ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

តើរដ្ឋាភិបាលអ៊ីរ៉ង់កំពុងទទួលរងថ្មបាក់ពីនយោបាយដំឡើងថ្លៃតម្លៃប្រេងឬ?

តើរដ្ឋាភិបាលអ៊ីរ៉ង់កំពុងទទួលរងថ្មបាក់ពីនយោបាយដំឡើងថ្លៃតម្លៃប្រេងឬ?
 
តើរដ្ឋាភិបាលអ៊ីរ៉ង់កំពុងទទួលរងថ្មបាក់ពីនយោបាយដំឡើងថ្លៃតម្លៃប្រេងឬ? Reuters

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក្បួន​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដំឡើង​ថ្លៃ​តម្លៃ​ប្រេង​បាន និង​កំពុង​បន្ត​កើត​មាន​យ៉ាង​ខ្លាំងក្លា​នៅ​តាម​បណ្តា​ទីក្រុង​សំខាន់​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។ គិត​ត្រឹម​ថ្ងៃទី១៨ វិច្ឆិកា បាតុកម្ម​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី១៦ វិច្ឆិកា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ២នាក់។ តែ​អ្វី​ជា​ការ​កត់សម្គាល់ បាតុកម្ម​ដែល​ផ្តោត​សំខាន់​លើ​ការ​ទាមទារ​ផ្នែក​សេដ្ឋកិច្ច​ហាក់​កំពុង​ប្រែ​រូបភាព​ទៅ​ជា​បាតុកម្ម​នយោបាយ​ដោយ​ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ដឹកនាំ​សព្វថ្ងៃ។

តើ​រដ្ឋាភិបាល​អ៊ីរ៉ង់​មិនមែន​កំពុង​ទទួល​រង​ថ្ម​បាក់​ពី​នយោបាយ​ដំឡើង​ថ្លៃ​តម្លៃ​ប្រេង​ទេ ឬ​យ៉ាង​ណា?

ប្រភពដើម​នៃ​បាតុកម្ម​នៅ​អ៊ីរ៉ង់​ពេល​នេះ គឺ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដំឡើង​ថ្លៃ​តម្លៃប្រេង។ នេះ​ពិត​ជា​រឿង​ចំឡែក និង​គួរ​ឲ្យ​ឆ្ងល់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ជង្រុក​ប្រេងឆៅ​មួយ​ក្នុង​លោក។ តាំង​ពី​ថ្ងៃទី១៦ វិច្ឆិកា​មក មាន​ពលរដ្ឋ​អ៊ីរ៉ង់​នៅ​ក្នុង​ខេត្ត ក្រុង​ប្រមាណ​ជា ១០០កន្លែង​នៅ​ទូទាំង​ប្រទេស​បាន​នាំ​គ្នា​ចុះ​ផ្លូវ​ប្រឆាំង​នឹង​នយោបាយ​ដំឡើង​តម្លៃប្រេង​របស់​រដ្ឋាភិបាល។ គិត​ត្រឹម​ថ្ងៃទី១៨ វិច្ឆិកា មាន​មនុស្ស​ស្លាប់​ចំនួន ២នាក់ ក្នុង​នោះ​ម្នាក់​ជា​បាតុករ និង​ម្នាក់​ទៀត​ជា​ប៉ូលិស។ តែ​តុល្យការ​អាច​នឹង​មាន​ច្រើន​ជាង​នេះ ព្រោះ​រូបភាព​វីដេអូ​ដែល​គេ​ពិបាក​ផ្ទៀងផ្ទាត់​បាន​បង្ហាញ​បាតុករ​ជា​ច្រើន​នាក់​ត្រូវ​គ្រាប់​កាំភ្លើង​ដេក​ដួល​លើ​ដី។ ទន្ទឹម​គ្នា​នេះ មាន​ការ​ដុត​បំផ្លាញ​ទីតាំង​សំខាន់ៗ​ជា​ច្រើន​កន្លែង ដូច​ជា​ធនាគារ អាគារ​រដ្ឋាភិបាល ស្ថានីយ៍​លក់ប្រេង ប៉ុស្តិ៍​ប៉ូលិស រថយន្ត និង​រថយន្តក្រុង។

បើ​គេ​ជឿ​លើ​របាយការណ៍​របស់​ទីភ្នាក់ងារ Fars ដែល​ស្និទ្ធ​នឹង​ឆ្មាំបដិវត្ត​អ៊ីរ៉ង់ មាន​មនុស្ស​ចំនួន ៨៧ ០០០នាក់​បាន​ចូលរួម​នៅ​ក្នុង​ក្បួនបាតុកម្ម និង​មាន​មនុស្ស​ប្រមាណ ១ ០០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ទន្ទឹម​នឹង​វិធានការ​បង្រ្កាប​ចាស់ដៃ រដ្ឋអំណាច​ក៏​បាន​កាត់​ផ្តាច់​ប្រព័ន្ធ​អ៊ីនធ័រនែត និង​ប្រព័ន្ធ​ទូរស័ព្ទដៃ​នៅ​ក្នុង​តំបន់​យុទ្ធសាស្រ្ត​មួយ​ចំនួន។ គួរ​រម្លឹក​ថា ក្រុមប្រឹក្សា​មួយ​ដែល​ដឹកនាំ​ដោយ​ប្រមុខ​នៃ​អំណាច​ទាំង ៣ គឺ​អំណាច​នីតិបញ្ញតិ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ​បាន​សម្រេច​ដំឡើង​ថ្លៃ​តម្លៃ​ប្រេង​នា​យប់​ជ្រៅ​ក្នុង​ថ្ងៃទី១៤ វិច្ឆិកា។ ចំណែក​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​ក៏​បាន​គាំទ្រ​លើ​វិធានការ​មួយ​នេះ និង​បញ្ជាក់​ថា ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​ដោយ​ប្រមុខ​នៃ​អំណាច​ទាំង ៣ ដែល​លោក​គ្មាន​សិទ្ធិអំណាច​អ្វី​នឹង​ដក​ចេញ​វិញ​ទេ។

ទន្ទឹម​គ្នា​នេះ ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ដដែល​ថែម​ទាំង​បាន​ចាត់​ទុក​ក្រុម​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ជា​ក្រុម​មនុស្សពាល​ដែល​ទទួល​បាន​ការ​លើកទឹកចិត្ត​ពី​ក្រុម​សត្រូវ​របស់​អ៊ីរ៉ង់។ ក្នុង​ថ្ងៃ​ចន្ទ ទី១៨ វិច្ឆិកា ទីក្រុង​តេហេរ៉ង់​បាន​ចង្អុល​ចំ​មុខ​ទីក្រុង​វ៉ាស៊ីនតោន​ពី​បទ​បាន​លូកដៃ​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់។ នេះ​ជា​ចម្លើយ​ដែល​អ៊ីរ៉ង់​តប​នឹង​សារ​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ែ ប៉ុមប៉េអូ​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៦ វិច្ឆិកា​ដែល​ថា អាមេរិក​ស្ថិត​ជាមួយ​ពលរដ្ឋ​អ៊ីរ៉ង់។ បន្ទាប់​មក​ក្នុង​ថ្ងៃ​អាទិត្យ ទី១៧ វិច្ឆិកា សេតវិមាន​បាន​ចាក់​សាំង​បន្ថែម​ដោយ​បញ្ជាក់​ពី​ការ​គាំទ្រ​ចំពោះ​បុព្វហេតុ​របស់​បាតុករ​អ៊ីរ៉ង់ និង​បាន​ថ្កោលទោស​លើ​ចំណាត់ការ​ចាស់ដៃ​របស់​កម្លាំង​ប៉ូលិស​លើ​ហ្វូង​បាតុករ។

មែនទែន​ទៅ និង​នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​សព្វថ្ងៃ ប្រតិកម្ម​ម៉ាំង​ទៅ ម៉ាំង​មក​រវាង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​វ៉ាស៊ីនតោន​របៀប​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ហើយ​អ្នក​ដែល​កំពុង​ឆ្លៀត​កេងចំណេញ​ពី​ភាព​ក្តៅក្រហាយ​របស់​ពលរដ្ឋ​អ៊ីរ៉ង់​ពេល​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​អាមេរិក​ដែល​ចង់​ឃើញ​ការ​ដួលរលំ​របប​អ៊ីរ៉ង់​សព្វថ្ងៃ​នេះ​ទេ។ ចូរ​កុំ​ភ្លេច​ថា បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ ការ​ងើប​បះបោរ​របស់​ពលរដ្ឋ​អ៊ីរ៉ង់​ក្រោម​ហេតុផល​តម្លៃប្រេង​ថ្លៃ​គ្រាន់​ជា​រឿង​មួយ​តូចតាច​ប៉ុណ្ណោះ។ តាម​ពិត​ទៅ​នោះ ពលរដ្ឋ​អ៊ីរ៉ង់​ទូទៅ​ហាក់​អស់​សង្ឃឹម និង​គ្មាន​ជំនឿ​ទុក​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ទាំង​នៅ​ក្នុង​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច។ សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ញាំញី​ដោយ​ទណ្ឌកម្ម​អាមេរិកាំង និង​ដោយ​ការ​គ្រប់គ្រង​មិន​បាន​ល្អ។

អសមត្ថភាព​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ប្រទេស​របស់​ប្រធានាធិបតី​លោក​ហាសាន រ៉ូហានី​បាន​ប្រសូត្រ​ចេញ​នូវ​បរិយាកាស​នៃ​ក្តី​អស់​សង្ឃឹម​របស់​ពលរដ្ឋ​អ៊ីរ៉ង់។ អ៊ីចឹង​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា ក្បួន​បាតុកម្ម​ក្រោម​ហេតុផល​តម្លៃ​ប្រេង​ថ្លៃ​ហាក់​បាន​ប្រែ​រូបភាព​យ៉ាង​ឆាប់​រហ័ស​ទៅ​ជា​ក្បួន​បាតុកម្ម​នយោបាយ​ដោយ​បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ដឹកនាំ​សព្វថ្ងៃ។ សម្លេង​ប្រឆាំង​នឹង​លោក​រ៉ូហានី​មាន​កាន់​តែ​ច្រើន​ឡើងៗ​រាប់​ទាំង​ក្រុម​ដែល​ធ្លាប់​គាំទ្រ និង​បោះឆ្នោត​ឲ្យ​លោក​ទៀត​ផង។ គួរ​រម្លឹក​ថា​នៅ​ដំណាច់​ឆ្នាំ ២០១៧ ពលរដ្ឋ​អ៊ីរ៉ង់​ក៏​ធ្លាប់​បាន​ចុះ​ផ្លូវ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដែរ។ តែ​អ្វី​ដែល​ខុស​គ្នា​នៅ​លើក​នេះ បាតុកម្ម​មហាជន​ហាក់​មាន​ទ្រង់ទ្រាយ​ធំ និង​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​សឹង​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​នៅ​តាម​ខេត្ត ក្រុង​តូច ធំ​នៅ​ទូទាំង​ប្រទេស។ កំណត់​សម្គាល់​មួយ​ទៀត បាតុកម្ម​លើក​នេះ​បាន​កើត​មាន​ឡើង​នៅ ៣ខែ​មុន​អ៊ីរ៉ង់​រៀបចំ​បោះឆ្នោត​សភា​ដែល​គ្រោង​រៀបចំ​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២០៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អ៊ីរ៉ង់-សហរដ្ឋអាមេរិក

    ប្រជាជន​អ៊ីរ៉ង់ចេញ​ធ្វើ​បាតុកម្ម នៅក្រោយ​រដ្ឋាភិបាល​ដំឡើងតម្លៃ​ប្រេង

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ង់

    អ៊ីរ៉ង់​រកឃើញ​ជង្រុកប្រេងថ្មី​ដែលស្តុក​ប្រេង​ជាង ២២​ពាន់លាន​បារីល

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ង់-សហរដ្ឋអាមេរិក

    សហភាពអឺរ៉ុប៖ វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាន់តែ​ធ្លាក់ចុះជ្រៅ ពិបាក​នឹង​ស្តារវិញ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តើ​អ៊ីរ៉ង់​កំពុង​ឈាន​ទៅ​ដោះដៃ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ