អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

១ឆ្នាំក្រោយឃាតកម្មសម្លាប់លោកយ៉ាម៉ាល់ ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីតពិបាកស្រោចស្រង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២ តុលា ជា​ខួប​មួយ​ឆ្នាំ​គត់​នៃ​ឃាតកម្ម​សម្លាប់​លោក​យ៉ាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​កាល​ពី​ថ្ងៃទី២ តុលា ឆ្នាំ ២០១៨។ លោក​ខាស្ហូហ្ស៊ី​ជា​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ដែល​បាន​រិះគន់ វាយប្រហារ​លើ​ថ្នាក់ដឹកនាំ​រាជានិយម​ដោយ​មិន​សំចៃ​មាត់។ រឿងរ៉ាវ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត ពិសេស​រាជទាយាទ​បេន សាលម៉ាន​ក្រពុល​មុខ និង​ទើសទាល់​ចិត្ត​យ៉ាង​ខ្លាំង។ ទោះ​បី​ជា​មាន​ភស្តុតាង និង​មាន​ការ​សង្ស័យ​ពី​ការ​លូកដៃ​របស់​ព្រះអង្គម្ចាស់​សាលម៉ាន​ក៏​ដោយ​ក៏​ព្រះអង្គ​នៅ​បន្ត​បដិសេធ។ យ៉ាង​ណា​ក៏​ដោយ ១ឆ្នាំ​ក្រោយ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីត​ហាក់​ពិបាក​ស្រោចស្រង់​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ​ណាស់។

រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន
រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន Reuters
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​ព្រះអង្គម្ចាស់​ផ្សេង ពិសេស​ខុស​ពី​បិតា​របស់​ព្រះអង្គ រាជទាយាទ​បេន សាលម៉ាន​ត្រូវ​បាន​គ្រប់​គ្នា​ទទួល​ស្គាល់​ជា​ព្រះអង្គម្ចាស់​សម័យទំនើប និង​បាន​ទាញ​អារ៉ាប៊ីសាអូឌីត​ឲ្យ​ចេញ​ពី​រាជាណាចក្រ​អភិរក្សនិយមជ្រុល។ ក្រៅ​ពី​គម្រោង​កំណែទម្រង់​សេដ្ឋកិច្ច​ដែល​ចង់​ឲ្យ​អារ៉ាប៊ីសាអូឌីត​ចៀស​ពី​ការ​ពឹងផ្អែក​តែ​លើ​ប្រភព​ប្រេងឆៅ​ក្រោម​ដី រាជទាយាទ​សាលម៉ាន​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ខ្លាំង​ដោយ​បាន​ផ្តល់​សិទ្ធិ​បើកបរ​ឲ្យ​ស្រ្តីភេទ។ រាជទាយាទ​សាលម៉ាន​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ជា​ច្រើន​ក្នុង​លោក​រាប់អាន ពិសេស​ក្រុម​អ្នក​វិនិយោគបរទេស​ដែល​បាន​សម្លឹង​ឃើញ​មហា​គម្រោង​កំណែទម្រង់​សេដ្ឋកិច្ច​របស់​ព្រះអង្គ។ ទាំង​អស់​នេះ គឺ​នៅ​មុន​ឃាតកម្ម​សម្លាប់​លោក​យ៉ាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​កាល​ពី​ថ្ងៃទី២ តុលា ឆ្នាំ ២០១៨។

តែ​ក្រោយ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី អ្វីៗ​ហាក់​លែង​ដូច​មុន​ទៀត​ឡើយ។ ឃាតកម្ម​សម្លាប់​រូប​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​ដែល​ហ៊ាន​រិះគន់ ទិតៀន​របប​រាជានិយម​អារ៉ាប៊ីសាអូឌីត​មិន​សំចៃ​មាត់​រូប​នេះ បាន និង​កំពុង​ជះ​ផលវិបាក​ខ្លាំង​ដល់​ប្រទេស និង​រូបភាព​មិន​ល្អ​សោះ​ចំពោះ​រាជទាយាទ​បេន សាលម៉ាន។ គ្រាន់​តែ​នៅ​ក្រោយ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​ភ្លាម ក្រុម​ប្រទេស​បស្ចិមលោក​ខ្លះ​ហាក់​ផ្តើម​មាន​មន្ទិលសង្ស័យ​ពី​ការ​លូកដៃ​របស់​ព្រះអង្គ​សាលម៉ាន​រួច​ជា​ស្រេច។ ១ឆ្នាំ​ក្រោយ​មក និង​ខុស​ពី​ក្តីសង្ឃឹម​ទុក​របស់​ព្រះអង្គម្ចាស់​សាលម៉ាន ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​នៅ​ឡើយ​ទេ។ ក្នុង​រយៈពេល ១ឆ្នាំ​កន្លង​ទៅ​នេះ ទំនាក់ទំនង​រវាង​រាជទាយាទ​សាលម៉ាន និង​ថ្នាក់ដឹកនាំ​បស្ចិមលោក​មួយ​ចំនួន​ហាក់​មិន​សូវ​ល្អូកល្អឺន​ដូច​មុន​ឡើយ។ ចំណែក​ក្រុមអ្នកវិនិយោគ​បរទេស ពិសេស​អ្នកវិនិយោគ​បរទេស​បស្ចិមលោក​បាន​បាត់បង់​ជំនឿ និង​ហាក់​លែង​ទុក​ចិត្ត​លើ​ព្រះអង្គម្ចាស់​សាលម៉ាន។

ត្រង់​ចំណុច​នេះ ព្រះអង្គម្ចាស់​បាន​យល់ និង​ដឹង​ច្បាស់ណាស់។ អ៊ីចឹង​ហើយ​បាន​ជា​តាំង​ពី​ក្រោយ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​មក ព្រះអង្គ​បាន​ព្យាយាម​ស្រោចស្រង់​កេរ្តិ៍ឈ្មោះ​ប្រទេស និង​មុខមាត់​ព្រះអង្គ​ផ្ទាល់​ដោយ​ផ្តើម​យុទ្ធនាការ​ឃោសនា​ទាក់ទាញ និង​ងាក​ទៅ​ក្រុម​អ្នកវិនិយោគ​នៅ​ក្នុង​ប្រទេស ឬ​សម្ព័ន្ធមិត្ត​ណា​ដែល​មិន​សូវ​រិះគន់ និង​ខ្វាយខ្វល់​រឿង​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី ពិសេស​ប្រទេស​ចិន ឥណ្ឌា និង​ប៉ាគីស្ថាន។ តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ជោគជ័យ​របស់​រាជទាយាទ​សាលម៉ាន​ក្នុង​គោលដៅ​មួយ​នេះ​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ។

សូម​ជម្រាប​ថា តាំង​ពី​ប្រភព​ចំណូលជាតិ​អារ៉ាប៊ីសាអូឌីត​បាន​មក​ពី​ការ​លក់​ប្រេង​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​តម្លៃ​ប្រេង​បាន​ធ្លាក់​ថ្លៃ​មក រាជទាយាទ​សាលម៉ាន​បាន​ងាក​រក​ប្រភព​ចំណូល​ផ្សេង​តាម​រយៈ​គម្រោង​កំណែទម្រង់​ដ៏​មហាសាល​មួយ​ដែល​ព្រះអង្គ​ឲ្យ​ឈ្មោះ​ថា « ផែនការ​ចក្ខុវិស័យ ២០៣០ » ដោយ​ផ្អែក​លើ​ការ​ពង្រីក​មូលដ្ឋាន​ឧស្សាហកម្ម​តាម​រយៈ​ការ​ធ្វើ​វិនិយោគ​លើ​វិស័យ​គន្លឹះ​ចំនួន ៤ គឺ​រ៉ែ បណ្តាញ​ដឹកជញ្ជូន ថាមពល​ក កើត​ឡើង​វិញ និង​វិស័យ​កម្មន្តសាល។ ផែនការ​មួយ​នេះ​ត្រូវ​បាន​ព្រះអង្គម្ចាស់​សាលម៉ាន​សង្ឃឹម​បង្កើន​ផលិតផល​សរុប​ក្នុង​ស្រុក និង​បង្កើត​ការងារ​ចំនួន ១ ៦០០ ០០០ការងារ​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៣០។

តែ​ដើម្បី​អាច​ឈាន​ទៅ​សម្រេច​មហិច្ឆតា​មួយ​នេះ​បាន ព្រះអង្គម្ចាស់​ត្រូវ​ការ​លុយ​មិន​តិច​ជាង ៤២៦ ០០០លានដុល្លារ និង​ត្រូវ​ការ​វិនិយោគ​បរទេស​ដោយ​មិន​អាច​ខ្វះ​បាន។ ក្រៅ​ពី​ស្វែង​រក​ប្រភព​ចំណូល​ផ្សេង​ក្រៅ​ពី​លក់​ប្រេង រាជទាយាទ​អារ៉ាប៊ីសាអូឌីត​អង្គនេះ​ក៏​ត្រូវ​ការ​បស្ចិមលោក​ឲ្យ​ជួយ​ខ្លួន​ដើម្បី​ប្រឈម​ទប់​នឹង​ឥទ្ធិពល​កាន់​តែ​ខ្លាំង​របស់​ប្រទេស​អ៊ីរ៉ង់​ដែរ។ តែ​កុំ​ថា​ឡើយ​ប្រទេស​ផ្សេង សូម្បី​តែ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ប្រពៃណី​ចាក់ទឹកមិនលេច​ក៏​ពិបាក​ការពារ​ព្រះអង្គម្ចាស់​សាលម៉ាន​នៅ​ចំពោះ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​កាល​ពី ១ឆ្នាំ​មុន​ដែរ។ លោក​កង់តាំង ដឺពីមូដង់ អ្នកជំនាញ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​ការ​សិក្សា​អឺរ៉ុប និង​អាមេរិក​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ក្រិក​បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា រឿង​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​បាន​ទុក​អារ៉ាប៊ីសាអូឌីត​ឲ្យ​ឯកោ​ក្នុង​លោក និង​ថា​ពេល​នេះ អារ៉ាប៊ីសាអូឌីត​ហាក់​កំពុង​នៅ​ម្នាក់​ឯង​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​គំរាម​របស់​អ៊ីរ៉ង់​ក៏​ដូច​ជា​ក្នុង​សង្រ្គាម​នៅ​ប្រទេស​យេម៉ែន។

គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ រាជទាយាទ​បេន សាលម៉ាន​បាន​ចេញ​មុខ​ទទួល​ខុសត្រូវ​ចំពោះ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​កាល​ពី ១ឆ្នាំ​មុន តែ​បាន និង​កំពុង​បន្ត​បដិសេធ​ថា ព្រះអង្គ​មិនមែន​ជា​អ្នក​បញ្ជា​ឲ្យ​សម្លាប់​លោក​ខាស្ហូហ្ស៊ី​ទេ។ ចម្លើយ​របស់​ព្រះអង្គម្ចាស់​សាលម៉ាន​បាន​ផ្ទុយ​នឹង​ការ​សន្និដ្ឋាន​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ និង​ការ​យល់​ឃើញ​របស់ CIA អាមេរិកាំង។ CIA បាន​យល់​ឃើញ​ថា ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​ប្រហែល​ជា​បាន​បញ្ជា​ដោយ​ព្រះអង្គម្ចាស់​សាលម៉ាន​ផ្ទាល់។ ចំណែក​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​សន្និដ្ឋាន​ក្នុង​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ​ថា គេ​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បើក​ការ​ស៊ើបអង្កេត​ស្តីពី​ការ​ឃុបឃិត​របស់​ព្រះអង្គម្ចាស់​សាលម៉ាន​នៅ​ក្នុង​ឃាតកម្ម​នោះ។

១ឆ្នាំ​ក្រោយ​មក ស្រមោល​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​កំពុង​បន្ត​បំពុល​ទំនាក់ទំនង​រវាង​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​បស្ចិមលោក។ ដរាប​ណា​រឿងរ៉ាវ​មួយ​នេះ​នៅ​មិន​ទាន់​រក​បាន​ការ​ពិត​ដាច់​ស្រឡះ​ទេ ដរាប​នោះ​អារ៉ាប៊ីសាអូឌីត​ក៏​ពិបាក​នឹង​ស្រោចស្រង់​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​នៅ​លើ​ឆាកអន្តរជាតិ​ឡើង​វិញ​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​រឿងរ៉ាវ​មួយ​នេះ​ត្រូវ​បាន​ដឹង​ការ​ពិត​នៅ​ថ្ងៃ​ណា​មួយ​នោះ ស្លាកស្នាម​នៃ​ឃាតកម្ម​មួយ​នេះ​ក៏​ពិបាក​នឹង​លុបចោល​ជា​ស្ថាពរ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ