ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
មជ្ឈិមបូព៌ា

ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិកត់សម្គាល់ពីភាពចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់

media  
នាយកស្តីទី AIEA លោកក័រនែល ហ្វេរូតា REUTERS/Leonhard Foeger

ទីភ្នាក់ងារ​ថាមពលបរិមាណូអន្តរជាតិ​ហៅ​កាត់​ជា​ភាសា​បារាំង AIEA បាន​យល់​ឃើញ​នា​ថ្ងៃ​សុក្រ ទី៤ តុលា​ថា អ៊ីរ៉ង់​បាន​បោះជំហាន​ទៅ​មុខ​លើ​ផ្លូវ​ត្រូវ​ដោយ​បាន​រួម​សហការណ៍​ជាមួយ AIEA ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា បញ្ហា​ទាំង​អស់​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នោះ​ទេ នេះ​ជា​ការ​បន្ថែម​របស់ AIEA។ គួរ​រម្លឹក​ថា បេសកកម្ម​របស់ AIEA នៅ​អ៊ីរ៉ង់​មាន​ពីរ​ចំណុច ទី១ ផ្ទៀតផ្ទាត់​មើល​ថា​តើ​អ៊ីរ៉ង់​បាន​គោរព​ត្រឹមត្រូវ​លើ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ឬ​អត់ និង​ទី២ ផ្ទៀតផ្ទាត់​មើល​ថា​តើ​អ៊ីរ៉ង់​បាន​គោរព​ត្រឹមត្រូវ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ឬ​អត់។

កំណត់សម្គាល់​របស់ AIEA បាន​ធ្វើ​ឡើង​ដោយ​នាយក​ស្តីទី AIEA លោក​ក័រនែល ហ្វេរូតា​នៅ​ចំពោះ​ក្រុម​អ្នកកាសែត​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ លោក​ហ្វេរូតា​បាន​គូសបញ្ជាក់​ពី​ការ​ចូល​រួម​របស់​អ៊ីរ៉ង់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​អ្នកជំនាញ AIEA ទទួល​បន្ទុក​ត្រួតពិនិត្យ​លើ​សកម្មភាព​របស់​អ៊ីរ៉ង់។ តាម​លោក​ហ្វេរូតា នេះ​ពិត​ជា​ឆន្ទៈ​ល្អ​របស់​អ៊ីរ៉ង់ តែ​នេះ​គ្រាន់​ជា​ការ​បោះ​មួយ​ជំហាន​លើ​ផ្លូវ​ត្រូវ​ប៉ុណ្ណោះ ពោល​មិន​មែន​មាន​ន័យ​ថា បញ្ហា​ទាំង​អស់​ត្រូវ​បាន​ដោះស្រាយ​ទាំង​ស្រុង​នោះ។

គួរ​រម្លឹក​ថា AIEA មាន​បេសកកម្ម​ចំនួន​ពីរ​នៅ​អ៊ីរ៉ង់ ទី១ ផ្ទៀតផ្ទាត់​ពី​ការ​គោរព​របស់​អ៊ីរ៉ង់​លើ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​ទីក្រុង​តេហេរ៉ង់​បាន​ចុះ​ហត្ថលេខា និង​ទី២ ផ្ទៀងផ្ទាត់​ពី​ការ​គោរព​របស់​អ៊ីរ៉ង់​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​ទីក្រុង​តេហេរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច។ នាយក​ស្តីទី AIEA លោក​ហ្វេរូតា​បាន​បន្ថែមថា គឺ​ទាក់ទង​នឹង​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ដែល AIEA និង​អ៊ីរ៉ង់​កំពុង​ជជែក​គ្នា​យ៉ាង​ស៊ីជម្រៅ។ តែ​លោក​ហ្វេរូតា​មិន​បាន​លំអិត​ពី​ចំណុច​ដែល​ក្រុម​អ្នកជំនាញ AIEA បាន​លើក​យក​ទៅ​ជជែក​ជាមួយ​អ៊ីរ៉ង់​ទេ។

បើ​តាម​ប្រភព​ការទូត​ក្នុង​ទីក្រុង​វីយែន AIEA កំពុង​រង់ចាំ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការ​ត្រួតពិនិត្យ​របស់​ក្រុម​អធិការ​នៅ​កន្លែង​ស្តុក​មួយ​ស្ថិត​ក្បែរ​ទីក្រុង​តេហេរ៉ង់។ គឺ​នៅ​កន្លែង​ស្តុក​នោះ​ឯង​ដែល​កាល​ពី​ឆ្នាំ ២០១៨ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​ធ្វើ​សកម្មភាព​នុយក្លេអ៊ែរ​ដោយ​លួចលាក់។ កាល​ពី​ពាក់កណ្តាល​ខែ​កញ្ញា រូប​នាយក​ស្តីទី AIEA ដដែល​បាន​ព្រមាន​ឲ្យ​អ៊ីរ៉ង់​ឆ្លើយ​នឹង​ចម្ងល់​របស់ AIEA ហើយ​អឺរ៉ុប​ក៏​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​រួម​សហការណ៍​ជាមួយ AIEA។ គួរ​បញ្ជាក់​ថា អ៊ីរ៉ង់​មាន​កាតព្វកិច្ច​សហការណ៍​ជាមួយ AIEA ទាក់ទង​នឹង​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ក៏​ដូច​ជា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ និង​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់​មក ទីក្រុង​តេហេរ៉ង់​បាន​ឈប់​គោរព​កិច្ចសន្យា​មួយ​ចំនួន​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​តាំង​ពី​ខែ​ឧសភា។ ចំណែក AIEA ក៏​បាន​កត់សម្គាល់​ឃើញ​ពី​ការ​ឈប់​គោរព​របស់​អ៊ីរ៉ង់​ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ