អានតួអត្ថបទ
អង្គការរដ្ឋអ៊ីស្លាម-ស៊ីរី

Abou Mohammed Al Adnani អ្នក​នាំពាក្យ​ក្រុម​ជីហាត​អង្គការរដ្ឋ​អ៊ីស្លាម ត្រូវ​បាន​សម្លាប់​នៅ​អាឡិប

ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ ទើប​បាន​បាត់បង់​មេក្លោង​ដ៏​សំខាន់​ និង​ជា​អ្នក​នាំពាក្យ​របស់​ក្រុម​ជីហាត​ជ្រុល​និយម​នេះ។ យោង​តាម​ការ​ប្រកាស​នៅ​លើ​គេហទំព័រ ​Amaq ​របស់​ក្រុម​ជីហាត​អង្គការរដ្ឋ​អ៊ីស្លាម​​ ជន​ឈ្មោះ ​អាប៊ូ ម៉ូហាម៉េដ អាល់ អាដណានី ​បាម​ស្លាប់​នៅ​សមរភូមិ ​តំបន់​អាឡិប ​ភាគ​ខាង​ជើង​ស៊ីរី។ ចំណែក​អ្នកនាំ​ពាក្យ​កងទ័ព​អាមេរិក​ បាន​បញ្ជាក់​ថា​ កងសម្ព័ន្ធមិត្ត​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ភេរវកម្ម ​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​អាឡិប​ ក្នុង​គោលដៅ​កម្ទេច​មេដឹកនាំ​ក្រុម​ជីហាត​នេះ​ ម្តង​មួយៗ។

ជនឈ្មោះ Abou Mohammad al-Adnani រដ្ឋមន្ត្រី​ទទួល​បន្ទុករៀបចំ​ភេរវកម្ម និងអ្នក​នាំពាក្យរ​បស់​ក្រុម​ជីហា​ត​​អង្គការ​​រដ្ឋ​អ៊ីស្លាម
ជនឈ្មោះ Abou Mohammad al-Adnani រដ្ឋមន្ត្រី​ទទួល​បន្ទុករៀបចំ​ភេរវកម្ម និងអ្នក​នាំពាក្យរ​បស់​ក្រុម​ជីហា​ត​​អង្គការ​​រដ្ឋ​អ៊ីស្លាម HO / YOUTUBE / AFP
ផ្សាយពាណិជ្ជកម្ម

Abou Mohammed Al Adnani ​បាន​ស្លាប់​ពលីជីវិត​ហើយ ​នៅ​សមរភូមិ​អាឡិប ​ភាគ​ខាងជើង​ស៊ីរី។ នេះគឺ​ជា​អ្វី​ដែល​បាន​ចុះផ្សាយ​ ដោយ​គេហទំព័រ​អ៊ីនធើនែត ​Amaq ​របស់​ក្រុម​ជីហាត​អង្គការដ្ឋ​អ៊ីស្លាម ​កាល​ពី​ថ្ងៃ​អង្គារ​ទី​ ៣០​សីហា។ បន្ទាប់​មក​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ដដែល ​អ្នកនាំពាក្យ​មន្ទីរ​ប៉ង់តាហ្គោន ​ Peter Cook​ បាន​អះអាង​ថា ​កងទ័ព​សម្ព័ន្ធមិត្ត​បាន​ធ្វើ​ប្រតិបត្តិ​ការ​ទម្លាក់​គ្រាប់​ ក្បែរក្រុង​ Al-Bab ​នៅ​តំបន់​អាឡិប ​ ​ដើម្បី​សំដៅ​សម្លាប់​ជន​ឈ្មោះ ​Abou Mohammed Al Adnani ​ដែល​ជា​មនុស្សដ៏​សំខាន់​ម្នាក់​ក្នុង​បណ្តាញ​ជីហាត​ដ៏​ព្រៃ​ផ្សៃ​នេះ។ យ៉ាងណា ​គេ​កំពុងតែ​ពិនិត្យ​ឲ្យ​ជាក់ច្បាស់​ ​ថា​ជន​នេះ​ពិត​ជា​បាន​ស្លាប់​ពិតមែន​ រឺ​យ៉ាងណា។

 
ជន​ឈ្មោះ ​Abou Mohammed Al Adnani ​គឺ​ជា​ស្ថាបនិក​នៃ​ទ្រឹស្តី​វាយ​ប្រហារ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ដោយ​ជន​នេះ ​បាន​ស្រែក​ប្រកូក​ប្រកាស​ឲ្យ​ជន​ជីហាត​ស្ម័គ្រចិត្ត​ទាំងអស់ ​នាំគ្នា​ធ្វើ​សកម្មភាព​សម្លាប់​មនុស្ស​ដោយ​ឥត​រើសមុខ ​និង​តាម​គ្រប់​មធ្យោបាយ​ទាំងអស់ ​ដោយ​មិន​ចាំ​បាច់​មក​ចូលរួម​ក្នុង​សមរភូមិ​ជាមួយ​​នឹង​ពួក​កម្លាំង​ជីហាត ​ក៏បាន​ដែរ។ យ៉ាងណា​មិញ ​ភេរវកម្ម​ផ្ទួនៗ​នៅ​បារាំង​ និង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ​កន្លងមក ​ គឺ​ក្រុម​ភេរវករ​ បាន​ទទួល​ឥទ្ធិពល​ទាំងស្រុង ​ពីការ​ប្រកាស​ឃោសនា​របស់​ជននេះ។ យោង​តាម​ទិន្ន័យ​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ ជននេះ ​មិនមែន​គ្រាន់តែ​ជា​អ្នក​នាំពាក្យ​ធម្មតា ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ទេ​ តែ​ជន​នេះ​ជា​អ្នក​សាបព្រួស​មនោគមន៍វិជ្ជា​ភេរវកម្ម​ព្រៃផ្សៃ ​ដ៏​សំខាន់។

សូមរំលឹក​ថា ​កាល​ពី​ដំបូង​ ជន​ឈ្មោះ ​Abou Mohammed Al Adnani ​បាន​ចូល​បំរើ​ក្រុម​អាល់កាអ៊ីដា ​ នៅ​រវាង​ឆ្នាំ​២០០០ ​ដោយ​ដើរ​តាម​ជន​ឈ្មោះ ​Abou Moussab Al-Zarqaoui ។ គឺ​ជន​ Al-Zarqaoui ​នេះ​ឯង​ដែល​ជា​មេ​ចលនា​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​ដំបូង​បង្អស់ ​ហើយ​ដែល​ត្រូវ​កងទ័ព​អាមេរិក​សម្លាប់​បាន​ កាល​ពី​ឆ្នាំ​២០០៦ ​នៅ​អ៊ីរ៉ាក់។ ចំណែក ​ជន​ Abou Mohammed Al Adnani ​បាន​ឡើង​ថានៈ​ជា​បន្ត​បន្ទាប់ ​រហូត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រៀបចំ​ភេរវកម្ម ​ របស់​ក្រុម​ជីហាត​នេះ​​ទៀត​ផង។

គួរ​បញ្ជាក់​ផងដែរ​ថា ​ការ​សម្លាប់​មេក្លោង​ធំ​ៗ​ របស់​ក្រុម​ជីហាត​អង្គារ​រដ្ឋ​អ៊ីស្លាម ​ម្តង​មួយៗ​បែប​នេះ ​បង្ហាញ​ពី​ភាព​ជោគជ័យ ​និង​ប្រសិទ្ធិភាព​នៃ​ប្រព័ន្ធ​ស៊ើបការណ៍​សំងាត់​របស់​កងទ័ព​សម្ព័ន្ធមិត្ត​អន្តរជាតិ។ បើ​យោង​តាម​មេទ័ព​អាមេរិក​ម្នាក់​បាន​ឲ្យដឹង​ថា ​ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៥​មក ​មាន​មេក្លោង​ជីហាត​ជាង​៤០នាក់​ហើយ ​ដែល​ត្រូវ​បាន​សំលេស​ចោល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ