អានតួអត្ថបទ
ស៊ីរី

Amesty International៖ របប​បាស្ឆា ព្យួរក​មនុស្ស​១៣០០០​នាក់ ក្នុង​គុក​តែមួយ​ រវាង​ឆ្នាំ​២០១១-២០១៥

អង្គការ ​Amnesty International ​ទើប​បាន​ចេញ​របាយការណ៍​មួយ ​ស្តីពី​ការ​សម្លាប់​អ្នក​ទោស​នយោបាយ​នៅ​ស៊ីរី។ ក្នុង​រវាង​ពី​ឆ្នាំ​២០១១ ​ដល់​២០១៥ ​របប​ផ្តាច់ការ​ស៊ីរី ​ដឹកនាំ​ដោយ​បាស្ឆា ​អាល់ ​អាសាដ ​បាន​សម្លាប់​មនុស្ស​ដោយ​ព្យួរក ​ចំនួន​ប្រមាណ​ជា​១៣០០០ ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​តែ​មួយ​ប៉ុណ្ណោះ។ អង្គការ​អន្តរជាតិ​នេះ ​បាន​លើកឡើង​ពី​ចេតនា​សម្លាប់​រង្គាល ​ដោយ​ឥត​រើសមុខ ​ពី​សំណាក់​របប​ផ្តាច់ការ​ស៊ីរី​ ដើម្បី​បំបិទ​ការ​តស៊ូមតិ ​និង​ចលនា​ប្រឆាំង​របស់​ប្រជាជន​ស៊ីរី។

មន្ទីរឃុំឃាំង Saydnaya ទីធ្វើ​ទារុណកម្ម​និងព្យួរកអ្នកទោស​ របស់​របបផ្តាច់​ការ​ស៊ីរី
មន្ទីរឃុំឃាំង Saydnaya ទីធ្វើ​ទារុណកម្ម​និងព្យួរកអ្នកទោស​ របស់​របបផ្តាច់​ការ​ស៊ីរី © Amnesty International/Forensic Architecture
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់ Amnesty International ​បាន​ចាត់​ទុក​របប​ផ្តាច់ការ​របស់​បាស្ឆា ​អាល់ អាសាដ ​ថា​បាន​និង​កំពុង​តែ​ធ្វើការ​សម្លាប់​រង្គាល ​ទៅ​លើ​អ្នក​ទោស​នយោបាយ ​ដែល​នេះ​គឺ​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម ​និង​​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ មន្ទីរ​ឃុំឃាំង ​Saydnaya ​គឺ ​ជា​គុក​ទាហាន ​គ្រប់គ្រង​ដោយ​របប​បាស្ឆា ​អាល់ ​អាសាដ ​ ដែល​ស្ថិត​នៅ​ចំងាយ​៣០​គីឡូម៉ែត្រ​ ខាងជើង​រដ្ឋធានី​ដាម៉ាស។ គឺ​មន្ទីរ​ឃុំឃាំង​នេះ​ហើយ​ ដែល​របប​ផ្តាច់ការ​នេះ ​ បាន​ចាប់​ប្រមូល​យក​អ្នកទោស​មក​ដាក់ឃុំ ​ដែល​ភាគ​ច្រើន​គឺ​សុទ្ធ​ជា​ប្រជាជន​ ដែល​បាន​ធ្វើ​ការ​តស៊ូ ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី។

 
ក្នុង​រវាង​ពី​ឆ្នាំ​២០១១ ​ដល់​២០១៥ ​មាន​អ្នក​ទោស​យ៉ាងហោច​ណាស់ ​១៣០០០​នាក់ ​ដែល​ត្រូវ​បាន​គេ​សម្លាប់​ចោល ​ដោយ​យកទៅ​ព្យួរក​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​មួយនេះ។ របាយការណ៍​របស់ Amnesty International​គឺ​យោង​ទៅលើ​ការ​ផ្តល់ ​សក្ខីកម្ម ​ពី​សំណាក់​សាក្សី​៨៤​នាក់ ​ដែល​ក្នុងនោះ​​មាន​ដូចជា​អតីត​អ្នក​យាមគុក ​ អតីត​អ្នក​ទោស​ដែល​បាន​រួចខ្លួន​មក​វិញ ​និង​ចៅក្រម​ដែល​ធ្លាប់​បាន​ធ្វើការ​នៅ​ទីនោះ។

យោង​តាម​សម្តី​សាក្សី ​ក្នុង​មួយ​សប្តាហ៍ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៥០​នាក់ ​ ដែល​ត្រូវ​បាន​គេ​យក​ចេញ​ពី​បន្ទប់​ឃុំឃាំង ​ដើម្បី​ទៅ​កាត់ទោស។ អ្នក​ទោស​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ​មុន​នឹង​យក​ទៅ​ព្យួរក​សម្លាប់ ​ក្នុង​វេលា​យប់។ សកម្មភាព​ទាំង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង ​ ដោយ​លាក់​កំបាំង​បំផុត។ ចៅក្រម​ម្នាក់​ ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់ ​បាន​អះអាង​ថា ​ពួក​ទាហាន ​ទុក​អ្នក​ទោស​ឲ្យ​ព្យួរក​ រយៈ​ពេល​ពី​១០​ ទៅ​១៥​នាទី ​ហើយ​ក្នុង​ករណី​អ្នកទោស​ដែល​មាន​វ័យក្មេង ​ ទំងន់​មិន​សូវ​ធ្ងន់​ គឺ​ពួក​ទាហាន​បាន​ទៅ​ទាញ​ជើង​បន្ថែម ​ដើម្បី​ឲ្យ​ឆាប់​ស្លាប់។ អ្នកទោស​ទាំងអស់​ត្រូវ​គេ​រុំភ្នែក​រហូត ​ចាប់​តាំង​ពី​ពេល​បញ្ជូន​ចេញ​ពី​បន្ទប់​ឃុំឃាំង ​រហូត​ដល់​ពេល​គេ​យក​ខ្សែរ​មក​ថ្ពក់ក។

របាយការណ៍ ​ក៏បាន​រ៉ាយរ៉ាប់​ផងដែរ ​ អំពី​ទំរង់​អមនុស្សធម៌​ នៃ​ការ​ឃុំឃាំង​អ្នកទោស។ ក្រៅពី​ការ​វាយ​ដំ ​ធ្វើ​ទារុណកម្ម​ជា​ប្រចាំ​ទៅ​លើ​អ្នកទោស ​ពួក​ទាហាន ​បាន​យក​ចំណី​ទៅ​បោះ​ឲ្យ​អ្នក​ទោស ​ប្រៀប​បាន​ដូច​សត្វធាតុ ​ នៅ​លើ​ដី​ដែល​ប្រលាក់​ទៅ​ដោយ​ឈាម ​និង​កាក​សំណល់​លាមក។ អតីត​អ្នក​យាម​ម្នាក់​បាន​បញ្ជាក់​ថា ​ ជា​រៀងរាល់​យប់ ​បើសិន​ជា​គេយក​ត្រចៀក​ទៅ​ផ្ទៀង​ស្តាប់ ​គេ​នឹង​ឮ​សំលេង​ថ្ងូរ ​ ដក​ចង្កាមាន់​របស់​អ្នកទោស ​​ដែល​កំពុង​តែ​ត្រូវ​គេ​ចង​ក​សម្លាប់។
 

amesty international

គួររំលឹក​ថា ​កន្លង​មក ​អង្គការ Amnesty International ​ធ្លាប់​បាន​សន្និដ្ឋាន​ថា​មាន​អ្នក​ទោស​ដែល​ត្រូវ​របប​ស៊ីរី​សម្លាប់ ​ទូទាំង​ប្រទេស​ ប្រមាណ​ជា​១៧៧០០​នាក់។ យ៉ាងណា​មិញ ​ ចំនួន​អ្នក​ស្លាប់​១៣០០០​នេះ ​គឺ​គ្រាន់តែ​នៅ​ក្នុង​គុក​Saydnaya ​នេះ​មួយ​តែ​ប៉ុណ្ណោះ។ ដូច្នេះ ​ជាមួយ​នឹង​តួលេខ​ចុងក្រោយ​នេះ ​ គឺ​មាន​ន័យ​ថា ​ចំនួន​អ្នក​ទោស​ដែល​របប​ផ្តាច់ការ​របស់​បាស្ឆា​ អាល់អាសាដ​ បាន​សម្លាប់ ​ បាន​កើនឡើង​កាន់​តែ​ខ្ពស់។ ពិភពលោក​ មិនអាច​ឱបដៃ​ឈរមើល​សកម្មភាព​ព្រៃផ្សៃ​របស់​រដ្ឋាភិបាល​ស៊ីរី​នេះ​​ ត​ទៅទៀត​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ