ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
មជ្ឈិមបូព៌ា

អ្នកជំនាញថា អ៊ីរ៉ង់កំពុងបង្កើនគំនាបលើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅមុនមហាសន្និបាតអង្គការសហប្រជាជាតិ

media  
ប្រធានាធិបតីអ៊ីរ៉ង់លោករ៉ូហានី HO / IRANIAN PRESIDENCY / AFP

អ៊ីរ៉ង់​ត្រៀម​ខ្លួន​នឹង​ឈប់​គោរព​តាម​កិច្ចសន្យា​មួយ​ចំនួន​ទៀត​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ កិច្ចសន្យា​ទាំង​អស់​នោះ​មាន​អ្វី​ខ្លះ​នឹង​ត្រូវ​អ៊ីរ៉ង់​ប្រាប់​លំអិត​នៅ​ថ្ងៃ​សៅរ៍ ទី៧ កញ្ញា នេះ​ជា​ការ​ប្រកាស​របស់​អ្នកនាំពាក្យ​អង្គការ​ថាមពល​បរមាណូ​អ៊ីរ៉ង់​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កញ្ញា។ ការ​ប្រកាស​របស់​អ្នកនាំពាក្យ​អង្គការ​ថាមពល​បរមាណូ​អ៊ីរ៉ង់​ដូច​នេះ​បាន​ធ្វើ​ឡើង​តាម​បញ្ជា​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី​កាល​ពី​ថ្ងៃ​ពុធ ទី៤ កញ្ញា។ កន្លង​មក អ៊ីរ៉ង់​បាន​ឈប់​គោរព​កិច្ចសន្យា​មួយ​ចំនួន​ដូច​យ៉ាង​បង្កើន​បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​កម្រិត និង​បង្កើន​សកម្មភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី​អត្រា ៣,៦៧% ដែល​កំណត់​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។ ទង្វើ​របស់​អ៊ីរ៉ង់​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ ២០១៨ ព្រម​ទាំង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់។ បន្ទាប់​មក អ៊ីរ៉ង់​ខឹងសម្បារ​នឹង​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត ពិសេស​អឺរ៉ុប​ដែល​មិន​បាន​ជួយ​គិតគូរ​អ៊ីរ៉ង់​នៅ​ចំពោះ​មុខ​ទង្វើ​របស់​អាមេរិកាំង។ តើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ កំពុង​ឈាន​ទៅ​រក​សេចក្តីស្លាប់​ឬ?។ សម្រាប់​អ្នក​ជំនាញ លោក​វាំងសង់ អេ្វវ្លីង កិច្ចព្រមព្រៀង​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​រណ្តៅ តែ​នៅ​មិន​ទាន់​បាន​លុប​ដី​កប់​ទាំង​ស្រុង​ទេ។ តាម​លោក​វាំងសង់ អ៊ីរ៉ង់​កំពុង​បង្កើន​គំនាប​ដាក់​គ្រប់​គ្នា ទាំង​លើ​អឺរ៉ុប និង​សហរដ្ឋអាមេរិក។

« ខ្ញុំ​ចង់​និយាយ​ថា យើង​ហាក់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​អ៊ីរ៉ង់​កំពុង​បង្កើន​ការ​វាយប្រហារ​កាន់​តែ​ខ្លាំង​ប្រឈម​នឹង​ភាព​ស្ពឹកស្រពន់ និង​សកម្មភាព​មិន​បាន​ផល​របស់​សហភាពអឺរ៉ុប។ ដូច​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​របប​អ៊ីរ៉ង់​មក ប្រទេស​ហត្ថលេខី​ផ្សេង ពិសេស​ក្រុម​ប្រទេស​អឺរ៉ុប​បាន​ព្យាយាម​គ្រប់​រូបភាព​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង។

តែ​អ៊ីរ៉ង់​បាន​មើល​ឃើញ​ថា​មក​ទល់​ពេល​នេះ ក្រុម​ប្រទេសអឺរ៉ុប​ទាំង​នោះ​ហាក់​មិន​បាន​ធ្វើ​អ្វី​ធំដុំ​ដើម្បី​ជួយ​អ៊ីរ៉ង់ ពិសេស​ផ្នែក​សេដ្ឋកិច្ច​ទប់​នឹង​ទង្វើ​របស់​អាមេរិកាំង​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ អ៊ីរ៉ង់​បាន​បង្កើន​គំនាប​ដាក់​អឺរ៉ុប​ផង និង​សហរដ្ឋអាមេរិក​ផង។ ចំណែក​ជម្រើស​បង្កើន​គំនាប​ពេល​នេះ​ក៏​មិនមែន​ជា​រឿង​ចៃដន្យ​ដែរ។ មិន​ចៃដន្យ​ព្រោះ​អង្គការសហប្រជាជាតិ​នឹង​រៀបចំ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។

មហាសន្និបាត​អង្គការសហប្រជាជាតិ​គឺ​ជា​ព្រឹត្តិការណ៍​ការទូត​សកល​យ៉ាង​សំខាន់ និង​ដែល​អ្វីៗ​អាច​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​សំណុំរឿង​អ៊ីរ៉ង់។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ អ៊ីរ៉ង់​ព្យាយាម​ដាក់​គំនាប​អតិបរមា​លើ​គ្រប់​គ្នា​ទាំង​អស់ មុន​នឹង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ចាប់​ផ្តើម។ ខ្ញុំ​យល់​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ កំពុង​ស្ថិត​ក្នុង​រណ្តៅ តែ​នៅ​មិន​ទាន់​បាន​លុប​ដី​កប់​ទាំង​ស្រុង​ទេ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ