អ៊ីស្រាអែល និង ហ្សកដានី អាចនឹងត្រូវប្រឈមមុខដាក់គ្នាជាថ្មី ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៦
ចាប់តាំងពីថ្ងៃអាទិត្យ ទី១០វិច្ឆិកាមកម្ល៉េះ ដែលកសិករអ៊ីស្រាអែល លែងអាចចូលទៅធ្វើស្រែចម្ការច្បារដំណាំបានតទៅទៀត ក្នុងទឹកដីហ្សកដានី ជាប់ព្រំដែនរបស់អ៊ីស្រាល។ ពីព្រោះថា ហ្សកដានី បិទរាំងខ្ទប់មាត់ច្រកព្រំដែន ដោយសំអាងថា កិច្ចព្រមព្រៀងជួលដីឱ្យធ្វើអ៊ីស្រាអែលធ្វើកសិកម្ម ត្រូវដល់ថ្ងៃផុតកំណត់ហើយ។ នាយករដ្ឋមន្ត្រី នេតាន់យ៉ាហូ និងថ្នាក់ដឹកនាំអ៊ីស្រាអែល ចង់ចរចារក្សាស្ថានភាពឱ្យនៅដដែល បើទោះបីកិច្ចព្រមព្រៀងផុតទៅហើយក៏ដោយ។ ក៏ប៉ុន្តែខាងហ្សកដានីមិនព្រម ព្រោះហ្សកដានីចង់បានដីរបស់ខ្លួនត្រឡប់មកវិញ។ តើប្រទេសទាំងពីរអាចនឹងត្រូវប៉ះទង្គិចគ្នាដោយអាវុធជាថ្មីទៀតឬ?
អ៊ីស្រាអែល តាំងតែប្រកាសបង្កើតនៅឆ្នាំ១៩៤៨មក គឺតែងតែធ្វើសង្គ្រាមវាតទីយកទឹកដីដើម្បីយកទីតាំងឈរជើងនៅតំបន់មជ្ឈិមបូព៌ា ហើយអ៊ីស្រាអែល ដែលអាងថាខ្លួនខ្លាំង បានបង្កជម្លោះជាមួយប្រទេសជិតខាងស្ទើរមិនលួសពេល។ ការលេបត្របាក់យកដែនដីរបស់ប៉ាឡេស្ទីន គឺជាឧទាហរណ៍ស្រាប់។
ចំណែកនៅក្នុងសង្គ្រាមដណ្តើមទឹកដីជាមួយរាជាណាចក្រហ្សកដានីវិញ អ៊ីស្រាអែលនិងហ្សកដានី នៅទីបំផុត បានយល់ព្រមព្រៀមគ្នា បញ្ចប់ជម្លោះចំពោះមុខ ដោយភាគីទាំងពីរសុខចិត្តចុះហត្ថលេខាសន្តិភាពជាមួយគ្នា នៅឆ្នាំ១៩៩៤។ ក្នុងកិច្ចព្រមព្រៀមសន្តិភាពនេះ មានលក្ខខណ្ឌនៃឧបសម្ព័ន្ធចែងថា ហ្សកដានី ត្រូវទុកដីតំបន់ បាកូរា និងតំបន់ហ្គូម៉ារ ឱ្យអ៊ីស្រាអែលខ្ចីធ្វើកសិកម្ម ដោយឥតគិតថ្លៃ ក្នុងរយៈពេល២៥ឆ្នាំ។ ទឹកដីតំបន់បាកូរានិងហ្គូម៉ារនេះហើយ ដែលកសិករអ៊ីស្រាអែល ដាំដុះគ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ យ៉ាងកាក់កប់។ ក៏ប៉ុន្តែពេលកំណត់២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ឱ្យខ្ចីដី គឺបានផុតកំណត់ ត្រឹមថ្ងៃអាទិត្យ ទី១០វិច្ឆិកា កន្លងទៅនេះ។
តាំងតែពីពេលថ្ងៃសុក្រ ទី៧វិច្ឆិកាមកម្ល៉េះ ដែលកសិករអ៊ីស្រាអែល មិនត្រូវអនុញ្ញាតឱ្យចូលជាន់ដីកសិកម្មនោះតទៀត។ ដោយទាហានការពារព្រំដែនហ្សកដានី បានទម្លាក់របងលួស ដែលគេហៅថា របាំងលឿង ដើម្បីបិទផ្លូវ និងចាក់សោជាប់។ ភ្លាមៗ ទាហានអ៊ីស្រាអែលពីរបីឡានក៏ចុះមកដល់ចំណុចព្រំដែន ហើយទ័ពហ្សកដានី ព្រមទាំងមន្ត្រីក្រសួងការបរទេស ក៏បានមកដល់ត្រង់បិទផ្លូវនេះដែរ ដើម្បីល្បាត និងពិនិត្យស្ថានការណ៍។
«ហ្គូម៉ារ» មានផ្ទៃដី៤គីឡូម៉ែត្រការ៉េ ហើយចំណែក«តំបន់បាកូរា» មានផ្ទៃដីរង្វង់៦គីឡូម៉ែត្រការ៉េ។ បាកូរា ហៅជាភាសាអារ៉ាប តែភាសាហ៊ីប្រឺរបស់អ៊ីស្រាអែលវិញ ហៅថា ណាហារ៉ៃយីម (Naharayim) គឺជាទឹកដីដ៏ពិសិដ្ឋដែលកសិករអ៊ីស្រាអែលចាត់ទុកដូចជា«កោះសន្តិភាព»មួយផងដែរ។ ដូច្នេះហើយ ទើបកសិករខ្លះ បានសម្តែងក្តីសោកស្តាយ តែក៏ហាក់ដូចជាការបញ្ឆេះកំហឹងជាតិសាសន៍ផងក៏ថាបាន! ពីព្រោះពួកគេនិយាយថា «គួរឱ្យស្តាយដែលអាជ្ញាធរអ៊ីស្រាអែលបោះបង់ចោលទឹកដីណាហារ៉ៃយីម និងគួរឱ្យឈឺចាប់ដែលមើលការចាកចេញឆ្ងាយនៃដែនកោះសន្តិភាពនេះ»។
ទោះយ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបានប្រកាសដែរ តាំងពីសប្តាហ៍មុន ប្រាប់ក្រុមកសិករថា កិច្ចព្រមព្រៀមខ្ចីដី ត្រូវផុតកំណត់ត្រឹមថ្ងៃទី១០វិច្ឆិកា ហើយការចរចាថ្មីទៀត គឺមិនទាន់មានទេ។ ទីប្រឹក្សាសន្តិសុខរបស់នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់នៅក្នុងទូរទស្សន៍អ៊ីស្រាអែលដែរ ថាគ្មានការពន្យារពេលចំពោះកិច្ចព្រមព្រៀងនោះឡើយ។ ទន្ទឹមនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនយ៉ាមែន នេតាន់យ៉ាហូ បានសម្តែងចេតនា ថាចង់ចរចានិងទុកស្ថានភាពប្រើប្រាស់ដីធ្លីកសិកម្មនេះ ឱ្យឋិតក្នុងស្ថានភាពដដែល (statu quo)។
ក៏ប៉ុន្តែភាគីហ្សកដានី ទំនងជាមិនចង់ឱ្យមានទៀតឡើង ការឱ្យដីអ៊ីស្រាអែលខ្ចីប្រើប្រាស់ដោយគ្មានបានលុយមួយកាក់មួយសេនមកវិញដូច្នោះនោះ។ ស្តេចហ្សកដានី និងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បានបញ្ជាក់តាំងពីមួយឆ្នាំមុនមកម្ល៉េះ តាំងពីឆ្នាំ ២០១៨ ថាពេលចប់ផុតកំណត់ដាច់កិច្ចព្រមព្រៀម២៥ឆ្នាំ គឺ ថ្នាក់ដឹកនាំហ្សកដានី នឹងយកដីដែលអ៊ីស្រាអែលខ្ចីដាំដំណាំនោះ មកវិញ។ ភាគីអ៊ីស្រាលី ថ្មីៗនេះ យល់ថា ការសម្រេចចិត្តរបស់ហ្សកដានី គឺជាការខាត់បង់។ ខាត់បង់ ទីមួយកន្លែងតំបន់ទាំងពីរនោះ ក្រៅពីជាកន្លែងធ្វើកសិកម្ម ក៏ជារមណីយដ្ឋានទេសចរណ៍ផង ហើយទីពីរ គឺទៅលើទិដ្ឋភាពការទូត ដែលពីអំណឹះតទៅ រដ្ឋទាំងពីរហាក់លំបាកនឹងមើលមុខគ្នាចំណាស់។
តាមពិតទៅ ប្រទេសទាំងពីរមើលមុខគ្នាមិនចំជាច្រើនខែមកហើយ។ អ៊ីស្រាអែលបានចាប់ឃាត់ខ្លួនយុវជនហ្សកដានីពីរនាក់ ដោយគ្មានបញ្ចាក់មូលហេតុឱ្យបានច្បាស់លាស់។ បុរសពីរនាក់នោះ ធ្វើកូដកម្មបង្អត់អាហារច្រើនសប្តាហ៍ នៅមន្ទីរឃុំឃាំង រហូតដល់សុខភាពចុះខ្សោយទ្រុឌទ្រោមខ្លាំង។ ពួកគេទាំងពីរ ទើបតែត្រូវដោះលែងនាពេលថ្មី ដោយសារមូលហេតុសុខភាព ម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់មែនទែន ហើយម្នាក់ទៀត មានជំងឺមហារីក។ ក្នុងសំណុំរឿងចាប់ខ្លួនពលរដ្ឋហ្សកដានីនេះ រាជាណាចក្រហ្សកដានី កោះហៅឯកអគ្គរាជទូតរបស់ខ្លួនចូលស្រុកវិញ។ ផ្តាច់ទូត បិទព្រំដែន វិបត្តិនឹងកាន់តែវើកវរ។ បើគ្មានការចរចាគ្នាថ្មីទៀតទេ ប្រទេសទាំងពីរច្បាស់ជានឹងវិលទៅរកស្ថានការណ៍ធ្ងន់ធ្ងរ មុនពេលចុះកិច្ចព្រមព្រៀមសន្តិភាព កាលពី២៥ឆ្នាំមុន ជាក់ជាក់មិនខាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ