អានតួអត្ថបទ
ស៊ីរី

៧ឆ្នាំនៃ​សង្រ្គាម​​ស៊ីរី៖ ពី​ការ​រើ​បំរាស់​របស់​ប្រជាជន​ ក្លាយ​ជា​សង្រ្គាម​រវាង​មហា​អំណាច

ខណៈដែល កងទ័ពសម្ព័ន្ធមិត្ត​មាន អាមេរិក បារាំង និងអង់គ្លេស បានរួមគ្នា បាញ់មីស៊ីលជាច្រើនគ្រាប់ សំដៅកំទេចមូលដ្ឋានស្រាវជ្រាវ និងទីតាំងស្តុកអាវុធគីមី របស់កងទ័ពរដ្ឋាភិបាលស៊ីរី  ចំណែកនៅ ឯតំបន់ហ្គូតាខាងកើតឯនោះ មិនឆ្ងាយប៉ុន្មានពីរដ្ឋធានីដាម៉ាស កងទ័ពរដ្ឋាភិបាលស៊ីរី បានដណ្តើមបាន មូលដ្ឋានចុងក្រោយ របស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលនេះ មកគ្រប់គ្រងវិញទាំងស្រុងហើយ បន្ទាប់ពីបានទំលាក់គ្រាប់ជញ្ជ្រុំ យ៉ាងដំណំ អស់រយៈពេលជិត២ខែមកនេះ។​ បើគិតមកដល់ពេលនេះ សង្រ្គាមនៅស៊ីរី បាន​អូសបន្លាយទៅ ៧ឆ្នាំហើយ។ ផ្តើមចេញពីការងើបបះបោរ​តវ៉ា របស់ប្រជាជនស៊ីរី​ ប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការ តែមកដល់ពេលនេះ សង្រ្គាមនេះបានរីកក្លាយជាសង្រ្គាមតំបន់ ដែលមានការតទល់គ្នា រវាងមហាអំណាចធំៗ។

ទីក្រុង Douma ​ភាគ​ខាងជើង មិនឆ្ងាយ​​ពី​រដ្ឋធានី​​ដាម៉ាស
ទីក្រុង Douma ​ភាគ​ខាងជើង មិនឆ្ងាយ​​ពី​រដ្ឋធានី​​ដាម៉ាស REUTERS/Bassam Khabieh
ផ្សាយពាណិជ្ជកម្ម

នៅរវាងដើមឆ្នាំ២០១១ កម្លាំងខ្យល់បក់នៃបដិវដ្តន៍ប្រទេសអារ៉ាប់នានា បានបោកបក់បណ្តាលចិត្តប្រជាជនស៊ីរី ដែលរស់នៅក្រោមក្រញ៉ាំអំណាចផ្តាច់ការ របស់ក្រុមគ្រួសារត្រកូល Assad អស់រយៈពេល៤០ឆ្នាំមកហើយនោះ ឲ្យងើបបះបោរឡើង ដើម្បីផ្តួលរំលំរដ្ឋាភិបាលផ្តាច់ការនេះ។​ ការជួបជុំតវ៉ាប្រឆាំងរដ្ឋាភិបាល បាឆា អាល់អាសាដ បានចាប់ផ្តើម​មាននៅតាមទីក្រុងតូចធំនានា នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១១។

មន្ត្រីកងទ័ពស៊ីរី ដែលបានសម្លឹងឃើញអំពើផ្តាច់ការរបស់រដ្ឋាភិបាល បានសម្រេចចិត្តរត់ចោលជួរ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១១ អតីតមេទ័ពម្នាក់ ដែលបានរត់គេចខ្លួនទៅ​តួកគី បានប្រកាស បង្កើតកងទ័ពសេរីស៊ីរី។ គឺពេលនោះហើយ ដែលការបះបោររបស់ប្រជាជន​សាមញ្ញ បានក្លាយជាការតស៊ូដោយអាវុធ។ ក្រុមយុវជនស្ម័គ្រចិត្ត រួមជាមួយទាហាន​រត់ចោលជួរ បានប្រមូលគ្នាជាក្រុមៗកាន់អាវុធ ហើយដែលត្រូវ​រដ្ឋាភិបាល​ស៊ីរី ចាត់​ទុកថាជាក្រុមឧទ្ទាមភេរវកម្ម។

ក្រុមឧទ្ទាមរំដោះស៊ីរី បានដណ្តើមបាន នូវទីក្រុមធំៗមួយចំនួន ជាយរដ្ឋធានីដាម៉ាស ខាងជើងនិងខាងកើត។ នៅខែមីនា ឆ្នាំ២០១២ កងទ័ពបាឆា អាល់អាសាដ បានចាប់ផ្តើមបាញ់ផ្លោងគ្រាប់បេ និងទំលាក់គ្រាប់បែក ទៅលើទីក្រុង ហូម និងក្រុង ហាម៉ា ដើម្បីកំទេច​មូលដ្ឋានរបស់ក្រុមឧទ្ទាម។ ចាប់ពីឆ្នាំ២០១៣មក កងទ័ពបាឆា អាល់អាសាដ បានបញ្ជា​យន្តហោះ ទំលាក់គ្រាប់បែក និងគ្រាប់ផ្ទុះច្នៃ សឹងតែគ្មានលស់ថ្ងៃ ទៅលើទីតាំងដែល​ស្ថិតក្រោមការកាន់កាប់ របស់ក្រុមឧទ្ទាមប្រឆាំង។

ខែមេសា ២០១៣ អ៊ីរ៉ង់ ដែលជាមេដឹកនាំកំពូល នៃចរន្តអ៊ីស្លាមឈីអ៊ីត ព្រមទាំងក្រុមហេសបូឡាលីបង់ បានសម្រេចចិត្តបញ្ជូនទ័ពទៅជួយ រដ្ឋាភិបាលស៊ីរី​។ អ៊ីរ៉ង់ បានសម្រេច​ចិត្តជួយទំនុកបំរុងថវិកា សម្ភារៈយោធា ព្រមទាំងបានបញ្ជូន​អ្នកជំនាញការកងទ័ព ទៅជួយរៀបយុទ្ធសាស្ត្រឲ្យកងទ័ពបាឆា អាល់អាសាដ ទៀតផង។

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣​ មានការវាយប្រហារដោយប្រើគ្រាប់ផ្ទុះ ផ្ទុកដោយសារធាតុគីមីមួយ នៅជាយ​ក្រុងដាម៉ាស ដែលបណ្តាលឲ្យស្លាប់មនុស្សប្រមាណ១៤០០នាក់។ បើទោះបីជារដ្ឋាភិបាលស៊ីរី បានប្រកែក តែប្រទេសលោកខាងលិច ដោយយោងទៅលើសក្ខីកម្ម និងភស្តុតាង ផ្តល់ឲ្យដោយមន្ត្រីអង្គការនាៗនៅទីនោះ បានបង្ហាញថាកងទ័ពរដ្ឋាភិបាលបាឆា ពិតជាបានប្រើគ្រាប់បែកគីមីពិតមែន។ តែទីបំផុតទៅ ខុសពីអ្វីដែលខ្លួនបានគំរាម រដ្ឋាភិបាលលោកអូបាម៉ា បានសម្រេចចិត្តមិនធ្វើការវាយបក ទៅលើកងទ័ពរដ្ឋាភិបាលស៊ីរីវិញទេ ព្រោះកាលនោះ រដ្ឋាភិបាលលោកអូបាម៉ា បានទទួលការធានាពីរុស្ស៊ីថា នឹងបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលស៊ីរី កម្ទេចចោលកម្មវិធីផលិតអាវុធគីមីឲ្យបាន ហើយឈប់ប្រើតទៅទៀត។

ចាប់ពីឆ្នាំ ២០១៤ ស្របពេលដែលមានការប្រយុទ្ធតស៊ូរបស់ក្រុមចលនាសេរីរំដោះស៊ីរី កងទ័ពបាឆា អាល់អាសាដ ក៏ត្រូវប្រឈមមុខ នឹងក្រុមមួយទៀតដ៏កាចសាហាវ ដែលបានឆ្លៀតឱកាស ប្រមូលកម្លាំងនិងដែនដីគ្រប់គ្រង។ នោះគឺក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ការនេះ បានធ្វើឲ្យកងទ័ព​ ​​  រដ្ឋាភិបាលស៊ីរី ធ្លាក់ដៃ បរាជ័យសឹងតែគ្រប់ភូមិភាគ។

ដោយសម្លឹងឃើញពីបរាជ័យរបស់មិត្តខ្លួន ទើបរុស្ស៊ី​​បានសម្រេចចិត្តលូកដៃ បញ្ជូនទ័ព មកជួយរដ្ឋាភិបាល​បាឆា អាល់អាសាដ នៅចុងខែកញ្ញា ឆ្នាំ២០១៥។ អន្តរាគមន៍របស់កងទ័ពរុស្ស៊ី មកក្នុងសមរភូមិស៊ីរី បានផ្លាល់ប្តូស្ថានការណ៍ទាំងស្រុង។ កងកម្លាំងសេរីស៊ីរី បានបាត់បងមូលដ្ឋានម្តងមួយៗ នឹងស្លាប់បាត់បង់កម្លាំងប្រយុទ្ធយ៉ាងសន្ធឹកសន្ធាប់។ សមូហភាពនៃក្រុមប្រឆាំងរដ្ឋាភិបាល ក៏បានបែកបាក់ ធ្វើឲ្យផែនការចរចាសន្តិភាព នៅក្រុងហ្សឺណែវ កាន់តែអស់សង្ឃឹម។ ឆ្លៀតពេលជាមួយគ្នានេះ រុស្ស៊ី និងអ៊ីរ៉ង់ឯណោះ ព្យាយាមរៀបចំការចរចាផ្សេង ដាច់ដោយឡែកមួយទៀត ដោយចង់ទុកឱកាសឲ្យបាឆា អាល់អាសាដ នៅបន្តអំណាចតទៅទៀត។

សង្រ្គាមនៅតែបន្ត ដែលអំណេះតទៅ បាឆា អាល់អាសាដ មានបង្អែកធំ គឺរុស្ស៊ី និងអ៊ីរ៉ង់។ ខែមេសា ឆ្នាំ២០១៧ ហេតុការណ៍ទំលាក់គ្រាប់បែក ផ្ទុកដោយសារធាតុគីមី ជាថ្មីមួយទៀត បានកើតឡើងនៅតំបន់ Khan Cheikhoun បណ្តាលឲ្យស្លាប់ប្រជាជន៨០នាក់។ សភ្តុតាង និងសក្ខីកម្មនានា បង្ហាញយ៉ាងច្បាស់ ថាជាស្នាដៃរបស់កងទ័ពបាឆា អាល់អាសាដ។ លោកដូណាល់ ត្រាំ ដែលទើបតែចូលកាន់តំណែង​ បានបញ្ជាឲ្យកងទ័ពអាមេរិក បាញ់មីស៊ីល ប្រមាណជា៥០គ្រាប់ ទៅលើមូលដ្ឋានទ័ពរបស់កងទ័ពស៊ីរី។ យោងតាមតួលេខរបស់អង្គការ Human Right Watch បើគិតពីឆ្នាំ២០១៣មក រួមទាំងការទំលាក់គ្រាប់បែកគីមី កាលពីថ្ងៃទី៧មេសា ថ្មីៗនេះផង គឺកងទ័ពបាឆា អាល់អាសាធ បានប្រើគ្រាប់បែកផ្ទុកសារធាតុគីមី មិនតិចជាង៨៥ដងទេ។ ៧ឆ្នាំនៃសង្រ្គាម ប្រជាជនស៊ីរី ស្លាប់ប្រមាណជា៣៥ម៉ឺននាក់ នឹងជាច្រើនលាននាក់ ត្រូវភៀសខ្លួនចាកចោលផ្ទះសម្បែង។

អង្គការអន្តរជាតិជាច្រើន បានទាមទារ ឲ្យបញ្ឈប់អំពើ​ឧក្រិដ្ឋកម្មបែបនេះ ដែលវាផ្ទុយពីសន្ធិសញ្ញាអន្តរជាតិ។ គឺដោយយោងទៅលើគ្រោះថ្នាក់ និងការបំពានម្តងហើយ​ម្តងទៀត ពីសំណាក់រដ្ឋាភិបាលបាឆា អាល់អាសាដ ដោយមានការការពារពីរុស្ស៊ីនេះ ទើបសម្ព័ន្ធមិត្ត បារាំង អាមេរិក និងអង់គ្លេស បានសម្រេចចិត្ត បើកយុទ្ធនាការកំទេចទីតាំងស្រាវជ្រាវផលិត និងទីតាំងស្តុកអាវុធគីមី របស់កងទ័ពបាឆា នៅថ្ងៃទី១៤​ មេសា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ