អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើបាតុកម្ម​នៅអេហ្ស៊ីប​នឹង​អាច​រង្គោះរង្គើ​អំណាច​លោកប្រធានាធិបតី​ស៊ីស៊ី ដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អេហ្ស៊ីប​នៅ​ថ្ងៃ​សុក្រទី​២៧​កញ្ញា អាច​ប្រឈម​នឹង​បាតុកម្ម​សាជាថ្មី​របស់​ប្រជាជន​អេហ្ស៊ីប ដែល កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម នៅតាមទីក្រុង​ធំៗ​របស់​អេហ្ស៊ីប ដើម្បី ទាមទារ​ឲ្យ​ប្រធានាធិបតី​ដែលពួកគេ​ចោទប្រកាន់​ពីបទប្រព្រឹត្តអំពើពុករលួយ ចុះ​ចេញ​ពី​តំណែង។ តាម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Right Watchs មនុស្ស​ប្រមាណ ២ពាន់នាក់​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន ចាប់តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន។ 

បាតុកម្ម​របស់ប្រជាជនអេហ្ស៊ីប​នៅក្រោយ​មាន​វីដេអូអំពាវនាវ​របស់​អ្នកជំនួញ​អេហ្ស៊ីប ដែល​បាន​ចោទប្រកាន់ ប្រធានាធិបតី​អេហ្ស៊ីប លោកស៊ីស៊ីក្នុង​រឿងប្រព្រឹត្តអំពើពុករលួយ និង​ចាយលុយខ្ជះខ្ជាយ ខណៈពេល​អេហ្ស៊ីប​កំពុង​ជួប​បញ្ហាសេដ្ឋកិច្ច
បាតុកម្ម​របស់ប្រជាជនអេហ្ស៊ីប​នៅក្រោយ​មាន​វីដេអូអំពាវនាវ​របស់​អ្នកជំនួញ​អេហ្ស៊ីប ដែល​បាន​ចោទប្រកាន់ ប្រធានាធិបតី​អេហ្ស៊ីប លោកស៊ីស៊ីក្នុង​រឿងប្រព្រឹត្តអំពើពុករលួយ និង​ចាយលុយខ្ជះខ្ជាយ ខណៈពេល​អេហ្ស៊ីប​កំពុង​ជួប​បញ្ហាសេដ្ឋកិច្ច ©REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​បាតុកម្ម​ផ្ទុះឡើង នៅ​តាមទីក្រុង ជាច្រើន​របស់​អេហ្ស៊ីប កាលពី​សប្តាហ៍ មុន ប្រជាជន​អេហ្ស៊ីប នឹង​អាច​ចុះថ្នល់​ធ្វើ​បាតុកម្ម​សាជាថ្មី នៅថ្ងៃសុក្រនេះ ដើម្បី ទាមទារ​ឲ្យ​ប្រធានាធិបតី​អេហ្ស៊ីប លោក​ស៊ីស៊ី ចុះចេញពីតំណែង។ នៅ អេហ្ស៊ីប ចាប់តាំងពី​ឆ្នាំ ២០១៣មក បាតុកម្ម​របស់​ប្រជាជន​អេហ្ស៊ីប​ប្រឆាំង​ប្រមុខដឹកនាំ​រដ្ឋាភិបាល បាន​ស្ងប់ស្ងាត់ ដោយសារ​ច្បាប់​ថ្មី នៅ​ឆ្នាំ ២០១៣ បាន​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។

នៅថ្ងៃសុក្រ ប៉ូលិស​អេហ្ស៊ីប ត្រូវ​បានដាក់​ពង្រាយ​ក្រាសក្រែល​នៅទីក្រុង​គែរ ជាពិសេស ទីលាន​សន្តិភាព តារៀ Tahrir​ដែល​ធ្លាប់​ជា​កន្លែង​ប្រមូលផ្តុំ​សំខាន់​នៃ​បដិវត្តអារ៉ាប់​នៅអេហ្ស៊ីប កាលពី​ឆ្នាំ ២០១១។

បាតុកម្ម​របស់​ប្រជាជន​អេហ្ស៊ីប​បាន​ចាប់​ផ្ទុះឡើង ។ ប្រជាជន​អេហ្ស៊ីប​បាន​ចុះថ្នល់​ធ្វើបាតុកម្ម ប្រឆាំង​ប្រធានាធិបតី​អេហ្ស៊ីប លោក​ស៊ីស៊ី កាលពីថ្ងៃ​សុក្រ​សប្តាហ៍មុន បន្ទាប់ពី​មាន​ការបង្ហោះផ្សាយ​ព្រោងព្រាត នៅលើ​បណ្តាញសង្គម រូបភាពវីដេអូ ដែល​នៅក្នុង​នោះ សហគ្រិន​សំណង់ ជាតិ​អេហ្ស៊ីបម្នាក់ ដែល​កំពុង​រត់ភៀសខ្លួន ទៅ​នៅ​ប្រទេស​អេស្ប៉ាញ បាន​ចោទ​ប្រកាន់ លោកប្រធានាធិបតី​ស៊ីស៊ី និងភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​យោធា​ផ្សេងទៀត ពី​បទប្រព្រឹត្ត​អំពើ​ពុករលួយ ចាយ​ខ្ជះខ្ជាយ​ថវិកា​ជាតិ រាប់លាន​ដុល្លារ តាមរយៈ ការសង់​វិមាន​ប្រធានាធិបតី ឬ​ផ្ទះវីឡា​ផ្ទាល់ខ្លួន​របស់​មេដឹកនាំ​អេហ្ស៊ីប។

នៅក្នុង​ខែ្សវីដេអូ រយៈពេល​៣០នាទី​ដែល​ត្រូវ​គេ​បាន​ចុច ចែកចាយ Share រាប់លាន​ដង​នៅ​លើ​បណ្តាញ​សង្គម និង​អ៊ីនធ័រនែត សហគ្រិន​អេហ្ស៊ីប​Mohamed Ali បានអំពាវនាវ​ឲ្យ​ប្រជាជន​ធ្វើ​បាតុកម្ម ទម្លាក់ ប្រធានាធិបតី អេហ្ស៊ីប​ចេញពីតំណែង។

លោក​ស៊ីស៊ី៖ គេគ្មានហេតុផលអ្វី​ដែលត្រូវបារម្ភ​ពីបាតុកម្ម​នៅថ្ងៃសុក្រ

ដោយសារ​តែបាតុកម្ម​ត្រូវ​គេ​ហាមឃាត់ នៅអេហ្ស៊ីប មនុស្ស​ជាច្រើនរយនាក់​ត្រូវ​បាន​គេ​ចាប់ខ្លួន តាំង​ពីថ្ងៃ​ធ្វើ​បាតុកម្ម ថ្ងៃ​សុក្រ​សប្តាហ៍មុន។ តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Right Watchs មនុស្ស ប្រមាណ ២ពាន់នាក់ ដែល​មាន​តាំង​ពី​អ្នកកាសែត សកម្មជនសិទ្ធិមនុស្ស មេធាវី ជាដើម ត្រូវ​បាន​អាជ្ញាធរ​បើកយុទ្ធនាការ​ចាប់ខ្លួន នៅក្នុង​រយៈពេល ១​សប្តាហ៍នេះ។ នេះជាចំនួន​ច្រើន​សន្ធឹកសន្ធាប់ មិនធ្លាប់មាន គិតចាប់តាំង​ពីការបង្រ្កាប​ទៅលើ​បាតុកម្ម​អេហ្ស៊ីប នៅឆ្នាំ ២០១៣។

តាមអ្នកជំនាញ​នយោបាយ​ដើមបូព៌ា នឹងអាច​មានការបង្រ្កាបខ្លាំង ទៅលើ​បាតុកម្ម​នៅថ្ងៃ​សុក្រនេះ ព្រោះថា លោកប្រធានាធិបតី​ស៊ីស៊ី នឹង​មិន​បន្ធូរដៃ​នោះទេ។ លោកប្រធានាធិបតី ស៊ីស៊ី (អាយុ ៦៨ឆ្នាំ) ដែល​បាន​ជំរុញ​ឲ្យគេ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​នឹង​អនុញ្ញាតិ​ឲ្យ​លោក​កាន់តំណែង​ជា​ប្រធានាធិបតី ដល់ ឆ្នាំ ២០៣០ បាន​បង្ហាញហើយ​ថា លោកនៅ​ចង់​កាន់តំណែង​ដឹកនាំ​អេហ្ស៊ីប យូរតទៅទៀត។ លោកធ្លាប់​ពន្លយ​ឲ្យ​ដឹងហើយថា បាតុកម្ម​ណាមួយ នៅ​អេហ្ស៊ីប មិនមែន​គ្រោះថ្នាក់​សម្រាប់តែ​តំណែង​ប្រធានាធិបតី​របស់លោកនោះទេ ប៉ុន្តែ វាប៉ះពាល់​ផងដែរ​ដល់​ស្ថិរភាព​របស់អេហ្ស៊ីប។

ប៉ុន្តែ នៅថ្ងៃ​សុក្រនេះ លោកស៊ីស៊ី ដែល​ទើបត្រលប់​ពីទីក្រុង​ញូវយ៉ក នៅថ្ងៃ​សុក្រនេះ បាននិយាយ​ប្រាប់អ្នកកាសែត​ថា កុំ​ឲ្យគេ​ព្រួយបារម្ភ​ពីរឿង​បាតុកម្ម​នៅថ្ងៃ​នេះ និង​ថា គេ​មិនត្រូវ​ស្តាប់​សំដីចោទប្រកាន់​ឥតបានការណ៍​របស់​មនុស្ស​ម្នាក់នោះទេ។ សម្រាប់​លោកស៊ីស៊ី វិមាន​ប្រធានាធិបតី​ដែល​លោកបានបញ្ជារ​ឲ្យ​គេសង់ មិនមែនសម្រាប់តែ​លោកម្នាក់នោះទេ ប៉ុន្តែ សម្រាប់​អេហ្ស៊ីបទាំងមូល៕

ប្រជាជនអេហ្ស៊ីប ១ភាគ ៣ រស់នៅក្រោម​ខ្សែបន្ទាត់នៃភាពក្រីក្រ

Mohamed Ali ជា​មនុស្សសាមញ្ញ មិនមែន​ជាអ្នកនយោបាយ ឬ​ក្រុមសាសនា​ជ្រុលនិយមនោះទេ។ នៅក្នុង​សារ​វីដេអូ​របស់ខ្លួន Mohamed Ali ដែល​អ្នកជំនួញ​បាន​ប្រើភាសា​និយាយ​សាមញ្ញ ដើម្បី​ពន្យល់​ពី​រឿងអាស្រូវ​ពុករលួយ ដែល​ជារឿង​រសើប សម្រាប់​ប្រជាជន​អេហ្ស៊ីប​ជាទូទៅ។

នៅថ្ងៃ​សុក្រ​សប្តាហ៍មុន បាតុកម្ម​បាន​ផ្ទុះឡើង នៅតាម​ទីក្រុង​ធំៗ​របស់​អេហ្ស៊ីប បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល ជាខ្លាំង និង​មិនមែន​ជារឿង​ដែល​អាជ្ញាធរ​អេហ្ស៊ីប​បាន​គិតស្មាន​ទុកមុន​នោះ​ទេ។ ប្រជាជន​អេហ្ស៊ីប​ធ្វើ​បាតុកម្ម ទៅតាម​ការអំពាវនាវ​របស់​ម៉ូហាម៉េដ អាលី ដែល​ជា​សាមញ្ញជន ក៏ព្រោះតែ ការអំពាវនាវ​របស់​មូហាម៉េដ​អាលី ធ្វើ​ឡើង នៅក្នុង​កាលៈទេសៈ​មួយ ដែលប្រជាជន​អេហ្ស៊ីប​កំពុងរងគ្រោះ​ដោយសារ​វិបត្តិសេដ្ឋកិច្ច។ នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន មួយភាគបី កំពុង​រស់នៅ ក្រោម​បន្ទាត់ក្រីក្រ (ប្រាក់ចំណូល ៤៨៥​ដុល្លារ ក្នុង​មួយឆ្នាំ) រដ្ឋាភិបាល​អេហ្ស៊ីប​របស់​លោក​ស៊ីស៊ី ចាប់តាំង​ពី​ឆ្នាំ ២០១៦មក បាន​អនុវត្ត​នយោបាយ​រឹតត្បិត​ថវិកា ដូចជា​កាត់បន្ថយ​ជំនួយ​រដ្ឋ​សម្រាប់​ប្រជាជន​ក្នុង​ផ្នែកថាមពល បញ្ចុះ​តម្លៃ​លុយអេហ្ស៊ីប។ រដ្ឋាភិបាល​អេហ្ស៊ីប​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ដ៏ចាស់ដៃ ក៏ព្រោះតែ​ចង់​បាន​ប្រាក់កម្ចី ១២ពាន់លាន​ដុល្លារ​ពី មូលនិធិរូបិយវត្ថុ​អន្តរជាតិ​FMI។

ការបើកកកាយ​របស់​ម៉ូហាមេដ​អាលី បាន​ឲ្យ​ប្រជាជន​អេហ្ស៊ីប​យល់ថា ប្រធានាធិបតី អេហ្ស៊ីប​បាន​កាត់ចំណាយ​ជាតិ សម្រាប់ប្រជាជន ប៉ុន្តែ បែរ​ជា​យក​ទៅចាយខ្ជះខ្ជាយ សម្រាប់ប្រយោជន៍​ផ្ទាល់​ខ្លួនទៅវិញ។ លើកនេះ ប្រជាជន​អេហ្ស៊ីប​បាន​ត្រលប់​មក​ធ្វើ​បាតុកម្ម ដោយ​មិន​ខ្លាច នឹង​ការបង្រ្កាប​របស់​ប៉ូលិស ដោយសារ​ពួកគេ នឿយណាយ នឹង​សេដ្ឋកិច្ច​នៅទឹ្រង ភាពក្រីក្រ ហើយ​និង​អំពើពុករលួយ របស់​មន្រ្តីរដ្ឋាភិបាល ដែល​កាន់តែ ចេញមុខ​នៅ​ក្នុង​សង្គម​អេហ្ស៊ីប។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ