ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT
មជ្ឈិមបូព៌ា

ថ្ងៃពុធ ថ្ងៃកំណត់​ជោគវាសនា​នយោបាយ​របស់​លោក​នេតាន់យ៉ាហ៊ូ ?!

media លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benyamin Netanyahu ថ្ងៃទី ២៥​កញ្ញា ២០១៩ REUTERS/Ronen Zvulun

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនយ៉ាមែន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu)ដែល​កំពុង​រិះរក​គ្រប់​មធ្យោ​បាយ​រក្សា​បន្ត​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល​ទៀត កំពុង​ប្រឈម​នឹង​វិញ្ញាសា​​ដ៏​សំខាន់​នៅ​ថ្ងៃ​ពុធ​នេះ។ ​លោក ​នេតាន់ហ៊ូ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ ឱ្យ​ចូលបំភ្លឺ​​ ជុំ​វិញបទ​​សង្ស័យប្រព្រឹត្ត​អំពើ​​ពុករលួយ ដែល​ជា​ដំណាក់កាល​ចុងក្រោយ​មុន​នឹង​តុលាការ​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​លោកជា​ផ្លូវការ។ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ការ​ចរចា​បង្កើត​រដ្ឋាភិបាល​ថ្មី ត្រូវ​ជាប់​គាំង​ទាំង​ស្រុង។

លោកនេតាន់យ៉ាហ៊ូ មិន​បានបង្ហាញ​វត្តមាន​ដោយផ្ទាល់​ទេ ! លោក​ត្រូវផ្តុំ​កម្លាំង​​ដោះស្រាយ​វិបត្តិ​នយោបាយ​ប្រទេស ដែល​កំពុង​ជាប់​គាំងបង្កើត​រដ្ឋាភិបាល​មិន​ចេញ ហើយ​សភា​ត្រូវ​ចាប់​ដំណើរការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ទៅ​ហើយ។ ​គឺ​មេធាវី​របស់​លោក​ជា​អ្នក​​ចូល​ឆ្លើយ​បំភ្លឺ នៅ​ចំពោះ​មុខ​​រដ្ឋអាជ្ញា ដែល​ត្រូវ​សម្រេច​ចិត្ត​នៅ​សប្តាហ៍​ខាង​មុខ ថា​តើ​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ ឬ​អត់ លោក នាយករដ្ឋមន្ត្រី​ពីបទ​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ លួច​បន្លំ និង​ល្មោភ​ទំនុក​ចិត្ត។

ក្នុង​រយៈ​ពេល​បួន​ថ្ងៃ មេធាវី​របស់​លោក នេតាន់យ៉ាហ៊ូ ត្រូវ​ឆ្លើយ​ការពារដោះបន្ទុក​កូនក្តី​ ពី​សំណុំ​រឿងសង្ស័យ​​ដ៏​ធ្ងន់​មួយ​ទាក់ទងនឹង​ការ​លួច​ចុះ​កិច្ចព្រម​ព្រៀង​ដោយ​ស្ងាត់ៗ​ជាមួយ​ម្ចាស់​សារព័ត៌មានជាតិ​អ៊ីស្រាអែល ដើម្បី​ឱ្យ​កាសែត​នេះ​ចុះ​ផ្សាយ​​តែ​ព័ត៌មាន​ល្អៗលើក​តម្កើង​លោក​នាយក​រដ្ឋមន្ត្រី ព្រមទាំង​សំណុំ​រឿង​សង្ស័យ​ថា​លោក​នេតាន់យ៉ាហ៊ូ​​ប្រព្រឹត្ត​អំពើ​​ពុក​រលួយ​និង​កេង​បន្លំ ដោយ​បាន​ទទួល​កាដូ​​ខុស​ច្បាប់​ពីក្រុម​អ្នក​ជំនួញ​​ជាតិ​និង​អន្តរជាតិ។

សេចក្តី​សម្រេច​កោះ​ហៅ​លោក​នាយករដ្ឋមន្ត្រី​មក​បំភ្លឺ​សំណុំ​រឿង​ដែល​គេ​រង់​ចាំ​តាំង​ពី​យូរ​ខែ​មក​នេះ ប្រព្រឹត្ត​​ទៅ​ជួន​ចំពេល​ដែល ​ចរចា​បង្កើត​រដ្ឋាភិបាល​ ត្រូវ​លុប​ចោល​ទៅ​វិញ នៅ​នាទី​ចុងក្រោយ។ តាម​គម្រោង តំណាង​អ្នក​ចរចា​បក្ស​លីគូដ បក្ស​របស់​លោក​នេតាន់យ៉ាហ៊ូ និង​បក្ស​កណ្តាល​និយម​ Kahol Lavan របស់​លោក បេនី ហ្គាង្ស ជា​គូប្រជែង ត្រូវ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃពុធ​នេះ ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​រួម​គ្នា បន្ត​ដោយ​ជំនួប​មួយ​ទល់​នឹង​មួយ​រវាង​លោក​នេតាន់យ៉ាហ៊ូ​និង​លោក ហ្កាង្ស​ផង។ ប៉ុន្តែ​ខាង​លោក ហ្គាង្ស​ បាន​ប្តូរ​ចិត្ត​ដោយ​យល់​ថា លោក​នេតាន់យ៉ាហ៊ូ មិន​អាច​ដឹកនាំ​រដ្ឋាភិបាល​បាន​ទេ ដរាប​ណា​លោក​មិន​ទាន់​ដាច់​ស្រេច​នឹង​សំណុំ​រឿង​នៅ​តុលាការ​​ និង​មិន​អាច​តំណាង​ឱ្យ​បក្ស​ ព្រមទាំងអ្នក​បក្ស​នយោបាយ​ និង​សាសនា​ទាំង​ឡាយ​ ក្នុង​ការ​ចរចា​នេះ​ឡើយ។ បក្ស​លោក​ហ្កាង្ស​ចង់​បាន​តែ​ចរចា​រវាង​បក្ស​និ​ង​បក្ស​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា តាម​លទ្ធផល​ឆ្នោត​​ថ្ងៃទី ១៧​កញ្ញា ទោះ​មាន​ការ​គាំទ្រ​ពី​បក្ស​តូចៗ​សម្ព័ន្ធ​មិត្ត ក៏​គ្មាន​បក្ស​ណា​មួយ​អាច​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​សម្រាប់​បង្កើត​រដ្ឋាភិបាល​ឡើយ​។ លទ្ធភាព​មាន​តែ​មួយ​គឺ​បក្ស​លោក​នេតាន់យ៉ាហ៊ូ បក្ស​លោក​ហ្កាង្ស ត្រូវ​ធ្វើការ​រួម​គ្នា។ ​លោកនេតាន់យ៉ាហ៊ូ​ មិន​ត្រឹម​តែ​ចង់បាន​កៅអី​​ជា​នាយករដ្ឋមន្ត្រី​ទេ តែ​ចង់​បាន​ការ​ត្រូវ​រ៉ូវ​គ្នា​មួយ​ជាមួយ​គូប្រជែង រក្សាតំណែង​នេះដដែល​ប្រសិន​បើ​លោក​ជាប់​ទោស​នៅ​តុលាការ ដោយ​ក្នុង​ករណី​បែប​នេះ​លោក ហ្កាង្ស​ អាច​ទទួល​ភារៈ​​ជា​នាយករដ្ឋមន្ត្រី​ស្តីទី។ ប៉ុន្តែ លោក ហ្កាង្ស​ មិន​ព្រម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ