អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល និង ហ្សកដានី អាច​នឹង​ត្រូវ​ប្រឈម​មុខដាក់​​គ្នា​ជាថ្មី​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំងពី​ថ្ងៃ​អាទិត្យ ទី​១០វិច្ឆិកា​​មកម្ល៉េះ ដែល​កសិករ​អ៊ីស្រាអែល លែង​អាច​ចូល​ទៅ​ធ្វើ​ស្រែ​ចម្ការ​​ច្បារ​ដំណាំ​បា​នតទៅទៀត ក្នុង​ទឹកដី​ហ្សកដានី ជាប់​ព្រំដែន​របស់​អ៊ីស្រាល។ ពីព្រោះថា ហ្សកដានី បិទរាំង​ខ្ទប់​មាត់​ច្រកព្រំដែន ដោយ​សំអាងថា កិច្ចព្រមព្រៀង​​ជួលដី​ឱ្យ​ធ្វើអ៊ីស្រាអែល​ធ្វើ​កសិកម្ម ត្រូវ​ដល់​ថ្ងៃ​ផុត​កំណត់​ហើយ។ នាយករដ្ឋមន្ត្រី នេតាន់យ៉ាហូ និង​ថ្នាក់​ដឹកនាំ​អ៊ីស្រាអែល ចង់​ចរចា​រក្សា​ស្ថានភាព​ឱ្យ​នៅ​ដដែល បើ​ទោះបី​កិច្ចព្រមព្រៀងផុត​ទៅហើយក៏ដោយ។ ក៏ប៉ុន្តែ​ខាង​ហ្សកដានី​មិនព្រម ព្រោះ​ហ្សកដានី​ចង់​បាន​ដី​របស់ខ្លួន​ត្រឡប់​មកវិញ។ តើ​ប្រទេស​ទាំងពីរ​អាច​នឹង​ត្រូវ​ប៉ះទង្គិចគ្នា​ដោយ​អាវុធ​ជាថ្មីទៀត​ឬ? 

ទាហាន​អ៊ីស្រាអែល​ចូលទៅ​ពិនិត្យ​សោទ្វារ នៅ​ព្រំដែន ជាប់​ហ្សកដានី ក្នុង​តំបន់ Naharayim
ទាហាន​អ៊ីស្រាអែល​ចូលទៅ​ពិនិត្យ​សោទ្វារ នៅ​ព្រំដែន ជាប់​ហ្សកដានី ក្នុង​តំបន់ Naharayim MENAHEM KAHANA / AFP
ផ្សាយពាណិជ្ជកម្ម

អ៊ីស្រាអែល​ តាំង​តែ​ប្រកាស​បង្កើ​ត​នៅ​ឆ្នាំ​១៩៤៨មក គឺ​តែងតែ​ធ្វើ​សង្គ្រាម​វាតទី​យក​ទឹក​ដីដើម្បី​យក​ទីតាំង​ឈរជើង​នៅ​តំបន់​មជ្ឈិមបូព៌ា​ ហើយអ៊ីស្រា​អែល​ ដែល​អាង​ថាខ្លួន​ខ្លាំង បាន​​បង្កជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ស្ទើរ​មិន​លួស​ពេល។ ការ​លេប​ត្របាក់​យក​ដែនដី​របស់​ប៉ាឡេស្ទីន គឺ​​ជា​ឧទាហរណ៍​ស្រាប់។

ចំណែក​នៅក្នុង​សង្គ្រាម​ដណ្តើម​ទឹក​ដី​ជាមួយ​រាជាណាចក្រ​ហ្សកដានីវិញ អ៊ីស្រាអែល​និង​ហ្សកដានី នៅទីបំផុត​ បាន​យល់ព្រមព្រៀមគ្នា បញ្ចប់ជម្លោះ​​ចំពោះមុខ ដោយភាគី​ទាំងពីរ​​​សុខចិត្ត​ចុះហត្ថលេខាសន្តិភាព​ជាមួយគ្នា នៅ​ឆ្នាំ​១៩៩៤។ ក្នុង​កិច្ចព្រម​ព្រៀមសន្តិភាព​នេះ មាន​លក្ខខណ្ឌ​នៃ​ឧបសម្ព័ន្ធ​​ចែងថា ហ្សកដានី​ ត្រូវ​ទុកដី​តំបន់ បាកូរា និង​តំបន់​ហ្គូម៉ារ ឱ្យ​អ៊ីស្រាអែល​ខ្ចី​ធ្វើ​កសិកម្ម​ ដោយ​ឥតគិតថ្លៃ ក្នុង​រយៈ​ពេល​២៥ឆ្នាំ​។ ទឹក​ដី​តំបន់​បាកូរានិង​ហ្គូម៉ារ​នេះហើយ ដែល​កសិករ​អ៊ីស្រាអែល ដាំដុះ​គ្រាប់​ធញ្ញជាតិ​ បន្លែ និង​ផ្លែឈើ យ៉ាង​កាក់កប់។ ក៏ប៉ុន្តែ​ពេល​កំណត់​២៥ឆ្នាំ នៃកិច្ចព្រមព្រៀង​សន្តិភាព​ ឱ្យ​ខ្ចីដី គឺ​បាន​ផុតកំណត់​​ ត្រឹម​ថ្ងៃអាទិត្យ ​ទី​១០​វិច្ឆិកា​ កន្លងទៅនេះ។

តាំងតែ​ពីពេល​ថ្ងៃ​សុក្រ​ ​ទី​៧វិច្ឆិកាមកម្ល៉េះ ដែល​កសិករ​អ៊ីស្រាអែល មិនត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ជាន់​ដីកសិកម្ម​នោះតទៀត។ ដោយ​ទាហាន​ការ​ពារ​ព្រំដែន​​ហ្សកដានី បាន​ទម្លាក់​របង​លួស​ ដែល​គេហៅថា របាំង​លឿង ដើម្បី​បិទផ្លូវ និង​​ចាក់​សោជាប់​។ ភ្លាមៗ ទាហាន​អ៊ីស្រាអែល​ពីរបី​ឡាន​ក៏​ចុះ​មកដល់​ចំណុច​ព្រំដែន ហើយ​ទ័ព​ហ្សកដានី ព្រមទាំង​មន្ត្រី​ក្រសួង​ការបរទេស​ ក៏​បាន​មកដល់​ត្រង់​បិទផ្លូវ​នេះដែរ ដើម្បី​​ល្បាត ​និងពិនិត្យ​ស្ថាន​ការណ៍។​

«ហ្គូម៉ារ» មាន​ផ្ទៃដី​៤គីឡូម៉ែត្រ​ការ៉េ ហើយ​ចំណែ​ក«​តំបន់​បាកូរា» មានផ្ទៃដី​រង្វង់​៦គីឡូម៉ែត្រ​ការ៉េ។ ​បាកូរា ហៅ​ជាភាសា​អារ៉ាប តែ​ភាសា​ហ៊ីប្រឺរបស់​អ៊ីស្រាអែលវិញ ហៅថា​ ណាហារ៉ៃយីម (Naharayim) គឺ​ជា​ទឹកដីដ៏​​ពិសិដ្ឋ​ដែល​កសិករ​អ៊ីស្រាអែល​ចាត់ទុកដូច​ជា«កោះ​​សន្តិភាព»​មួយ​ផងដែរ។ ដូច្នេះហើយ ទើប​កសិករ​ខ្លះ​ បា​នសម្តែង​ក្តី​សោកស្តាយ តែ​ក៏ហាក់ដូច​​ជាការ​បញ្ឆេះ​កំហឹង​ជាតិ​សាសន៍​ផង​ក៏ថា​បាន! ពី​ព្រោះពួក​គេនិយាយថា «គួរ​ឱ្យ​ស្តាយដែល​អាជ្ញាធរ​អ៊ីស្រាអែលបោះបង់​ចោល​ទឹក​ដី​ណាហារ៉ៃយីម និង​គួរ​ឱ្យ​ឈឺចាប់​ដែល​មើលការ​ចាកចេញឆ្ងាយ​នៃ​ដែន​កោះ​សន្តិភាព​នេះ​»។

ទោះយ៉ាងនេះក្តី រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​បាន​ប្រកាសដែរ តាំងពី​សប្តាហ៍​មុន ប្រាប់​ក្រុម​កសិករ​ថា កិច្ចព្រមព្រៀម​ខ្ចី​ដី​ ត្រូវ​ផុត​កំណត់​ត្រឹម​ថ្ងៃទី​១០វិច្ឆិកា ហើយ​ការ​ចរចា​ថ្មីទៀត​ គឺ​មិនទាន់​មានទេ។ ទីប្រឹក្សា​សន្តិសុខ​របស់​នាយករដ្ឋមន្រ្តី​ក៏បាន​បញ្ជាក់​នៅក្នុង​ទូរទស្សន៍​អ៊ីស្រាអែល​ដែរ ថាគ្មាន​ការ​ពន្យារ​ពេល​ចំពោះ​កិច្ចព្រមព្រៀង​នោះឡើយ​​។ ទន្ទឹម​នេះ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ប៊ែនយ៉ាមែន នេតាន់យ៉ាហូ បា​នសម្តែង​ចេតនា​ ថា​ចង់​ចរចា​និង​ទុក​ស្ថានភាព​ប្រើប្រាស់​ដីធ្លី​កសិកម្ម​នេះ ឱ្យ​ឋិត​ក្នុង​ស្ថានភាព​ដដែល​ (statu quo)។

ក៏​ប៉ុន្តែ​ភាគី​ហ្សកដានី ទំនង​ជា​មិនចង់​​ឱ្យ​មាន​ទៀត​ឡើង​ ការ​ឱ្យ​ដី​អ៊ីស្រាអែលខ្ចី​​ប្រើប្រាស់​ដោយ​គ្មាន​បានលុយមួយកាក់មួយ​សេន​មកវិញដូច្នោះនោះ។ ស្តេច​ហ្សកដានី និង​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន បាន​បញ្ជាក់​តាំងពី​មួយ​ឆ្នាំមុន​មកម្ល៉េះ តាំងពី​ឆ្នាំ ២០១៨ ថា​ពេល​ចប់ផុត​កំណត់​​ដាច់​កិច្ច​ព្រមព្រៀម​២៥ឆ្នាំ គឺ​ ថ្នាក់ដឹកនាំ​ហ្សកដានី នឹង​យក​ដី​ដែល​អ៊ីស្រាអែល​ខ្ចី​ដាំ​ដំណាំ​នោះ មកវិញ។ ភាគី​អ៊ីស្រាលី ថ្មីៗនេះ យល់ថា ការ​សម្រេចចិត្ត​របស់​ហ្សកដានី គឺជាការ​ខាត់បង់​។ ខាត់បង់ ទីមួយ​កន្លែង​តំបន់​ទាំងពីរនោះ ក្រៅពី​ជាកន្លែង​ធ្វើ​កសិកម្ម ក៏​ជារមណីយដ្ឋាន​ទេសចរណ៍​ផង ហើយទីពីរ គឺ​ទៅលើ​ទិដ្ឋភាព​ការទូត ដែលពី​អំណឹះតទៅ រដ្ឋទាំងពីរ​ហាក់​លំបាក​នឹង​មើល​មុខ​គ្នា​ចំណាស់​។

តាម​ពិត​ទៅ ប្រទេស​ទាំងពីរ​មើល​មុខ​គ្នា​មិន​ចំ​ជា​ច្រើន​ខែ​មកហើយ។ អ៊ីស្រាអែល​បាន​ចាប់​ឃាត់​ខ្លួន​យុវជន​ហ្សកដានី​ពីរនាក់ ដោយ​គ្មាន​បញ្ចាក់​មូលហេតុ​ឱ្យ​បាន​ច្បាស់​លាស់។ បុរស​ពីរនាក់​នោះ ធ្វើ​កូដកម្ម​បង្អត់​អាហារ​ច្រើន​សប្តាហ៍ នៅមន្ទីរឃុំឃាំង រហូត​ដល់​សុខភាព​ចុះ​ខ្សោយ​ទ្រុឌទ្រោមខ្លាំង​។ ពួក​គេ​ទាំងពីរ ទើបតែ​ត្រូវ​ដោះលែង​នាពេល​ថ្មី ដោយសារមូលហេតុ​សុខភាព ម្នាក់ធ្លាក់​ខ្លួន​​ឈឺ​ធ្ងន់​មែនទែន ហើយ​ម្នាក់​ទៀត​ មាន​ជំងឺ​មហារីក។ ក្នុង​សំណុំ​រឿងចាប់​ខ្លួនពលរដ្ឋ​ហ្សកដានី​​នេះ រាជាណាចក្រហ្សកដានី កោះ​ហៅ​ឯកអគ្គរាជទូតរបស់​ខ្លួន​ចូល​ស្រុក​វិញ។ ផ្តាច់​ទូត បិទ​ព្រំដែន វិបត្តិ​នឹង​កាន់តែវើកវរ។​ បើ​គ្មាន​ការ​ចរចា​គ្នា​ថ្មីទៀតទេ​ ប្រទេស​ទាំងពីរ​ច្បាស់​ជា​នឹង​វិលទៅ​រក​ស្ថានការណ៍​ធ្ងន់ធ្ងរ​ មុន​ពេល​ចុះ​កិច្ចព្រមព្រៀម​សន្តិភាព​ កាលពី​២៥ឆ្នាំមុន ជាក់ជាក់​មិន​ខាន​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ