អានតួអត្ថបទ

អ៊ែរដូហ្កាន គំរាម​ប្រមាញ់ "ភេរវជន" គួឌីស្ថាន​ដោយ​ខ្លួនឯង បើ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​បរាជ័យ

ប្រធានាធិបតី​តួកគី លោក អ៊ែរដូហ្កាន បាន​ប្រកាសដាក់​សម្ពាធ​លើ​រុស្ស៊ី ដោយ​ព្រមាន​នៅ​ថ្ងៃ​សៅរ៍​ទី ២៦ តុលា​នេះ ថា​នឹង​តាម​​ “​ប្រមាញ់​ភេរវជន” នៅ​តាម​បណ្តោយ​ព្រំដែន​ជា​មួយ​ស៊ីរី ប្រសិន​បើ​ក្រុមយុទ្ធជនគួឌីស្ថាននៅ​ស៊ីរី ពុំ​ព្រម​ដក​ខ្លួន​ចេញ​ពី​តំបន់​សុវត្ថិភាព ដូច​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ រវាងតួកគី​និង​រុស្ស៊ី​ទេ។ សម្រាប់​តួកគី យុទ្ធជន​គួឌីស្ថាន ដែល​​ជា​សម្ព័ន្ធ​របស់​លោក​ខាង​លិច ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម គឺ​ក្រុមភេរវនិយម។​

ប្រធានាធិបតី​តួកគី  Recep Tayyip Erdogan និង​ប្រធានាធិបតី​រុស្ស៊ី​លោក​​Vladimir Putine
ប្រធានាធិបតី​តួកគី Recep Tayyip Erdogan និង​ប្រធានាធិបតី​រុស្ស៊ី​លោក​​Vladimir Putine Pavel Golovkin / POOL / AFP
ផ្សាយពាណិជ្ជកម្ម

“ដល់​ម៉ោង​កំណត់​ហើយ បើ​​មិន​ព្រម​ដក​ខ្លួន​ចេញ​តំបន់​ជាប់​ព្រំដែន ​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សម្រេច​បាន​ដោយ​តួកគី​និង​រុស្ស៊ីទេ នោះ​អង់ការ៉ា នឹង​ចាត់​វិធានការ​ត្រួត​ពិនិត្យ​ និង​ប្រមាញ់​​ភេរវជ​ន​ ដោយ​ខ្លួន​ឯង​តែ​ម្តង” ! នេះ​ជា​ប្រសាសន៍​របស់​លោក​ អ៊ែរដូហ្កាន តាម​កញ្ចក់​ទូរទស្សន៍​។ ពួក​ភេរវជន គឺ​សំដៅ​លើក្រុម​យុទ្ធជន​គួឌីស្ថាន​​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ប្រជាជន​ស៊ីរី​។

ស្រប​តាម​កិច្ចព្រមព្រៀងរវាង​លោក​វ្លាដេមៀ ពូទីន និង​លោក​អ៊ែរដូហ្កាន​ ​កាលពី​ថ្ងៃ​អង្គារ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​សហការគ្នា​គ្រប់​គ្រង​តំបន់​ភាគខាង​ជើង​​​ប្រទេស​ស៊ីរី ដោយ​រុស្ស៊ី​ជា​អ្នក​ទទួល​បន្ទុក​​​សម្រួល​ការ​ដកកងកម្លាំងនិង​អាវុធ​យុទ្ធភ័ណ្ឌ​​គួឌីស្ថាន​ ​ ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​បន្ទាត់​ព្រំ​ដែនជាមួយ​តួកគី​​ចម្ងាយ​៣០​គីឡូម៉ែត្រ​។ រុស្ស៊ី​និង​តួកគី​ គ្រោង​នឹង​ចាប់​ផ្តើម​ត្បាត​រួម​គ្នា​ នៅ​ក្នុង​តំបន់​នេះ ឬ​ហៅ​ថា​តំបន់​សុវត្ថិភាព​ នៅ​រវាង​១៥០​ម៉ោងគិត​ចាប់​ពី​ថ្ងៃទី ២៣​តុលា​ វេលា​ម៉ោង៩​ម៉ោង​ម៉ោង​សកល។ ហើយ​តួកគី​នៅ​តែ​មាន​អំណាច​ពេញ​ដៃ​គ្រប់គ្រង​តំបន់​​ភាគ​ឦសានប្រទេស​ស៊ីរី​​ដដែល ​ព្រោះ​ទាហាន​តួកគី​មាន​វត្តមាន​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រវែង​១២០​គីឡូម៉ែត្រ​រួច​ស្រេច​ទៅហើយ តាម​រយៈ​ការ​បើក​ប្រតិបត្តិយោធា​កាលពី​ថ្ងៃ​ទី ៩​តុលា។

លោក អ៊ែរដូហ្កាន ប្រធានាធិបតី​តួកគី ថែម​ទាំង​បាន​គំរាម​សហគមន៍​អន្តរជាតិ ឱ្យ​គាំទ្រតួកគី​​ឱ្យ​បាន​ពេញ​លេញ​ចំពោះកិច្ចខិត​ខំប្រឹង​ប្រែង​បង្កើត​ “តំបន់​សុវត្ថិភាព” តាម​តំបន់​ព្រំដែន​​ ដើម្បី​ទទួល​ជនភៀសខ្លួន​ស៊ីរី​ ​ជាង​៣លាន​៦សែន​ ដែលគេច​ពី​សង្គ្រាម​​មក​ជ្រក​កោន​​នៅ​តួកគីតែ​ប៉ុណ្ណោះ។ បុរស​ខ្លាំង​តួកគី បាន​ឆ្លៀត​ព្រមាន​ជា​ថ្មី​ថា ប្រសិន​បើ​គ្មាន​ការគាំទ្រ​ផែនការ​ដែល​ផ្តួចផ្តើម​ដោយ​អង់ការ៉ា សម្រួល​ការ​វិល​ត្រលប់​ជនភៀស​ខ្លួន​វគ្គ​ដំបូង​មួយ​លាន​នាក់​​ទេ តួកគី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បើក​ទ្វារ​ព្រលែង​ជនភៀសខ្លួន​ទាំងអស់​​នោះរត់​​ទៅអឺរ៉ុប​ឡើយ។

ជាមួយ​នឹង​ពាក្យ​គំរាម​នេះ លោក​អ៊ែរដូហ្កាន​បាន​អះអាង​ថា តួកគី​បាន​សម្រេច​កម្មវត្ថុ​ បង្កើត​តំបន់​សុវត្ថិភាព ដើម្បីការពារ​ខ្លួន​ពីរាល់​ការ​វាយប្រហារ​មក​ពី​ខាង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម និង​ក្រុម​យុទ្ធជន​គួឌីស្ថាន ដែល​អង់ការ៉ា​ក៏​ចាត់​ទុក​ជា​ក្រុម​ភេរវនិយម​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ