អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​រកឃើញ​ជង្រុកប្រេងថ្មី​ដែលស្តុក​ប្រេង​ជាង ២២​ពាន់លាន​បារីល

អ៊ីរ៉ង់​ទើប​រកឃើញ​ជង្រុក​ប្រេង​ក្រោមដី​ថ្មីមួយទៀត នៅ​ភាគនិរតី​ប្រទេស ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីរ៉ាក់។ នៅថ្ងៃ​ចន្ទ រដ្ឋមន្រ្តី ក្រសួង​ប្រេង​អ៊ីរ៉ង់​បាន​អះអាងថា អណ្តូង​ប្រេង ដែល​គេ​ទើប​តែ​រកឃើញ​ថ្មី នឹង​ផ្តល់ប្រេង ជាង ២២ពាន់​លាន​បារីល ប៉ុន្តែ មិនមែន ៥៣​ពាន់លាន​បារីល ដូចការលើកឡើង​របស់​ប្រធានាធិបតី​អ៊ីរ៉ង់នោះទេ។ នៅក្នុង​សុន្ទរកថា ទៅកាន់​ប្រជាជន​អ៊ីរ៉ង់ កាលពី​ថ្ងៃ​អាទិត្យ ប្រធានាធិបតី​អ៊ីរ៉ង់ លោកហាសាន់ រូហានី បាន​ចាត់ទុក​ការរកឃើញ​អណ្តូងប្រេង ថ្មី ថា ជា​អំណោយ​របស់​រដ្ឋាភិបាល សម្រាប់​ប្រជាជន​អ៊ីរ៉ង់។ 

រោងចក្រ​ចម្រាញ់ប្រេង អ៊ីរ៉ង់ នៅឈូងសមុទ្រ​ពែរ្ស
រោងចក្រ​ចម្រាញ់ប្រេង អ៊ីរ៉ង់ នៅឈូងសមុទ្រ​ពែរ្ស © REUTERS/Raheb Homavandi
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ក្រសួង​ប្រេង​អ៊ីរ៉ង់ នៅថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​បញ្ជាក់ថា ទៅតាម​សមត្ថភាព បច្ចេកទេស មាន​កំណត់ គេ​អាច​បូមយកប្រេង​តែ​ជាង ២២ពាន់លាន​បារីលប៉ុណ្ណោះ ពី​ជង្រុកប្រេង​ដែល​អ៊ីរ៉ង់​ទើប​រកឃើញ​ថ្មី នៅភាគនិរតី​ប្រទេស។ ២២ពាន់​លាន​បារីល គឺ​ជា​ចំនួន តិច​ជាង​ពាក់កណ្តាល នៃ​ចំនួន​ប្រេង ដែល​លោក​ប្រធានាធិបតី ហាសាន់ រូហានី​បាន​ប្រកាស​ឲ្យ​ដឹង កាលពី​ថ្ងៃ​អាទិត្យ ពី​ការរកឃើញ​ជង្រុកប្រេងថ្មី ដែលអាច​ស្តុកប្រេង ដល់​ទៅ​៥៣​ពាន់​លាន​បារីល។

សម្រាប់ រដ្ឋមន្រ្តី​អ៊ីរ៉ង់ ប្រធានាធិបតី​អ៊ីរ៉ង់​ចង់​សំដៅ​ដល់​បរិមាណប្រេង​សរុប នៅក្នុង​តំបន់​ភាគនិរតី ជាប់​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់ ដែល​គេ​ទើប​រកឃើញ​ជង្រុកប្រេងថ្មី ព្រោះថា ២២ពាន់​លាន​បារីល​នឹង​បន្ថែម​ពីលើ​បរិមាណ​ប្រេង​ជាង ៣១ពាន់​លាន​បារីល ដែល​អ៊ីរ៉ង់​មាន​រួចហើយ នៅ​ក្នុង​តំបន់នោះ។ តាម​រដ្ឋមន្រ្តីប្រេង​អ៊ីរ៉ង់ ជង្រុកប្រេង​ថ្មី មាន​កម្រាស ៨០​ម៉ែត្រ និង​ស្ថិតក្រោមដី ក្នុង​ជម្រៅ ជាង ៣គីឡូម៉ែត្រ។

អ៊ីរ៉ង់ ទើប​រកឃើញ​ជង្រុកប្រេង​ថ្មី ដែល​មាន​ស្តុក​ប្រេង​២២ពាន់លាន​បារីល។ ការណ៍នេះ​នឹង​បង្កើន​បរិមាណ​ស្តុកប្រេង​របស់អ៊ីរ៉ង់ ដែល​មាន​ប្រមាណ ១៥៥​ពាន់លាន​បារីល គិតត្រឹម​ឆ្នាំ ២០១៨ ទៅតាម​ការវាយតម្លៃ​របស់​ក្រុមហ៊ុន​ប្រេង អង់គ្លេស BP។

ក្នុង​នាមជា​សមាជិក និង​ស្ថាបនិក អង្គការ​នាំចេញប្រេង OPEC អ៊ីរ៉ង់​ស្ថិតក្នុង​ចំណាត់ថ្នាក់ ទី ៤ បន្ទាប់​ពី​វ៉េណេស៊ុយអេឡា អារ៉ាប៊ី សាអូឌីត និង​កាណាដា ដែល​មាន​ជង្រុកស្តុកប្រេង​ច្រើន​ជាងគេ​ក្នុង​ពិភពលោក។ អ៊ីរ៉ង់​ក៏ជា​ប្រទេស​ធំទី​២​ផងដែរ បន្ទាប់ពី​កាតា ខាង​មាន​អណ្តូង​ស្តុក​ឧស្ម័ន​ធំជាងគេ ក្នុង​លោក។

ជាមួយ​នឹង​ការរកឃើញ​ជង្រុកប្រេងថ្មី អ៊ីរ៉ង់​បាន​បង្ហាញ​បរិមាណ​ស្តុកប្រេង​ដ៏សម្បើម​របស់ខ្លួន។ ប៉ុន្តែ ចំណោទនៅត្រង់ថា តើអ៊ីរ៉ង់​នឹង​អាច​កេងចំណេញ យកប្រយោជន៍​ពី​ប្រេង​របស់ខ្លួន​បានយ៉ាងម៉េច?

ជាប្រទេស​សេដ្ឋីប្រេង ប៉ុន្តែ សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ កំពុង​ត្រដាបត្រដួស ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក ដែល កាលពី​ខែ​ឧសភា​កន្លងទៅ បាន​ប្រកាស​លុបចោល​ទៅវិញ ករណី​លើកលែង ចំនួន​ប្រទេស​ដែល​ជាអតិថិជន​ទិញប្រេង​អ៊ីរ៉ង់។ អាមេរិក បាន​ដាក់សម្ពាធ ទៅលើ​ប្រទេស​ចិន ឥណ្ឌា និង​តួកគី ជាដើម ឲ្យ​ឈប់​ទិញប្រេង​អ៊ីរ៉ង់ បើសិន​មិនចង់ រងទណ្ឌកម្ម ការដាក់ពិន័យ​ពីអាមេរិក។ សងសឹក និង​វាយបក​ទៅ​អាមេរិក និង​ប្រទេសអឺរ៉ុប​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ ២០១៥ អ៊ីរ៉ង់​បាន​កាត់បន្ថយ​ការសន្យា​របស់ខ្លួន ដោយ​បានប្រកាស​ចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម ឬ​បើក​ដាក់​ឲ្យដំណើរការ​រោងចក្រ​នុយក្លេអ៊ែរ​ដែល​ត្រូវគេ​ហាមប្រាម នៅ​កិច្ចព្រមព្រៀង ឆ្នាំ ២០១៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ