អ៊ីរ៉ង់បដិសេធអង្គុយចរចាទ្វេភាគីជាមួយអាមេរិក និងព្រមានឈប់គោរពកិច្ចសន្យាផ្សេងទៀតនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៥
នៅថ្ងៃអង្គារ ទី៣ កញ្ញា ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានីបានថ្លែងបដិសេធមិនចរចាជាលក្ខណៈទ្វេភាគីជាមួយសហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះ លោករ៉ូហានីបានបញ្ជាក់ច្បាស់ៗថា បើពីពេលនេះទៅ ២ថ្ងៃខាងមុខ កិច្ចចរចាររវាងអ៊ីរ៉ង់ និង៣ប្រទេសហត្ថលេខីអឺរ៉ុបមិនទទួលបានលទ្ធផលអ្វីជាដុំកំភួនទេ នោះអ៊ីរ៉ង់នឹងឈប់គោរពតាមកិច្ចសន្យាផ្សេងទៀតដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាឆ្នាំ ២០១៥។ ប្រមុខការទូតបារាំងលោកហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់បានសារភាពត្រង់ៗក្នុងថ្ងៃអង្គារ ទី៣ កញ្ញាថា សំណាងទទួលបានលទ្ធផលឆាប់ៗខាងមុខមានស្តួចស្តើង ព្រោះនៅសល់ការងារជាច្រើនទៀតដែលត្រូវដោះស្រាយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៧
ប្រតិកម្មសារភាពយ៉ាងដូចនេះរបស់ប្រមុខការទូតបារាំងលោកហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់បានធ្វើឡើង បន្ទាប់ពីក្រុមអ្នកជំនាញបារាំង និងអ៊ីរ៉ង់បានជួបប្រជុំគ្នាក្នុងទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ទី២ កញ្ញា។ តាមលោកឡឺឌ្រីយ៉ង់ បរិយាកាសនៃជំនួបរវាងក្រុមអ្នកជំនាញបារាំង និងអ៊ីរ៉ង់គឺល្អ តែលោកទទួលស្គាល់ថា សំណាងទទួលបានលទ្ធផលឆាប់ៗហាក់មានស្តួចស្តើង ព្រោះនៅមានកិច្ចការជាច្រើនទៀតដែលត្រូវដោះស្រាយ។ គួររម្លឹកថា បន្ទាប់ពីការដកខ្លួនរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ កាលពីខែកក្កដា ឆ្នាំ ២០១៨ មក ភាគីអ៊ីរ៉ង់ និងប្រទេសហត្ថលេខីអឺរ៉ុបចំនួន ៣ គឺបារាំង អាល្លឺម៉ង់ និងប្រទេសអង់គ្លេសបានព្យាយាមគ្រប់យ៉ាងដើម្បីស្រោចស្រង់កិច្ចព្រមព្រៀង។
នៅក្នុងជំនួបកំពូល G៧ ក្នុងប្រទេសបារាំងនាដំណាច់ខែសីហាកន្លងទៅ ប្រធានាធិបតីបារាំងលោកម៉ាក្រុង និងសមភាគីអាមេរិកាំងលោកត្រាំបានលើកឡើងពីលទ្ធភាពនៃជំនួបមួយទល់មួយរវាងលោកត្រាំ និងសមភាគីអ៊ីរ៉ង់លោករ៉ូហានី។ តែលោករ៉ូហានីបានបញ្ជាក់ជាថ្មីនាថ្ងៃអង្គារ ទី៣ កញ្ញាថា អ៊ីរ៉ង់មិនចង់មានជំនួបទ្វេភាគីជាមួយសហរដ្ឋអាមេរិកទេ និងថា អ៊ីរ៉ង់អាចជួបជាមួយអាមេរិកបានតែក្នុងក្របខណ្ឌកិច្ចប្រជុំ ៥បូក១ ដូចលើកមុន គឺ ៥ប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ មានចិន អង់គ្លេស អាមេរិក បារាំង និងរុស្ស៊ីបូកនឹងប្រទេសអាល្លឺម៉ង់។ ទន្ទឹមគ្នានេះ លោករូហានីក៏បានព្រមានឈប់គោរពតាមកិច្ចសន្យាផ្សេងទៀតដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០១៥។
គួររម្លឹកថាកន្លងមក អ៊ីរ៉ង់បានបំពានលើកិច្ចសន្យាចំនួនពីរដោយបានបង្កើនបរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិតដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ព្រមទាំងបានបង្កើនសកម្មភាពចម្រើនធាតុអ៊ុយរ៉ាញ៉ូមលើសពីអត្រា ៣,៦៧% ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង។ តែលោករូហានីមិនបានប្រាប់ទេថា តើកិច្ចសន្យាថ្មីមួយណាដែលអ៊ីរ៉ង់ឈប់គោរពនោះ។ យ៉ាងណាក៏ដោយ លោករ៉ូហានីបានទុកពេលចរចារវាងអ៊ីរ៉ង់ជាមួយក្រុមប្រទេសអឺរ៉ុបរហូតដល់ថ្ងៃព្រហស្បតិ៍ ទី៥ កញ្ញា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ