អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី១៥ កញ្ញា អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​នាំ​ប្រេង​ចេញ​ធំ​ជាង​គេ​ក្នុង​លោក​បាន​ប្រាប់​ពី​ការ​ធ្លាក់​ចុះ​ផលិតកម្ម​ប្រេង​របស់​ខ្លួន​ជា​បណ្តោះអាសន្ន​ចំនួន​ពាក់​កណ្តាល ពោល​មាន​ប្រមាណ​ជាង ៥លានបារីល​ក្នុង​មួយ​ថ្ងៃ។ ព័ត៌មាន​នេះ​បាន​ធ្លាក់​មក ក្រោយ​ពី​ស្ថានីយ៍ចម្រាញ់​ប្រេង​ចំនួន​ពីរ​របស់​ក្រុមហ៊ុន Aramco បាន​រង​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​ពួក​ឧទ្ទាម​ហ៊ូទី​ក្នុង​ប្រទេស​យេម៉ែន។ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេនសាលម៉ាន​បាន​បញ្ជាក់​ថា អារ៉ាប៊ីសាអូឌីត​មាន​ឆន្ទៈ និង​សមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​គំរាមកំហែង​ភេរវនិយម​មួយ​នេះ។ ចំណែក​លោក​ត្រាំ​បាន​ថ្កោលទោស​លើ​ការ​វាយប្រហារ​ដែល​នឹង​ធ្វើ​ឲ្យ​ជម្លោះ និង​ការ​មិន​ទុកចិត្តគ្នា​មាន​កាន់​តែ​ខ្លាំង​ឡើង។ រីឯ​ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ​បាន​ចង្អុល​ចំ​មុខ​អ៊ីរ៉ង់​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ហ៊ូទី។

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល
ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ​មិន​បាន​លើក​យក​ភស្តុងតាង​អ្វី​ទៅ​បង្ហាញ​ដើម្បី​បញ្ជាក់​ពី​ការ​លូកដៃ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​របស់​ពួក​ឧទ្ទាមហ៊ូទី​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​ចំនួន​ពីរ​របស់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា​ទេ។ តែ​មាន​ហេតុផល​មួយ​ចំនួន​ដែល​គេ​អាច​ពន្យល់​បាន ទី១ ចលនា​ឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន​ដែល​កំពុង​កាន់កាប់​ទឹកដី​មួយ​ផ្នែក​បាន​ទទួល​ការ​គាំទ្រ​គ្រប់​បែប​យ៉ាង​ពី​ប្រទេស​អ៊ីរ៉ង់ មិន​ថា​រឿង​លុយកាក់ ឬ​គ្រឿងសព្វាវុធ។ គឺ​ពួក​ឧទ្ទាម​ហ៊ូទី​នេះ​ដែល​កំពុង​បន្ត​ទទួល​រង​ការ​វាយប្រហារ​ពី​កម្លាំងសម្ព័ន្ធ​អារ៉ាប់​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​តាំង​ពី​ឆ្នាំ ២០១៥។ ចលនា​ឧទ្ទាម​មួយ​នេះ​តែង​ព្យាយាម​សងសឹក​ទល់​នឹង​អារ៉ាប៊ីសាអូឌីត​វិញ ដូច​យ៉ាង​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​ចំនួន​ពីរ​របស់​ក្រុមហ៊ុន Aramco ក្នុង​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា។

បើ​គ្មាន​ការ​ជួយ​គាំទ្រ ជ្រោមជ្រែង​ពី​អ៊ីរ៉ង់​ក៏​ពួក​ឧទ្ទាម​មួយ​នេះ​គ្មាន​អាវុធទំនើបៗ​ទាន់សម័យ​ដូច​យ៉ាង​ដ្រូន និង​គ្មាន​សមត្ថភាព​អាច​ទៅ​វាយប្រហារ​ដល់​ស្ថាយ៍នីយ៍ចម្រាញ់ប្រេង​របស់​អារ៉ាប៊ីសាអូឌីត​ដែល​មាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​ទីតាំង​របស់​ពួក​គេ​ដែរ។ គួរ​រម្លឹក​ថា នេះ​លើកទី៣ ក្នុង​រយៈពេល ៥ខែ​ចុង​ក្រោយ​ដែល​ពួក​ឧទ្ទាម​ហ៊ូទី​បាន​ប្រើ​យុទ្ធសាស្រ្ត​វាយប្រហារ​ដោយ​ប្រើ​ដ្រូន។ តែ​គេ​ក៏​ត្រូវ​ដឹង​ថា អារ៉ាប៊ីសាអូឌីត​ជា​សត្រូវ​ស៊ីសាច់ហុតឈាម និង​ជា​សត្រូវស៊ូពូជ​របស់​អ៊ីរ៉ង់។ ទាំង​អស់​នេះ​ជា​ហេតុផល​ដែល​ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ​មិន​ញញើត​ទម្លាក់​កំហុស​ដាក់​អ៊ីរ៉ង់។ តែ​អ៊ីរ៉ង់​បាន​តប​វិញ​ដោយ​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​លោក​ប៉ុមប៉េអូ និង​ចាត់​ទុក​ជា​ការ​ចោទ​ប្រកាន់​ល្ងីល្ងើ​ដែល​មិន​អាច​យល់​បាន។

អាមេរិក​ចេញ​មុខ​ធានា​ស្ថិរភាព​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ

ក្រោយ​រង​ការ​វាយប្រហារ ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​ពី​ការ​ផ្អាក​ដំណើរ​ផលិតកម្ម​ប្រេង​នៅ​ស្ថានីយ៍​ទាំង​ពីរ​មួយ​រយៈ។ ការ​ផ្អាក​នេះ​បាន​ធ្វើ​ឲ្យ​ផលិតកម្ម​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត​ធ្លាក់​ចុះ​ចំនួន​ពាក់កណ្តាល​ក្នុង​មួយ​ថ្ងៃ។ មាន​ការ​លើក​ឡើង​ថា ការ​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត​ជា​ការ​វាយប្រហារ​លើ​បេះដូង​ពិភពលោក និង​អាច​ធ្វើ​ឲ្យ​ពិភពលោក​ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង។ ចូរ​កុំ​ភ្លេច​ថា អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ជង្រុកប្រេងឆៅ​ដ៏​សំខាន់​ក្នុង​លោក ជា​ប្រទេស​ដែល​បាន​នាំ​ប្រេង​ចេញ​ច្រើន​ជាង​គេ​ក្នុង​លោក និង​ជា​ប្រទេស​ដែល​បាន​ផលិតប្រេង​ក្នុង​បរិមាណ​ដ៏​ច្រើន​សម្បើម​ក្នុង​មួយ​ថ្ងៃៗ ពោល​មាន​ជាង ១០លានបារីល​ក្នុង​មួយ​ថ្ងៃ។

ស្ថានីយ៍ចម្រាញ់ប្រេង​ចំនួន​ពីរ គឺ​ស្ថានីយ៍ Abqais និង​ស្ថានីយ៍ Khurais ដែល​បាន​រង​ការ​វាយប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា​បាន​ផលិតប្រេង​ក្នុង​មួយ​ថ្ងៃៗ​ចំនួន ៥លាន ៧សែន​បារីល។ ដូច្នេះ​ការ​ផ្អាក​ដំណើរការ​ស្ថានីយ៍ចម្រាញ់ប្រេង​ទាំង​ពីរ​ជា​បណ្តោះអាសន្ន​ធ្វើ​ឲ្យ​ផលិតកម្ម​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត​ធ្លាក់​ចុះ​ចំនួន​ពាក់​កណ្តាល ពោល​ស្មើ​ដល់​ទៅ ៥% នៃ​ផលិតកម្ម​ប្រេង​សរុប​ក្នុង​លោក។ ធ្លាក់​ចុះ​ចំនួន ៥% គឺ​សម្បើម​ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​ស្ទុះ​ឡើង​នា​ពេល​ខាង​មុខ ប្រសិន​បើ​គ្មាន​វិធានការ​ណា​ដើម្បី​បំពេញ​ការ​ធ្លាក់​ចុះ។ រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត​លោក​អាប់ឌូឡាហ្ស៊ី បេនសាលម៉ាន​បាន​ថ្លែង​ក្នុង​ថ្ងៃ​អាទិត្យ ទី១៥ កញ្ញា​ថា ដំណើរការ​ឡើង​វិញ​របស់​ស្ថានីយ៍​ទាំង​ពីរ​អាស្រ័យ​លើ​ទំហំ​នៃ​ការ​ខូចខាត មាន​ន័យ​ថា បើ​ខូចខាត​តិច​ចំណាយ​ពេល​ជួសជុល​តិច តែ​បើ​ខូចខាត​ច្រើន​ត្រូវ​ចំណាយ​ពេល​ជួសជុល​យូរ។

យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត​លោក​អាប់ឌូឡាហ្ស៊ី បេនសាលម៉ាន​បាន​ធានា​ថា អារ៉ាប៊ីសាអូឌីត​ត្រៀម​អនុវត្ត​ផែនការ​អាសន្ន​ដោយ​បញ្ចេញ​ស្តុក​របស់​ខ្លួន​ដើម្បី​ប៉ះប៉ូវ​នឹង​ការ​ធ្លាក់​ចុះ។ ចំណែក​អាមេរិក​ក៏​ត្រៀម​អនុវត្ត​ផែនការ​អាសន្ន​ដោយ​គ្រោង​បង្កើន​ការ​បូមប្រេង​របស់​ខ្លួន​បន្ថែម បើ​ចាំ​បាច់​ដើម្បី​រក្សា​តម្លៃប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

ការ​វាយប្រហារ​លើ​ស្ថានីយ៍ប្រេង​ពី​អាកាស​ជា​ថ្មី​សម្រាប់​អារ៉ាប៊ីសាអូឌីត

នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​នា​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេនសាលម៉ាន​បាន​ត្រឹម​និយាយ​ប្រាប់​លោក​ត្រាំ​ថា អារ៉ាប៊ីសាអូឌីត​មាន​ឆន្ទៈ មាន​លទ្ធភាព និង​មាន​សមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​គំរាម​ភេរវនិយម​តាម​គ្រប់រូប​ភាព។ ចំណែក​កម្លាំងសម្ព័ន្ធអារ៉ាប់​ក្រោម​មេបញ្ជាការ​អារ៉ាប៊ីសាអូឌីត​ដែល​កំពុង​ដឹកនាំ​ការ​វាយប្រហារ​លើ​ពួក​ឧទ្ទាមហ៊ូទី​នៅ​យេម៉ែន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​វែក​មុខ​រក​ក្រុម​អ្នករៀបចំ និង​ក្រុម​ដៃដល់​វាយប្រហារ​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​អារ៉ាប៊ីសាអូឌីត​ទាំង​ពីរ​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា។

លោក​ទូរគី អាល់ម៉ាល់គី អ្នក​នាំពាក្យ​កម្លាំងសម្ព័ន្ធអារ៉ាប់​បាន​ឲ្យ​ដឹង​ថា វិធានការ​ចាំបាច់​មួយ​ចំនួន​នឹង​ត្រូវ​អនុវត្ត​ដើម្បី​ការពារ​ធនធានជាតិ សន្តិសុខថាមពល​អន្តរជាតិ និង​ដើម្បី​ធានា​ស្ថិរភាព​សេដ្ឋកិច្ច​ពិភពលោក។ តើ​វិធានការ​ទាំង​អស់​នោះ​មាន​អ្វី​ខ្លះ​ទៅ លោក​អាល់ម៉ាល់គី​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។ គួរ​បញ្ជាក់​ថា ការ​សាងសង់​ស្ថានីយ៍ចម្រាញ់​ប្រេង ឬ​បូមប្រេង​របស់​អារ៉ាប៊ីសាអូឌីត​បាន​គិតគូរ​បង្ការ​ពី​ការ​វាយប្រហារ​ពី​ខាង​ក្រៅ​ដោយ​ប្រើ​រថយន្ត។ ចំណែក​ការ​វាយប្រហារ​ពី​លើ​អាកាស​ដោយ​ប្រើ​ដ្រូន​ជា​រឿង​ថ្មី​ស្រឡាង​ដែល​អារ៉ាប៊ីសាអូឌីត​នឹក​ស្មាន​មិន​ដល់ មិន​ដែល​បារម្ភ និង​មិន​បាន​រងចាំ​ទាល់​តែ​សោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ