អានតួអត្ថបទ
អ៊ីរ៉ង់-សហរដ្ឋអាមេរិក

ប្រជាជន​អ៊ីរ៉ង់ចេញ​ធ្វើ​បាតុកម្ម នៅក្រោយ​រដ្ឋាភិបាល​ដំឡើងតម្លៃ​ប្រេង

បាតុកម្ម​ប្រឆាំង​នឹង​ការដំឡើង​តម្លៃ​ប្រេង បាន​កើតមាន​ជាបន្តបន្ទាប់ នៅ​ប្រទេស​អ៊ីរ៉ង់។ នៅថ្ងៃ​សៅរ៍ ម្សិលមិញ ប្រជាជន​អ៊ីរ៉ង់​ដែល​មិន​សប្បាយចិត្ត នឹង​ការដំឡើង​ថ្លៃ​ប្រេង​របស់​រដ្ឋាភិបាល បានចុះថ្នល់​ធ្វើ​បាតុកម្ម បិទផ្លូវ​នៅតាម​ទីក្រុង​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ង់។ តាមអ្នកទទួលខុសត្រូវ​អ៊ីរ៉ង់ ដែល​ស្រង់សំដី​ដោយទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ Isna អាជ្ញាធរ​បាន​ចាប់ផ្តើម​ការស៊ើបអង្កេត បន្ទាប់​ពី​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅក្នុង​អំឡុង​ពេល​ធ្វើបាតុកម្ម កាល​ពី​ថ្ងៃ​សៅរ៍។ 

ប៉ូលិស​ព្យាយាម​បំបែក​ហ្វូងបាតុករ ដែល​ចតឡាន បិទផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការដំឡើងប្រេង នៅទីក្រុង​តេហេរ៉ង់​កាលពីថ្ងៃសៅរ៍ទី ១៦ វិច្ឆិកា ២០១៩
ប៉ូលិស​ព្យាយាម​បំបែក​ហ្វូងបាតុករ ដែល​ចតឡាន បិទផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការដំឡើងប្រេង នៅទីក្រុង​តេហេរ៉ង់​កាលពីថ្ងៃសៅរ៍ទី ១៦ វិច្ឆិកា ២០១៩ ©Nazanin Tabatabaee/WANA (West Asia News Agency) via REUTERS
ផ្សាយពាណិជ្ជកម្ម

តាម​កាសែត​ក្នុង​ស្រុក​អ៊ីរ៉ង់ បាតុកម្ម ប្រឆាំង​នឹង​ប្រេងឡើងថ្លៃ កើតមាន​នៅ​គ្រប់កន្លែង ក្នុង​ប្រទេស​អ៊ីរ៉ង់ តាំង​ពី​ខាងជើង រហូត​ដល់​ខាងត្បូង រួម​ទាំង​នៅក្នុង​តំបន់​ជង្រុកប្រេង Khuzestan។

បាតុកម្ម​ប្រឆាំង​នឹង​ប្រេងឡើងថ្លៃ បានចាប់ផ្ទុះឡើង តាំង​ល្ងាច​ថ្ងៃ​សុក្រ បន្ទាប់​ពី​រដ្ឋាភិបាល​​ប្រកាស​​កំណត់​ចំនួន​ប្រេងដែល​គេត្រូវប្រើប្រាស់ ហើយ​និង ដំឡើង​តម្លៃប្រេង ប្រមាណ​៥០ភាគរយ បន្ថែមទៀត។ នៅថ្ងៃ​សុក្រ រដ្ឋាភិបាល​បាន​ប្រកាស​ថា តម្លៃប្រេង​នឹង​ដំឡើង ពី ១ម៉ឺន ទៅ ១៥០០០​រីយ៉ាល់ ដែល​ស្មើ​នឹង ១៨០០​រៀល​(៤៥​សង់ទីម​ដុល្លារ)។ ប៉ុន្តែ សម្រាប់អ្នកដែល​ទិញ​ប្រេង ចាប់ពី​៦០លីត្រ ឡើងទៅ ក្នុង​មួយខែ តម្លៃ​ប្រេង​មួយ​លីត្រ នឹង​ថ្លៃ​ដល់ ៣ម៉ឺនរីយ៉ាល់ ឬ ៣៦០០​រៀល។

វិធានការដំឡើង​តម្លៃប្រេង នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​ទទួល​បាន​ប្រាក់ចំណូល ប្រមាណ ២,៣ពាន់លាន​ដុល្លារ ក្នុង​មួយឆ្នាំ។ តាម​លោក​ប្រធានាធិបតី​ហាសាន់ រូហានី ចំណូល​បានមកពី​ការបង្កើន​តម្លៃ​ប្រេង នឹង​យក​ទៅប្រើ​សម្រាប់​ចែកចាយ​ដល់​ប្រជាជន​អ៊ីរ៉ង់ ប្រមាណ ៧៥ភាគរយ នៃប្រជាជន​សរុប​ដែលកំពុង​ជួប​ការលំបាក​ផ្នែកសេដ្ឋកិច្ច។

នៅ​ប្រទេស​សេដ្ឋី​ប្រេង ធំទី​៤​ក្នុង​ពិភពលោក ប្រជាជន​អ៊ីរ៉ង់ បាន​ទទួល រហូតមក ជំនួយ​ឧបត្ថម្ភ​ប្រេង​ពី​រដ្ឋាភិបាល។ ជាមួយ​តម្លៃ​ប្រេង​ថោក ការប្រើប្រាស់ប្រេង​នៅអ៊ីរ៉ង់ បាន​កើនឡើង​ខ្ពស់ ប្រមាណ​៩០លាន​លីត្រ ក្នុង​មួយថ្ងៃសម្រាប់​ប្រជាជន​សរុប ៨០លាននាក់។

ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ ដោយសារ​សម្ពាធ ការដាក់ទណ្ឌកម្ម​​សេដ្ឋកិច្ច​របស់​អាមេរិក ដែល​បិទខ្ទប់ ការលក់នាំចេញប្រេង​អ៊ីរ៉ង់ លោក​ប្រធានាធិបតី ហាសាន់ រូហានី​បាន​ប៉ុនប៉ង​ម្តងហើយ ក្នុង​ការដំឡើងតម្លៃប្រេង កាលពី​ខែ​ធ្នូ​ឆ្នាំមុន ប៉ុន្តែ ផែនការ​ធ្វើកំណែទម្រង់​របស់​លោក ត្រូវ​ផ្អាក​ទៅវិញ ដោយសារ​ការបោះឆ្នោត​ប្រឆាំង​របស់​សភា ហើយនិង បាតុកម្មប្រឆាំង ដ៏ធំ កម្រ​នឹង​មាន​នៅ​ទឹកដី​អ៊ីរ៉ង់។

កំណែទម្រង់ ដំឡើង​ថ្លៃប្រេង​លើកនេះ ជា​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ដែល​រួម​មាន​ប្រធានាធិបតី ប្រធាន​រដ្ឋសភា ហើយ​និង​ប្រធាន​តុលាការ​អ៊ីរ៉ង់។ កាលពីថ្ងៃ​សៅរ៍ ក្រុមប្រឹក្សា​ជាន់ខ្ពស់ អ៊ីរ៉ង់​បាន​អំពាវនាវ​ឲ្យ​មានការសហការគ្នា​គ្រប់វិស័យ ដើម្បី ឲ្យ​វិធានការ​រដ្ឋាភិបាល​ត្រូវ​បាន​ដាក់​អនុវត្ត​ឲ្យ​បាន​ឆាប់បំផុត។ បាតុកម្ម​ប្រឆាំង​នឹង​ប្រេងឡើងថ្លៃ កើត​មាន​នៅ​តែប៉ុន្មាន​ខែ​មុន​ដែល​អ៊ីរ៉ង់​ត្រូវ​រៀបចំ​ការបោះឆ្នោត សភា ដែល​គ្រោង​ធ្វើ​នៅ​ខែ​កុម្ភៈ​ឆ្នាំក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ