អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិមាននាយកថ្មី តែសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់បន្តជាអាទិភាពចម្បង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​ចន្ទ ទី២ ធ្នូ ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​បារាំង AIEA មាន​នាយក​ថ្មី​ជា​បុរស​ជនជាតិ​អាហ្សង់ទីន​មាន​ឈ្មោះ រ៉ាហ្វាអែល ក្រូស៊ី (Rafael Grossi)។ ការ​ចូល​កាន់​តំណែង​ជា​ប្រធាន​ថ្មី AIEA របស់​លោក​រ៉ាហ្វាអែល ក្រូស៊ី​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ភាព​តានតឹង​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល។ ដូច្នេះ​ការងារ​អាទិភាព​នៅ​ចំពោះ​មុខ​របស់​លោក​ក្រូស៊ី គឺ​ការ​បន្ត​ជជែក​ជាមួយ​ភាគី​អ៊ីរ៉ង់​នៅ​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់​បាន​ចុះ​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៥។ តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ លោក​ក្រូស៊ី​មាន​សិទ្ធិ​ចូល​ទៅ​ពិនិត្យ​ផ្ទាល់​លើ​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ តើ​នាយក​ថ្មី AIEA ជា​នរណា និង​ថា តើ​អ្វី​ទៅ​ជា​ការងារ​របស់ AIEA នៅ​អ៊ីរ៉ង់?

លោករ៉ាហ្វាអែល ក្រូស៊ី នាយកថ្មី​នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ
លោករ៉ាហ្វាអែល ក្រូស៊ី នាយកថ្មី​នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ JOE KLAMAR / AFP
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៥៨ឆ្នាំ និង​ជា​ជនជាតិ​អាហ្សង់ទីន លោក​រ៉ាហ្វាអែល ក្រូស៊ី​ជា​នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ទី៦ គិត​តាំង​ពី​ទីភ្នាក់ងារ​មួយ​នេះ​បាន​ប្រសូត្រ​ឡើង​ក្នុង​ឆ្នាំ ១៩៥៧ និង​ដែល​នាយក​ទី១ មាន​ប្រភព​ពី​ប្រទេស​មួយ​នៅ​អាមេរិកខាងត្បូង។ ម្យ៉ាង​ទៀត ការ​បោះឆ្នោត​ជ្រើសរើស​នាយក​ថ្មី AIEA បាន​ធ្វើ​ឡើង បន្ទាប់​ពី​មរណៈភាព​ក្នុង​ខែ​កក្កដា​របស់​ជនជាតិ​ជប៉ុន​លោក​យូគីយ៉ា អាម៉ាណូ​ដែល​បាន​កាន់​តំណែង​នាយក AIEA រយៈ​ពេល ១០ឆ្នាំ។ តាម​ពិត​ទៅ លោក​រ៉ាហ្វាអែល ក្រូស៊ី​ដែល​ជា​មន្រ្តីការទូត​ម្នាក់​បាន​ស្គាល់ AIEA ច្បាស់​ណាស់ ព្រោះ​លោក​ធ្លាប់​បាន​ទទួល​តួនាទី​ជា​អ្នក​ចរចា​ផ្ទាល់​ជា​មួយ​អ្នក​ទទួល​ខុស​ត្រូវ​អ៊ីរ៉ង់​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៣។

ជា​មន្រ្តីការទូត ព្រោះ​លោក​រ៉ាហ្វាអែល ក្រូស៊ី​ជា​ឯកអគ្គរដ្ឋទូត​អាហ្សង់ទីន​ប្រចាំ​ប្រទេស​អូទ្រីស​តាំង​ពី​ឆ្នាំ ២០១៣ ហើយ​ក្នុង​តំណែង​មួយ​នេះ លោក​រ៉ាហ្វាអែល ក្រូស៊ី​ក៏​ជា​អ្នកតំណាង​ឲ្យ​ប្រតេស​អាហ្សង់ទីន​នៅ​ក្នុង AIEA ដែរ។ ទាក់ទង​នឹង​សំណុំរឿង​មិន​សាយភាយ​នុយក្លេអ៊ែរ​ត្រូវ​បាន​អតីត​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អ៊ីរ៉ង់​វាយ​តម្លៃ​លើ​លោក​រ៉ាហ្វាអែល ក្រូស៊ី​ថា ជា​មន្រ្តីការទូត​គួរ​ឲ្យ​ស្ញប់ស្ញែង និង​មាន​ចរិត​ថ្លៃថ្នូរ​ណាស់។ ចំណែក​មន្រ្តីការទូត​ផ្សេង​ទៀត​ដែល​បាន​ស្គាល់ និង​ធ្លាប់​បាន​សន្ទនា​ជាមួយ​លោក​រ៉ាហ្វាអែល ក្រូស៊ី​បាន​សរសើរ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ថាមពល​របស់​គាត់។ មន្រ្តីការទូត​ម្នាក់​ជឿជាក់​ថា លោក​រ៉ាហ្វាអែល ក្រូស៊ី​នឹង​ប្រើ​នុយក្លេអ៊ែរ​នៅ​ក្នុង​យុទ្ធនាការប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​ជា​ប្រធានបទ​សំខាន់​មួយ។

អ្វី​ជា​ការ​កត់សម្គាល់ ការ​ចូល​កាន់​តំណែង​ជា​ប្រធាន​ថ្មី AIEA របស់​លោក​រ៉ាហ្វាអែល ក្រូស៊ី​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ភាព​តានតឹង​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​បន្ត​មាន​យ៉ាង​ក្តៅ​គគុក។ ទីភ្នាក់ងារ​អន្តរជាតិ​មួយ​នេះ​មាន​តួនាទី​ជា​អ្នក​ផ្ទៀងផ្ទាត់ ពិនិត្យមើល​លើ​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ​កាល​ពី​ឆ្នាំ ២០១៥។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ថា កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​មួយ​នេះ​កំពុង​ស្ថិត​លើ​ផ្លូវ​ដ៏​ផុយស្រួយ​មួយ តាំង​ពី​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ក្នុង​ឆ្នាំ ២០១៨ និង​ថែម​ទាំង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ ជា​ការ​ឆ្លើយ​បក​វិញ អ៊ីរ៉ង់​ក៏​បាន​ប្រកាស​ឈប់​អនុវត្ត​តាម​កិច្ចសន្យា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ។

មាន​ដូច​ជា ដំឡើង​បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច ដំឡើង​អត្រា​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម និង​បរិមាណ​ទឹកធ្ងន់ រួម​ទាំង​ធ្វើ​ទំនើបកម្ម​លើ​ឧបករណ៍​សម្រាប់​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម។ ដូច្នេះ​តួនាទី​អាទិភាព​នៅ​ចំពោះ​មុខ​របស់​លោក​រ៉ាហ្វាអែល ក្រូស៊ី គឺ​ព្យាយាម​ទប់​កុំ​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ រលាយ​ទៅ​វិញ ព្រោះ​ទំរាំ​សម្រេច​បាន ភាគី​នីមួយៗ​បាន​ចំណាយ​ពេល​ចរចា និង​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ច្រើន​ណាស់។ គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ ដំណើរ​ទៅ​កាន់​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់​របស់​ក្រុម​អធិការ AIEA មិន​ត្រូវ​បាន​រារាំង​ដោយ​ភាគី​អ៊ីរ៉ង់​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ចំណុច​ខ្វែង​គំនិត​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង AIEA និង​អ៊ីរ៉ង់​កំពុង​បន្ត​មាន។

AIEA បាន​ទាមទារ​ឲ្យ​អ៊ីរ៉ង់​បំភ្លឺ​ជុំវិញ​សកម្មភាព​នៅ​ក្នុង​អតីតកាល​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​ដែល​មិន​បាន​រាយការណ៍ និង​ដែល​ក្រុមអធិការ AIEA បាន​រក​ឃើញ​ដាន​សារធាតុ​អ៊ុយរ៉ាញ៉ូម។ អ៊ីរ៉ង់​បាន​ផ្តល់​ចម្លើយ តែ​ចម្លើយ​ចុង​ក្រោយ​ត្រូវ​បាន AIEA ចាត់​ទុក​ជា​ចម្លើយ​មិន​ពេញ​ចិត្ត​ទេ។ សូម​រម្លឹក​ថា ក្រៅ​ពី​ភាគី​អាមេរិក ភាគី​ហត្ថលេខី​ផ្សេង​ទៀត មាន​ប្រទេស​បារាំង អង់គ្លេស ចិន រុស្ស៊ី និង​អាល្លឺម៉ង់​មិន​បាន​ដក​ខ្លួន និង​ប្តេជ្ញា​រក្សា​ទុក​កិច្ចព្រមព្រៀង។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុម​ប្រទេស​ហត្ថលេខី​នៅ​សេសសល់​ទាំង​អស់​នេះ​នៅ​មិន​ទាន់​អាច​និយាយ​ជំនះ​អ៊ីរ៉ង់​ឲ្យ​ត្រឡប់​ទៅ​គោរព​ត្រឹមត្រូវ​លើ​កិច្ចព្រមព្រៀង​នោះ​នៅ​ឡើយ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ថ្មីៗ​នេះ ប្រទេស​អឺរ៉ុប​មិន​ញញើត​ដំឡើង​សម្លេង​ខ្លាំងៗ​ដាក់​អ៊ីរ៉ង់​ដោយ​គំរាម​បញ្ឆេះ​យន្តការណ៍​មួយ​ដែល​អាច​ឈាន​ទៅ​ដាក់​ឡើង​វិញ​នូវ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អ៊ីរ៉ង់។ ប្រសិន​បើ​ឈាន​ដល់​ដំណាក់កាល​នេះ​មែន វា​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​ស្លាប់​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ជា​ស្ថាពរ។

តែ​ពេល​នេះ យន្តការណ៍​នៃ​ការ​ចរចា​កំពុង​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​បន្ត​យក​ទៅ​ប្រើ ព្រោះ​នៅ​ថ្ងៃ​សុក្រ ទី៦ ធ្នូ មាន​កិច្ចប្រជុំ​ថ្មី​រវាង​អ្នក​តំណាង​ប្រទេស​ហត្ថលេខី​នៅ​សេសសល់ និង​អ៊ីរ៉ង់​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ តើ​ជាមួយ​នឹង​នាយក​ថ្មី​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​លោក​រ៉ាហ្វាអែល ក្រូស៊ី សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នឹង​ធូរស្រាល​ជាង​មុន​ដែរ ឬ​ទេ?។ វា​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​ទាញ​សេចក្តីសន្និដ្ឋាន​យ៉ាង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ