ស្ថានីយ៍ប្រេងរបស់អារ៉ាប៊ីសាអូឌីតបានរងការវាយប្រហារជាថ្មីពីពួកឧទ្ទាមហ៊ូទីនៅយេម៉ែន
នៅព្រឹកព្រលឹងស្រាងៗថ្ងៃសៅរ៍ ទី១៤ កញ្ញា ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែនបានប្រើដ្រូនវាយប្រហារលើស្ថានីយ៍ប្រេងអារ៉ាប៊ីសាអូឌីតចំនួនពីររបស់ក្រុមហ៊ុន Aramco។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត ភ្លើងដែលបានឆាបឆេះលើស្ថានីយ៍ប្រេងទាំងពីរត្រូវបានក្រុមពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន Aramco ពន្លត់រលត់អស់ហើយ និងថា ការស៊ើបអង្កេតមួយក៏បានបើកធ្វើដែរ។ តែសេចក្តីប្រកាសព័ត៌មានដដែលមិនបានបញ្ជាក់ពីប្រភពនៃការបញ្ចូនដ្រូន និងថា តើការវាយប្រហារនោះបានបណ្តាលឲ្យមានមនុស្សរងគ្រោះឬអត់ទេ។ គួររម្លឹកថា នេះជាលើកទី៣ ក្នុងរយៈពេលតែ ៥ខែដែលពួកឧទ្ទាមហ៊ូទីនៅយេម៉ែនបានប្រើដ្រូនវាយប្រហារលើស្ថានីយ៍ប្រេងក្នុងទឹកដីអារ៉ាប៊ីសាអូឌីត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១២
ស្ថានីយ៍ប្រេងទាំងពីររបស់ក្រុមហ៊ុន Aramco ដែលរងការវាយប្រហារមានឈ្មោះ Abqaiq និង Khurais។ ក្រោយការវាយប្រហារ រដ្ឋអំណាចទីក្រុងរីយ៉ាដបានពង្រឹងសន្តិសុខនៅជុំវិញស្ថានីយ៍ប្រេងទាំងពីរដោយរារាំងមិនឲ្យក្រុមអ្នកកាសែតអាចចូលទៅយកព័ត៌មាន និងពិនិត្យពីទំហំនៃការខូចខាត។ ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអឌីតបានត្រឹមផ្តល់ព័ត៌មានថា ភ្លើងឆាបឆេះលើស្ថានីយ៍ប្រេងទាំងពីរបានពន្លត់អស់ហើយ តែមិនបានប្រាប់ពីប្រភពដ្រូន មានមនុស្សរងគ្រោះថ្នាក់ឬអត់ ឬមួយក៏មានការផ្អាកដំណើរការរបស់ស្ថានីយប្រេងទាំងពីរនោះឬអត់ទេ។
ចំណែកខាងពួកឧទ្ទាមហ៊ូទីដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់វិញបានចេញមុខសារភាពជាស្នាដៃរបស់ពួកគេ និងបានបញ្ជាក់ថា ទង្វើរបស់ពួកគេគឺដើម្បីសងសឹកទល់នឹងអារ៉ាប៊ីសាអូឌីតដែលបានដឹកនាំកម្លាំងអារ៉ាប់វាយប្រហារលើពួកគេតាំងពីឆ្នាំ ២០១៥។ គួររម្លឹកថាក្នុងរយៈពេល ៥ខែកន្លងទៅ នេះជាលើកទី៣ ដែលពួកឧទ្ទាមហ៊ូទីបានប្រើដ្រូនវាយប្រហារលើស្ថានីយប្រេងអារ៉ាប៊ីសាអូឌីតរបស់ក្រុមហ៊ុន Aramco។ លើកទី១ ក្នុងថ្ងៃទី១៤ ឧសភាដោយប្រើដ្រូនវាយប្រហារលើស្ថានីយ៍បូមប្រេងចំនួនពីរកន្លែងក្នុងតំបន់រីយ៉ាដ និងលើកទី២ ក្នុងថ្ងៃទី១៧ សីហាដោយប្រើដ្រូនដល់ទៅ ១០គ្រឿងវាយប្រហារលើស្ថានីយ៍ប្រេងឈ្មោះ Shaybah ស្ថិតប៉ែកខាងកើត។
តាមក្រុមអ្នកជំនាញ ទោះបីជាការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូទីនៅមានកម្រិតក៏ពិតមែន តែនេះជាសក្ខីកម្មដែលបញ្ជាក់ថា ពួកគេមានអាវុធទំនើបៗ និងកំពុងបង្កការគំរាមកំហែងពិតៗដល់អារ៉ាប់ប៊ីសាអូឌីត ពិសេសស្ថានីយ៍ប្រេង។ អ្វីជាការកត់សម្គាល់ ការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូទីលើអារ៉ាប៊ីសាអូឌីតជាបន្តបន្ទាប់ពេលនេះនឹងធ្វើឲ្យស្ថានការណ៍នៅក្នុងតំបន់ឈូងសមុទ្រពែក្សដែលកំពុងតានតឹងនឹងរឹតតែឡើងខ្លាំងបន្ថែមទៀត។ ភាពតានតឹងដែលកើតចេញពីការវាយប្រហារលើកប៉ាល់ដឹកប្រេងក្នុងខែឧសភា និងខែមិថុនា។ ការវាយប្រហារលើកប៉ាល់ដឹកប្រេងទាំងពីរកាលណោះត្រូវបានអាមេរិកចង្អុលមុឋអ៊ីរ៉ង់ តែអ៊ីរ៉ង់បន្តបដិសេធ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ