អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

រដ្ឋអំណាច​ប៉ាឡេស្ទីន​ប្រកាស​ផ្តាច់​ទំនាក់ទំនង​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល

អង្គការ​ដើម្បី​រំដោះ​ប៉ាឡេស្ទីន ឬ​រដ្ឋអំណាច​ប៉ាឡេស្ទីន​បាន​សម្រេច កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៥​មីនា ឈប់​សហការ​ផ្នែក​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល។ ការសម្រេច​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន ធ្វើឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ៊ីស្រាអែល​ដែល​បាន​ផ្អាក តាំង​ពី​ខែ​មករា​ មិន​បញ្ជូន​លុយ​ពន្ធ​ ប្រមាណ កន្លះពាន់​លាន​ដុល្លារ ដែល​អ៊ីស្រាអែល​ត្រូវ​ប្រមូល​ជំនួស​ឲ្យ​​​រដ្ឋអំណាច​ប៉ាឡេស្ទីន។ 

ក្រុមហាម៉ាស​ដែល​អ៊ីស្រាអែល​ចាត់ទុក​ជា​ក្រុម​ភេរវនិយម​ ធ្លាប់​រិះគន់​រដ្ឋអំណាច​ប៉ាឡេស្ទីន​របស់​លោក​អាបាស​​ថា បាន​ធ្វើ​កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឲ្យ​ប៉ាឡេស្ទីន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អ៊ីស្រាអែល។
ក្រុមហាម៉ាស​ដែល​អ៊ីស្រាអែល​ចាត់ទុក​ជា​ក្រុម​ភេរវនិយម​ ធ្លាប់​រិះគន់​រដ្ឋអំណាច​ប៉ាឡេស្ទីន​របស់​លោក​អាបាស​​ថា បាន​ធ្វើ​កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឲ្យ​ប៉ាឡេស្ទីន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អ៊ីស្រាអែល។ ©REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​កិច្ចប្រជុំ​ពីរ​ថ្ងៃ នៅទីក្រុង​រ៉ាម៉ាឡា អង្គការ​ដើម្បី​រំដោះ​ប៉ាឡេស្ទីន (OLP) ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជា​រដ្ឋអំណាច​ប៉ាឡេស្ទីន បាន​សម្រេច ឈប់​សហការ​ផ្នែក​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល។ នៅក្នុង​ការអនុវត្តន៍​ជាក់ស្តែង ការសម្រេច​នេះ​មានន័យថា អាជ្ញាធរ​ប៉ាឡេស្ទីន​នឹង​ឈប់​ចែករំលែក​ជាមួយ​អ៊ីស្រាអែល នូ​ព័ត៌មាន​សម្ងាត់ តទៅទៀត ដូចជា​ព័ត៌មាន​ទាក់ទង​នឹង​សកម្មភាព​របស់​ក្រុមហាម៉ាស​ជាដើម។

 
ប៉ាឡេស្ទីន​ផ្តាច់​ទំនាក់ទំនង​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល នឹង​អាច​ផ្តល់​អាក្រក់​ដល់​អ៊ីស្រាអែល ព្រោះថា គ្មាន​ព័ត៌មាន​សម្ងាត់ ផ្តល់​ដោយ​អាជ្ញាធរ​ប៉ាឡេស្ទីន អ៊ីស្រាអែល​ពិបាក​នឹង​យកការណ៍​សម្ងាត់ ដើម្បី​បំផ្លាញ​ជាមុន ផែនការ​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​អ៊ីស្រាអែល។ ក្នុង​ន័យ​ម្យ៉ាងទៀត ប៉ាឡេស្ទីន​នឹង​អាច​ដក​កម្លាំង​រក្សា​សន្តិសុខ​របស់ខ្លួន ចេញ​ពី​តំបន់​ស៊ីហ្សកដានី ដោយ​ទុក​ឲ្យ​ទាហាន​អ៊ីស្រាអែល​ជាអ្នក​ចូល​ទៅ​ធានា​សន្តិសុខ​ជំនួស​វិញ។

ទៅតាម​កិច្ច​ព្រមព្រៀង​ទីក្រុង​អូស្លូ ឆ្នាំ ១៩៩៣ អ៊ីស្រាអែល​ធ្វើការ​ជាមួយ​អាជ្ញាធរ​ប៉ាឡេស្ទីន ដែល​មាន​ទីតាំង​នៅ​ទីក្រុង​រ៉ាម៉ាឡា ទាំង​ក្នុង​ផ្នែក​សន្តិសុខ និង​ការចរចា​ដើម្បី​ស្វែងរក​សន្តិភាព រវាង​ប្រជាជាតិ​ទាំងពីរ។ អ៊ីស្រាអែល​បដិសេធ មិន​ធ្វើការ​ចរចា​ជាមួយ ក្រុមហាម៉ាស ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា ដែល​អ៊ីស្រាអែល​ចាត់ទុក ក្រុមភេរវនិយម គំរាមកំហែង​សន្តិសុខ​អ៊ីស្រាអែល។

បើសិន​ប៉ាឡេស្ទីន ផ្តាច់​ទំនាក់ទំនង​សន្តិសុខ នោះ​គឺ​អ៊ីស្រាអែល​ដែល​អាច​នឹង​ទទួល​ខាតបង់ ហើយ​ទំនាក់ទំនង​រវាង​ភាគី​ចរចា​សន្តិភាព​ទាំងពីរ​នឹង​រឹតតែ​អាក្រក់ ធ្លាក់​ចុះ​ដុនដាប​មួយកម្រិត​ទៀត។

ប៉ាឡេស្ទីន​ធ្លាប់​បាន​គំរាម​ឈប់​សហការ​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល ជាច្រើន​លើក ប៉ុន្តែ មិនដែល​បាន​ធ្វើ​ឲ្យ​ជាក់ស្តែង​ម្តងណាទេ។ លើកនេះ ទោះជា​អង្គការ​ដើម្បី​រំដោះ​ប៉ាឡេស្ទីន បាន​សម្រេច​យ៉ាងដូច្នេះក្តី ប៉ុន្តែ ការសម្រេច​ចិត្ត​នៅមិនទាន់​ត្រូវ​គេ​អនុវត្ត​ភ្លាមទេ ដោយ​ត្រូវ​រង់ចាំ​ការបោះឆ្នោត​របស់​គណៈកម្មាធិការ​របស់​អង្គការ​នេះ នៅ​ពេល​ខាងមុខទៀត។

តាម​អ្នកសង្កេតការណ៍ ប៉ាឡេស្ទីន​បាន​ជ្រើសរើស​យក​បញ្ហា​សន្តិសុខ​មក​ធ្វើ​ជាអាវុធ សងសឹក នឹង​អ៊ីស្រាអែល ដែល​បាន​ផ្អាក មិន​បញ្ជូន​លុយ​ពន្ធ​ជាង ៤០០​លាន​អឺរ៉ូ ដែល​អ៊ីស្រាអែល ត្រូវ​ប្រមូល​ជំនួស​ឲ្យ​ប៉ាឡេស្ទីន។ គ្មាន​ប្រាក់ពន្ធ​ដែល​ដើរតួ​សំខាន់​សម្រាប់​សេដ្ឋកិច្ច ប៉ាឡេស្ទីន​កំពុង​ជួប​ការលំបាក​ក្នុង​ការបើកប្រាក់ខែ​ឲ្យមន្រ្តី​ជិត​ពីរសែន​នាក់​របស់​ខ្លួន។

សូមបញ្ជាក់ថា អ៊ីស្រាអែល​បាន​សម្រេច​​ផ្អាក មិន​បញ្ជូន​លុយ​ពន្ធ ទៅឲ្យ​ប៉ាឡេស្ទីន តាំង​ពី​ខែ​មករា បន្ទាប់​ពី​ប៉ាឡេស្ទីន​បានដាក់ពាក្យ​សុំ​​ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ គោលដៅ​របស់​ប៉ាឡេស្ទីន​គឺ​ដាក់ពាក្យ​បណ្តឹង​សុំឲ្យ​ ស្ថាប័ន​អន្តរជាតិ​មួយនេះ ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្រ្គាម ក្នុង​ទឹកដី​ប៉ាឡេស្ទីន ជាពិសេស​ក្នុង​តំបន់​ហ្កាហ្សា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ