អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

អ៊ីរ៉ង់បដិសេធអង្គុយចរចាទ្វេភាគីជាមួយអាមេរិក និងព្រមានឈប់គោរពកិច្ចសន្យាផ្សេងទៀតនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៥

នៅ​ថ្ងៃ​អង្គារ ទី៣ កញ្ញា ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី​បាន​ថ្លែង​បដិសេធ​មិន​ចរចា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក។ ទន្ទឹម​គ្នា​នេះ លោក​រ៉ូហានី​បាន​បញ្ជាក់​ច្បាស់ៗ​ថា បើ​ពី​ពេល​នេះ​ទៅ ២ថ្ងៃ​ខាង​មុខ កិច្ចចរចារ​រវាង​អ៊ីរ៉ង់ និង​៣ប្រទេស​ហត្ថលេខី​អឺរ៉ុប​មិន​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ នោះ​អ៊ីរ៉ង់​នឹង​ឈប់​គោរព​តាម​កិច្ចសន្យា​ផ្សេង​ទៀត​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ ប្រមុខ​ការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​សារភាព​ត្រង់ៗ​ក្នុង​ថ្ងៃ​អង្គារ ទី៣ កញ្ញា​ថា សំណាង​ទទួល​បាន​លទ្ធផល​ឆាប់ៗ​ខាង​មុខ​មាន​ស្តួចស្តើង ព្រោះ​នៅ​សល់​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី
ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី HO / IRANIAN PRESIDENCY / AFP
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​សារភាព​យ៉ាង​ដូច​នេះ​របស់​ប្រមុខការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុមអ្នកជំនាញ​បារាំង និង​អ៊ីរ៉ង់​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ចន្ទ ទី២ កញ្ញា។ តាម​លោក​ឡឺឌ្រីយ៉ង់ បរិយាកាស​នៃ​ជំនួប​រវាង​ក្រុម​អ្នកជំនាញ​បារាំង និង​អ៊ីរ៉ង់​គឺ​ល្អ តែ​លោក​ទទួល​ស្គាល់​ថា សំណាង​ទទួល​បាន​លទ្ធផល​ឆាប់ៗ​ហាក់​មាន​ស្តួចស្តើង ព្រោះ​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ។ គួរ​រម្លឹក​ថា បន្ទាប់​ពី​ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ មក ភាគី​អ៊ីរ៉ង់ និង​ប្រទេស​ហត្ថលេខី​អឺរ៉ុប​ចំនួន ៣ គឺ​បារាំង អាល្លឺម៉ង់ និង​ប្រទេស​អង់គ្លេស​បាន​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង។

នៅ​ក្នុង​ជំនួបកំពូល G៧ ក្នុង​ប្រទេស​បារាំង​នា​ដំណាច់ខែ​សីហា​កន្លង​ទៅ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង និង​សមភាគី​អាមេរិកាំង​លោក​ត្រាំ​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ជំនួប​មួយ​ទល់​មួយ​រវាង​លោក​ត្រាំ និង​សមភាគី​អ៊ីរ៉ង់​លោក​រ៉ូហានី។ តែ​លោក​រ៉ូហានី​បាន​បញ្ជាក់​ជា​ថ្មី​នា​ថ្ងៃ​អង្គារ ទី៣ កញ្ញា​ថា អ៊ីរ៉ង់​មិន​ចង់​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក​ទេ និង​ថា អ៊ីរ៉ង់​អាច​ជួប​ជាមួយ​អាមេរិក​បាន​តែ​ក្នុង​ក្របខណ្ឌ​កិច្ចប្រជុំ ៥បូក១ ដូច​លើក​មុន គឺ ៥ប្រទេស​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ មាន​ចិន អង់គ្លេស អាមេរិក បារាំង និង​រុស្ស៊ី​បូក​នឹង​ប្រទេស​អាល្លឺម៉ង់។ ទន្ទឹម​គ្នា​នេះ លោក​រូហានី​ក៏​បាន​ព្រមាន​ឈប់​គោរព​តាម​កិច្ចសន្យា​ផ្សេង​ទៀត​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។

គួរ​រម្លឹក​ថា​កន្លង​មក អ៊ីរ៉ង់​បាន​បំពាន​លើ​កិច្ចសន្យា​ចំនួន​ពីរ​ដោយ​បាន​បង្កើន​បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​កម្រិត​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង ព្រម​ទាំង​បាន​បង្កើន​សកម្មភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី​អត្រា ៣,៦៧% ដែល​បាន​កំណត់​ក្នុង​កិច្ចព្រមព្រៀង។ តែ​លោក​រូហានី​មិន​បាន​ប្រាប់​ទេ​ថា តើ​កិច្ចសន្យា​ថ្មី​មួយ​ណា​ដែល​អ៊ីរ៉ង់​ឈប់​គោរព​នោះ។ យ៉ាង​ណា​ក៏​ដោយ លោក​រ៉ូហានី​បាន​ទុក​ពេល​ចរចា​រវាង​អ៊ីរ៉ង់​ជាមួយ​ក្រុមប្រទេសអឺរ៉ុប​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កញ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ