អ៊ែរដូហ្កាន គំរាមប្រមាញ់ "ភេរវជន" គួឌីស្ថានដោយខ្លួនឯង បើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីបរាជ័យ
ប្រធានាធិបតីតួកគី លោក អ៊ែរដូហ្កាន បានប្រកាសដាក់សម្ពាធលើរុស្ស៊ី ដោយព្រមាននៅថ្ងៃសៅរ៍ទី ២៦ តុលានេះ ថានឹងតាម “ប្រមាញ់ភេរវជន” នៅតាមបណ្តោយព្រំដែនជាមួយស៊ីរី ប្រសិនបើក្រុមយុទ្ធជនគួឌីស្ថាននៅស៊ីរី ពុំព្រមដកខ្លួនចេញពីតំបន់សុវត្ថិភាព ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង រវាងតួកគីនិងរុស្ស៊ីទេ។ សម្រាប់តួកគី យុទ្ធជនគួឌីស្ថាន ដែលជាសម្ព័ន្ធរបស់លោកខាងលិច ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជីហាតរដ្ឋអ៊ីស្លាម គឺក្រុមភេរវនិយម។
ចុះផ្សាយនៅថ្ងៃ៖
“ដល់ម៉ោងកំណត់ហើយ បើមិនព្រមដកខ្លួនចេញតំបន់ជាប់ព្រំដែន ដូចមានចែងក្នុងកិច្ចព្រមព្រៀងសម្រេចបានដោយតួកគីនិងរុស្ស៊ីទេ នោះអង់ការ៉ា នឹងចាត់វិធានការត្រួតពិនិត្យ និងប្រមាញ់ភេរវជន ដោយខ្លួនឯងតែម្តង” ! នេះជាប្រសាសន៍របស់លោក អ៊ែរដូហ្កាន តាមកញ្ចក់ទូរទស្សន៍។ ពួកភេរវជន គឺសំដៅលើក្រុមយុទ្ធជនគួឌីស្ថាននៃកងកម្លាំងប្រដាប់អាវុធការពារប្រជាជនស៊ីរី។
ស្របតាមកិច្ចព្រមព្រៀងរវាងលោកវ្លាដេមៀ ពូទីន និងលោកអ៊ែរដូហ្កាន កាលពីថ្ងៃអង្គារ ភាគីទាំងពីរបានព្រមព្រៀងសហការគ្នាគ្រប់គ្រងតំបន់ភាគខាងជើងប្រទេសស៊ីរី ដោយរុស្ស៊ីជាអ្នកទទួលបន្ទុកសម្រួលការដកកងកម្លាំងនិងអាវុធយុទ្ធភ័ណ្ឌគួឌីស្ថាន ឱ្យឃ្លាតឆ្ងាយពីបន្ទាត់ព្រំដែនជាមួយតួកគីចម្ងាយ៣០គីឡូម៉ែត្រ។ រុស្ស៊ីនិងតួកគី គ្រោងនឹងចាប់ផ្តើមត្បាតរួមគ្នា នៅក្នុងតំបន់នេះ ឬហៅថាតំបន់សុវត្ថិភាព នៅរវាង១៥០ម៉ោងគិតចាប់ពីថ្ងៃទី ២៣តុលា វេលាម៉ោង៩ម៉ោងម៉ោងសកល។ ហើយតួកគីនៅតែមានអំណាចពេញដៃគ្រប់គ្រងតំបន់ភាគឦសានប្រទេសស៊ីរីដដែល ព្រោះទាហានតួកគីមានវត្តមាននៅតាមបណ្តោយព្រំដែនប្រវែង១២០គីឡូម៉ែត្ររួចស្រេចទៅហើយ តាមរយៈការបើកប្រតិបត្តិយោធាកាលពីថ្ងៃទី ៩តុលា។
លោក អ៊ែរដូហ្កាន ប្រធានាធិបតីតួកគី ថែមទាំងបានគំរាមសហគមន៍អន្តរជាតិ ឱ្យគាំទ្រតួកគីឱ្យបានពេញលេញចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើត “តំបន់សុវត្ថិភាព” តាមតំបន់ព្រំដែន ដើម្បីទទួលជនភៀសខ្លួនស៊ីរី ជាង៣លាន៦សែន ដែលគេចពីសង្គ្រាមមកជ្រកកោននៅតួកគីតែប៉ុណ្ណោះ។ បុរសខ្លាំងតួកគី បានឆ្លៀតព្រមានជាថ្មីថា ប្រសិនបើគ្មានការគាំទ្រផែនការដែលផ្តួចផ្តើមដោយអង់ការ៉ា សម្រួលការវិលត្រលប់ជនភៀសខ្លួនវគ្គដំបូងមួយលាននាក់ទេ តួកគីគ្មានជម្រើសអ្វីផ្សេងក្រៅពីបើកទ្វារព្រលែងជនភៀសខ្លួនទាំងអស់នោះរត់ទៅអឺរ៉ុបឡើយ។
ជាមួយនឹងពាក្យគំរាមនេះ លោកអ៊ែរដូហ្កានបានអះអាងថា តួកគីបានសម្រេចកម្មវត្ថុ បង្កើតតំបន់សុវត្ថិភាព ដើម្បីការពារខ្លួនពីរាល់ការវាយប្រហារមកពីខាងពួកជីហាតរដ្ឋអ៊ីស្លាម និងក្រុមយុទ្ធជនគួឌីស្ថាន ដែលអង់ការ៉ាក៏ចាត់ទុកជាក្រុមភេរវនិយមដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ