឺ​ពង្រឹង​បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​រវាង​គ្នា​តាម​រយៈ​ការ​ចែក​រំលែក​បទពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ក្នុង​ក្រសែភ្នែក​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ សមភាគី​អេត្យូពី​លោក​អាម៉េដ​ជា​ថ្នាក់ដឹកនាំ​ម្នាក់​ដ៏​សំខាន់ និង​មាន​ឥទ្ធិពល​នៅ​អាហ្រ្វិក។ គួរ​រម្លឹក​ថា​កាល​ពី​ឆ្នាំ ២០១៦ លោក​នេតាន់យ៉ាហ៊ូ​ជា​ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​មុន​គេ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អេត្បូពី។ ការ​ដែល​អ៊ីស្រាអែល​បាន​បែរ​មុខ​ទៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​អាហ្រ្វិក​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ មិន​ចៃដន្យ ព្រោះ​អ៊ីស្រាអែល​ចង់​បាន​ការ​ជួយ​គាំទ្រ​ពី​ក្រុម​ប្រទេស​អាហ្រ្វិក​នៅ​លើ​ឆាកអន្តរជាតិ ខណៈ​ដែល​អ៊ីស្រាអែល​កំពុង​រង​ការ​រិះគន់​ចាស់ដៃ​ក្នុង​រឿង​ធ្វើ​អាណានិគម​លើ​ដែនដី​ប៉ាឡេស្ទីន។

លោក Daniel Benaim អតីត​ទីប្រឹក្សា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា​បាន​មើល​ឃើញ​បន្ថែម​ទៀត​ថា អ៊ីស្រាអែល​ងាក​រក​អេត្យូពី​ដើម្បី​ទប់​អ៊ីរ៉ង់​កុំ​ឲ្យ​បោះ​ទីតាំង​នៅ​សមុទ្រក្រហម​ប៉ែក​អាហ្រិ្វក​ដែល​អ៊ីរ៉ង់​អាច​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា។ ពី​ខាង​អេត្បូពី​វិញ ក្រុង​អាឌីសអាបេបា​សម្លឹង​ឃើញ​អ៊ីស្រាអែល​ជា​ដៃគូ​សន្តិសុខ និង​ជា​ប្រភព​វិនិយោគ។ គួរ​បញ្ជាក់​ថា អេត្យូពី​ដែល​មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ​ជា ១០០លាននាក់​ជា​ប្រទេស​មាន​ពលរដ្ឋ​ច្រើន​លំដាប់ទី២ នៅ​អាហ្រ្វិក និង​ជា​ប្រទេស​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​នៅ​អាហ្រ្វិកប៉ែកខាង​កើត។ តែ​ទន្ទឹម​គ្នា​នេះ អេត្បូពី​ក៏​នៅ​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​លោក​ដែរ។

បច្ចុប្បន្ន​នៅ​អ៊ីស្រាអែល មាន​ពលរដ្ឋ​ចំនួន ១៤០ ០០០នាក់​មាន​ដើមកំណើត​អេត្បូពី និង​ដែល​ក្នុង​នោះ មាន​ជាង ៥០ ០០០នាក់​បាន​ចាប់​កំណើត​ក្នុង​ទឹកដី​អ៊ីស្រាអែល។ សម្រាប់​លោក​នេតាន់យ៉ាហ៊ូ ជនជាតិ​អ៊ីស្រាអែល​ដើមកំណើត​អេត្យូពី​បាន​នាំ​វប្បធម៌​អេត្យូពី​ចូល​អ៊ីស្រាអែល​ក៏​ដូច​ជា​ពួក​គេ​បាន​រក្សា​វប្បធម៌​ជ្វីហ្វ​នៅ​អេត្យូពី។ ក្រៅ​ពី​សន្តិសុខ ទស្សនកិច្ច​របស់​លោក​អាម៉េដ​នៅ​អ៊ីស្រាអែល​ក៏​មាន​គោលដៅ​ពង្រឹង​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែរ។ បន្ទាប់​មក លោក​អាម៉េដ​បាន​បន្ថែម​ថា កិច្ចសហប្រតិបត្តិការ​រវាង​អ៊ីស្រាអែល និង​អេត្យូពី​មិន​កំណត់​ត្រឹម​ទ្វេភាគី​ទេ តែ​លាត​សន្ធឹង​ដល់​កិច្ចការ​ក្នុង​តំបន់ និង​អន្តរជាតិ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ