អានតួអត្ថបទ
យេម៉ែន

មេធំទី២ របស់​អាល់កៃដា ស្លាប់​នៅក្នុង​ការវាយប្រហារ​យន្តហោះដ្រូន​អាមេរិក

ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី មេបណ្តាញ​អាល់កៃដា ប្រចាំ​ឧបទ្វីប​អារ៉ាប់ Aqpa ត្រូវ​បាន​​យន្តហោះ​ដ្រូន គ្មាន​មនុស្ស​បើក​របស់​អាមេរិក បាញ់​សម្លាប់ នៅភាគខាងត្បូង​ប្រទេស​យេម៉ែន។ នៅក្នុង​វិបសៃតិ៍​របស់ខ្លួន បណ្តាញ​អាល់កៃដា នៅ​យេម៉ែន​បាន​បញ្ជាក់​ដំណឹង​ពី​ការបាត់បង់​មេដឹកនាំ​របស់ខ្លួន នៅក្នុង​ខ្សែវីដេអូ ចេញផ្សាយ នៅ​ព្រឹកថ្ងៃ​អង្គារ​ទី ១៦ មិថុនា ២០១៥។ 

មេដឹកនាំ​ធំ​របស់​បណ្តាញ​អាល់កៃដា​នៅ​យេម៉ែន ដែល​ជា​មេធំទីពីរ​របស់​អាល់កៃដា ត្រូវ​Aqpa​ផ្សាយ​ថា បានស្លាប់​នៅ​ក្នុង​ការវាយប្រហារ​យន្តហោះ​ដ្រូន​របស់​អាមេរិក
មេដឹកនាំ​ធំ​របស់​បណ្តាញ​អាល់កៃដា​នៅ​យេម៉ែន ដែល​ជា​មេធំទីពីរ​របស់​អាល់កៃដា ត្រូវ​Aqpa​ផ្សាយ​ថា បានស្លាប់​នៅ​ក្នុង​ការវាយប្រហារ​យន្តហោះ​ដ្រូន​របស់​អាមេរិក ©REUTERS/Reuters TV
ផ្សាយពាណិជ្ជកម្ម

បណ្តាញ​អាល់កៃដា នៅ យេម៉ែន បានបញ្ជាក់​នៅថ្ងៃ​អង្គារ​នេះ ថា មេដឹកនាំ​កំពូល​របស់​ពួកគេ គឺ​អាល់កៃដា ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី បាន​ស្លាប់ ហើយ នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​ដ្រូនអាមេរិក។ គេ​មិនដឹងច្បាស់ថា តើ​មេដឹកនាំ​ធំ​ទី ២​របស់​អាល់កៃដា ស្លាប់​នៅថ្ងៃ​ណាទេ។ ប៉ុន្តែ តាម ទូរទស្សន៍ អាមេរិកាំង CNN​ដែល​បាន​ស្រង់ប្រភព​ពី​មន្រ្តីយោធា​យេម៉ែន ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី ទំនង​ស្លាប់ នៅ​ថ្ងៃ​សុក្រ នៅក្នុង​ការវាយប្រហារ​យន្តហោះ​ដ្រូន របស់​អាមេរិក សំដៅ ក្រុមមេដឹកនាំ​អាល់កៃដា។

 
វ៉ាស៊ីនតោន​អះអាងថា ខ្លួន​ពិតជា​បាន​បញ្ជូន​យន្តហោះ​ដ្រូន​ទៅ​វាយប្រហារ​កន្លែង ប្រជុំ​របស់​មេដឹកនាំ​អាល់កៃដា នៅ​ភាគខាងត្បូង​យេម៉ែន ប៉ុន្តែ ការវាយប្រហារ​ធ្វើឡើង កាលពីថ្ងៃ​អង្គារទី ៩​មិថុនា។​អ្នកវាយប្រហារ​តាម​យន្តហោះ​ដ្រូន ទៅលើ​ក្រុមដឹកនាំ​អាល់កៃដា នៅ​យេម៉ែន នៅ​មិនទាន់​ហ៊ាន បញ្ជាក់​ថា ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី មេដឹកនាំ​ធំទី ២​របស់​អាល់កៃដា ស្លាប់​មែន ឬ​ក៏​អត់នោះទេ។ បើសិន​ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី​ស្លាប់ ដូច​ការបញ្ជាក់​របស់​វិបសៃតិ៍​របស់​ក្រុម​អាល់កៃដា Aqpa​ពិតមែន នោះ គឺ​វា​ជា​លើក​ទី​២​ហើយ ដែលមេដឹកនាំ​ធំៗ​របស់អាល់កៃដា ត្រូវ​ស្លាប់ នៅក្នុង​ប្រតិបត្តិការ​ទ័ព​របស់អាមេរិក បន្ទាប់​ពី​អូសាម៉ា បិនឡាដិន ដែល​កងកុម្មង់ដូរ អាមេរិក​សម្លាប់ នៅឆ្នាំ ២០១១។

កាសែត​អាមេរិក The washington Post បាន​ចុះផ្សាយ នៅ​ថ្ងៃ​យប់​ថ្ងៃ​ចន្ទ ថា Qassim Al Rimi​មេបញ្ជាការ​ទ័ព​ក្រុមអាល់កៃដា នៅ យេម៉ែន ត្រូវ​បាន​ជ្រើសរើស​ឲ្យ​បន្ត​ស្នងតំណែង ធ្វើ​ជា​មេដឹកនាំ​អាល់កៃដា នៅ​យេម៉ែន បន្ត​ពី​ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី។

មេអាល់កៃដា ដែល​ចិញ្ចឹមចិត្ត​ធ្វើ​ភេរវកម្ម​ប្រឆាំង​អាមេរិក
ចាប់តាំង​ពី​ក្លាយ​ជា​មេដឹកនាំ​ចលនា​អាល់កៃដា នៅ​យេម៉ែន Aqpa ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី ធ្លាប់​បាន​រៀបចំ​គម្រោង​ធ្វើ​ភេរវកម្ម ជាច្រើន លើក ដើម្បី​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​អាមេរិក។ ប៉ុន្តែ រាល់​លើក​ត្រូវ​ទទួល​បរាជ័យ។ គឺ​ក្រុម Aqpa​នេះ​ឯង​ដែល​ធ្លាប់​បាន​បញ្ជូន​អត្តឃាតជន ឲ្យ​ទៅ​បំផ្ទុះ​យន្តហោះ ដែល​ហោះ​ចេញ​ពី​ទីក្រុង​Amsterddam សំដៅ​ទីក្រុង​Detroit របស់​អាមេរិក នៅ​ឆ្នាំ ២០០៩។ ប៉ុន្តែ មិន​បាន​សម្រេច។ មួយឆ្នាំក្រោយ អាល់កៃដា នៅ​យេម៉ែន ដឹកនាំ​ដោយ​ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី​បាន​លួច​ដាក់​គ្រឿង​ផ្ទុះ នៅក្នុង​ម៉ាស៊ីន​បោះពុម្ព​ពីរគ្រឿង ប៉ុន្តែ វា​មិនផ្ទុះ និង​ត្រូវ​បានម៉ាស៊ីន​ត្រួតពិនិត្យ​អាមេរិក​រកឃើញ​ទាន់ ក្នុង ទឹកដី​អាមេរិក។

នៅ​ឆ្នាំ ២០១៣ ស្ថានទូត​បរទេស នាំមុខ​ដោយអាមេរិក បាន​បិទទ្វារ ជាបន្តបន្ទាប់ នៅ​ទីក្រុង​សាណា បន្ទាប់ ពី អាមេរិក លួច​ស្តាប់​បាន​ការសន្ទនា​តាមទូរស័ព្ទ រវាង​ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី និង​មេដឹកនាំ​អាល់កៃដា ដែល​បាន​លើក​ឡើង​ពី​ផែនការ​ធ្វើ​ភេរវកម្ម ប្រឆាំង​ក្រុមប្រទេស លោក​ខាងលិច នៅ​ទឹកដី​យេម៉ែន។ នេះ​គេនៅ​មិនទាន់​និយាយ​ពី​ភេរវកម្ម នៅ​ក្រុង​ប៉ារីស ដែល​ក្រុមអាល់កៃដា នៅ​យេម៉ែន បាន​ប្រកាស​ថា ជា​ស្នាដៃ​របស់ខ្លួន​ផង។ នៅក្រោយ​ភេរវកម្ម ដែល​បាន​សម្លាប់​អ្នកកាសែត និង​ជនជាតិ​ជ្វីហ្វ​នៅ​ទីក្រុង​ប៉ារីស កាលពី​ខែ​មករា ដើមឆ្នាំនេះ ​ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី មេដឹកនាំ​ធំទី​២​របស់​អាល់កៃដា បាន ប្រកាស​ចេញមុខ ថា ខ្លួន​ជា​អ្នកនៅពីក្រោយ​អំពើភេរវកម្ម។

មុន​នឹង​ត្រូវ​ប៉ូលិស​បារាំង​បាញ់​សម្លាប់ ភេរវជន​ម្នាក់ របស់​ត្រកូល គូស្ហ៊ី បាន​និយាយ​ថា ខ្លួន​ បាន​ចុះចូល និង​ទទួល​ការហ្វឹកហ្វឺន នៅក្នុង​ជំរំ​របស់​អាល់កៃដា នៅ​យេម៉ែន នៅឆ្នាំ ២០១១។

មេដឹកនាំ​អាល់កៃដា ដែល​មាន​ក្បាល​តម្លៃ ១០​លាន​ដុល្លារ
ក្នុង​អាយុ ត្រឹម ៣៧​ឆ្នាំ ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី​ជា​មេដឹកនាំ​បណ្តាញ​អាល់កៃដា ប្រចាំ​ឧបទ្វីប​អារ៉ាប់ ដែល​ខ្លួន​ជា​អ្នកបង្កើតឡើង និង​មាន​ទីតំាង​នៅ​ភាគខាងត្បូង​ប្រទេស​យេម៉ែន។ នៅ​ឆ្នាំ ២០១៣​កន្លងទៅ វ៉ូហៃស្ហ៊ី ត្រូវ​បាន​មេដឹកនាំ​ធំ​អាល់កៃដា អៃម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី ដែល​ស្នង​តំណែង​បន្ត​ពី​អូសាម៉ា បិនឡាដិន តែងតាំង​ឲ្យធ្វើ​ជា​មេកើយ​ធំ​ទី២​នៃ​បណ្តាញ​អាល់កៃដា។

ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី​ជាជនជាតិ​យេម៉ែន ធ្លាប់​បាន​ចូល​ទៅ​បម្រើ​ក្នុង​បណ្តាញ អាល់កៃដា នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ក្នុង​នាម​ជា​លេខាពិសេស របស់​អូសាម៉ា បិនឡាដិន។ បន្ទាប់ពី​ត្រូវ​កងទ័ព​អ៊ីរ៉ង់ ចាប់ខ្លួន បញ្ជូន​ឲ្យ​រដ្ឋាភិបាល​យេម៉ែន ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី​ជាប់គុក អស់​ប៉ុន្មាន​ឆ្នាំ មុន​នឹងលួចរត់​ពីគុក ជាមួយ​នឹង​ក្រុមអ៊ីស្លាម ជ្រុលនិយម​ផ្សេងទៀត នៅ​ឆ្នាំ ២០០៦។ បីឆ្នាំ ក្រោយ គឺ​ឆ្នាំ ២០០៩ ក្រុម​អាល់កៃដា នៅ​ឧបទ្វីប​អារ៉ាប់ ដែល​គេ​ហៅ​កាត់ថា Aqpa ត្រូវ​បាន​បង្កើតឡើង ទៅតាម​មេគំនិត ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី ដោយ​រួម​បញ្ចូលគ្នា រវាងក្រុមប្រដាប់អាវុធ អាល់កៃដា នៅ​យេម៉ែន និង​អារ៉ាប៊ី សាអូឌីត។

អាមេរិក​ចាត់ទុកក្រុម​Aqpa ដឹកនាំ​ដោយ​ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី ថា ជា​ក្រុមភេរវនិយម​ដ៏​គ្រោះថ្នាក់ និង​គំរាមកំហែង​សន្តិសុខ​អាមេរិក។ នៅ​ចុងឆ្នាំមុន អាមេរិក​បាន​ប្រកាស​ផ្តល់​រង្វាន់ ៤៥​លាន​ដុល្លារ សម្រាប់​អ្នកណា​ដែល​ផ្តល់​ដំណឹង រហូត​ឈាន​ទៅដល់ ការចាប់ខ្លួន ឬ​សម្លាប់ មេដឹកនាំ​របស់​អាល់កៃដា ដែល​នៅក្នុង​នោះ ក៏​មាន​ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី។

ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី​ត្រូវ​បាន​អាមេរិក​ចាត់ទុក ជា​មេក្បាល​ម៉ាស៊ីន​ដែល​ជា​អ្នកសម្រេច បើកភ្លើងខៀវ ឲ្យ​មាន​ការវាយប្រហារ ទៅលើ​គោលដៅ​ណាមួយ ជាអ្នករើសបញ្ចូល​សមាជិក​អាល់កៃដា និង​ជាអ្នករៀបចំ​ឲ្យ​មាន​ការបណ្តុះបណ្តាល ក្រុមអត្តឃាតជន និងជាមេគំនិត រៀបចំ ផែនការ​វាយប្រហារ។ ដូច្នេះ បើ​ណាស៊ែ អាល់ វ៉ូហៃស្ហ៊ី ស្លាប់ នៅក្នុង​ដៃ​របស់​អាមរិក នោះ​គឺ​ក្រុមអាល់កៃដា​ត្រូវ​បាត់បង់​មេដឹកនាំ មេគំនិត​សំខាន់​មួយ​ទៀត​របស់ខ្លួន។ បណ្តាញ​អាល់កៃដា ថ្វីត្បិត មាន​សាខា​របស់ខ្លួន ស្ទើរ​នៅគ្រប់​ទ្វីប​លើ​ផែនដី ធ្លាប់​ជួបការរង្គោះរង្គើ និង​ចុះទន់ខ្សោយ បន្ទាប់ពី​អូសាម៉ា បិនឡាដិន ត្រូវ​កងកុម្មង់ដូរ​អាមេរិក​បាញ់​សម្លាប់។ តាម​ក្រុម​អ្នកជំនាញ មេដឹកនាំ​ធំទី ២​របស់​អាល់កៃដា ត្រូវ​អាមេរិក​បាញ់​សម្លាប់ អាច​នឹង​ធ្វើ​ឲ្យ​សមាជិក​ក្នុង​ក្រុម​បាក់ទឹកចិត្ត ប៉ុន្តែ មិន​យូរ​នោះទេ។ ក្រុមAqpa​មិន​ចង់​ធ្លាក់​ចុះខ្សោយ ដោយសារ​តែ​គ្មាន​មេដឹកនាំ ហើយ​ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​ជាគូ​ប្រកួតប្រជែង​ឥទ្ធិពល​នោះទេ។ ក្រុមនេះបាន​តែងតាំង​ភ្លាមៗ មេដឹកនាំ​ថ្មី របស់ខ្លួន បន្ទាប់ពីណាស៊ែ អាល់ វ៉ូហៃស្ហ៊ី​ត្រូវ​អាមេរិក​បាញ់​សម្លាប់។

ទោះមេ​អាល់កៃដា ស្លាប់​ពិតមែន ប៉ុន្តែ ចលនា​អាល់កៃដា មិន​ចុះ​ទន់ខ្សោយ​នោទេ ព្រោះថា គំនិត​មនោគមវិជ្ជា និង​ផែនការ​ធ្វើ​ភេរវកម្ម ប្រឆាំង​នឹង​ក្រុមប្រទេស​លោកខាងលិច ​ត្រូវ​បាន​ផ្សព្វផ្សាយ ចាក់​ឫសគល់ នៅក្នុង​គំនិត​របស់​សមាជិក​អាល់កៃដា​រួចអស់​ទៅហើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ