តើបាតុកម្មនៅអេហ្ស៊ីបនឹងអាចរង្គោះរង្គើអំណាចលោកប្រធានាធិបតីស៊ីស៊ី ដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៦
អេហ្ស៊ីបនៅថ្ងៃសុក្រទី២៧កញ្ញា អាចប្រឈមនឹងបាតុកម្មសាជាថ្មីរបស់ប្រជាជនអេហ្ស៊ីប ដែល កាលពីថ្ងៃសុក្រសប្តាហ៍មុន បានចុះថ្នល់ធ្វើបាតុកម្ម នៅតាមទីក្រុងធំៗរបស់អេហ្ស៊ីប ដើម្បី ទាមទារឲ្យប្រធានាធិបតីដែលពួកគេចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ចុះចេញពីតំណែង។ តាមអង្គការការពារសិទ្ធិមនុស្ស Human Right Watchs មនុស្សប្រមាណ ២ពាន់នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។
នៅក្រោយបាតុកម្មផ្ទុះឡើង នៅតាមទីក្រុង ជាច្រើនរបស់អេហ្ស៊ីប កាលពីសប្តាហ៍ មុន ប្រជាជនអេហ្ស៊ីប នឹងអាចចុះថ្នល់ធ្វើបាតុកម្មសាជាថ្មី នៅថ្ងៃសុក្រនេះ ដើម្បី ទាមទារឲ្យប្រធានាធិបតីអេហ្ស៊ីប លោកស៊ីស៊ី ចុះចេញពីតំណែង។ នៅ អេហ្ស៊ីប ចាប់តាំងពីឆ្នាំ ២០១៣មក បាតុកម្មរបស់ប្រជាជនអេហ្ស៊ីបប្រឆាំងប្រមុខដឹកនាំរដ្ឋាភិបាល បានស្ងប់ស្ងាត់ ដោយសារច្បាប់ថ្មី នៅឆ្នាំ ២០១៣ បានហាមឃាត់មិនឲ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាល។
នៅថ្ងៃសុក្រ ប៉ូលិសអេហ្ស៊ីប ត្រូវបានដាក់ពង្រាយក្រាសក្រែលនៅទីក្រុងគែរ ជាពិសេស ទីលានសន្តិភាព តារៀ Tahrirដែលធ្លាប់ជាកន្លែងប្រមូលផ្តុំសំខាន់នៃបដិវត្តអារ៉ាប់នៅអេហ្ស៊ីប កាលពីឆ្នាំ ២០១១។
បាតុកម្មរបស់ប្រជាជនអេហ្ស៊ីបបានចាប់ផ្ទុះឡើង ។ ប្រជាជនអេហ្ស៊ីបបានចុះថ្នល់ធ្វើបាតុកម្ម ប្រឆាំងប្រធានាធិបតីអេហ្ស៊ីប លោកស៊ីស៊ី កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីមានការបង្ហោះផ្សាយព្រោងព្រាត នៅលើបណ្តាញសង្គម រូបភាពវីដេអូ ដែលនៅក្នុងនោះ សហគ្រិនសំណង់ ជាតិអេហ្ស៊ីបម្នាក់ ដែលកំពុងរត់ភៀសខ្លួន ទៅនៅប្រទេសអេស្ប៉ាញ បានចោទប្រកាន់ លោកប្រធានាធិបតីស៊ីស៊ី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំយោធាផ្សេងទៀត ពីបទប្រព្រឹត្តអំពើពុករលួយ ចាយខ្ជះខ្ជាយថវិកាជាតិ រាប់លានដុល្លារ តាមរយៈ ការសង់វិមានប្រធានាធិបតី ឬផ្ទះវីឡាផ្ទាល់ខ្លួនរបស់មេដឹកនាំអេហ្ស៊ីប។
នៅក្នុងខែ្សវីដេអូ រយៈពេល៣០នាទីដែលត្រូវគេបានចុច ចែកចាយ Share រាប់លានដងនៅលើបណ្តាញសង្គម និងអ៊ីនធ័រនែត សហគ្រិនអេហ្ស៊ីបMohamed Ali បានអំពាវនាវឲ្យប្រជាជនធ្វើបាតុកម្ម ទម្លាក់ ប្រធានាធិបតី អេហ្ស៊ីបចេញពីតំណែង។
លោកស៊ីស៊ី៖ គេគ្មានហេតុផលអ្វីដែលត្រូវបារម្ភពីបាតុកម្មនៅថ្ងៃសុក្រ
ដោយសារតែបាតុកម្មត្រូវគេហាមឃាត់ នៅអេហ្ស៊ីប មនុស្សជាច្រើនរយនាក់ត្រូវបានគេចាប់ខ្លួន តាំងពីថ្ងៃធ្វើបាតុកម្ម ថ្ងៃសុក្រសប្តាហ៍មុន។ តាមអង្គការការពារសិទ្ធិមនុស្សHuman Right Watchs មនុស្ស ប្រមាណ ២ពាន់នាក់ ដែលមានតាំងពីអ្នកកាសែត សកម្មជនសិទ្ធិមនុស្ស មេធាវី ជាដើម ត្រូវបានអាជ្ញាធរបើកយុទ្ធនាការចាប់ខ្លួន នៅក្នុងរយៈពេល ១សប្តាហ៍នេះ។ នេះជាចំនួនច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មាន គិតចាប់តាំងពីការបង្រ្កាបទៅលើបាតុកម្មអេហ្ស៊ីប នៅឆ្នាំ ២០១៣។
តាមអ្នកជំនាញនយោបាយដើមបូព៌ា នឹងអាចមានការបង្រ្កាបខ្លាំង ទៅលើបាតុកម្មនៅថ្ងៃសុក្រនេះ ព្រោះថា លោកប្រធានាធិបតីស៊ីស៊ី នឹងមិនបន្ធូរដៃនោះទេ។ លោកប្រធានាធិបតី ស៊ីស៊ី (អាយុ ៦៨ឆ្នាំ) ដែលបានជំរុញឲ្យគេធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងអនុញ្ញាតិឲ្យលោកកាន់តំណែងជាប្រធានាធិបតី ដល់ ឆ្នាំ ២០៣០ បានបង្ហាញហើយថា លោកនៅចង់កាន់តំណែងដឹកនាំអេហ្ស៊ីប យូរតទៅទៀត។ លោកធ្លាប់ពន្លយឲ្យដឹងហើយថា បាតុកម្មណាមួយ នៅអេហ្ស៊ីប មិនមែនគ្រោះថ្នាក់សម្រាប់តែតំណែងប្រធានាធិបតីរបស់លោកនោះទេ ប៉ុន្តែ វាប៉ះពាល់ផងដែរដល់ស្ថិរភាពរបស់អេហ្ស៊ីប។
ប៉ុន្តែ នៅថ្ងៃសុក្រនេះ លោកស៊ីស៊ី ដែលទើបត្រលប់ពីទីក្រុងញូវយ៉ក នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់អ្នកកាសែតថា កុំឲ្យគេព្រួយបារម្ភពីរឿងបាតុកម្មនៅថ្ងៃនេះ និងថា គេមិនត្រូវស្តាប់សំដីចោទប្រកាន់ឥតបានការណ៍របស់មនុស្សម្នាក់នោះទេ។ សម្រាប់លោកស៊ីស៊ី វិមានប្រធានាធិបតីដែលលោកបានបញ្ជារឲ្យគេសង់ មិនមែនសម្រាប់តែលោកម្នាក់នោះទេ ប៉ុន្តែ សម្រាប់អេហ្ស៊ីបទាំងមូល៕
ប្រជាជនអេហ្ស៊ីប ១ភាគ ៣ រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ
Mohamed Ali ជាមនុស្សសាមញ្ញ មិនមែនជាអ្នកនយោបាយ ឬក្រុមសាសនាជ្រុលនិយមនោះទេ។ នៅក្នុងសារវីដេអូរបស់ខ្លួន Mohamed Ali ដែលអ្នកជំនួញបានប្រើភាសានិយាយសាមញ្ញ ដើម្បីពន្យល់ពីរឿងអាស្រូវពុករលួយ ដែលជារឿងរសើប សម្រាប់ប្រជាជនអេហ្ស៊ីបជាទូទៅ។
នៅថ្ងៃសុក្រសប្តាហ៍មុន បាតុកម្មបានផ្ទុះឡើង នៅតាមទីក្រុងធំៗរបស់អេហ្ស៊ីប បានធ្វើឲ្យគេភ្ញាក់ផ្អើល ជាខ្លាំង និងមិនមែនជារឿងដែលអាជ្ញាធរអេហ្ស៊ីបបានគិតស្មានទុកមុននោះទេ។ ប្រជាជនអេហ្ស៊ីបធ្វើបាតុកម្ម ទៅតាមការអំពាវនាវរបស់ម៉ូហាម៉េដ អាលី ដែលជាសាមញ្ញជន ក៏ព្រោះតែ ការអំពាវនាវរបស់មូហាម៉េដអាលី ធ្វើឡើង នៅក្នុងកាលៈទេសៈមួយ ដែលប្រជាជនអេហ្ស៊ីបកំពុងរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ច។ នៅក្នុងប្រទេសដែលមានប្រជាជន មួយភាគបី កំពុងរស់នៅ ក្រោមបន្ទាត់ក្រីក្រ (ប្រាក់ចំណូល ៤៨៥ដុល្លារ ក្នុងមួយឆ្នាំ) រដ្ឋាភិបាលអេហ្ស៊ីបរបស់លោកស៊ីស៊ី ចាប់តាំងពីឆ្នាំ ២០១៦មក បានអនុវត្តនយោបាយរឹតត្បិតថវិកា ដូចជាកាត់បន្ថយជំនួយរដ្ឋសម្រាប់ប្រជាជនក្នុងផ្នែកថាមពល បញ្ចុះតម្លៃលុយអេហ្ស៊ីប។ រដ្ឋាភិបាលអេហ្ស៊ីបធ្វើកំណែទម្រង់សេដ្ឋកិច្ចដ៏ចាស់ដៃ ក៏ព្រោះតែចង់បានប្រាក់កម្ចី ១២ពាន់លានដុល្លារពី មូលនិធិរូបិយវត្ថុអន្តរជាតិFMI។
ការបើកកកាយរបស់ម៉ូហាមេដអាលី បានឲ្យប្រជាជនអេហ្ស៊ីបយល់ថា ប្រធានាធិបតី អេហ្ស៊ីបបានកាត់ចំណាយជាតិ សម្រាប់ប្រជាជន ប៉ុន្តែ បែរជាយកទៅចាយខ្ជះខ្ជាយ សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ លើកនេះ ប្រជាជនអេហ្ស៊ីបបានត្រលប់មកធ្វើបាតុកម្ម ដោយមិនខ្លាច នឹងការបង្រ្កាបរបស់ប៉ូលិស ដោយសារពួកគេ នឿយណាយ នឹងសេដ្ឋកិច្ចនៅទឹ្រង ភាពក្រីក្រ ហើយនិងអំពើពុករលួយ របស់មន្រ្តីរដ្ឋាភិបាល ដែលកាន់តែ ចេញមុខនៅក្នុងសង្គមអេហ្ស៊ីប។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ