អានតួអត្ថបទ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​សន្យាកាត់​យក​ដី​ប៉ាឡេស្ទីន​មួយ​ភាគ​ បើ​លោក​ជាប់​ឆ្នោត​ជាថ្មី

មួយ​សប្តាហ៍​មុន​សម័យ​បោះឆ្នោត​សភា នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ លោក នេតាន់យ៉ាហ៊ូ បាន​ប្រកាស​សន្យា​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ថា នឹង​កាត់​យក​ដី​ប៉ាឡេស្ទីន ​នៅ​តំបន់​ស៊ីហ្សកដានី ក្រោម​អាណានិគម​អ៊ីស្រាអែល​​ មួយ​ភាគ មក​ដាក់​ជា​ទឹក​ដី​អ៊ីស្រាអែល។ ជាពាក្យ​សន្យា​ដែល​ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​សំឡេង​ឆ្នោត​​ ប៉ុន្តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​ដំណើរ​ស្វែង​រក​សន្តិភាព​អ៊ីស្រាអែល​ប៉ាឡេស្ទីនរលត់​​រលាយ​។

លោក នេតាន់យ៉ាហ៊ូ បង្ហាញ​ដែន​ដី​ដែល​អនាគត​រដ្ឋាភិបាល​លោក ចង់​កាត់​យក​ពីប៉ាឡេស្ទីន
លោក នេតាន់យ៉ាហ៊ូ បង្ហាញ​ដែន​ដី​ដែល​អនាគត​រដ្ឋាភិបាល​លោក ចង់​កាត់​យក​ពីប៉ាឡេស្ទីន REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

សម័យ​បោះឆ្នោត​កាន់​តែ​ខិត​មក​ដល់ លោក​នេតាន់យ៉ាហ៊ូ កាន់​តែ​ចង់​ទាក់ទាញ​មតិសាធារណៈ​ខ្លាំង​ឡើងៗ។ បន្ទាប់​ពី​បាន​បង្ហើប​ព័ត៌មាន​ស្តី​ពី​វត្តមាន​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ថ្មី​នៅ​អ៊ីរ៉ង់ ម្សិលមិញ​លោក​បាន​ប្រកាស​ថា បើ​សិន​ជា​លោក​ជាប់​ឆ្នោត​ជា​ថ្មី លោក​នឹង​កាត់​យក​ដី​ប៉ាឡេស្ទីន​មួយ​ភាគ​​មក​ធ្វើ​របស់​អ៊ីស្រាអែល​។

“ថ្ងៃ​នេះ​ ខ្ញុំ​សូម​ប្រកាស​ថា នៅ​ពេល​​រដ្ឋាភិបាលថ្មី​កើតជា​រូបរាង​ភ្លាម អ៊ីស្រាអែល​នឹង​កាត់​យក​តំបន់​ជ្រលង​ភ្នំ​Joudain និងមួយភាគ​នៃ​​តំបន់​ភាគខាង​ជើង​សមុទ្ទ​មរណៈ (Mer morte) ឱ្យ​ស្ថិត​នៅ​ក្រោម​អធិបតេយ្យ​អ៊ីស្រាអែល​ភ្លាម”។

​ជ្រលង​ភ្នំ​ Jourdain និង​សមុទ្ទ​មរណៈ ស្ថិត​នៅ​ក្នុងតំបន់​ស៊ីហ្សកដានី ជា​យុទ្ធសាស្ត្រ ដែលអ្នក​នយោបាយ​អ៊ីស្រាអែល​ជា​ទូទៅ​​ ក៏​យល់​ថា​ទោះ​បី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​យ៉ាង​ណាក៏​ដោយ​ ក៏​តំបន់​នេះ​ត្រូវ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ីស្រាអែលជានិច្ច។ តំបន់​នេះ​ត្រូវ​បាន​​អ៊ីស្រាអែល​បាន​ចូល​ធ្វើ​អាណានិគម​តាំង​ពី​ឆ្នាំ​១៩៦៧​មក និង​គ្មាន​ភូមិ​ឬពលរដ្ឋ​​​អារ៉ាប​រស់​នៅ​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាលោកនាយក​រដ្ឋមន្ត្រី​​​​ចង់​កាត់​យក​តំបន់​អាណានិគមកិច្ច​តែ​ម្តង ព្រោះ​ការ​កាត់​ដី​មួយ​ដុំ​​នេះ​ មិន​រំខាន​ដល់​ជនជាតិ​ប៉ាឡេស្ទីន​ណា​ម្នាក់​ឡើយ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​នេតាន់យ៉ាហ៊ូ ដោយ​សន្យាថា​ ការ​កាត់​យក​ដី​តំបន់​ស៊ីហ្សកដានី​នេះ នឹង​ក្លាយ​ជា​អាទិភាព​ទី​មួយ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ថ្មី​តែ​ម្តង។ ​

លោក​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ ធ្វើ​សេចក្តី​ប្រកាស​បែប​ទាក់ទាញ​ខ្លាំង ​បានទទូច​​អំពាវនាវ​ ឱ្យ​អ៊ីស្រាអែល​ផ្តល់​ទំនុក​ចិត្ត​លើ​លោក​៥​ឆ្នាំ​ទៀត នៅក្នុង​ការ​បោះឆ្នោត​សប្តាហ៍​ក្រោយ​ដែល​គូប្រជែង​កំពុង​ឡើង​សំឡេង​ដេញ​យ៉ាង​ប្រកៀកប្រកិត។

បី​ម៉ោង​ក្រោយ​​សេចក្តី​ប្រកាស ប៉ាឡេស្ទីន​បាន​បាញ់​រ៉ុកកែត​ចេញ​ពី​តំបន់​ហ្កាហ្សា​សំដៅ​ទឹកដីអ៊ីស្រាអែល តែ​សំណាង​ល្អ​ត្រូវ​យោធា​អ៊ីស្រាអែល​ប្រើ​ខែល​មីស៊ីល​កំចាត់​បាន។ ​ប្រតិកម្ម​បរិហារ​ក៏​បាន​​ធ្លាក់​មកជា​បន្ត​បន្ទាប់។ អង្គការ​រំដោះ​ប៉ាឡេស្ទីន​ បាន​ចាត់​ទុក​នយោបាយ​របស់​លោ​កនេតាន់យ៉ាហ៊ូ ថា​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ លេប​ទឹក​ដី​ និង​បោស​សម្អាត​ជាតិ​ពន្ធុ។ តួកគី​ថា​ជា​អ៊ីស្រាអែល​ប្រើ​ពាក្យ​សន្យា​បែប​ប្រកាន់​ពូជសាសន៍។ ហ្សកដានី​ ព្រមាន​ថា​សេចក្តី​សម្រេច​នេះ អាច​នឹង​បង្ក​ឱ្យ​មានអំពើហិង្សា​ទូទាំង​តំបន់​​។ យល់​ថា​ជាពាក្យ​សន្យា​ដ៏​គ្រោះថ្នាក់ អារ៉ាប៊ីសាអូឌីត បាន​ស្នើ​ឱ្យ​មាន​ជំនួប​ប្រជុំ​បន្ទាន់​ ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ទាំង​៥៧​នៃ​ក្រុម​អង្គការ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ