ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីស្រាអែល​បើកការស៊ើបអង្កេត​លើការវាយប្រហារ​ដែលសម្លាប់ប្រជាជន​ស៊ីវិល​ នៅហ្កាហ្សា

media  
ប្រជាជន​ប៉ាឡេស្ទីន​គោរព ក្នុង​បុណ្យ​សពរបស់​​គ្រួសារ​របស់​Abu Malhous ដែល​បាន​ស្លាប់​អស់​មួយ​គ្រួសារ នៅក្នុង​ការវាយប្រហារ​របស់​អ៊ីស្រាអែល កាលពីថ្ងៃ​ទី ១៤​វិច្ឆិកា ២០១៩ ©REUTERS/Mohammed Salem

ជារឿងកម្រនឹងមាន កងទ័ព​អ៊ីស្រាអែល កាលពីថ្ងៃ​សុក្រម្សិលមិញ បាន​ប្រកាស​បើក​ការស៊ើបអង្កេត លើ​ការវាយប្រហារ​របស់ភាគី​អ៊ីស្រាអែល ដែល​បាន​សម្លាប់​ជីវិត​ប្រជាជន​ស៊ីវិលប៉ាឡេស្ទីន នៅតំបន់​ហ្កាហ្សា។ នៅថ្ងៃ​សុក្រ​ដដែល អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​​​សាជាថ្មី​ទៅលើ​ក្រុមជីហាត​អ៊ីស្លាម ដើម្បី​សងសឹក​ក្រុមនេះ ដែលនៅតែ​បន្ត​បាញ់​គ្រាប់រ៉ុកក្កែត​ទៅលើ​ទឹកដី​អ៊ីស្រាអែល ទោះបីភាគីទាំងពីរបានយល់ព្រមព្រៀង ធ្វើ បទឈប់បាញ់ កាលពីថ្ងៃ​ព្រហស្បតិ៍។

 

សង្រ្គាមបាញ់បោះដាក់គ្នា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បានចាប់កើតមានជាថ្មី បន្ទាប់ពី​អ៊ីស្រាអែល​បើកការវាយប្រហារ​ និង​សម្លាប់​មេបញ្ជាការ​របស់​ក្រុមជីហាត​អ៊ីស្លាម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅតំបន់​ហ្កាហ្សា កាលពីថ្ងៃ​អង្គារ។​ កងទ័ព​អ៊ីស្រាអែល​អះអាងថា ខ្លួន​បើកការវាយប្រហារ​សំដៅ​សម្លាប់​ មេបញ្ជាការ​ ក្រុមជីហាត​អ៊ីស្លាម ដែលជាអ្នកនៅពីក្រោយ​សកម្មភាព​បាញ់គ្រាប់រ៉ុកក្កែត​ និងការវាយប្រហារ​នានា​ពី​ហ្កាហ្សាទៅក្នុង​ទឹកដី​អ៊ីស្រាអែល​កន្លងមក។

​​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ លោកបិនចាមីន នេតាន់យ៉ាហូ បាននិយាយ​ថា Abu Al-Ata ដែល​អ៊ីស្រាអែល​ចោទថា ជា​មេបញ្ជាការ​ម្នាក់​របស់​ក្រុមជីហាត​អ៊ីស្លាម​នៅហ្កាហ្សា បាន​ស្លាប់​ទៅជាមួយ ភេរវជន​ជាង​១០នាក់ទៀត ​ នៅក្នុង​ការវាយប្រហាររបស់អ៊ីស្រាអែល​​កាលពីថ្ងៃអង្គារ។ សម្រាប់​មេដឹកនាំ​អ៊ីស្រាអែល ​សត្រូវ​របស់អ៊ីស្រាអែល​ ពេលនេះ​បានទទួល​សារ​មួយដែលថា អ៊ីស្រាអែល​មានសមត្ថភាព អាច​វាយប្រហារ​​ដល់​អ្នកណា​ក៏បាន ទោះបីនៅក្នុង​គ្រែដេក​របស់​ពួកគេ។

ប្រតិបត្តិការ​វាយប្រហារ​ផ្លូវអាកាសរបស់អ៊ីស្រាអែល​ដែលបានសម្លាប់​មេបញ្ជាការ​ជីហាត​អ៊ីស្លាម បាន​បង្ក​កំហឹង និង​ការបាញ់​សងសឹក​តបវិញ​ពី​ក្រុមជីហាត​នៅតំបន់​ហ្កាហ្សា។ តាមអាជ្ញាធរ​អ៊ីស្រាអែល តាំង​ពីថ្ងៃអង្គារ​រ៉ុកកែ្កត​ប្រមាណ ៤៥០គ្រាប់​បាន​បាញ់​ចេញ​ពី​តំបន់​ហ្កាហ្សា ទៅក្នុង​ទឹកដី​ភាគខាងត្បូង​អ៊ីស្រាអែល។ នៅទឹកដី​អ៊ីស្រាអែល គ្រាប់រ៉ុកក្កែត​មិនបាន​បង្ក​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​រងរបួសម្នាក់ទេ ប៉ុន្តែ នៅភាគីប៉ាឡេស្ទីនវិញ មនុស្ស​៣៤នាក់ ដែលភាគច្រើនជាប្រជាជន​ស៊ីវិល​បាន​ស្លាប់​ និង​ជាង​១០០នាក់រងរបួស នៅក្នុង​ការវាយប្រហារ​របស់កងទ័ព​អ៊ីស្រាអែល គិតចាប់តាំង​ពីថ្ងៃអង្គារ។  នៅថ្ងៃព្រហស្បតិ៍ នៅ ប៉ុន្មានម៉ោង មុន​ ​​បទឈប់បាញ់​ដែលជ្រោមជ្រែង​ដោយ​អេហ្ស៊ីប និង​ប្រេសិតអង្គការ​សហប្រជាជាតិ ចូលជាធរមាន អ៊ីស្រាអែល​បាន​បញ្ជូន​យន្តហោះ​ទៅ​វាយប្រហារ​ផ្ទះ​មួយ​ខ្នងនៅ​ហ្កាហ្សា ដែល​អ៊ីស្រាអែល​អះអាងថា ជា​ផ្ទះ​របស់​មេបញ្ជាការ​ម្នាក់ទៀត​របស់​ក្រុមជីហាត ដែលជាអ្នករៀបចំ​ផែនការ បាញ់គ្រាប់រ៉ុកក្កែត​ទៅលើ​ទឹកដី​អ៊ីស្រាអែល។ មនុស្ស​មួយគ្រួសារ សមាជិក៨នាក់​បានស្លាប់ ដែលក្នុង​នោះ ៥នាក់​ជា​កុមារ។ សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន អ៊ីស្រាអែលកំពុង​ប្រព្រឹត្តឧក្រិដ្ឋកម្ម​សង្រ្គាម។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន​កាលពីថ្ងៃ​សុក្រ ក្រសួង​ការពារជាតិ​អ៊ីស្រាអែល អះអាងថា នឹង​បើកការស៊ើបអង្កេត​ដើម្បី​ស្វែងរក​កំហុសដែល​បានបណ្តាល​ឲ្យ​បាត់បង់ជីវិត​ប្រជាជន​ស៊ីវិល​នៅក្នុង​ការវាយប្រហារ​របស់អ៊ីស្រាអែល។ ​អ៊ីស្រាអែលទទួល​ស្គាល់​ថា ខ្លួនអាច​បាញ់ច្រលំ​សម្លាប់ប្រជាជន​ស៊ីវិល។ អ៊ីស្រាអែល​សន្យា​បើកការស៊ើបអង្កេត។ នេះជាឥរិយាបទ​ដ៏កម្រ​របស់​អ៊ីស្រាអែល។ ប៉ុន្តែ បទពិសោធន៍​កន្លងមក បង្ហាញថា នៅទីបំផុត អ៊ីស្រាអែលអះអាងថា ខ្លួន​​នៅ​​តែមាន​ហេតុផល ត្រឹមត្រូវ​វាយប្រហារ​លើ​តំបន់ហ្កាហ្សា​របស់​ប្រជាជនប៉ាឡេស្ទីន ចំណែក​សន្យា​ស៊ើបអង្កេត​ទៅលើ​ការបាត់បង់ជីវិតប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន​ត្រូវ​អ៊ីស្រាអែលបំភ្លេចចោល នៅលើ​គំនរ​ទឹកសោក ទុក្ខវេទនា​របស់​ក្រុមគ្រួសារជនរងគ្រោះប៉ាឡេស្ទីន៕​

 

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ