អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​យេម៉ែន ចលនា​ឧទ្ទាម​ហ៊ូទី​តាម​រយៈ​ប្រធាន​ក្រុមប្រឹក្សានយោបាយ​លោក​មេឌី ម៉ាឆាត​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី២០ កញ្ញា​ពី​ការ​ត្រៀម​ខ្លួន​បញ្ឈប់​រាល់​ការ​វាយប្រហារ​ប្រឆាំង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ការ​ប្រកាស​របស់​លោក​ម៉ាឆាត​បាន​ធ្វើ​ឡើង​នា​ឱកាស​ខួប​គម្រប់ ៥ឆ្នាំ​គត់​នៃ​ការ​វាយ​ចូល​កាន់កាប់​ទីក្រុង​សាណា​របស់​ពួក​ឧទ្ទាម​ហ៊ូទី​ក្នុង​ថ្ងៃទី២១ កញ្ញា ឆ្នាំ ២០១៤។ សំណើ​ចង់​មាន​សន្តិភាព​ជាមួយ​អារ៉ាប៊ីសាអូឌីត​របស់​ចលនា​ឧទ្ទាម​ហ៊ូទី​ពេល​នេះ​បាន​កើត​មាន​ឡើង មួយ​សប្តាហ៍​ក្រោយ​ពី​ពួក​ឧទ្ទាម​នៅ​យេម៉ែន​មួយ​នេះ​បាន​ប្រើ​ដ្រូន​វាយប្រហារ​លើ​ស្ថានីយ៍សម្រាញ់ប្រេង​ចំនួន​ពីរ​របស់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា។ ការ​វាយប្រហារ​ដែល​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​បាន​ចោទ​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ពួក​ឧទ្ទាម​ហ៊ូទី។

នៅយេម៉ែន ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត
នៅយេម៉ែន ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត REUTERS/Abduljabbar Zeyad
ផ្សាយពាណិជ្ជកម្ម

បើ​គេ​ពិនិត្យ​មើល​មួយ​ភ្លែត ការ​ប្រកាស​ចង់​បាន​សន្តិភាព​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ពី​សំណាក់​ចលនា​ឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន​ពេល​នេះ​ជា​រឿង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ខ្លាំង នឹក​ស្មាន​មិន​ដល់ និង​ដែល​គ្មាន​នរណា​ម្នាក់​បាន​រង់ចាំ​ទាល់​តែ​សោះ។ នេះ​ក៏​ដោយសារ​ថា អស់​រយៈពេល ៥ឆ្នាំ​ដែល​ពួក​ឧទ្ទាម​ហ៊ូទី​បាន​ធ្វើ​ការ​តស៊ូ ប្រដាប់អាវុធ​ប្រឆាំង​នឹង​អារ៉ាប៊ីសាអូឌីត។ ជា​រឿយៗ ចលនា​ឧទ្ទាម​នៅ​យេម៉ែន​មួយ​នេះ​តែង​ប្រើ​ដ្រូន គ្រាប់មីស៊ីល និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​វាយប្រហារ​លើ​ទឹកដី​អារ៉ាប៊ីសាអូឌីត ពិសេស​យក​ស្ថានីយ៍​បូមប្រេង ឬ​ចម្រាញ់ប្រេង​ធ្វើ​ជា​ផ្ទាំងស៊ីប។ ជាក់ស្តែង​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា​កន្លង​ទៅ ពួក​ឧទ្ទាម​ហ៊ូទី​បាន​ប្រើ​ដ្រូន​វាយប្រហារ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​អារ៉ាប៊ីសាអូឌីត​ចំនួន​ពីរ​ឈ្មោះ Abqaiq និង Khurais។

តែ​បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច ការ​ប្រកាស​របស់​ចលនា​ឧទ្ទាម​ហ៊ូទី​ពេល​នេះ​អាច​មាន​ហេតុផល​មួយ​ចំនួន ទី១ មក​ពី​ពួក​នេះ​មិន​ចង់ ឬ​មិន​អាច​បន្ត​ទ្រាំទ្រ​នឹង​ការ​ទម្លាក់​គ្រាប់បែក​ពី​កម្លាំងសម្ព័ន្ធមិត្ត​អារ៉ាប់​ដែល​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​តាំង​ពី​ឆ្នាំ ២០១៥ ទី២ មក​ពួក​នេះ​បារម្ភ​ខ្លាច​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​ពួត​ដៃ​គ្នា​វាយប្រហារ​លើ​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន និង​ទី៣ ដែល​គ្រប់​គ្នា​ចាត់​ទុក​សំខាន់ គឺ​មក​ពី​ចលនា​ឧទ្ទាម​ហ៊ូទី​ចង់​ចេញ​មុខ​ដើរ​ជា​តួអង្គ​ស្វែង​រក​ដំណោះស្រាយ​បិទបញ្ចប់​ជម្លោះ​រុំាំរ៉ៃ​នៅ​ក្នុង​ប្រទេស​យេម៉ែន។

ចលនា​ឧទ្ទាម​ហ៊ូទី​រង់ចាំ​ចម្លើយ​ដូច​គ្នា​ពី​អារ៉ាប៊ីសាអូឌីត

ការ​ប្រកាស​របស់​ចលនា​ឧទ្ទាម​ហ៊ូទី​ក្នុង​ថ្ងៃ​សុក្រ ទី២១ កញ្ញា​បាន​ធ្វើ​ឡើង​ដោយ​ប្រធាន​ក្រុមប្រឹក្សានយោបាយ​ហ៊ូទី​លោក​មេឌី ម៉ាឆាត និង​ចំ​ថ្ងៃ​ខួប​គម្រប់ ៥ឆ្នាំ​នៃ​ការ​វាយ​ចូល​កាន់កាប់​ទីក្រុង​សាណា ប្រទេស​យេម៉ែន​របស់​ពួក​ឧទ្ទាម​ហ៊ូទី​កាល​ពី​ថ្ងៃទី២១ កញ្ញា ឆ្នាំ ២០១៤។ លោក​ម៉ាឆាត​បាន​បញ្ជាក់​ច្បាស់ៗ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា ចលនា​ឧទ្ទាម​ហ៊ូទី​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​បញ្ឈប់​រាល់​ការ​វាយប្រហារ​ទាំង​អស់​លើ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ តាម​លោក​ម៉ាឆាត គំនិត​ផ្តួចផ្តើម​មួយ​នេះ​របស់​ចលនា​ឧទ្ទាម គឺ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព​តាម​រយៈ​កិច្ចចរចា​ប្រាកដប្រជា​ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​ផ្សះផ្សាជាតិ​ទាំង​ស្រុង​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ជម្លោះ​ទាំង​អស់។

ប្រធាន​ក្រុមប្រឹក្សានយោបាយ​ហ៊ូទី​លោក​មេឌី ម៉ាឆាត​បាន​ដាក់​លក្ខខណ្ឌ​តែ​មួយ​គត់ គឺ​សុំ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ឈប់​ដឹកនាំ​កម្លាំងសម្ព័ន្ធអារ៉ាប់​វាយប្រហារ​លើ​ពួក​គេ។ គួរ​រម្លឹក​ថា ទីក្រុង​រីយ៉ាដ​បាន​ដឹក​នាំ​កម្លាំងសម្ព័ន្ធអារ៉ាប់​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ហ៊ូទី​តាំង​ពី​ឆ្នាំ ២០១៥ ពោល​ក្រោយ​ពី​ពួក​នេះ​បាន​វាយ​ចូល​កាន់កាប់​ទីក្រុង​សាណា ប្រទេស​យេម៉ែន​ក្នុង​ថ្ងៃទី២១ កញ្ញា ឆ្នាំ ២០១៤ មក​ដល់​សព្វថ្ងៃ។ លោក​មេឌី ម៉ាឆាត​បាន​បន្ថែម​ថា ការ​បន្ត​ធ្វើ​សង្រ្គាម​មិន​បាន​ហុច​ប្រយោជន៍​ឲ្យ​នរណា​ម្នាក់​ឡើយ និង​បាន​សំណូមពរ​ឲ្យ​បើក​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​សាណា​ឡើង​វិញ ព្រម​ទាំង​កំពង់ផែ​យុទ្ធសាស្រ្ត​ហូដីដា​ដែល​ស្ថិត​ប៉ែក​ខាង​លិច​ប្រទេស។

ដូច្នេះ​គោលដៅ​ចុង​ក្រោយ​ដែល​ចលនា​ឧទ្ទាម​ហ៊ូទី​ចង់​បាន​តាម​រយៈ​សំណើ​ចង់​បាន​សន្តិភាព​ជាមួយ​អារ៉ាប៊ីសាអូឌីត​ពេល​នេះ គឺ​ការ​ផ្សះផ្សាជាតិ និង​ឯកភាពជាតិ​សម្រាប់​ប្រទេស​យេម៉ែន។ តែ​អារ៉ាប៊ីសាអូឌីត​នៅ​មិន​ទាន់​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សំណើ​របស់​ចលនា​ឧទ្ទាម​ហ៊ូទី​ពេល​នេះ ហើយ​អាមេរិក​ក៏​នៅ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ណា​ដែរ។

យេម៉ែន​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​លោក

អ្វីៗ​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ ២០១១ ដែល​ជា​ឆ្នាំ​នៃ​ការ​ផ្តើម​ភ្លួករសជាតិ​បដិវត្តអារ៉ាប់​ពី​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ កម្លាំង​មហាជន​យេម៉ែន​បាន​បង្ខំ​ប្រធានាធិបតី​យេម៉ែន​លោក​សាឡេ​ឲ្យ​ចុះ​ចេញ​ដោយ​ខ្លួន​ឯង ហើយ​លោក​ហាឌី​បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្របច្បាប់​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១២ មក​ដល់​សព្វថ្ងៃ។ ផ្ទុយ​ពី​ប្រទេស​អារ៉ាប់​មួយ​ចំនួន យេម៉ែន​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង​ដែល​ក្នុង​ថ្ងៃទី២១ កញ្ញា ឆ្នាំ ២០១៤ ក្រុម​ឧទ្ទាម​ហ៊ូទី​ដែល​គាំទ្រ​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​លោក​សាឡេ​បាន​វាយ​ចូល​កាន់កាប់​ទីក្រុង​សាណា និង​បាន​បង្ខំ​ប្រធានាធិបតី​ថ្មី​លោក​ហាឌី​ឲ្យ​ភៀសខ្លួន​ទៅ​ជ្រកកោណ​នៅ​អារ៉ាប៊ីសាអូឌីត​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥។

រដ្ឋាភិបាល​របស់​លោក​ហាឌី​បាន​រត់​ពី​ទីក្រុង​សាណា​ទៅ​បោះ​ទីតាំង​បណ្តោះអាសន្ន​នៅ​ប៉ែកខាងត្បូង​ក្នុង​ទីក្រុង​អាដេន​មក​ដល់​បច្ចុប្បន្ន។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៥ ដដែល អារ៉ាប៊ីសាអូឌីត​បាន​ដឹកនាំ​កម្លាំងសម្ព័ន្ធអារ៉ាប់​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ហ៊ូទី​មក​ដល់​សព្វថ្ងៃ។ ក្រោម​ភ្នែក ចម្រុះ​របស់​សហគមន៍​អន្តរជាតិ រដ្ឋាភិបាល​របស់​លោក​ហាឌី​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែ​មួយ​គត់​របស់​យេម៉ែន។ តែ​គេ​សម្គាល់​ឃើញ​ថា តួអង្គ​នយោបាយ​ដែល​កំពុង​មាន​ប្រៀប និង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​យេម៉ែន​សព្វថ្ងៃ​មិន​មែន​រដ្ឋាភិបាល​របស់​លោក​ហាឌី​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ទេ តែ​គឺ​ចលនា​ឧទ្ទាម​ហ៊ូទី។

ជម្លោះ​ផ្ទៃក្នុង​នៅ​យេម៉ែន​ជិត ១០ឆ្នាំ​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់នាក់​ដែល​ភាគច្រើន​ជា​ជនស៊ីវិល មាន​ជនបម្លាស់ទី​ប្រមាណ​ជា ៣លាន ៣សែននាក់ និង​បាន​ប្រែ​ក្លាយ​យេម៉ែន​ដែល​ជា​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​ឧបទ្វីប​អារ៉ាប់​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​លោក។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ពេល​នេះ​គឺ​ថា តើ​មាន​ភាគី​ណា​ខ្លះ​ដែល​យល់ព្រម​ទទួល​ការ​បោះ​ដៃ​របស់​ចលនា​ឧទ្ទាម​ហ៊ូទី​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ